កម្មករ​នៅ​កំពង់ស្ពឺ​ជាង​១០០​នាក់​ដួលសន្លប់

កម្មករ​រោងចក្រ​សាប្រីណា (Sabrina) ស្ថិត​នៅ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១២។
ដោយ មុំ សុផុន
2012-04-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​សន្លប់ កំពង់ស្ពឺ ៣០៥
៤-មេសា-២០១២៖ កម្មករ​រោងចក្រ សាប្រីណា (Sabrina) ដែល​ដួល​សន្លប់ ត្រូវ​គេ​ដឹក​ជញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ដើម្បី​ជួយ​សង្គ្រោះ។
រូប​​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

កម្មករ​រោងចក្រ​សាប្រីណា (Sabrina) ជាង ១០០​នាក់​បាន​ដួល​សន្លប់​ភ្លាមៗ ដោយ​សារ​តែ​ក្លិន​ជ័រ​កាវ​បិទ​ឥដ្ឋការ៉ូ​នៅ​ក្នុង​រោងចក្រ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ប្រចាំ​រោងចក្រ​សាប្រីណា លោក ឈា វីនុត បាន​ថ្លែង​នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១២ ថា កម្មករ​ប្រមាណ​១០​នាក់​បាន​ដួល​សន្លប់​មុន​ដំបូង​ដោយសារ​តែ​ឈួល​ក្លិន​ជ័រ​កាវ​នោះ ហើយ​កម្មករ​ផ្សេង​ទៀត​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​ឃើញ​ពួក​គាត់​ដួល​សន្លប់​នោះ។

រថយន្ត​សង្គ្រោះ​បន្ទាន់​ រថយន្ត​របស់​សហជីព និង​រថយន្ត​ដែល​ត្រៀម​ចាំ​ដឹក​កម្មករ​ទៅ​ផ្ទះ ព្រមទាំង​រថយន្ត​របស់​រោងចក្រ​ផង បាន​ដឹក​កម្មករ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ។ អ្នក​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​នៅ​មន្ទីរ​ពេទ្យ​ អ្នក​ស្រី សោម ចន្ថា បាន​ថ្លែង​ថា គាត់​មិន​បាន​រងគ្រោះ​ដោយ​សារ​តែ​ក្លិន​នោះ​ទេ តែ​គាត់​រន្ធត់​នៅ​ពេល​ឃើញ​កម្មករ​ផ្សេង​ទៀត​សន្លប់។

ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ក្រុម​កម្មករ​រោងចក្រ​បាន​ដួល​សន្លប់​ជា​ច្រើន​កន្លែង។ ករណី​ដួល​សន្លប់​នោះ​ត្រូវ​គេ​សន្និដ្ឋាន​ថា ដោយសារតែ​បរិស្ថាន​រោងចក្រ​មិន​ល្អ ហើយ​កម្លាំង​កាយ​របស់​ចុះ​ខ្សោយ​ដែរ។

លោក​វេជ្ជបណ្ឌិត ឱ វ៉ានថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា អាការៈ​របស់​កម្មករ​ដែល​រងគ្រោះ​នោះ​គឺ​មិន​ធ្ងន់ធ្ងរ​ទេ គឺ​មាន​អាការៈ​អស់​កម្លាំង វិល​មុខ និង​ថប់​ដង្ហើម​ជា​ដើម ហើយ​កម្មករ​ខ្លះ​ទៀត​ខ្វះ​ជាតិ​ស្ករ។

តែ​ទោះបី​ជា​យ៉ាង​ណា​កម្មករ​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ជា​ច្រើន​បាន​ធូរស្រាល​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ។

កន្លង​មក​មានការ​រិះគន់​ថា រោងចក្រ​មួយ​ចំនួន​ខ្វះ​បច្ចេកទេស​ខាង​ផ្នែក​បរិស្ថាន​ដែល​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់។ ករណី​នេះ​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា រោងចក្រ​និង​សហគ្រាស​នីមួយៗ​ត្រូវ​តែ​មាន​អ្នក​ឯកទេស និង​អ្នក​បច្ចេកទេស​ដើម្បី​ត្រួតពិនិត្យ​មើល​ជាតិ​ពុល​នៅ​ក្នុង​រោងចក្រ និង​បរិស្ថាន​នានា​ដើម្បី​ធានា​សុខភាព​ដល់​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល