កម្មករ​រោងចក្រ​ឧបត្ថម្ភ​ប្រាក់​ប្រមាណ​១ពាន់​ដុល្លារ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា មាន​វ័យ​កាន់​តែ​ចាស់ ហើយ​សប្បុរស​ជន​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ផ្ដល់​ជំនួយ​ថវិកា សម្រាប់​មន្ទីរ​ពេទ្យ​នេះ បាន​កាត់​បន្ថយ​នោះ បាន​បង្ក​ឲ្យ​កើត​មាន​ក្ដី​បារម្ភ​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ចំពោះ​បញ្ហា​ប្រឈម​នឹង​ការ​បិទ​មន្ទីរ​ពេទ្យ​នេះ។
ដោយ ខែ សុណង
2012.07.21

ករណី​នេះ​បាន​ជំរុញ​ឲ្យ​មាន​ចលនា​រៃអង្គាស​ប្រាក់​គ្នា​ទៅ​តាម​លទ្ធភាព ដើម្បី​បង្ហាញ​ពី​ក្តី​បំណង​មិន​ចង់​ឲ្យ​ស្ថាប័ន​មួយ​នេះ​បាត់បង់​តួនាទី​សំខាន់​របស់​ខ្លួន ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត ព្រម​ទាំង​ទ្រទ្រង់​ដល់​សុខភាព​កុមារ។

បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ និង​កម្មករ​រោងចក្រ​ជាដើម បាន​នាំ​គ្នា​បង្កើត​មូលនិធិ​សម្រាប់​រួម​ចំណែក​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​នឹង​ប្រឈម​មុខ​នៅ​ការ​បិទ​ទ្វារ ដោយ​សារ​បញ្ហា​ថវិកា។

កម្មករ​រោងចក្រ ឃីង ហ្វេសសិន (King Fashion) លោក អ៊ុំ សារុន អ្នក​ផ្ដួចផ្ដើម​គំនិត​ប្រមូល​ថវិកា​ពី​កម្មករ​នៅ​រោងចក្រ​នេះ ដែល​មាន​ទីតាំង​នៅ​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា កម្មករ​កម្មការិនី​បាន​រួម​គ្នា​ប្រមូល​ថវិកា​ដែល​ជា​សន្ដាន​ចិត្ត​តិចតួច បាន​ចំនួន ៥លាន​១០​ម៉ឺន​រៀល ដើម្បី​រួម​ចំណែក​ក្នុង​បេសកកម្ម​សម្រាប់​មន្ទីរ​ពេទ្យ​នេះ។

បុរស​ដដែល​បាន​ថ្លែង​ទៀត​ថា មន្ទីរ​ពេទ្យ​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​រាប់​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំៗ​ដោយ​មិន​គិត​កម្រៃ៖ «ពួក​យើង​មាន​សទ្ធា​ម្នាក់​១​ពាន់ ២​ពាន់ ដើម្បី​ជួយ​ពេទ្យ​គន្ធបុប្ផា ព្រោះ​ខ្ញុំ​ឃើញ​ចុះ​នៅ​ក្នុង​ព័ត៌មាន​ហ្នឹង ត្រូវ​ការ​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ពេទ្យ​បន្ត​ទៀត។ ពេទ្យ​គន្ធបុប្ផា​ហ្នឹង គាត់​មាន​ការ​ឧបត្ថម្ភ​ពី​ជន​បរទេស​ម្នាក់​ដែរ តែ​ដោយ​សារ​ឥឡូវ​គាត់​មាន​វ័យ​ចាស់​ជរា​អ៊ីចឹង​ទៅ ធនធាន​ពេទ្យ​ហ្នឹង​ខ្សោយ។ រួច​ពួក​ខ្ញុំ​ឃើញ​ពេទ្យ​ហ្នឹង​ធ្លាប់​ជួយ​ក្មេងៗ​ខ្មែរ​យើង​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំៗ រួច​បារម្ភ​ថា បើ​អត់​ពី​ពេទ្យ​ហ្នឹង​ទៅ ពេទ្យ​ផ្សេង​ត្រូវ​ការ​លុយ​ច្រើន មាន​តែ​ពេទ្យ​ហ្នឹង​ទេ​ព្យាបាល​មាន​ប្រសិទ្ធភាព ហើយ​អត់​យក​លុយ​ពី​ប្រជាជន​ទៀត។ គ្រួសារ​របស់​កម្មករ​ពួក​ខ្ញុំ​ភាគច្រើន ពេល​សួរ​គាត់​ទៅ យ៉ាង​ហោច​ណាស់​នៅ​ក្នុង​មួយ​គ្រួសារ​គាត់​ក៏​មាន​បងប្អូន​ម្នាក់ ដែល​ជា​ក្មេង​ហ្នឹង​បាន​ទៅ​ដល់​ពេទ្យ​ហ្នឹង​រស់​ដោយ​សារ​ពេទ្យ​ហ្នឹង​ដែរ»

មិន​ខុស​គ្នា​នោះ​ទេ បុគ្គលិក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) កញ្ញា សេង ម៉ាលី ថ្លែង​ថា បុគ្គលិក​អង្គការ​នេះ​បាន​យក​ថវិកា​បន្តិចបន្តួច​ផ្ទាល់​ខ្លួន ដើម្បី​ចូល​រួម​ចំណែក​សម្រាប់​ការ​ចំណាយ​ក្នុង​មន្ទីរពេទ្យ​នេះ៖ «ក្នុង​ប្រទេស​កម្ពុជា​យើង ពេទ្យ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ជួយ​កុមារ​ច្រើន​ជាង​គេ ហើយ​ជា​ពិសេស​ជា​ពេទ្យ​ដែល​ប្រជាពលរដ្ឋ​មក​ប្រើប្រាស់​អត់​ត្រូវ​ការ​ចំណាយ​លុយ ដល់​ពេល​ពេទ្យ​ហ្នឹង​មាន​បញ្ហា​ខ្វះខាត​ថវិកា​អ៊ីចឹង យើង​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​រឿង​ប្រព័ន្ធ​សុខភាព ពីព្រោះ​សេវា​ដែល​ប្រើប្រាស់​ពេទ្យ​រដ្ឋ​មួយ​ចំនួន គឺ​នៅ​មាន​លក្ខណៈ​ខ្វះខាត​ច្រើន។ ប៉ុន្តែ​គន្ធបុប្ផា​ហ្នឹង គេ​យក​ចិត្ត​ទុកដាក់​ពិត​ប្រាកដ ហើយ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គ្នា​អត់​មាន​លុយ​មក​ពី​ស្រែ មក​ពី​អី​ហ្នឹង បាន​ច្រើន​មែន​ទែន»

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩១ គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង ២០​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ឆ្នាំៗ​មន្ទីរ​ពេទ្យ​ទាំង​៥​សាខា​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ៣៧​លាន​ដុល្លារ ដោយ​បាន​ជំនួយ​ពី​បរទេស​ស្ទើរ​ទាំង​ស្រុង។ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ជំនួយ​ទឹកប្រាក់​ចំនួន ២​លាន​ដុល្លារ និង​រដ្ឋាភិបាល​ប្រទេស​ស្វីស (Switzerland) ចំនួន ៣​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ក្រៅ​ពី​នោះ​ប្រធាន​មន្ទីរ​ពេទ្យ គឺ​លោក ប៊េត រីចន័រ (Beat Richner) ជនជាតិ​ស្វីស ជា​អ្នក​ស្វែងរក​ថវិកា​ពី​សប្បុរស​ជន ដើម្បី​ទ្រទ្រង់​នូវ​ការ​ចំណាយ​សម្រាប់​មន្ទីរ​ពេទ្យ​នេះ។

លោក ប៊េត រីចន័រ ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​ទេ នៅ​ថ្ងៃ​ទី​២១ កក្កដា។

បន្ទាប់​ពី​មាន​ព័ត៌មាន​ថា លោក ប៊េត រីចន័រ មាន​វ័យ​កាន់​តែ​ចាស់ ហើយ​សប្បុរស​ជន​មួយ​ចំនួន​បាន​ឈប់​ផ្ដល់​ថវិកា​បន្ត​ទៀត​នោះ ក៏​កើត​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​បិទ​មន្ទីរ​ពេទ្យ​នេះ។ ហើយ​បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ និង​កម្មករ​រោងចក្រ​ជាដើម ក៏​កើត​ឲ្យ​មាន​ការ​រៃអង្គាស​សម្រាប់​រួម​ចំណែក​ដំណើរការ​ក្នុង​មន្ទីរពេទ្យ​នេះ និង​មាន​ការ​បំផុស​គំនិត​តាម​បណ្ដាញ​សង្គម​ហ្វេកប៊ុក (Facebook) ចូល​រួម​ផ្ដល់​មូលនិធិ​នេះ​ដែរ។

ជាក់ស្ដែង កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បាន​ផ្ដល់​ឲ្យ​មន្ទីរ​ពេទ្យ​នេះ​ចំនួន ១​លាន​ដុល្លារ កាកបាទ​ក្រហម ១​លាន​ដុល្លារ មូលនិធិ​ទូរទស្សន៍​បាយន្ត​ចំនួន ៣០​ម៉ឺន​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ផ្ទាល់​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។