កម្មករ​រោងចក្រ​ក្ដារ​បន្ទះ​អង្គរ​ហ្ល្វាយរូដ ធ្វើ​កូដកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែ

កម្មករ​ជិត​៣០០​នាក់​នៃ​រោងចក្រ​ក្ដារ​បន្ទះ អង្គរ ហ្ល្វាយវូដ (Angkor Flywood) ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ប្រុស ឃុំ​អម្ពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ធ្វើ​កូដកម្ម​ទាមទារ​អោយ​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល និង​ស្នើ​កែប្រែ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។
ដោយ សុ ជីវី
2012-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កម្មការិនី ណូ រី បាន​អោយ​ដឹង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កញ្ញា ថា ចំណុច​សំខាន់ គឺ​ពួក​គេ​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ចំនួន​២ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ ដែល​អាច​អោយ​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​ជាង​១ម៉ឺន​រៀល។ ក្រៅ​ពី​នេះ ក៏​ទាម​ទារ​អោយ​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ចំនួន​៨​ចំណុច​ផ្សេង​ទៀត៖ «ចំណុច​ទី១​ហ្នឹង សុំ​ដំឡើង​ប្រាក់​ខែ​ក្នុង​មួយ​នាក់​២.០០០​រៀល​ក្នុង​មួយ​ថ្ងៃ។ ដូច​ថា រោងចក្រ​ហ្នឹង​ស៊ី​ថ្ងៃ​តើ​បង។ មួយ​ថ្ងៃ​អ្នក​ថ្មី​បាន​៨.៥០០។ អ្នក​ចាស់​ហ្នឹង​ធ្វើ​ការ​បាន​៣ខែ ៤​ខែ បាន​គេ​ដំឡើង​អោយ​៥០០»

លក្ខខណ្ឌ​ចំនួន​៨​ចំណុច​ផ្សេង​ទៀត ដែល​ពួក​គេ​ទាម​ទារ​នោះ​រួម​មាន បើក​ប្រាក់​ឈ្នួល​អោយ​បាន​មុន​ថ្ងៃ​ទី១០ បញ្ឈប់​ការ​បង្ខិត​បង្ខំ​អោយ​ធ្វើ​ថែម​ម៉ោង តាម​រយៈ​ការ​កាត់​ប្រាក់​រង្វាន់​ទៀង​ទាត់ ត្រូវ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ ដំឡើង​ប្រាក់​៥០០​រៀល​ដល់​កម្មករ​ចូល​ថ្មី​បន្ទាប់​ពី​បំពេញ​ការងារ​បាន​រយៈ​ពេល​៣ខែ អនុញ្ញាត​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ចេញ​ទៅ​ផ្ទះ​មុន​គេ និង​មាន​សិទ្ធិ​ឈប់​លំហែ​មាតុភាព​តាម​ច្បាប់​ការងារ។

ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​ក្ដារ​បន្ទះ អង្គរ ហ្ល្វាយវូដ បាន​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​១២ ថ្ងៃ​ត្រង់ បន្ទាប់​ពី​ភាគី​ថៅកែ​រោងចក្រ​បាន​យល់​ព្រម​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ការងារ​ទៅ​តាម​ការ​ទាមទារ និង​សន្យា​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។

ក្រុម​កម្មករ​នៅ​រោងចក្រ អង្គរ ហ្ល្វាយវូដ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​បាន​បញ្ចប់​បន្ទាប់​ពី​បាន​ការ​សន្យា​ផ្ដល់​ដំណោះ​ស្រាយ​ពី​ភាគី​ថៅកែ​រោងចក្រ​ដែរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី ព្រះវិហារ

សុំអោយរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះបានឆាប់រហះ

Sep 17, 2012 10:28 AM