សង្គម​ស៊ីវិល​​ទទូច​ឲ្យ​​សមត្ថកិច្ច​​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត

ជន​សង្ស័យ​បាញ់​ទៅ​លើ​ហ្វូង​កម្មករ​រាប់​ពាន់​នាក់​ធ្វើ​កូដកម្ម បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ៣​នាក់ កាល​ពី​ខែ​កុម្ភៈ នៅ​ខេត្ត​ស្វាយរៀង រហូត​មក​ទល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​ចាត់​វិធានការ​ចាប់​ខ្លួន ឬ​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ​ក៏​ដោយ។

0:00 / 0:00

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ជនសង្ស័យ​បាញ់​ប្រហារ​កម្មករ​ជា​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អាច​លួច​រត់​គេច​ខ្លួន ខណៈ​ដែល​តុលាការ​បាន​ពន្យារ​នីតិវិធី​របស់​ខ្លួន មិន​បាន​ចេញ​ដីកា​នាំ​ខ្លួន ឬ​ចាប់​ខ្លួន​ជន​សង្ស័យ​បាញ់​កម្មករ​ឲ្យ​របួស​នោះ​ភ្លាមៗ។ ចៅក្រម​តុលាការ​ខេត្ត​ស្វាយរៀង បែរ​ជា​ចេញ​ត្រឹម​ដីកា​ឲ្យ​ជន​សង្ស័យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទៅ​វិញ​នេះ។

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខែត្រ​ស្វាយរៀង បាន​ចេញ​ដីកា​កោះ​ហៅ​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ខាង​មុខ ពី​បទ​ជាប់​សង្ស័យ​ពី​ករណី​បាញ់​ប្រហារ​កម្មករ​របួស​ធ្ងន់​ចំនួន ៣​នាក់ កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១២។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ថា តុលាការ​មិន​គួរ​ចេញ​ត្រឹម​ដីកា​កោះ​ហៅ​លោក ឈូក បណ្ឌិត ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ដូច្នេះ​ទេ។ តុលាការ​គួរ​តែ​ចេញ​ដីកា​នាំ​ខ្លួន​ជនសង្ស័យ​រូប​នេះ​យក​មក​ឃុំឃាំង និង​ធ្វើការ​ស៊ើប​អង្កេត​បន្ត ពីព្រោះ​ថា នេះ​ជា​ករណី​ជន​សង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា តាម​​ច្បាប់ បទល្មើស​ជាក់​ស្ដែង​កើត​ឡើង​នោះ សមត្ថកិច្ច​​​​ពាក់​​ព័ន្ធ ឬ​មន្ត្រី​​នគរបាល​យុត្តិធម៌ មាន​សិទ្ធិ​ចាប់​ឃាត់​ខ្លួន​ជន​​សង្ស័យ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​​​ភ្លាមៗ នៅ​ក្នុង​រយៈពេល ៧​ថ្ងៃ ដោ​យ​ពុំ​ចាំបាច់​មាន​ដីកា​បង្គាប់​ពី​តុលាការ​ទេ។ តែ​ករណី​នេះ​វា​ខុស​ពី​ប្រក្រតី​ទៅ​វិញ។

គិត​ពី​ថ្ងៃ​ដែល​ជនសង្ស័យ​ជា​អភិបាល​ក្រុង​បាវិត បាន​បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត បាន​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​ប្រាក់​ថ្លៃ​បាយ​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង ២​សប្ដាហ៍ (២០ កុម្ភៈ មក​ទល់ ៦ មីនា) មក​ហើយ ប៉ុន្តែ​ជន​សង្ស័យ​នៅ​មាន​សេរីភាព​នៅ​ឡើយ។

បង​ប្រុស​កម្មការិនី​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង ហើយ​បាន​មក​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ តំណាង​អភិបាល​ក្រុង​បាវិត បាន​ទៅ​សួរ​សុខទុក្ខ​ប្អូន​ស្រី​របស់​គាត់​នៅ​មន្ទីរពេទ្យ ហើយ​ឲ្យ​បាន​ឲ្យ​លុយ​ចំនួន ២​លាន​រៀល។ គេ​ប្រាប់​ថា ឲ្យ​ឈប់​ប្ដឹង​លោក ឈូក បណ្ឌិត ហើយ​គេ​ប្រាប់​ថា លុយ​នោះ​ជា​លុយ​ឧបត្ថម្ភ​របស់​អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។

លោក អំ សំអាត បាន​សង្កត់​ធ្ងន់​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ជា​ឱកាស​របស់​តុលាការ ឬ​រដ្ឋាភិបាល ដើម្បី​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​គោរព​ច្បាប់ និង​តុលាការ​មាន​ភាព​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ​ណា​មួយ​នោះ​ទេ តុលាការ​គួរ​តែ​អនុវត្ត​នីតិវិធី​របស់​ខ្លួន​ឲ្យ​បាន​លឿន​ជាង​នេះ និង​ចេញ​ដីកា​នាំ​​ខ្លួន​លោក ឈូក បណ្ឌិត ជា​បន្ទាន់​មួយ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

ព្រះរាជអាជ្ញា​សាលា​ដំបូង​ខែត្រ​ស្វាយរៀង លោក ហ៊ឹង ប៊ុនជា បាន​អធិប្បាយ​ថា តុលាការ​កំពុង​តែ​ដំណើរការ​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ចាត់ការ​ទៅ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ។ លោក​ព្រះរាជអាជ្ញា​បាន​អះអាង​ថា ទោះ​បី​ជា​លោក ឈូក បណ្ឌិត មាន​ខ្នង​បង្អែក​អ្នក​ធំ​ការពារ​លោក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​រឿង​នេះ​យ៉ាង​ណា​ក៏ដោយ ក៏​ប៉ុន្តែ​នៅ​ពេល​តុលាការ​រក​ឃើញ​ភស្តុងតាង​គ្រប់គ្រាន់ តុលាការ​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ពី​មន្ត្រី​តុលាការ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ហេតុផល​ថា ករណី​អភិបាល​ក្រុង​បាវិត ជាប់​សង្ស័យ​ពី​រឿង​កម្មករ​នេះ វា​ខុស​ពី​ករណី​ដែល​សន្តិសុខ​ក្រុមហ៊ុន​ធីធីវ៉ាយ (TTY) នៅ​ខែត្រ​ក្រចេះ បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខណៈ​ពួក​គេ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី កាល​ពី​ខែ​មករា នោះ ពីព្រោះ​ថា ករណី​នេះ​តុលាការ​ខែត្រ​ក្រចេះ បាន​ចេញ​ដីកា និង​ចាប់​ខ្លួន​សន្តិសុខ ៣​នាក់ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​ធីធីវ៉ាយ ភ្លាមៗ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស។

ទាក់ទង​នឹង​ករណី​នេះ ត្រូវ​បាន​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា អភិបាល​ក្រុង​បាវិត ជា​អ្នក​បាញ់​ប្រហារ​កម្មករ​ទាំង​បី​នាក់​នោះ ផ្ទុយ​ទៅ​វិញ​លោក ឈូក បណ្ឌិត នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល។

លោក ឈូក បណ្ឌិត មាន​អាយុ​ជាង ៤០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ឃុំ​អណ្ដូងគោ ស្រុក​រមាសហែក ខែត្រ​ស្វាយរៀង។ នៅ​ចន្លោះ​ឆ្នាំ​២០០០ ឆ្នាំ​២០០១ ខណៈ​លោក ហ៊ុន ណេង ធ្វើ​ជា​អភិបាល​ខែត្រ​ស្វាយរៀង លោក ឈូក បណ្ឌិត បាន​ធ្វើ​ជា​អភិបាល​ស្រុក​ស្វាយរៀង។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀប​រាប់​ថា លោក ឈូក បណ្ឌិត មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​រូប។ រហូត​ដល់​ចន្លោះ​ឆ្នាំ​២០០៩ ដល់ ២០១០ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ខណៈ​ដែល​ខែត្រ​ស្វាយរៀង ត្រូវ​ក្រសួង​មហាផ្ទៃ រៀបចំ​ឲ្យ​មាន ៥​សង្កាត់​នោះ លោក ឈូក បណ្ឌិត បាន​ធ្វើ​ជា​អភិបាល​ក្រុង​តាំង​ពី​ពេល​នោះ​មក។

ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក បណ្ឌិត ជា​មនុស្ស​ធ្វើ​ការងារ​មិន​គោរព​អ្នក​ដទៃ និង​ជា​មនុស្ស​ក្អេងក្អាង ឆេវឆាវ ធ្វើ​អ្វីៗ​អាង​អំណាច​របស់​ខ្លួន។ ប្រភព​ដដែល​បាន​ពន្យល់​ថា មូលហេតុ​ដែល​លោក ឈូក បណ្ឌិត បាន​បាញ់​ទៅ​លើ​កម្មករ​នោះ ដោយសារ​តែ​លោក​បាន​ទទួល​ថវិកា​មួយ​ចំនួន​ពី​ក្រុមហ៊ុន​ពី​មុន​មក និង​លោក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ តុលាការ​មាន​ភាព​ឯករាជ្យ តុលាការ​គួរ​តែ​ចាត់ការ​ទៅ​លើ​សំណុំ​រឿង​ព្រះទណ្ឌ​មួយ​នេះ។ គេ​មិន​ត្រូវ​ពន្យារ​ពេល​យូរ​បន្ត​ទៀត​ទេ ទោះ​បី​ជា​ជន​សង្ស័យ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​មន្ត្រី​មាន​អំណាច​ធំ​យ៉ាង​ណា​ក៏ដោយ។ ជា​ពិសេស​នៅ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​តួនាទី​ជា​ប្រធាន​សមាគម​អាស៊ាន។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​សហជីព​ជាង ២០​អង្គការ គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

ប្រជាពលរដ្ឋ​នៅ​ខែត្រ​ស្វាយរៀង និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ជន​សង្ស័យ​ប្រើប្រាស់​កាំភ្លើង​បាញ់​បង្ក្រាប​ទៅ​លើ​ហ្វូង​កូដករ នៅ​មាន​សេរីភាព​នៅ​ឡើយ​នេះ ដោយសារ​ជន​សង្ស័យ​រូប​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​​រដ្ឋមន្ត្រី​​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា និង​​ព្រឹទ្ធ​សភា គឺ​អ្នកស្រី ម៉ែន សំអន។

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា តុលាការ​បាន​កោះ​ហៅ​លោក ឈូក បណ្ឌិត ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ មីនា ខាង​មុខ​នេះ ជា​ឱកាស​ពន្យារ​ពេល​មួយ ទុក​ឲ្យ​ជន​សង្ស័យ​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ជន​រងគ្រោះ ឬ​គំរាម​ជន​រងគ្រោះ​មិន​ឲ្យ​ប្ដឹងផ្ដល់ ដោយសារ​គេ​អាង​ខ្សែ​អ្នក​ធំ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ តាម​ក្រមព្រហ្មទណ្ឌ ជនល្មើស​ពី​បទ​ព្រហ្មទណ្ឌ​មិន​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ទោះ​បី​ជា​ជន​រងគ្រោះ​មិន​ប្ដឹង​ក៏ដោយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។