កម្មករ​កាត់ដេរ​នៅ​តាកែវ​ធ្វើ​បាតុកម្ម​ទាមទារ​បើក​ប្រាក់​ឈ្នួល

កម្មករ​រោងចក្រ​កាត់ដេរ និង​តម្បាញ ក្នុង​ខេត្ត​តាកែវ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​រាល់​ថ្ងៃ​ទី​១០ ជា​រៀង​រាល់​ខែ។

0:00 / 0:00

កម្មករ​ជាង ៦០០​នាក់​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ និង​ចាក់​សម្លៀក​បំពាក់ យាន ដារ៉ុងហ្វុង (ខេមបូឌា) ថេកស្តាយ [YUANDARONG FOUNG (Cambodia)Textile] ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ បាន​ធ្វើ​បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​កំណត់​ថ្ងៃ​ជាក់លាក់​សម្រាប់​បើក​ប្រាក់​ឈ្នួល។

កម្មករ​ឈ្មោះ ប៊ឿន ឲ្យ​ដឹង​ថា ពួកគាត់​ឈប់​ធ្វើការ​មក​តវ៉ា​នេះ ព្រោះ​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ទៀង​ទាត់​រាល់​ថ្ងៃ​ទី​១០ គឺ​បើក​ឲ្យ​ដូច​រោងចក្រ​ដទៃ​ទៀត។ ច្រើន​ឆ្នាំ​មក​ហើយ​ថៅកែ​តែង​តែ​ពន្យារ​ការ​បើក​ប្រាក់​ឈ្នួល​ពី​ថ្ងៃ​ទី​១០ ពន្យារ​ដល់​ថ្ងៃ​ទី​១៥៖ «គាត់​ធ្លាប់​សន្យា​បើក​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២។ តែ​គាត់​ធ្វើ​អត់​បាន​តាម​សន្យា​នោះ​ទេ គឺ​ដល់​ថ្ងៃ​ទី​១៥។ អ៊ីចឹង​បើ​ថ្ងៃ​ទី​១២ ឲ្យ​សុំ​តែ​ទី​១២។ ថ្ងៃ​១០ ឲ្យ​សុំ​ថ្ងៃ​១០ ឲ្យ​ប្រាកដ​ក្នុង​ខែ​នីមួយៗ។ តែ​ឥឡូវ​ភាគ​ច្រើន​គេ​សុំ​បើក​ថ្ងៃ​១០»

កម្មការិនី​ឈ្មោះ ផាត ថ្លែង​ថា ពួកគាត់​ធ្វើ​ការ​ស៊ី​ម៉ោង​ឈ្នួល ឬ​ហៅ​ថា ប្រាក់​បុង។ ថៅកែ​មិន​ដែល​ឲ្យ​ប្រាក់​ខែ​ទេ គឺ​ឲ្យ​ប្រាក់​បុង ដែល​គាត់​ធ្វើ​បាន។ ក្នុង​១​ខែ​ថៅកែ​ឲ្យ​ធ្វើការ​តែ ២៦​ថ្ងៃ​ទេ ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ការ​លើស ១០​ម៉ោង​ឡើង​ទៅ៖ «តែ​ថៅកែ​រោងចក្រ​ហ្នឹង​អត់​យុត្តិធម៌​ទេ...។ សម​តែ​ថ្ងៃ​សៅរ៍ គេ​ឲ្យ​ឈប់ ថ្ងៃ​បុណ្យ​ក៏​ឲ្យ​ធ្វើ​ដែរ បង្ខំ​ឲ្យ​យើង​ធ្វើ​រាល់​ពេល។ យប់​អត់​បន្ថែម​ទេ នៅ​ម៉ោង ៩ តែ​គាត់​ឲ្យ​ថែម មិន​ថែម​ដក​បុង​ចេញ អត់​ឲ្យ​វាយ​បុង​ទេ ហើយ​បិទ​រោងចក្រ​ទៀត»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ មុំ បន្ថែម​ថា នៅ​ពេល​កម្មករ​មក​ចូល​ធ្វើ​ការ​យឺត​តែ ៥​នាទី ថៅកែ​កាត់​ប្រាក់​ឧបត្ថម្ភ​ពី​កម្មករ ៧​ដុល្លារ​ចោល ឬ​ជួន​កាល​បណ្ដេញ​ឲ្យ​ឈប់​ធ្វើ​ការ។ ប៉ុន្តែ​នៅ​ពេល​ថៅកែ​បើក​ប្រាក់​ខែ ក្រោយ​ថ្ងៃ​ចុះ​កុង​ត្រា គឺ​ថ្ងៃ​ទី​១០ រាល់​ខែ​នោះ ថៅកែ​នៅ​តែ​មិន​ខុស ទើប​ក្រុម​កម្មករ​ស្រុះ​គ្នា​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​រាល់​ថ្ងៃ​ទី​១០៖ «ដូច​ថា​យើង​ចូល​មក​ធ្វើ​ការ​អ៊ីចឹង យឺត ៣-​៤​នាទី​ទេ​កុំ​ឲ្យ​ផ្ដាច់​លុយ​ព្រីម ឲ្យ​ត្រឹម​ផ្ដាច់​ពី ១០​នាទី ទៅ​ម៉ោង ៧:១០​នាទី​ទៅ ចាប់​ដាច់​លុយ​ព្រីម ព្រោះ​អី​ខ្ញុំ​នៅ​ឆ្ងាយៗ ហើយ​ទី​២ កូន​ឈឺ​សុំ​ច្បាប់​មក​វិញ​កាត់​លុយ​អស់»

ក្រុម​កម្មករ​បាន​ស្មើ​សុំ​ឲ្យ​សហជីព​នានា​មក​ជួយ​ពួក​គាត់ ពីព្រោះ​កម្មករ​ធ្វើ​ការ​គ្មាន​សហជីព​ទេ មាន​តែ​សហជីព​តំណាង​ឲ្យ​រោងចក្រ​ដែល​មិន​សូវ​ជួយ​ការពារ​កម្មករ​ឡើយ៖ «ខ្ញុំ​ស្នើ​ឲ្យ​សហជីព​ពី​ភ្នំពេញ មក​តវ៉ា​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​អី​ពួក​កម្មករ​នៅ​ទី​នេះ​គេ​មិន​ព្រម​ឲ្យ​បើក​លុយ​ពី​ថ្ងៃ​ទី​១៥ ទេ គេ​ត្រូវ​ការ​ឲ្យ​បើក​លុយ​នៅ​ថ្ងៃ​ទី​១០ ព្រោះ​កម្មករ​ទាំង​អស់​គ្នា​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ។ ទី​២ ពេល​ថែម​ម៉ោង​កម្មករ​ទាំង​អស់​សុទ្ធតែ​ថា ឲ្យ​ថែម​ម៉ោង ៦ ម៉ោង ៩ កម្មករ​ទាំង​អស់​អត់​ព្រម​ទេ គាត់​បិទ​ទ្វារ​ចាក់សោ​ពួក​ខ្ញុំ​អត់​ឲ្យ​ចេញ​មក​ក្រៅ​ទេ»

ប្រធាន​រដ្ឋបាល​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ យាន ដារ៉ុងហ្វុង (ខេមបូឌា) ថេកស្តាយ លោក តាំង តិចហេង ថ្លែង​ថា ក្រោយ​ពី​កម្មករ​តវ៉ា អាជ្ញាធរ​ខេត្ត​បាន​ចុះ​មក​ប្រជុំ​ដោះស្រាយ​បញ្ហា​កើត​ឡើង​ជាមួយ​ថៅកែ​រោងចក្រ។ លោក​ថា ខាង​រោងចក្រ​សំណូមពរ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​សិន ប៉ុន្តែ​កម្មករ​មិន​ទាន់​ទទួល​យក​សំណើ​នោះ នៅ​បន្ត​តវ៉ា​មិន​ទាន់​ចូល​ធ្វើការ​ទេ។

ក្រុម​កម្មករ​អះអាង​ថា ពួក​គេ​នឹង​បន្ត​ការ​តវ៉ា ប្រសិន​បើ​ថៅកែ​មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ទៀង​ទាត់​រាល់​ថ្ងៃ​ទី​១០ ទេ​នោះ។ កម្មករ​បន្ត​ថា បើ​ថៅកែ​បើក​ប្រាក់​ឲ្យ​ពួក​គេ​ថ្ងៃ​ណា គេ​នឹង​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ។ ក្រុម​កម្មករ​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀក​បំពាក់ យាន ដារ៉ុងហ្វុង (ខេមបូឌា) ថេកស្តាយ បាន​ដំណើរ​ការងារ​ប្រមាណ ៤​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​មាន​កម្មករ និង​បុគ្គលិក​ជាង ៧០០​នាក់​ធ្វើ​ការ​នៅ​រោងចក្រ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។