សមត្ថកិច្ច​វាយ​សកម្មជន​សម្ព័ន្ធ​សហជីព​ម្នាក់​ឲ្យ​របួស

សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង និង​ខែល បាន​ប្រើ​ហិង្សា​វាយ​សកម្មជន​សហជីព​កម្មករ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​បុរស​រូប​នេះ​តាម​ឃ្លាំមើល​តំណាង​កម្មករ​រោងចក្រ តៃណាន ដង្ហែ​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក​​​​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ។
ដោយ ដែន អយុធ្យា
2012-07-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មជន សហជីព ៣០៥
សកម្មជន​សហជីព​កម្មករ​រង​របួស​ដោយសារ​កម្លាំង​សមត្ថកិច្ច​វាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Den Ayuthyea

សមត្ថកិច្ច​រដ្ឋាភិបាល​រាប់​រយ​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​ខែល នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​កក្កដា បាន​រារាំង​ក្បួន​ដង្ហែ​កូដកម្ម​អហិង្សា​របស់​កម្មករ​រោងចក្រ តៃណាន  និង​បាន​វាយ​ឲ្យ​​មន្ត្រី​សហជីព​ម្នាក់​រង​របួស​ធ្ងន់។

លោកស្រី យ៉ាង សុភ័ណ្ឌ ជា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។ លោកស្រី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​តំណាង​កម្មករ​​​រោងចក្រ តៃណាន ចំនួន ១០​នាក់ បាន​ដើរ​ហែ​ក្បួន​យក​ញត្តិ​ពី​ទីលាន​សេរីភាព​ប្រគល់​ជូន​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ម៉ោង​ជិត ១០​ព្រឹក ថ្ងៃ​ទី​១១ ខែ​កក្កដា នា​មុខ​វត្ត​បទុមវតី មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ខែល បាន​មក​វាយ​បង្ក្រាប​តំណាង​កម្មករ និង​មេដឹកនាំ​សហជីព​ទាំង​កំរោល បណ្ដាល​​​ឲ្យ​​មន្ត្រី​​សហជីព​​ម្នាក់​​របួស​ធ្ងន់។ ភ្លាមៗ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មន្ត្រី​សហជីព​ដែល​​មាន​របួស​បែក​ភ្នែក​ខាង​ស្ដាំ​ហូរ​ឈាម​ស្រោច​ខ្លួន បញ្ជូន​តាម​រថយន្ត​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទេ។

លោកស្រី យ៉ាង សុភ័ណ្ឌ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​អមនុស្សធម៌​របស់​សមត្ថកិច្ច​រដ្ឋាភិបាល និង​ស្នើ​ឲ្យ​ទទួល​​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

សកម្មភាព​ប្រើ​ហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​ទៅ​លើ​មន្ត្រី​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​កើត​មាន​តែ​ប៉ុន្មាន​ម៉ោង​មុន​ដំណើរ​មក​ដល់​របស់​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក មក​​កម្ពុជា ដើម្បី​ចូល​រួម​វេទិកា​ប្រជុំ​អាស៊ាន។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ដឹក​​​នាំ​កម្មករ​រោងចក្រ តៃណាន ជួប​ជុំ​គ្នា​នៅ​ទីលាន​សេរីភាព ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ដើម្បី​ស្នើ​រក​កិច្ច​អន្តរាគមន៍​​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បាន​ចាត់​ទុក​សកម្មភាព​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច​ថា ឈាន​ទៅ​រក​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ និង​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក​ថា ក្នុង​នាម​ជា​ប្រទេស​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន មិន​គួរ​សមត្ថកិច្ច​រដ្ឋាភិបាល​ធ្វើ​ទង្វើ​ហិង្សា​មក​លើ​កម្មករ ឬ​មន្ត្រី​សហជីព​ដែល​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​ផ្ដល់​យុត្តិធម៌​ជូន​កម្មករ ដែល​ត្រូវ​ថៅកែ​រំលោភ​​​បំពាន​សិទ្ធិ​ការងារ បែរ​ជា​ត្រូវ​បង្ក្រាប​នោះ​ទេ។

ជន​រង​គ្រោះ​ឈ្មោះ រ៉ុង បញ្ញា ជា​មន្ត្រី​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​សមត្ថកិច្ច​វាយ​ឲ្យ​បែក​ចិញ្ចើម​ហូរ​ឈាម​ពេញ​ផ្ទៃ​មុខ មុន​ពេល​សមត្ថកិច្ច​បញ្ជូន​ខ្លួន បាន​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​បណ្ដា​ប្រទេស​​មក​ចូល​រួម​ប្រជុំ​វេទិកា​អាស៊ាន ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ជួយ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

រហូត​មក​ដល់​ម៉ោង ៤ និង ៣០​នាទី ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ជន​រង​គ្រោះ​ឈ្មោះ រ៉ុង បញ្ញា សមត្ថកិច្ច​មិន​ទាន់​ដោះលែង​ចេញ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ឡើយ​ទេ។

កម្លាំង​ចម្រុះ​រាប់​រយ​នាក់​ដែល​រារាំង​ក្រុម​កម្មករ​រោងចក្រ តៃណាន មិន​ឲ្យ​ហែ​ក្បួន​យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដឹកនាំ​ដោយ​លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

លោក ទូច ណារ៉ុថ បាន​គំរាម​ចាប់​ខ្លួន​លោក រ៉ុង ឈុន បើ​មានៈ​ដឹកនាំ​ក្បួន​កម្មករ​រាប់​ពាន់​នាក់​ចេញ​ពី​ទីលាន​សេរីភាព ឆ្ពោះ​ទៅ​​​ខុទ្ទកាល័យ​​​លោក ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដោយ​មិន​ស្ដាប់​បម្រាម​អាជ្ញាធរ​នោះ។

បន្ទាប់​ពី​កិច្ច​ចរចា​រវាង​សមត្ថកិច្ច និង​មេដឹកនាំ​សហជីព​កម្មករ លោក ទូច ណារ៉ុថ បាន​អនុញ្ញាត្តិ​ឲ្យ​លោក រ៉ុង ឈុន ដឹកនាំ​តំណាង​កម្មករ​ប្រមាណ ១០​នាក់ ដង្ហែ​យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ជំនួស​ដើរ​ហែ​ក្បួន​មាន​មនុស្ស​ច្រើន។

ទោះ​យ៉ាង​ណា បន្ទាប់​ពី​តំណាង​កម្មករ​រោងចក្រ តៃណាន បាន​ដាក់​ញត្តិ​ជូន​មន្ត្រី​ខុទ្ទកាល័យ​នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី នៅ​វេលា​ម៉ោង​ជិត ១០​ព្រឹក ស្រាប់​តែ​មាន​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង និង​ខែល មក​រុញ​ច្រាន​វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​តំណាង​កម្មករ ដែល​​កំពុង​អង្គុយ​សំរាក​​ក្រោម​ដើម​ពោធិ៍ ដោយ​​ចោទ​តំណាង​កម្មករ​ថា បាន​ប្រើ​ហិង្សា​ដាក់​សមត្ថកិច្ច​ទៅ​វិញ។

ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​កក្កដា កម្មករ កម្មការិនី រោងចក្រ តៃណាន ជាង ១​ពាន់​នាក់ ក្នុង​ចំណោម​កម្មករ​ជាង ៤​ពាន់​នាក់ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​​​ទីលាន​សេរីភាព ដើម្បី​សម្តែង​កង្វល់ និង​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​ដោះ​ស្រាយ​​​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ ដែល​ថៅកែ​គេច​មិន​ទទួល​ខុស​ត្រូវ។

ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ធ្វើ​កូដកម្ម​អហិង្សា​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា មក​ម្ល៉េះ ដោយសារ​ថៅកែ​​រោងចក្រ ​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​ពី តាយ យៀន មក​រោងចក្រ តៃណាន ប៉ុន្តែ​មិន​បាន​ផ្តល់​សំណង​ជូន​កម្មករ​ឲ្យ​ស្រប​តាម​​ច្បាប់​​ស្តី​​ពី​​ការងារ​ទេ។

យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ​រោងចក្រ តៃណាន បាន​ទទូច​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ឲ្យ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគេ​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ​ ក្នុង​ករណី​ថៅ​កែ​​បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន។

បន្ថែម៖ បុគ្គលិក​សហភាព​សហជីព​កម្ពុជា លោក រ៉ុង បញ្ញា ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ វាយ​ឲ្យ​រង​របួសធ្ងន់ និង​ចាប់​ខ្លួន​យក​ទៅ​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ កាល​ពី​ម៉ោង ១០​យប់។ ភ្លាមៗ​ក្រោយ​ពី​ការ​ដោះ​លែង​នោះ តំណាង​សហភាព​សហជីព​កម្ពុជា បាន​ស្វែង​រក​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​លោក រ៉ុង បញ្ញា ដោយសារ​ស្ថានភាព​ជំងឺ​លោក​មាន​សភាព​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer

អ្នកប្រើអំពើហឹងសារទាំងអស់គ្នាធ្វើដើម្បីមនុស្សតែម្នាក់ ។

Sep 18, 2012 11:56 PM

Raya smart boy

ពី PNP

ប៉ូលិស គឺជាបុគ្គលការពារពលរដ្ឋ។ មួយម៉ាត់នេះ មានន័យថា ប៉ូលិសមិនត្រូវវាយពលដ្ឋទេ។ រូបភាពទាំងឡាយដែលអស់លោកប៉ូលិសវាយធ្វើបាបគេនោះ សូមបើកមើលសកម្មភាពរបស់ខ្លួនឡើងវិញ ហើយឈប់ធ្វើអំពើអាក្រក់បែបនេះទៅ គ្រែងលរ មានសេចក្តីសុខដល់កូនចៅរបស់ខ្លួន ហ្ហីអស់លោក!

Jul 13, 2012 09:58 PM

(

មិន​មាន​ការ​គោរព​សិទ្ឋ​មនុស្ស ការ​ប្រើ​អំពើ​ហិង្សា​មិន​មែន​ជា​ដំណោះស្រាយ​មនុស្ស​គ្រប៉គ្នា​ចង់​បាន​ទេ ។ បើ​រូប​នេះ​ជា​អ្នក អ្នក​គិត​យ៉ាង​ណា?

Jul 13, 2012 06:34 AM

អ្នក​អាន​អនាមិក

government crazy! they have a lots money, but why they do like this? killer!

Jul 12, 2012 02:48 AM

វាយមួយព្រមានរាប់សិបលាននាក់

ទើបពេលនេះខ្ញុំដឹងថាហេតុអ្វីបានជា រដ្ឋអំណាច មិនឲ្យមានបាតុកម្មអហឹង្សាគ្នាច្រើន ពីព្រោះគ្នាតិចងាយធ្វើបាប និងចោទដាក់ មិនអាចទៅរួចទេ សូម្បីគិតសឹងតែមិនហ៊ាន ថា គ្នាដប់នាក់ សុទ្ធស្រីៗទាំងអស់ ហើយដៃទទេរទៀត ហ៊ានធ្វើអំពើហឹង្សា លើប៉ូលីស រាប់រយ ពោរពេញដោយឧបករណ៍ ដំបងឆក់ ខែល មិនចាំបាច់និយាយពីកាំភ្លើងទេ ទៅបោកកូនក្មេងក៏វាមិនជឿដែរ ទំរាំឆាកអន្តរជាតិ និងភ្នែកប្រជាជន រដ្ឋាភិបាលសូមកុំបិទភ្នែក មួយចំហៀងបើកមួយចំហៀង អី លោកដឹងស្រាប់ហើយ លោកមិនអាចមើលឃើញទេ។

Jul 12, 2012 02:41 AM

មើល​មតិ​ទាំង​អស់.