ក្រុមអ្នកតវ៉ាអះអាងថា ពួកគេបានរងគ្រោះដោយការរំលោភបំពានសិទ្ធិពីសំណាក់ភាគីថៅកែរោងចក្រជាច្រើនឆ្នាំមកហើយ។ មកដល់ពេលនេះ ពួកគេចង់អោយភាគីថៅកែរោងចក្រចេញមុខដោះស្រាយទៅតាមការទាមទាររបស់ពួកគេ ដែលចង់បានការទូទាត់បញ្ចប់កិច្ចសន្យានៅពេលដែលរោងចក្រពុំមានការងារអោយពួកគេធ្វើ។
កម្មកររោងចក្រកាត់ដេរហ័រ៉ស់ បានស្នើដល់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក អ៊ិត សំហេង អន្តរាគមន៍អោយថៅកែរោងចក្រនេះ ចេញមុខទទួលខុសត្រូវចំពោះអតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលពួកគេត្រូវទទួលបាន ប្រសិនបើរោងចក្រនេះបិទទ្វារលែងដំណើរការ។
ក្រុមកម្មករដែលឈរតវ៉ានៅខាងមុខក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេចង់ដឹងអោយបានច្បាស់ថា តើរោងចក្រហ័រ៉ស់ នឹងបន្តបើកទ្វារ ឬត្រូវបិទទ្វារនៅពេលដ៏ខ្លីខាងមុខនេះ? ហើយប្រសិនបើពុំមានការងារអោយកម្មករធ្វើទេ ភាគីរោងចក្រត្រូវទូទាត់ប្រាក់បំណាច់ផ្សេងៗដល់ពួកគេទៅតាមច្បាប់៖ «កម្មករទី១ មានរឿងបាន២ថ្ងៃបានថៅកែគាត់ទៅស្រុកចិន។ តែរហូតដល់ឥឡូវ គឺថៅកែអត់ចេញមុខដោះស្រាយសោះ។ ឥឡូវទាមទារអោយថៅកែចេញមុខដោះស្រាយ។ កម្មករទី២ ចង់អោយថៅកែចេញមុខចរចាជាមួយពួកខ្ញុំ។ មិនបើក ចង់អោយគាត់ហ្នឹងគិតលុយអោយខ្ញុំ ដែលពួកខ្ញុំធ្វើការ១០ឆ្នាំជាងហើយ។ អោយគិតលុយម៉ាវគ្គសិនមក ប្រាក់អតីតភាព លុយដំណាច់ឆ្នាំ និយាយទៅគិតគូរ៥ចំណុចតាមច្បាប់»។
លិខិតចុះថ្ងៃទី១៧ ខែសីហា របស់ក្រុមកម្មករដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ភាគច្រើននៃកម្មករនៅរោងចក្រហ័រ៉ស់ បានបម្រើការងារជាង១០ឆ្នាំហើយ។ កន្លងមក ក្រុមហ៊ុននេះមានកម្មករជិត២ពាន់នាក់ ប៉ុន្តែ ដោយសារក្រុមហ៊ុនបានធ្វើទុក្ខបុកម្នេញគ្រប់រូបភាពទៅលើពួកគេ ទើបពួកគេបង្ខំចិត្តលាឈប់ពីការងារ។ មកដល់ពេលនេះ មានកម្មករតែជាង២០០នាក់នៅធ្វើការ។
លិខិតដដែលអោយដឹងទៀតថា រូបភាពនៃការរំលោភបំពានសិទ្ធិកម្មករកើតឡើងកាន់តែខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះ ទើបក្រុមកម្មករសម្រេចធ្វើកូដកម្ម។ នៅក្រោយកូដកម្ម មានការផ្សះផ្សា និងមានកិច្ចព្រមព្រៀងមួយចំនួន ប៉ុន្តែខាងភាគីរោងចក្រពុំបានអនុវត្តតាមឡើយ។ ក្រុមកម្មករភ័យបារម្ភថា ភាគីរោងចក្រកំពុងបង្ខិតបង្ខំពួកគេលាឈប់ពីការងារដោយខ្លួនឯង ដោយពុំបានទទួលអត្ថប្រយោជន៍ណាមួយឡើយ។
ទីប្រឹក្សាក្រសួងសង្គមកិច្ច ទទួលបន្ទុកដោះស្រាយបាតុកម្ម កូដកម្ម លោក សឹង ម៉ុន មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានសំណូមពរអោយក្រុមកម្មករចូលធ្វើការវិញ ដើម្បីរង់ចាំដំណោះស្រាយ។ លោកថា ការព្រួយបារម្ភចំពោះប្រាក់អត្ថប្រយោជន៍របស់កម្មករ គឺជាបញ្ហាដែលអាចដោះស្រាយបាន ព្រោះបើរោងចក្របិទទ្វារលែងដំណើរការ អាជ្ញាធរ សមត្ថកិច្ចនឹងចាត់ចែងទៅតាមច្បាប់៖ «រឿងលុយបានមិនបានស្រេចនៅលើរដ្ឋាភិបាល ដែលមានគណៈកម្មការបាតុកម្ម កូដកម្ម ជាអ្នកដោះស្រាយ។ ចង់រោងចក្រដួលក៏ដោយ ចង់រលំក៏ដោយ យើងត្រូវធ្វើតាមផ្លូវច្បាប់ គឺកុំអោយគាត់ភ័យរឿងបញ្ហាហ្នឹង»។
ចំពោះការចោទប្រកាន់របស់ក្រុមកម្មករ អ្នកគ្រប់គ្រងរោងចក្រហ័រ៉ស់ អ្នកស្រី ឯក ផល្លីន មានប្រសាសន៍ថា រោងចក្រនេះពុំបិទទ្វារឡើយ។ ប៉ុន្តែ អ្នកស្រី ផល្លីន ពុំបានបញ្ជាក់ថា នឹងត្រូវផ្ដល់ដំណោះស្រាយបែបណាចំពោះការទាមទាររបស់ក្រុមកម្មករនោះទេ៖ «ខ្ញុំអត់ដឹងទេអូន ខ្ញុំមិនមែនអ្នកដោះស្រាយទេ។ ខ្ញុំមានតួនាទីតែខាងផលិតកម្ម អ៊ីចឹងបងអត់ដោះស្រាយរឿងហ្នឹងទេ»។
បើទោះជាបែបណា ក្រុមកម្មករអះអាងថា ពួកគេអស់ជំនឿទៅលើការសន្យារបស់ភាគីរោងចក្រ។ ពួកគេទាមទារតែម្យ៉ាង គឺចង់អោយថៅកែរោងចក្រពិតប្រាកដចេញមុខមកដោះស្រាយជាមួយពួកគេ គឺមិនមែនតាមរយៈតំណាងណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
