ម្ដាយ​ពល​ការិនី​បម្រើ​ការ​នៅ​ម៉ាឡេស៊ី សុំ​ឲ្យ​អាដហុក ជួយ​ស្វែង​រក​កូន​ស្រី​របស់​គាត់

ស្ត្រី​មួយ​រូប​មាន​កូន​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​សុំ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ឈ្មោះ អាដហុក (Adhoc) នៅ​ខេត្ត​ព្រះវិហារ ជួយ​រក​កូន​ស្រី​របស់​គាត់ ដែល​បាត់​ដំណឹង​ចំនួន​ជិត​២ឆ្នាំ​មក​ហើយ។
ដោយ កែវ និមល
2012-08-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម្ដាយ​ពល​ការិនី ៣០៥
១៣-សីហា-២០១២៖ អ្នកស្រី ធឿន ហឿន រស់នៅ​ភូមិ​ដំណាក់ ឃុំ​កំពង់ប្រណាក ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ គាត់​បាត់​ដំណឹង​កូន​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ជិត​២ឆ្នាំ​មក​ហើយ។
RFA/Keo Nimol

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ដែល​ជ្រើសរើស​កូន​ស្រី​នោះ​ទៅ​ធ្វើ​ការ មិន​ឆ្លើយ​តប​ចំពោះ​សំណួរ​ផ្សេងៗ​ទាក់​ទង​ជាមួយ​កូន​គាត់​ទៀត​ឡើយ។

ស្ត្រី​មួយ​រូប​ឈ្មោះ ធឿន ហឿន រស់នៅ​ភូមិ​ដំណាក់ ឃុំ​កំពង់ប្រណាក ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​សុំ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ជួយ​រក​ព័ត៌មាន​ទាក់​ទង​កូន​ស្រី​របស់​គាត់​ឈ្មោះ ជិន តាំងយូ អាយុ​១៩​ឆ្នាំ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ខែ​តុលា ឆ្នាំ​២០១០។

អ្នកស្រី ធឿន ហឿន បាន​រៀបរាប់​ឲ្យ​ដឹង​ថា តាំង​ពី​កូន​អ្នកស្រី​ឡើង​យន្តហោះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ កន្លង​ទៅ អ្នកស្រី​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​កូន​ស្រី​របស់​គាត់​ឡើយ។ គាត់​មិន​ដឹង​ថា កូន​ស្រី​របស់​គាត់​មាន​ស្ថានភាព​រស់នៅ​យ៉ាង​ណា​ឡើយ ហើយ​មិន​ដឹង​ថា តើ​នាង​ស្លាប់ ឬ​រស់​ទេ។

អ្នកស្រី ធឿន ហឿន បាន​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ជិន តាំងយូ នេះ​មាន​អត្តលេខ​អិលអេច​១៦៣ (163LH) ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ឈ្មោះ ហ្វីលីម៉រ (Philimore)។ ការ​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី នេះ គេ​ឲ្យ​ប្រាក់​ខែ​ចំនួន​១៨០​ដុល្លារ ក្នុង​មួយ​ខែ។ ប៉ុន្តែ តាំង​ពី​បាត់​ដំណឹង​កូន​មក អ្នកស្រី​បាន​សួរ​តំណាង​ក្រុមហ៊ុន​ជាច្រើន​លើក តែ​ក្រុមហ៊ុន​មិន​ឆ្លើយ​តប​ឡើយ។

អ្នកស្រី ធឿន ហឿន បាន​ឲ្យ​ដឹង​ថា មាន​ក្មេង​ស្រី​ក្នុង​ភូមិ​ជាច្រើន​នាក់ បាន​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ដូច​កូន​ស្រី​គាត់​ដែរ តែ​ពួក​គេ​បាន​មក​វិញ​អស់​ហើយ។ គាត់​បាន​សួរ​ដំណឹង​ពី​កូន​ស្រី​គាត់ តាម​ក្មេង​ក្នុង​ភូមិ​ដែរ តែ​មិន​មាន​អ្នក​ណា​ដឹង​ឡើយ។

កញ្ញា ហ៊ូ ម៉ាបូន្នី បុគ្គលិក​អង្កេត​ស្ត្រី​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា ក្រោយ​ទទួល​ពាក្យ​សុំ​ឲ្យ​ជួយ​រក​កូន​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នឹង​ទាក់​ទង​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា និង​អាជ្ញាធរ ដើម្បី​ស្វែង​រក​ព័ត៌មាន​ទាក់​ទង​ពលករ ជិន តាំងយូ នេះ។

អ្នកស្រី ប្រាំង ធីតា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​នៅ​ខេត្ត​ព្រះវិហារ បាន​ជំរុញ​ឲ្យ​ម្តាយ​របស់​នារី ជិន តាំងយូ ត្រូវ​តែ​ទៅ​ទាក់​ទង​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ដើម្បី​ស្វែង​រក​ព័ត៌មាន​ពី​កូន​របស់​ខ្លួន។ ចំណែក​ការិយាល័យ​អ្នកស្រី នឹង​បញ្ជូន​ព័ត៌មាន​តាម​ខ្សែ​រយៈ ដើម្បី​រក​កូន​ស្រី​ឈ្មោះ ជិន តាំងយូ នោះ​ដែរ។

ស្ត្រី​មួយ​រូប​ដែល​អះអាង​ថា ជា​បុគ្គលិក​ក្រុមហ៊ុន ហ្វីលីម៉រ នៅ​ក្រុង​ភ្នំពេញ ទទួល​បន្ទុក​ខាង​ព័ត៌មាន តែ​សុំ​មិន​ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​ខិតខំ​ទាក់​ទង​ជាមួយ​តំណាង​ក្រុមហ៊ុន​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ស៊ើប​សួរ​រក​ដំណឹង​ពល​ការិនី ជិន តាំងយូ ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​ក្រុម​គ្រួសារ​បាន​ដឹង​អំពី​សុខទុក្ខ​របស់​នាង។

ទោះ​បី​មាន​ការ​ធានា​ថា ក្រុមហ៊ុន​នឹង​ស្វែង​រក​ព័ត៌មាន​ក៏​ដោយ ក៏​អ្នកស្រី ធឿន ហឿន ជា​ម្តាយ​ពល​ការិនី ជិន តាំងយូ មិន​ទាន់​ជឿ​ថា ក្រុមហ៊ុន​អាច​ផ្តល់​ដំណឹង​ឲ្យ​អ្នកស្រី​បាន​ពិត​ប្រាកដ​ឡើយ ពីព្រោះ​កន្លង​មក​ជិត​២​ឆ្នាំ​មក​ហើយ អ្នកស្រី​បាន​ទាក់​ទង​ក្រុមហ៊ុន​ជាច្រើន​លើក​មក​ហើយ តែ​មិន​បាន​ទទួល​ព័ត៌មាន​សុខទុក្ខ​កូន​អ្នកស្រី​ឡើយ។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​ថា គេ​អាច​រក​ដំណឹង​ពី​ពលករ​ឈ្មោះ ជិន តាំងយូ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន បើ​សិន​ជា​គេ​ដឹង​អំពី​អត្តលេខ​ក្រុមហ៊ុន​របស់​នាង និង​ថ្ងៃ​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី។

ប្រភព​អង្គការ​អាដហុក នៅ​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ខែ​មករា មក​ទល់​ខែ​កក្កដា ឆ្នាំ​២០១២ នេះ មាន​ប្រជាពលរដ្ឋ​មក​ប្ដឹង​ការ​បាត់​ដំណឹង​កូន​ទៅ​ធ្វើ​ការ​នៅ​បរទេស និង​ការ​ជួញ​ដូរ​នានា​មាន​ចំនួន​១៣​ករណី​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល