រោងចក្រទាំង៣នោះរួមមាន រោងចក្រ ថប វើល (Top World Garment) រោងចក្រ ផាដា និងរោងចក្រ ក្បាលកោះ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឆោ ចិត្រា ដែលជាពលរដ្ឋរស់នៅក្បែររោងចក្រ ថប វើល មានប្រសាសន៍នៅថ្ងៃទី២២ តុលា ថា ចំពោះមុខរបស់លោក បើសិនបុគ្គលណាមួយហ៊ានប្រមាថព្រះមហាក្សត្រ មិនថាជននោះមានសញ្ជាតិជាខ្មែរ ឬជននោះជាសាសន៍ដទៃនោះទេ លោកមិនអាចអនុញ្ញាតឲ្យពួកគេធ្វើឡើយ។
លោកបញ្ជាក់បន្ថែមថា មូលហេតុដែលធ្វើឲ្យលោកគាំទ្រ និងគោរពស្រលាញ់អតីតព្រះមហាក្សត្រនោះ ព្រោះតាមការស្ដាប់ការនិយាយតៗគ្នារបស់ចាស់ៗ ជំនាន់ដើម បូករួមនឹងការសិក្សាស្រាវជ្រាវខ្លះៗ របស់លោក លោកជឿថា មានព្រះរាជបូជនីយកិច្ចជាច្រើនដែលសម្ដេចទ្រង់បានបូជាសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្រ មានលក្ខណៈធំធេងមិនអាចកាត់ថ្លៃបាន។
ប្រហាក់ប្រហែលគ្នានេះ កម្មការិនីឈ្មោះ ស្រី ចិត្រ លើកឡើងថា នាងពិបាកនឹងទទួលយកទង្វើដែលអ្នកស្រី វ៉ាង សៀវជីវ (Wang Xioa Jioa) ប្រព្រឹត្តចំពោះរូបព្រះឆាយាល័ក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រោះព្រះអង្គជាស្ដេចដែលនាងបានឆ្លាក់ទុកក្នុងបេះដូង។ ម្យ៉ាងទៀតនាងបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលសម្រេចបានក្រោមការដឹកនាំរបស់ព្រះអង្គពិតជាធំធេងខ្លាំងណាស់។
ទាក់ទងនឹងរឿងរ៉ាវនេះ មានការខ្វែងគំនិតគ្នាមួយរវាងកម្មករ និងអាជ្ញាធរ លើការទាមទាររបស់កម្មករសុំឲ្យអ្នកស្រី វ៉ាង សៀវជីវ ដើរដោយជើងទទេពីរោងចក្រ ថប វើល ទៅសុំខមាទោសចំពោះព្រះបរមសពនៅមុខព្រះបរមរាជវាំង ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ។ ប៉ុន្តែការស្នើសុំរបស់កម្មករនេះ មិនបានជោគជ័យនោះទេ ដោយអភិបាលខណ្ឌពោធិ៍មានជ័យ លោក គួច ចំរើន ប្រឹងប្រែងបញ្ចុះបញ្ចូលកម្មករទាំងនោះ ហើយលោកសុំឲ្យកម្មករយោគយល់លើបញ្ហានេះ ព្រោះនៅមុខព្រះបរមរាជវាំង មានពលរដ្ឋជាច្រើនកំពុងចូលរួមកាន់ព្រះរាជមរណទុក្ខ។
ទោះជាយ៉ាងណា អ្នកស្រី វ៉ាង សៀវជីវ បានលុតជង្គង់សុំខមាទោសចំពោះមុខព្រះឆាយាល័ក្ខណ៍ដែលដាក់តាំងនៅខាងមុខរោងចក្រ។ ដោយឡែកកម្មករនៅតែមិនសុខចិត្តទេ ដោយពួកគាត់សុំឲ្យអ្នកស្រី វ៉ាង សៀវជីវ ទៅសុំខមាទោសព្រះបរមសពនៅមុខព្រះបរមរាជវាំង ព្រមទាំងសុំឲ្យស្ត្រីរូបនេះកោរសក់បន្ថែមទៀត។
នៅល្ងាចថ្ងៃទី២២ តុលា កម្មករ និងពលរដ្ឋទាំងនោះ បានស្ងប់អារម្មណ៍ទៅវិញ ក្រោយពេលដែលអាជ្ញាធរព្យាយាមសម្របសម្រួលពួកគាត់ ហើយនាំយកអ្នកស្រី វ៉ាង សៀវជីវ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ កម្មករដែលបានជិះឡានកូរ៉េចំនួន ១០ឡាន តាមពីក្រោយឡានអាជ្ញាធរដឹកអ្នកស្រី វ៉ាង សៀវជីវ នោះ ឱ្យដឹងថា អាជ្ញាធរបានសន្យាថា នឹងនាំយកស្ត្រីរូបនេះទៅតុលាការ ដើម្បីពិចារណាអំពីការប្រមាថលើព្រះឆាយាល័ក្ខណ៍នៃអតីតព្រះមហាក្សត្រនេះ។
ទាក់ទងនឹងអំពើប្រមាថព្រះមហាវីរក្សត្រ តើប្រទេសកម្ពុជា មានច្បាប់អ្វីដែរទេសំរាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រខ្មែរ?
សូមអញ្ជើញស្ដាប់ការបកស្រាយរបស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ តាមការសាកសួររបស់លោក ជី វិតា៖
ខុសពីប្រទេសកម្ពុជា ប្រទេសថៃ ដែលប្រកាន់យករបបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែរនោះ មានច្បាប់ព្រហ្មទណ្ឌសំរាប់ដាក់ទោសជាប់ពន្ធនាគារលើជនទាំងឡាយណាដែលបានរិៈគន់ និងប្រមាថព្រះមហាក្សត្រថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។