កម្មករ​​ប៉ះទង្គិច​គ្នា​ក្នុង​ពេល​​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​សហជីព​ចូល​ធ្វើ​ការ​វិញ

ក្រុម​កម្មករ​កម្មការិនី​នៃ​រោងចក្រ ខនប្រេស ហូលឌីង (Con Press Holding) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៨០០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ដុត​កង់​ឡាន​នៅ​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​របស់​ពួកគេ​យក​ថ្នាក់​ដឹកនាំ​សហជីព ៧​នាក់​ចូល​ធ្វើការ​វិញ។
2012-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ ៣០៥
សកម្មភាព​កម្មករ​ក្នុង​ពេល​តវ៉ា​នៅ​រោងចក្រ ខនប្រេស ហូលឌីង (Con Press Holding) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១២។
FTU Photo

ការ​ធ្វើ​បាតុកម្ម​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​កម្មករ​ខ្លះ​បាន​រង​របួស។

កម្មករ​កម្មការិនី​នៃ​រោងចក្រ​ដេរ​សំលៀកបំពាក់ ខនប្រេស ហូលឌីង នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ បាន​នាំ​គ្នា​ផ្អាក​ឈប់​ធ្វើ​បាតុកម្ម​វិញ បន្ទាប់​ពី​ភាគី​រោងចក្រ​បាន​ប្រើ​កម្លាំង​ពី​សហជីព​មួយ​ក្រុម បុគ្គលិក​របស់​រោងចក្រ និង​កម្លាំង​សន្តិសុខ មក​រារាំង​កម្មករ​ឲ្យ​ឈប់​ធ្វើ​បាតុកម្ម និង​ចាក់​ម៉េក្រូ​រំខាន​បង្ក​ឲ្យ​មាន​ការ​វាយ​តប់​គ្នា​ប្រមាណ​ជិត​មួយ​ម៉ោង។

កម្មករ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា លោក លុច លីនអាង បាន​ឲ្យ​ដឹង​ថា ក្នុង​គ្រា​ដែល​កម្មករ​ធ្វើ​បាតុកម្ម​ដុត​កង់ឡាន​នៅ​ខាង​មុខ​រោងចក្រ និង​ស្រែក​ទាមទារ​ឲ្យ​ថៅកែ​យក​តំណាង​ទាំង ៧​នាក់​បាន​ចូល​ធ្វើការ​វិញ​នោះ ស្រាប់​តែ​ក្រុមហ៊ុន​បាន​ប្រើ​កម្លាំង​ពី​សហជីព​សំឡេង​យុវជន​ខ្មែរ រួម​ទាំង​រដ្ឋបាល​រោងចក្រ និង​សន្តិសុខ​ផង​នោះ មក​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ។

លោក លុច លីន៖ «ពេល​កម្មករ​មិន​ព្រម​គេ​យក​បំពង់​អគ្គិភ័យ​មក​ពន្លត់​ភ្លើង​យើង ដុត​ហ្នឹង ហើយ​បាញ់​ដាក់​កម្មករ​យើង អ្នក​ខ្លះ​បាញ់​ត្រូវ​ភ្នែក​ត្រូវ​អី បំពង់​ពន្លត់​អគ្គិភ័យ​ហ្នឹង ហើយ​គេ​គប់​ដុំ​ថ្ម​មក បាន​កម្មករ​យើង​ខឹង​នាំ​គ្នា​គប់​ទៅ​វិញ​ទៅ។ របួស​មាន​ត្រូវ​ក្បាល ត្រូវ​ចង្កេះ ត្រូវ​ដុំ​ថ្ម​គេ​គប់​មក​ហ្នឹង និង​ត្រូវ​បាន​បែក។ គេ​ចាក់​សំឡេង​ម៉េក្រូ​ពី​ខាង​ក្នុង​បួន​ម៉េក្រូ​មក»

មេធាវី​របស់​ក្រុមហ៊ុន ខនប្រេស ហូលឌីង លោក ហំ ភា បាន​ឆ្លើយតប​ថា លោក​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ក្រុមហ៊ុន មុន​នឹង​បើក​ការ​ចរចា​ជាមួយ​សហជីព​ស្វែងរក​ដំណោះស្រាយ៖ «មួយ​ព្រឹក​មក​នេះ ខ្ញុំ​បាន​ស្រាវជ្រាវ​អង្គហេតុ​ហ្នឹង​ហើយ ដើម្បី​ខ្ញុំ​ដឹង​ថា នរណា​ខុស​នរណា​ត្រូវ។ អង្គហេតុ​វា​កើត​ឡើង​យ៉ាង​ម៉េច បើ​យើង​ដឹង​នរណា​ខុស​នរណា​ត្រូវ​ហើយ​អា​ហ្នឹង​ស្រួល​ដោះស្រាយ។ ខ្ញុំ​កំពុង​រៀបចំ​ការ​ចរចា​គ្នា​នៅ​ល្ងាច​នេះ ខ្ញុំ​សង្ឃឹម​ថា លទ្ធផល​បាន​ល្អ​ប្រសើរ»

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា នេះ​ជា​ថ្ងៃ​ទី​២​ហើយ​ដែល​កម្មករ​បាន​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​របស់​ពួកគេ​យក​ថ្នាក់​ដឹកនាំ​សហជីព​ចំនួន ៧​នាក់ ចូល​ធ្វើការ​វិញ ដែល​ពួកគេ​ទាំង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ក្នុង​នោះ​រួម​ទាំង​បង្ខំ​ឲ្យ​កម្មការិនី​ម្នាក់​រំលូត​កូន​ជា​ថ្នូរ​បន្ត​កិច្ច​សន្យា​ការងារ​ជា​ដើម។

លោក ជា មុនី៖ «ក្រុមហ៊ុន​ខ្ញុំ​អត់​ទាន់​ដឹង​គេ​ឆ្លើយ​តប​របៀប​ណា​ទេ ប៉ុន្តែ​ជា​ការ​ពិត​ជំហរ​របស់​សហជីព គឺ​យើង​រក្សា​ដដែល គឺ​យើង​ឲ្យ​យក​មេដឹកនាំ​សហជីព​ហើយ​និង​ទូទាត់​សំណង​ចំពោះ​ស្ត្រី​ដែល​ក្រុមហ៊ុន​ឲ្យ​ពន្លូត​កូន​ហ្នឹង ឲ្យ​ទូទាត់​ជា​សំណង​ដូច​ជា​ថ្លៃ​ថ្នាំ​ថ្លៃ​អ៊ីចឹង»

កម្មករ​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា មក ថៅកែ​រោងចក្រ​នេះ​បាន​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ ពី​ការងារ​ចំនួន ៨​នាក់ ក្នុង​នោះ​មាន​កម្មការិនី ហុក ពៅ លោក លី សុគន្ធា លោក ប៉ុម ឡា កម្មការិនី ញ៉ែម ស្រីវី លោក លុច លីនអាង លោក ផល រិនដា លោក លី តុលា និង​កម្មការិនី ប៉ិច លក្ខិណា។ ពួកគេ​អះអាង​ថា នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ស្អែក​ទៀត​រហូត​ដល់​មាន​ដំណោះស្រាយ​ពី​ថៅកែ​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អាគួយ

ពី កាលូមបូ៑ស

អើ ចៅតានេះមិនល្អទេ វាជាសញ្ញាឈានទៅរកសាច់ក្ដីឡា
លាយឡាលត់មែនទែនហើយ ខ្មាំងបរទេសវាចាក់រុកតាំង
ពីលើដល់ក្រោម ម៉េចក៏ចៅនាំគ្នាត្រចៀកស្រាលម្លេះ មើលទៅអាចរួបរួមគ្នាវិញបានទេ ចុះស្ដេចនិងមន្ដ្រីគ្រប់
ស្ថាប័ននាំគ្នាធើអីដែរតាអាលូវលីឡឺគិតលែងយល់ហើយ
រឿងទុក្ខសោករបស់ខ្មែរ តើតាជួយអីកើតចៅអ្ហើយ

Dec 28, 2012 03:30 AM

Khmerexile

ពី Hanoi

ហ្នឹងហើយគេបង្កើតខ្មែរប្រឆាំងខ្មែរ បង្កើតអាយ៉ង់ធ្វើបាបខ្មែរ បង្កើតសង្ឃធ្វើបាបសង្ឃ បង្កើតប៉ូលីស្តិ៍ ទាហានបាញ់សម្លាប់​ខ្មែរ ។ គ្មាននរណាពូកែជាងចោរយួនឈ្លានពានទេ ៕

Dec 26, 2012 12:29 PM