កម្មករជាង ៦០០នាក់នៅក្នុងរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ យាន ដារ៉ុងហ្វុង (ខេមបូឌា) ថេកស្តាយ [YUANDARONG FOUNG (Cambodia)Textile] ក្នុងក្រុងដូនកែវ ខេត្តតាកែវ បានធ្វើបាតុកម្មនៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១២ ដើម្បីទាមទារឲ្យថៅកែរោងចក្រកំណត់ថ្ងៃជាក់លាក់សម្រាប់បើកប្រាក់ឈ្នួល។
កម្មករឈ្មោះ ប៊ឿន ឲ្យដឹងថា ពួកគាត់ឈប់ធ្វើការមកតវ៉ានេះ ព្រោះទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលឲ្យទៀងទាត់រាល់ថ្ងៃទី១០ គឺបើកឲ្យដូចរោងចក្រដទៃទៀត។ ច្រើនឆ្នាំមកហើយថៅកែតែងតែពន្យារការបើកប្រាក់ឈ្នួលពីថ្ងៃទី១០ ពន្យារដល់ថ្ងៃទី១៥៖ «គាត់ធ្លាប់សន្យាបើកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២។ តែគាត់ធ្វើអត់បានតាមសន្យានោះទេ គឺដល់ថ្ងៃទី១៥។ អ៊ីចឹងបើថ្ងៃទី១២ ឲ្យសុំតែទី១២។ ថ្ងៃ១០ ឲ្យសុំថ្ងៃ១០ ឲ្យប្រាកដក្នុងខែនីមួយៗ។ តែឥឡូវភាគច្រើនគេសុំបើកថ្ងៃ១០»។
កម្មការិនីឈ្មោះ ផាត ថ្លែងថា ពួកគាត់ធ្វើការស៊ីម៉ោងឈ្នួល ឬហៅថា ប្រាក់បុង។ ថៅកែមិនដែលឲ្យប្រាក់ខែទេ គឺឲ្យប្រាក់បុង ដែលគាត់ធ្វើបាន។ ក្នុង១ខែថៅកែឲ្យធ្វើការតែ ២៦ថ្ងៃទេ ប៉ុន្តែក្នុងមួយថ្ងៃធ្វើការលើស ១០ម៉ោងឡើងទៅ៖ «តែថៅកែរោងចក្រហ្នឹងអត់យុត្តិធម៌ទេ...។ សមតែថ្ងៃសៅរ៍ គេឲ្យឈប់ ថ្ងៃបុណ្យក៏ឲ្យធ្វើដែរ បង្ខំឲ្យយើងធ្វើរាល់ពេល។ យប់អត់បន្ថែមទេ នៅម៉ោង ៩ តែគាត់ឲ្យថែម មិនថែមដកបុងចេញ អត់ឲ្យវាយបុងទេ ហើយបិទរោងចក្រទៀត»។
កម្មការិនីម្នាក់ទៀតឈ្មោះ មុំ បន្ថែមថា នៅពេលកម្មករមកចូលធ្វើការយឺតតែ ៥នាទី ថៅកែកាត់ប្រាក់ឧបត្ថម្ភពីកម្មករ ៧ដុល្លារចោល ឬជួនកាលបណ្ដេញឲ្យឈប់ធ្វើការ។ ប៉ុន្តែនៅពេលថៅកែបើកប្រាក់ខែ ក្រោយថ្ងៃចុះកុងត្រា គឺថ្ងៃទី១០ រាល់ខែនោះ ថៅកែនៅតែមិនខុស ទើបក្រុមកម្មករស្រុះគ្នាទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលរាល់ថ្ងៃទី១០៖ «ដូចថាយើងចូលមកធ្វើការអ៊ីចឹង យឺត ៣-៤នាទីទេកុំឲ្យផ្ដាច់លុយព្រីម ឲ្យត្រឹមផ្ដាច់ពី ១០នាទី ទៅម៉ោង ៧:១០នាទីទៅ ចាប់ដាច់លុយព្រីម ព្រោះអីខ្ញុំនៅឆ្ងាយៗ ហើយទី២ កូនឈឺសុំច្បាប់មកវិញកាត់លុយអស់»។
ក្រុមកម្មករបានស្មើសុំឲ្យសហជីពនានាមកជួយពួកគាត់ ពីព្រោះកម្មករធ្វើការគ្មានសហជីពទេ មានតែសហជីពតំណាងឲ្យរោងចក្រដែលមិនសូវជួយការពារកម្មករឡើយ៖ «ខ្ញុំស្នើឲ្យសហជីពពីភ្នំពេញ មកតវ៉ាឲ្យពួកខ្ញុំផង ព្រោះអីពួកកម្មករនៅទីនេះគេមិនព្រមឲ្យបើកលុយពីថ្ងៃទី១៥ ទេ គេត្រូវការឲ្យបើកលុយនៅថ្ងៃទី១០ ព្រោះកម្មករទាំងអស់គ្នាមានការលំបាកក្នុងការរស់នៅ។ ទី២ ពេលថែមម៉ោងកម្មករទាំងអស់សុទ្ធតែថា ឲ្យថែមម៉ោង ៦ ម៉ោង ៩ កម្មករទាំងអស់អត់ព្រមទេ គាត់បិទទ្វារចាក់សោពួកខ្ញុំអត់ឲ្យចេញមកក្រៅទេ»។
ប្រធានរដ្ឋបាលរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ យាន ដារ៉ុងហ្វុង (ខេមបូឌា) ថេកស្តាយ លោក តាំង តិចហេង ថ្លែងថា ក្រោយពីកម្មករតវ៉ា អាជ្ញាធរខេត្តបានចុះមកប្រជុំដោះស្រាយបញ្ហាកើតឡើងជាមួយថៅកែរោងចក្រ។ លោកថា ខាងរោងចក្រសំណូមពរឲ្យកម្មករចូលធ្វើការសិន ប៉ុន្តែកម្មករមិនទាន់ទទួលយកសំណើនោះ នៅបន្តតវ៉ាមិនទាន់ចូលធ្វើការទេ។
ក្រុមកម្មករអះអាងថា ពួកគេនឹងបន្តការតវ៉ា ប្រសិនបើថៅកែមិនព្រមបើកប្រាក់ឈ្នួលទៀងទាត់រាល់ថ្ងៃទី១០ ទេនោះ។ កម្មករបន្តថា បើថៅកែបើកប្រាក់ឲ្យពួកគេថ្ងៃណា គេនឹងចូលធ្វើការនៅថ្ងៃនោះ។ ក្រុមកម្មករឲ្យដឹងថា រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ យាន ដារ៉ុងហ្វុង (ខេមបូឌា) ថេកស្តាយ បានដំណើរការងារប្រមាណ ៤ឆ្នាំមកហើយ។ បច្ចុប្បន្នមានកម្មករ និងបុគ្គលិកជាង ៧០០នាក់ធ្វើការនៅរោងចក្រនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។