ការធ្វើបាតុកម្មនេះ បានបង្កឲ្យមានការប៉ះទង្គិចគ្នាដោយកម្មករខ្លះបានរងរបួស។
កម្មករកម្មការិនីនៃរោងចក្រដេរសំលៀកបំពាក់ ខនប្រេស ហូលឌីង នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ បាននាំគ្នាផ្អាកឈប់ធ្វើបាតុកម្មវិញ បន្ទាប់ពីភាគីរោងចក្របានប្រើកម្លាំងពីសហជីពមួយក្រុម បុគ្គលិករបស់រោងចក្រ និងកម្លាំងសន្តិសុខ មករារាំងកម្មករឲ្យឈប់ធ្វើបាតុកម្ម និងចាក់ម៉េក្រូរំខានបង្កឲ្យមានការវាយតប់គ្នាប្រមាណជិតមួយម៉ោង។
កម្មករម្នាក់ក្នុងចំណោមអ្នកតវ៉ា លោក លុច លីនអាង បានឲ្យដឹងថា ក្នុងគ្រាដែលកម្មករធ្វើបាតុកម្មដុតកង់ឡាននៅខាងមុខរោងចក្រ និងស្រែកទាមទារឲ្យថៅកែយកតំណាងទាំង ៧នាក់បានចូលធ្វើការវិញនោះ ស្រាប់តែក្រុមហ៊ុនបានប្រើកម្លាំងពីសហជីពសំឡេងយុវជនខ្មែរ រួមទាំងរដ្ឋបាលរោងចក្រ និងសន្តិសុខផងនោះ មកប្រើអំពើហិង្សាមកលើកម្មករ។
លោក លុច លីន៖ «ពេលកម្មករមិនព្រមគេយកបំពង់អគ្គិភ័យមកពន្លត់ភ្លើងយើង ដុតហ្នឹង ហើយបាញ់ដាក់កម្មករយើង អ្នកខ្លះបាញ់ត្រូវភ្នែកត្រូវអី បំពង់ពន្លត់អគ្គិភ័យហ្នឹង ហើយគេគប់ដុំថ្មមក បានកម្មករយើងខឹងនាំគ្នាគប់ទៅវិញទៅ។ របួសមានត្រូវក្បាល ត្រូវចង្កេះ ត្រូវដុំថ្មគេគប់មកហ្នឹង និងត្រូវបានបែក។ គេចាក់សំឡេងម៉េក្រូពីខាងក្នុងបួនម៉េក្រូមក»។
មេធាវីរបស់ក្រុមហ៊ុន ខនប្រេស ហូលឌីង លោក ហំ ភា បានឆ្លើយតបថា លោកកំពុងពិភាក្សាជាមួយភាគីក្រុមហ៊ុន មុននឹងបើកការចរចាជាមួយសហជីពស្វែងរកដំណោះស្រាយ៖ «មួយព្រឹកមកនេះ ខ្ញុំបានស្រាវជ្រាវអង្គហេតុហ្នឹងហើយ ដើម្បីខ្ញុំដឹងថា នរណាខុសនរណាត្រូវ។ អង្គហេតុវាកើតឡើងយ៉ាងម៉េច បើយើងដឹងនរណាខុសនរណាត្រូវហើយអាហ្នឹងស្រួលដោះស្រាយ។ ខ្ញុំកំពុងរៀបចំការចរចាគ្នានៅល្ងាចនេះ ខ្ញុំសង្ឃឹមថា លទ្ធផលបានល្អប្រសើរ»។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា នេះជាថ្ងៃទី២ហើយដែលកម្មករបាននាំគ្នាបន្តធ្វើកូដកម្មដើម្បីទាមទារឲ្យថៅកែរបស់ពួកគេយកថ្នាក់ដឹកនាំសហជីពចំនួន ៧នាក់ ចូលធ្វើការវិញ ដែលពួកគេទាំងនេះ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយមិនត្រឹមត្រូវតាមច្បាប់ ក្នុងនោះរួមទាំងបង្ខំឲ្យកម្មការិនីម្នាក់រំលូតកូនជាថ្នូរបន្តកិច្ចសន្យាការងារជាដើម។
លោក ជា មុនី៖ «ក្រុមហ៊ុនខ្ញុំអត់ទាន់ដឹងគេឆ្លើយតបរបៀបណាទេ ប៉ុន្តែជាការពិតជំហររបស់សហជីព គឺយើងរក្សាដដែល គឺយើងឲ្យយកមេដឹកនាំសហជីពហើយនិងទូទាត់សំណងចំពោះស្ត្រីដែលក្រុមហ៊ុនឲ្យពន្លូតកូនហ្នឹង ឲ្យទូទាត់ជាសំណងដូចជាថ្លៃថ្នាំថ្លៃអ៊ីចឹង»។
កម្មករបានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា មក ថៅកែរោងចក្រនេះបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពសេរីកម្មករប្រចាំរោងចក្រ ពីការងារចំនួន ៨នាក់ ក្នុងនោះមានកម្មការិនី ហុក ពៅ លោក លី សុគន្ធា លោក ប៉ុម ឡា កម្មការិនី ញ៉ែម ស្រីវី លោក លុច លីនអាង លោក ផល រិនដា លោក លី តុលា និងកម្មការិនី ប៉ិច លក្ខិណា។ ពួកគេអះអាងថា នឹងបន្តធ្វើកូដកម្មនៅថ្ងៃស្អែកទៀតរហូតដល់មានដំណោះស្រាយពីថៅកែរោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
