ឪពុក​ម្ដាយ​ពលករ​ចោទ​ក្រុមហ៊ុន​២ ថា​មិន​ទទួល​ខុស​ត្រូវ

ឪពុក​ម្ដាយ​គ្រួសារ​របស់​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយ​ចំនួន បាន​ចោទ​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ចំនួន​ពីរ ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុង​ភ្នំពេញ ថា​មិន​ទទួល​ខុស​ត្រូវ។

0:00 / 0:00

ឪពុក​ម្ដាយ​ពលការិនី​ខ្មែរ​ចំនួន​ពីរ​គ្រួសារ​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​យក​កូន​ស្រី​ពួក​គាត់​ពីរ​នាក់ ពី​ប្រទេស​ម៉ាឡេស៊ី​មក​ស្រុក​ខ្មែរ​វិញ។ ពលការិនី​ទាំង​ពីរ​នាក់​នោះ ម្នាក់​កំពុង​បាត់​ខ្លួន និង​ម្នាក់​ទៀត​កំពុង​រង​ទារុណកម្ម និង​ហូប​ចុក​មិន​គ្រប់គ្រាន់ បន្ទាប់​ពី​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ​ចំនួន​ពីរ នាំ​ពួក​គេ​យក​ទៅ​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​គេ នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោក ស្រី ឆើត​ឆេង អាយុ​៣៦​ឆ្នាំ និង​ស្វាមី​ឈ្មោះ ផាន់ វិត អាយុ​៣៧​ឆ្នាំ រស់​នៅ​ភូមិ​ទឹកខៀវ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​បវេល ខេត្ត​បាត់ដំបង។ លោក​ស្រី​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មិនា ឆ្នាំ​២០១២ ថា កូន​ស្រី​របស់​គាត់​ឈ្មោះ វិត សាវឿត អាយុ​១៨​ឆ្នាំ ត្រូវ​បាន​ក្រុមហ៊ុន​យូមេន​ផៅវ័រ (Human Power) នាំ​ទៅ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១។ លោក​ស្រី​បន្ត​ថា កូន​ស្រី​គាត់​បាន​ទទួល​ទារុណកម្ម និង​ហូប​ចុក​មិន​គ្រប់​គ្រាន់ ហើយ​បាន​ទូរស័ព្ទ​មក​សុំ​ឪពុក​ម្ដាយ​ឲ្យ​ជួយ​យក​នាង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ៖ «កូន​ខ្ញុំ​ទូរស័ព្ទ​មក​យំ​សុំ​ឲ្យ​ម៉ែ​ជួយ ថៅកែ​ឲ្យ​បាយ​ហូប​មិន​គ្រប់​មិន​គ្រាន់​ទេ ថៅកែ​ធ្វើ​បាប​កូន​ខ្ញុំ ខ្ញុំ​ទាក់​ទង​ទៅ​ក្រុមហ៊ុន គេ​ថា ជួយ​តែ​មាត់ ខែ​ណា​ដូច​ខែ​ណា​ដែរ កូន​ខ្ញុំ​លំបាក​ធ្វើ​ការ​លំបាក​ទាំង​យប់​ម៉ោង ៣​ព្រឹក បាន​គេ​ឲ្យ​កូន​ខ្ញុំ​សម្រាក»

លោក ផាន់ វិត អាយុ​៣៧​ឆ្នាំ ត្រូវ​ជា​ឪពុក​ពលការិនី​រូប​នេះ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ជួយ​យក​កូន​ស្រី​គាត់​មក​ស្រុក​ខ្មែរ​វិញ​ឲ្យ​បាន​ឆាប់។ ពី​ព្រោះ​នាង​កំពុង​ទទួល​ការ​ធ្វើ​ទុក្ខ​ទោស​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ម្ចាស់​ផ្ទះ ដែល​នាង​រស់​នៅ​ធ្វើ​ការ​ឲ្យ ៖ «ឲ្យ​ខាង​អង្គការ​ជួយ​យក​កូន​ខ្ញុំ​មក​វិញ កូន​លំបាក​គេ​ធ្វើ​បាប បង្អត់​បាយ គេ​មិន​ឲ្យ​ហូប​គ្រប់​គ្រាន់ ហើយ​វ៉ៃ​ធាក់​គ្នា​ទៀត»

ទាក់​ទិន​បញ្ហា​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ​ដែរ លោក​ស្រី កាយ លួម អាយុ​៥៦​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ឆ្តោរ ឃុំ​ពាមឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។ លោក​ស្រី​បាន​ថ្លែង​ថា កូន​ស្រី​គាត់​ឈ្មោះ យឿត ច្រិប អាយុ​២០​ឆ្នាំ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​តាម​រយៈ​ក្រុមហ៊ុន​មួយ ដែល​លោក​ស្គាល់​ឈ្មោះ​ថា អ៊ិល អី ធី (L.E.T.) ។ ក្រុម​ហ៊ុន​នេះ​បាន​យក​កូន​ស្រី​គាត់​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១០។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន កូន​ស្រី​របស់​គាត់​បាត់​ដំណឹង​សូន្យ។

លោក​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ និង​អង្គការ​នានា​ជួយ​រក​កូន​គាត់​ដែល​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ៖ «សួរ​ទៅ​ក្រុមហ៊ុន ក្រុមហ៊ុន​គេ​ថា​មិន​អី​ទេៗ សួរ​ទៅ​ខ្ញុំ​សុំ​លេខ​ថៅកែ គេ​ឲ្យ​លេខ​ថៅកែ​មក​ខ្ញុំ​ទូរស័ព្ទ​ទៅ​សួរ​ថៅកែ​ហ្នឹង គេ​ថា​អត់​ស្គាល់»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់​ទង​ក្រុមហ៊ុន យូមេន ផៅវ័រ និង​ក្រុមហ៊ុន អ៊ិល អី ធី ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​ទាក់​ទិន​ទៅ​បញ្ហា​ពលករ-ការិនី​ខ្មែរ​ទាំង​ពីរ​នាក់ ដែល​កំពុង​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ​បាន​ទេ។

លោក យិន ម៉េងលី ប្រធាន​សម្របសម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង។ លោក​បាន​ថ្លែង​ថា សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ឪពុក​ម្ដាយ​ពលការិនី​ខ្មែរ ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​បី នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មិនា នេះ។ លោក​ថា​សមាគម​កំពុង​ធ្វើ​ការ​សួរ​ប្រមូល​ព័ត៌មាន​លំអិត ដើម្បី​ឲ្យ​មាន​ឯកសារ​ភស្តុតាង​ច្បាស់​លាស់ និង​ធ្វើ​កិច្ច​សហការ​ជា​មួយ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ជួយ​យក​ពលការិនី​ទាំង​នោះ​មក​ស្រុក​ខ្មែរ​វិញ ៖ «អ្វី​ដែល​យើង​កង្វល់ យើង​ឃើញ​ថា បញ្ហា​នេះ​ចេះ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់ ដែល​ទទួល​បាន​បណ្ដឹង​ជា​រៀង​រាល់​ខែ ហើយ​យើង​ក៏​ឃើញ​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ការ​ជ្រើស​រើស​ពលករ​នេះ​តាម​បណ្ដាញ​សារ​ព័ត៌មាន​មួយ​ចំនួន​ដែរ អ៊ីចឹង​ខ្ញុំ​សុំ​ផ្ដោត​រឿង​នេះ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ សុំ​ឲ្យ​លោក​ធ្វើ​ការ​ពិចារណា​តាម​ដាន​ក្រុម​ហ៊ុន​ឲ្យ​បាន​ច្បាស់​លាស់​មុន​និង​សម្រេច​ចិត្ត​ឲ្យ​កូន​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស»

ទន្ទឹម​គ្នា​នេះ សមាគម​អាដហុក​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ សុំ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ក្រុមហ៊ុន​នានា និង​បង្កើត​ឲ្យ​មាន​ក្រុម​ការ​ងារ​ស្នូល​មួយ ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា និង​បាតុភាព​ដែល​កើត​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ពលករ​ខ្មែរ ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។