កម្មករ​រោងចក្រ​តាក់ហ្វាត​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​ជាតិ​ដើម្បី​សុំ​កិច្ចអន្តរាគមន៍

2009-11-07

កាល​ពី​ថ្ងៃ​៦ វិច្ឆិកា ​នេះ កម្មករ​កម្មការិនី​ខ្មែរ​ប្រមាណ​ជាង​១​ពាន់​នាក់ ពី​រោងចក្រ​កាត់ដេរ​តាក់ហ្វាត (Tack Fat) នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​ជាតិ​កម្ពុជា ដោយ​ស្នើ​ឲ្យ​សភា​ជួយ​ធ្វើ​អន្តរាគមន៍​ជំរុញ​ឲ្យ​ម្ចាស់​រោងចក្រ​ព្រម​បើក​ប្រាក់​ដំណាច់​ពី​ការងារ តាម​រយៈ​ការ​ផ្តាច់​កិច្ចសន្យា​ការងារ​ឲ្យ​កម្មករ។

RFA/Sok Serey

៦-វិច្ឆិកា-០៩: កម្មករ​នៃ​រោងចក្រ​កាត់ដេរ​តាក់ហ្វាត នាំ​គ្នា​តវ៉ា​សុំ​កិច្ចអន្តរាគមន៍​នៅ​មុខ​រដ្ឋ​សភា​កម្ពុជា នា​រាជធានី​ភ្នំពេញ។

កម្មករ​កាត់ដេរ​ចំនួន​ជាង​១០០០​នាក់​នៃ​រោងចក្រ​តាក់ហ្វាត នៅ​ថៃ្ង​សុក្រ​ទី​៦ ខែ​វិច្ឆិកា នេះ បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ខាង​មុខ​សភា​ជាតិ ដើម្បី​សុំ​កិច្ចអន្តរាគមន៍​ដោះស្រាយ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តាច់​កិច្ចសន្យា​ការងារ​របស់​កម្មករ​សរុប​១.៨២៣​នាក់ និង​បើក​ប្រាក់​ខែ​បំណាច់​ពី​ការងារ ចំពោះ​អ្វី​ដែល​ក្រុម​កម្មករ​ទាំង​នោះ​កំពុង​តែ​រង​ការ​ព្យួរ​ការងារ​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ និង​បន្ត​ព្យួរ​ការងារ​នោះ​បន្ត​ទៀត។

កម្មករ​ឈ្មោះ ឆឹង សុស្រីលី ជា​កម្មករ​នៃ​រោងចក្រ​តាក់ហ្វាត មក​ពី​ខេត្ត​កណ្តាល ដែល​បាន​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​រោងចក្រ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៧​មក នៅ​ក្នុង​ចំណោម​កម្មករ​ជាង​១.០០០​នាក់ មក​សំដែង​ការ​តវ៉ា​នោះ​បាន​ថែ្លង​ថា ៖ «កន្លង​មក​ក្រុមហ៊ុន​ព្យួរ​ការងារ​ពួក​ខ្ញុំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ព្យួរ​ជិត​មួយ​ឆ្នាំ​ហើយ គាត់​នៅ​តែ​ឲ្យ​ពួក​ខ្ញុំ ១០​ដុល្លារ។ សូម​ឲ្យ​គាត់​បើក​ផ្ដាច់​កិច្ចសន្យា គុណ​លុយ​ឲ្យ​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​ជា​កម្មករ​ទាំង​អស់​គ្នា...»

លោក មាស សម្ផស្ស ជា​ប្រធាន​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) នៅ​រោងចក្រ​តាក់ហ្វាត ដែល​បាន​ដឹក​នាំ​តំណាង​កម្មករ​ចូល​ជួប​មន្រ្តី​សភា​ជាតិ និង​បាន​ប្រគល់​ញាត្តិ​តវ៉ា​នោះ បាន​មាន​ប្រសាសន៍​ថា តំណាង​របស់​សភា​ជាតិ​បាន​ទទួល​ញត្តិ​នោះ​ហើយ។

លោក មាស សម្ផស្ស មាន​ប្រសាសន៍​ដូច្នេះ ៖ «ជួប​ជាមួយ​នឹង​ជំទាវ ហ៊ុន សុដារី គាត់​បាន​មានប្រសាសន៍​ថា គាត់​បាន​សិក្សា​អំពី​តាក់ហ្វាត​យូរ​ហើយ គាត់​ដឹង​ព័ត៌មាន​នៅ​តាក់ហ្វាត​ហើយ ហើយ​គាត់​ក៏​បាន​ទូរស័ព្ទ​តាំង​ពី​ព្រឹក​ប្រាប់​ទៅ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​អំពី​បញ្ហា​ហ្នឹង ហើយ​គាត់​នឹង​ជំរុញ​ញត្តិ​ហ្នឹង​ទៅ​ឲ្យ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ហ្នឹង​តែម្ដង ហើយ​នៅ​ខាង​ក្រសួង​មហាផ្ទៃ​គាត់​ទាក់ទង​មក​ខ្ញុំ​ថា សុំ​ផ្ដល់​ព័ត៌មាន​ឲ្យ​គាត់ បើ​សិន​ជា​រោងចក្រ​ហ្នឹង​មាន​បញ្ហា​អី​មិន​ស្រួល គាត់​នឹង​សុំ​សាលដីកា​ពី​តុលាការ នឹង​បិទ​រោងចក្រ​ហ្នឹង​កុំ​ឲ្យ​នាំ​សម្ភារៈ​ចេញ»

មាន​ក្រុម​សមត្ថកិច្ច​នគរបាល​ចម្រុះ​ជាច្រើន​នាក់​នៅ​ជុំវិញ​ក្រុម​កម្មករ​តវ៉ា​នោះ។

មន្រ្តី​នគរបាល​ចរាចរណ៍​ម្នាក់​បាន​ថែ្លង​ថា ៖ «(ការពារ)​ចរាចរណ៍ សណ្ដាប់ធ្នាប់ ហើយ​កុំ​ឲ្យ​វា​មាន​បញ្ហា​អី​ផ្សេង​ទៀត»

មិន​អាច​ទាក់ទង​តំណាង​រោងចក្រ​តាក់ហ្វាត​បាន​ទេ​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា ដើម្បី​សុំ​ការ​ពន្យល់ ប៉ុន្តែ​តំណាង​ម្នាក់​នៃ​រោងចក្រ​នេះ ធ្លាប់​បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រោងចក្រ​នេះ​មិន​បាន​ទទួល​ការ​បញ្ជា​ទិញ​តាំង​ឆ្នាំ​២០០៧​មក ហើយ​រោងចក្រ​នេះ​កំពុង​តែ​ក្ស័យធន។

ប្រភព​ពី​កម្មករ​និង​សហជីព​កម្មករ​បាន​ឲ្យ​ដឹង​ថា នៅ​គ្រា​ដែល​រោងចក្រ​កំពុង​តែ​ព្យួរ​ការងារ​កម្មករ​ជា​ច្រើន​ខែ​មក​ហើយ​នោះ គេ​បាន​លក់​ក្រណាត់ លក់​ម៉ាស៊ីន​ដេរ និង​ម្ជុល​ពី​ឃ្លាំង​អស់ ហើយ​រោងចក្រ​បាន​ដឹក​ឈើ​ប្រណិត​ចូល​ទៅ​វិញ ៖ «ឈើ​ប្រណីតៗ​ចំនួន​១២​ឡាន ស្មើ​នឹង​២.០០០​គូប​ជាង។ អត់​មាន​ខោ​មាន​អាវ​អី​កាត់ ទៅ​ជា​មាន​ឈើ​វិញ អ៊ីចឹង​ពួក​ខ្ញុំ​ប្លែក​ចិត្ត​ត្រង់​ហ្នឹង​ថា ហេតុអី​ក៏​ក្រុមហ៊ុន​កាត់ដេរ​មាន​ឈើ​នៅ​ក្នុង​ហ្នឹង?»

តំណាង​សហជីព​កម្មករ​កាត់ដេរ​ CCAWDU បាន​ព្រមាន​ឲ្យ​ដឹង​ថា តំណាង​កម្មករ​និង​សហជីព​គ្រោង​នឹង​ប្តឹង​ទៅ​តុលាការ​នា​ពេល​ឆាប់ៗ​នេះ ដើម្បី​រឹប​អូស​ទ្រព្យ​សម្បតិ្ត​របស់​រោងចក្រ នៅ​គ្រា​ដែល​ញត្តិ​នានា​ទៅ​សភា​ជាតិ ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ជ្រះ​ស្រទ្បះ​នៅ​ទ្បើយ​ទេ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​មាន​ការ​កើន​ឡើង

កម្មករ​ប្រមាណ​៥០​នាក់​ស្វែងរក​ជំនួយ​ក្នុង​ការ​តវ៉ា​ជាមួយ​រោងចក្រ

កម្មករ​រោងចក្រ​នៅ​ឃុំ​បែកចាន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ថៅកែ

ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ

ខ្មែរ​៦៧​នាក់​លួច​ឆ្លង​ដែន​ទៅ​រក​ការ​ធ្វើ​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​វិញ

ស្ថានភាព​ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ

កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​យក​ពលករ​ខ្មែរ​៣.៥០០​នាក់​បន្ថែម​ទៀត

កម្មករ​រោងចក្រ​តាក់ហ្វាត​ស្វែង​រក​​អន្តរាគមន៍​ពី​ប្រមុខ​​រដ្ឋាភិបាល

ក្រុម​កម្មករ​រោងចក្រ Sky High បញ្ឈប់​គម្រោង​មក​តវ៉ា​នៅ​ក្រសួង​សង្គមកិច្ច