ពលករ​ខ្មែរ​៥៨​នាក់​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មក​ដល់​ភូមិ​កំណើត​វិញ​ហើយ

ពលករ​ខ្មែរ​ចំនួន​៥៨​នាក់ ត្រូវ​បាន​តំណាង​ភ្នាក់ងារ​ជ្រើស​រើស​ពលករ អេ.ភី.ធី.អេស.អ៊ី (APTSE) ដឹក​នាំ​ពួក​គាត់​មក​ដល់​ភូមិ​កំណើត​វិញ​ហើយ នៅ​ថ្ងៃ​ទី​៣០ មិថុនា។

0:00 / 0:00

ពលករ​ខ្មែរ​ចំនួន​៥៨​នាក់ ដែល​បាន​វិល​មក​ស្រុក​កំណើត​វិញ​នេះ គឺ​ក្នុង​ចំណោម ៨០​នាក់ ដែល​បាន​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កាល​ពី​ដើម​ឆ្នាំ​២០១២។

លោក លឹម ស៊្រាន់ ឲ្យ​ដឹង​ថា ពលករ​ទាំង​អស់​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ពន់ពេក នៅ​ពេល​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កំណើត​វិញ។ ពួក​គាត់​ទាំង​នោះ ខ្លះ​មក​ពី​ខេត្ត​កំពង់ធំ សៀមរាប និង​ខេត្ត​ក្រចេះ។

លោក លឹម ស៊្រាន់៖ «ពេល​បាន​មក​ដល់​ផ្ទះ​ត្រេកអរ​គ្រប់ បាន​គេ​ជូន​ពួក​ខ្ញុំ​បាន​ដល់​ផ្ទះ នៅ​ក្នុង​ភ័យ​ណា មក​ដល់​ផ្ទះ​ហើយ​អរ​អ៊ីចឹង​ហើយ ពេល​បាន​មក​ឆាប់​អ៊ីចឹង​ទៅ អរ​អ៊ីចឹង​ហើយ។ បងប្អូន​ទាំង​អស់​គ្នា​ថា​ហឺ... នៅ​យូរ​ទៅ​ដាច់​បាយ​ហើយ។ ពេល​ដំណោះស្រាយ​វា​លឿន​ទៅ ពួក​ខ្ញុំ​នាំ​គ្នា​ត្រេកអរ​អ៊ីចឹង។ លុយ​កាក់ ប្រាក់​ខែ​អី​ហ្នឹង ថា​ឲ្យ​សល់​អី​គ្មាន​ទេ សោហ៊ុយ​ឡាន​មក​ផ្ទះ​គេ​ចេញ​ឲ្យ ពី​ជាយ​ដែន​មក​ផ្ទះ​ចេញ​លុយ​ខ្លួន​ឯង»

ពលករ​ខ្មែរ​ចំនួន ៨០​នាក់ បាន​ចេញ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ក្រុង​បាងកក (Bangkok) ប្រទេស​ថៃ (Thailand) កាល​ពី​ខែ​មករា ឆ្នាំ​២០១២ តាម​រយៈ​ភ្នាក់ងារ​ជ្រើស​រើស​ពលករ អេ.ភី.ធី.អេស.អ៊ី។ ប៉ុន្តែ ពួក​គេ​ត្រូវ​បាន​បង្វែរ​ឲ្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​សំណង់​ឈ្មោះ គ្រីស្ទីនី នែលសិន (Christiani Nialsen) ក្រុង​ហាត់យ៉ៃ (Hat Yai) ខេត្ត​សុងខ្លា (Songkhla) ប្រទេស​ថៃ។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ត្រូវ​បាន​ប៉ូលិស​ថៃ​បាន​ចុះ​ឆែកឆេរ​នៅ​ក្រុមហ៊ុន​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា ពលករ​៤០​នាក់​ក្នុង​ចំណោម​៨០​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ធ្វើ​ការ​ខុស​ទិដ្ឋាការ​ការងារ គឺ​ធ្វើ​ការ​ខុស​ពី​ទីតាំង ដែល​ក្រុមហ៊ុន​ដែល​បញ្ជាក់​នៅ​ក្នុង​ឯកសារ ហើយ​ត្រូវ​នគរបាល​ថៃ បាន​យក​ពលករ​ខ្មែរ​ទៅ​ឃុំ​ពី​១​ថ្ងៃ​ទៅ​៣​ថ្ងៃ កោរ​សក់​ហើយ​យក​ដំបង​ឈើ​វាយ​ក្បាល ហើយ​ផាក​ពិន័យ​ពួក​គាត់​ម្នាក់​២​ពាន់​បាត ទៅ​៣​ពាន់​បាត​ក្នុង​ម្នាក់។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង ដើម្បី​បំភ្លឺ​ចំពោះ​ចំណាត់​ការ​ទៅ​លើ​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​ខុស​ទិដ្ឋាការ​ការងារ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ មិថុនា។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក មឿន តុលា មាន​ប្រសាសន៍​ថា នេះ​ជា​ករណី​រំលោភ​សិទ្ធិ​ពលករ​ថ្មី​មួយ​ទៀត​ទៅ​លើ​ពលករ​ស្រប​ច្បាប់ ដែល​ពួក​គេ​ជួប​បញ្ហា​តែ​រឿង​កិច្ចសន្យា​ការងារ និង​ការ​ដក​ហូត​លិខិត​ឆ្លង​ដែន។ លោក​ថា ករណី​នេះ ភ្នាក់ងារ​បញ្ជូន​ពលករ​ដែល​មិន​គោរព​កិច្ច​សន្យា​នេះ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​សង​ជំងឺ​ចិត្ត​ដល់​ពលករ។

លោក មឿន តុលា៖ «ពួក​គាត់​៨០​នាក់​នោះ សុទ្ធ​តែ​ទៅ​ដោយ​ស្រប​ច្បាប់។ ប៉ុន្តែ​អ្វី​ដែល​ខុស​ឆ្គង គឺ​ក្រុមហ៊ុន​អ្នក​បញ្ជូន​ទេ ដែល​បញ្ជូន​គាត់​ទៅ​ខុស​គោលដៅ ខុស​ទីតាំង​ដែល​បាន​ដាក់​នៅ​ក្នុង​ទិដ្ឋាការ​ការងារ​នោះ មិន​គួរ​ណា​ប៉ូលិស​ថៃ ធ្វើ​អីចឹង​ទេ​ទៅ​លើ​គាត់។ ក្រុមហ៊ុន​ដែល​បញ្ជូន​គាត់​ទៅ​នោះ បើ​យើង​និយាយ​ឲ្យ​ច្បាស់​លាស់​ទៅ គឺ​ក្រុមហ៊ុន​ហ្នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​រហូត បើ​សិន​ជា​កម្មករ​នោះ គាត់​ទាម​ទារ​ជំងឺ​ចិត្ត និង​ការ​ខូច​ខាត​អារម្មណ៍​របស់​គាត់ នោះ​ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​រឿង​ហ្នឹង​ដែរ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដដែល​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើង​វិញ ទៅ​លើ​ក្រសួង​ការងារ ដែល​ហាក់​មាន​ភាព​អសកម្ម​ក្នុង​ការ​អន្តរាគមន៍​នៅ​ពេល​ដែល​ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​ជួប​បញ្ហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។