កម្មករ​ជាង​២០០​នាក់​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា

ក្រុម​កម្មករ​ជាង ២០០​នាក់ មក​ពី​ច្រើន​រោងចក្រ ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​សហជីព​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បាន​ជួបជុំ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ។
ដោយ វណ្ណ វិចារ
2012-12-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យ៉ាង សុភ័ណ្ឌ ៣០៥
ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែល​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ផ្ដល់​បទសម្ភាសន៍​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១២។
RFA/Van Vichar

ការ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ មិន​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​នៅ​ស្ថាប័ន​ណា​មួយ​ចេញ​មក​សួរ​នាំ ឬ​ទទួល​យក​ញត្តិ​ទាមទារ​របស់​កម្មករ​ទេ ប៉ុន្តែ​ក្រុម​កម្មករ​បែរ​ជា​ត្រូវ​បាន​តាម​ដាន​មើល​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់។

កម្មករ​មក​ពី​រោងចក្រ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​ដំឡើង​ប្រាក់​ខែ​គោល​ទាប​បំផុត​ពី ៦១​ដុល្លារ ឲ្យ​ដល់ ១៥០​ដុល្លារ។ ក្រុម​កម្មករ​ទាំង​អស់​មាន​បំណង​ហែ​ញត្តិ​ដោយ​ផ្ទាល់​ទៅ​កាន់​ស្ថាប័ន​រដ្ឋ​សភា និង​រាជរដ្ឋាភិបាល ប៉ុន្តែ​កង​កម្លាំង​មិន​អនុញ្ញាត​ឡើយ ហើយ​មាន​តំណាង​កម្មករ ២០​នាក់​គត់ ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ បង្ហាញ​ថា ថៅកែ​រោងចក្រ​ពិត​ជា​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​ក្នុង​តម្លៃ ១៥០​ដុល្លារ ដូច​នេះ​សម្ព័ន្ធ​សហជីព​រួម​នឹង​កម្មករ នឹង​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ចំពោះ​រឿង​នេះ។

អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​តវ៉ា រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​ពី​ការ​សម្រេច​យ៉ាង​ណា​នោះ​ទេ តែ​អ្នកស្រី​ជឿ​ថា នឹង​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់​ថា កម្មករ​ធ្លាប់​បាន​ទាក់ទង​ទៅ​សមាគម​តំណាង​រោងចក្រ​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​បន្ថែម ប៉ុន្តែ​មិន​បាន​លទ្ធផល​ជា​ផ្លែផ្កា​នោះ​ទេ៖ «ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​ថា សុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ជួយ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន ១៥០​ដុល្លារ បើ​សិន​មិន​បាន​ប៉ុណ្ណឹង​ទេ មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​សមរម្យ​បាន​ទេ ប៉ុន្តែ​ប្រាក់​ឈ្នួល​ត្រឹម ៦០​ដុល្លារ ធ្វើ​ម៉េច​កំណត់​ប្រាក់​ឈ្នួល​បាន វា​មិន​ត្រូវ»

អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ត​ថា បើ​សិន​ជា​មិន​មាន​ដំណោះស្រាយ កម្មករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ធំ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៣ ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​បន្ត​ទៀត។

កម្មការិនី​រោងចក្រ កញ្ញា អ៊ូ សុខា ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​នាង​មាន​ការ​លំបាក​ជា​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព ដោយសារ​ប្រាក់​ខែ​តិច​ពេក។ កញ្ញា​បន្ត​ថា ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ថែម​ម៉ោង រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ​ថែម​ទៀត ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដូច​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ៖ «បាន​តិចតួច។ ខ្ញុំ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ ១៥០​ដុល្លារ ដើម្បី​ឲ្យ​ខ្ញុំ​ហ្នឹង​មាន​ជីវភាព​សមរម្យ​នឹង​គេ»

មន្ត្រី​ខុទ្ទកាល័យ​រដ្ឋ​សភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បាន​ចេញ​មក​ទទួល​ញត្តិ​តំណាង​កម្មករ ហើយ​សន្យា​ថា នឹង​បញ្ជូន​ញត្តិ​នោះ​ទៅ​ដល់​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​មើល​ជុំវិញ​បញ្ហា​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​ថា សព្វថ្ងៃ​កម្មករ​នៅ​កម្ពុជា ពិត​ជា​មាន​ប្រាក់ខែ​គោល​តិចតួច​មែន ប៉ុន្តែ​អត្ថប្រយោជន៍​ផ្សេងៗ​មាន​ច្រើន​ជាង​ប្រទេស​ក្នុង​តំបន់។

លោក​បន្ត​ថា ការ​ទាមទារ​របស់​កម្មករ​ជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​អ្វី​ដែល​រោងចក្រ​អាច​ធ្វើ​បាន គឺ​ផ្តល់​ប្រាក់​ខែ​ឲ្យ​កម្មករ​សមរម្យ​ផង និង​អាច​សល់​ប្រាក់​ចំណេញ​ចូល​ក្រុមហ៊ុន​ផង៖ «យើង​កុំ​ភ្លេច​ថា ធ្វើ​អី​មួយ​ឲ្យ​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន ពេល​ណា​ដែល​យើង​បង្ខំ​ធ្វើ​ឲ្យ​ប្រសើរ​ពេក​ហ្នឹង វា​ទៅ​អត់​រួច​ទេ យើង​កុំ​លើក​មួយ​ជ្រុង​មក​និយាយ គេ​មិន​ឲ្យ​ប៉ុណ្ណឹង​ទេ»

ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នេះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពន្យល់​ថា កម្ពុជា​ពិត​ជា​មិន​ទាន់​អាច​ដំឡើង​ប្រាក់​ឈ្នួល​ទៅ​រួច​បាន​ភ្លាមៗ​ទេ។ លោក​បន្ត​ថា មូលហេតុ​សំខាន់​គឺ​រដ្ឋាភិបាល​មិន​អាច​អនុញ្ញាត​ឲ្យ​ប្រាក់​ឈ្នួល​កម្មករ​លើស​ចំនួន​ប្រាក់​បៀវត្ស​គ្រូបង្រៀន និង​មន្ត្រី​រាជការ​សាធារណៈ​បាន​នោះ​ទេ ព្រោះ​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កើត​ឡើង។ ប៉ុន្តែ​រដ្ឋាភិបាល​អាច​នឹង​ជជែក​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ក្នុង​រង្វង់​ពី ៨៥ ទៅ ១០០​ដុល្លារ​ក្នុង​មួយ​ខែ ព្រោះ​ថា វា​នឹង​មិន​បង្ក​ឲ្យ​មាន​បញ្ហា​សង្គម ឬ​ការ​តវ៉ា​ពី​សំណាក់​មន្ត្រី​រាជការ ហើយ​ភាគី​រោងចក្រ​ក៏​មាន​លទ្ធភាព​គ្រប់គ្រាន់​ផ្ដល់​ប្រាក់​នេះ​ជូន​ដែរ។

នៅ​ក្នុង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​នោះ មាន​វត្តមាន​សង្គម​ស៊ីវិល អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​តំណាង​គណបក្ស​នយោបាយ​ពី​បក្ស​ប្រឆាំង​ចូល​រួម​តាមដាន​ឃ្លាំ​មើល​ដែរ។ ចំណែក​ឯ​កង​កម្លាំង​អន្តរាគមន៍​ប្រដាប់​ដោយ​ដំបង និង​រនាំង​ដែក​គ្រប់​ដៃ ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ពាសពេញ​ទី​លាន​ប្រជាធិបតេយ្យ មិន​តែ​ប៉ុណ្ណោះ​មាន​កម្លាំង​សន្តិសុខ​ស្លៀក​ពាក់​ស៊ីវិល​មក​ចូល​រួម​ក្នុង​ហ្វូង​បាតុកម្ម​ទៀត​ផង ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល