ឪពុកម្ដាយពលការិនីខ្មែរចំនួនពីរគ្រួសារបានអំពាវនាវសុំឲ្យរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជួយយកកូនស្រីពួកគាត់ពីរនាក់ ពីប្រទេសម៉ាឡេស៊ីមកស្រុកខ្មែរវិញ។ ពលការិនីទាំងពីរនាក់នោះ ម្នាក់កំពុងបាត់ខ្លួន និងម្នាក់ទៀតកំពុងរងទារុណកម្ម និងហូបចុកមិនគ្រប់គ្រាន់ បន្ទាប់ពីក្រុមហ៊ុននៅស្រុកខ្មែរចំនួនពីរ នាំពួកគេយកទៅឲ្យធ្វើជាអ្នកបម្រើគេ នៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី។
លោក ស្រី ឆើតឆេង អាយុ៣៦ឆ្នាំ និងស្វាមីឈ្មោះ ផាន់ វិត អាយុ៣៧ឆ្នាំ រស់នៅភូមិទឹកខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ លោកស្រីបានថ្លែងនៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមិនា ឆ្នាំ២០១២ ថា កូនស្រីរបស់គាត់ឈ្មោះ វិត សាវឿត អាយុ១៨ឆ្នាំ ត្រូវបានក្រុមហ៊ុនយូមេនផៅវ័រ (Human Power) នាំទៅធ្វើការនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១។ លោកស្រីបន្តថា កូនស្រីគាត់បានទទួលទារុណកម្ម និងហូបចុកមិនគ្រប់គ្រាន់ ហើយបានទូរស័ព្ទមកសុំឪពុកម្ដាយឲ្យជួយយកនាងត្រឡប់មកស្រុកខ្មែរវិញ ៖ «កូនខ្ញុំទូរស័ព្ទមកយំសុំឲ្យម៉ែជួយ ថៅកែឲ្យបាយហូបមិនគ្រប់មិនគ្រាន់ទេ ថៅកែធ្វើបាបកូនខ្ញុំ ខ្ញុំទាក់ទងទៅក្រុមហ៊ុន គេថា ជួយតែមាត់ ខែណាដូចខែណាដែរ កូនខ្ញុំលំបាកធ្វើការលំបាកទាំងយប់ម៉ោង ៣ព្រឹក បានគេឲ្យកូនខ្ញុំសម្រាក»។
លោក ផាន់ វិត អាយុ៣៧ឆ្នាំ ត្រូវជាឪពុកពលការិនីរូបនេះ បានអំពាវនាវសុំឲ្យរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា ជួយយកកូនស្រីគាត់មកស្រុកខ្មែរវិញឲ្យបានឆាប់។ ពីព្រោះនាងកំពុងទទួលការធ្វើទុក្ខទោសយ៉ាងធ្ងន់ធ្ងរពីសំណាក់ម្ចាស់ផ្ទះ ដែលនាងរស់នៅធ្វើការឲ្យ ៖ «ឲ្យខាងអង្គការជួយយកកូនខ្ញុំមកវិញ កូនលំបាកគេធ្វើបាប បង្អត់បាយ គេមិនឲ្យហូបគ្រប់គ្រាន់ ហើយវ៉ៃធាក់គ្នាទៀត»។
ទាក់ទិនបញ្ហាពលករខ្មែរនៅក្នុងប្រទេសម៉ាឡេស៊ីនេះដែរ លោកស្រី កាយ លួម អាយុ៥៦ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកស្រីបានថ្លែងថា កូនស្រីគាត់ឈ្មោះ យឿត ច្រិប អាយុ២០ឆ្នាំ បានទៅធ្វើការនៅប្រទេសម៉ាឡេតាមរយៈក្រុមហ៊ុនមួយ ដែលលោកស្គាល់ឈ្មោះថា អ៊ិល អី ធី (L.E.T.) ។ ក្រុមហ៊ុននេះបានយកកូនស្រីគាត់ទៅប្រទេសម៉ាឡេស៊ីតាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន កូនស្រីរបស់គាត់បាត់ដំណឹងសូន្យ។
លោកបានអំពាវនាវសុំឲ្យរដ្ឋាភិបាលខ្មែរ និងអង្គការនានាជួយរកកូនគាត់ដែលកំពុងបាត់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ៖ «សួរទៅក្រុមហ៊ុន ក្រុមហ៊ុនគេថាមិនអីទេៗ សួរទៅខ្ញុំសុំលេខថៅកែ គេឲ្យលេខថៅកែមកខ្ញុំទូរស័ព្ទទៅសួរថៅកែហ្នឹង គេថាអត់ស្គាល់»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងក្រុមហ៊ុន យូមេន ផៅវ័រ និងក្រុមហ៊ុន អ៊ិល អី ធី ដើម្បីសុំសេចក្ដីបញ្ជាក់ទាក់ទិនទៅបញ្ហាពលករ-ការិនីខ្មែរទាំងពីរនាក់ ដែលកំពុងមានបញ្ហានៅក្នុងប្រទេសម៉ាឡេស៊ីនេះបានទេ។
លោក យិន ម៉េងលី ប្រធានសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបង។ លោកបានថ្លែងថា សមាគមអាដហុកបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយពលការិនីខ្មែរ ធ្វើការនៅប្រទេសម៉ាឡេស៊ីចំនួនបី នៅថ្ងៃច័ន្ទ ទី១៩ ខែមិនា នេះ។ លោកថាសមាគមកំពុងធ្វើការសួរប្រមូលព័ត៌មានលំអិត ដើម្បីឲ្យមានឯកសារភស្តុតាងច្បាស់លាស់ និងធ្វើកិច្ចសហការជាមួយស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីជួយយកពលការិនីទាំងនោះមកស្រុកខ្មែរវិញ ៖ «អ្វីដែលយើងកង្វល់ យើងឃើញថា បញ្ហានេះចេះតែកើតមានជាបន្តបន្ទាប់ ដែលទទួលបានបណ្ដឹងជារៀងរាល់ខែ ហើយយើងក៏ឃើញមានការផ្សព្វផ្សាយព័ត៌មានពីការជ្រើសរើសពលករនេះតាមបណ្ដាញសារព័ត៌មានមួយចំនួនដែរ អ៊ីចឹងខ្ញុំសុំផ្ដោតរឿងនេះទៅដល់ប្រជាពលរដ្ឋ សុំឲ្យលោកធ្វើការពិចារណាតាមដានក្រុមហ៊ុនឲ្យបានច្បាស់លាស់មុននិងសម្រេចចិត្តឲ្យកូនរបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស»។
ទន្ទឹមគ្នានេះ សមាគមអាដហុកបានស្នើឲ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំពិនិត្យមើលឡើងវិញទៅលើក្រុមហ៊ុននានា និងបង្កើតឲ្យមានក្រុមការងារស្នូលមួយ ដើម្បីដោះស្រាយរាល់បញ្ហា និងបាតុភាពដែលកើតមានពាក់ព័ន្ធទៅនឹងពលករខ្មែរ ដែលចេញទៅធ្វើការនៅក្រៅប្រទេស៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
