ការបញ្ឈប់នេះ ខណៈដែលក្រុមកម្មករប្រហែលជាង ៣០០នាក់ទៀត បន្តការតវ៉ានៅឡើយ ដើម្បីជំរុញឲ្យភាគីរោងចក្រផ្ដល់ប្រាក់អតីតភាពការងារទៅតាមការទាមទារ និងអត្ថប្រយោជន៍ផ្សេងៗទៀតដល់ពួកគេ។
ប្រធានក្រុមទី៧ នៃរោងចក្រតៃណាន គឺអ្នកស្រី សៀង សំអាត អ្នកស្រីមានប្រសាសន៍នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១២ ថា រដ្ឋបាលរោងចក្រតៃណាន បានបញ្ឈប់ក្រុមកម្មករ និងប្រធានក្រុមកម្មករជាបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះប្រហែល៥០នាក់។
អ្នកស្រីបន្តថា ការបញ្ឈប់កម្មកររោងចក្រនេះ ភាគីសហគ្រាសពុំបានបញ្ជាក់ពីហេតុផលពិតប្រាកដទេ។ តែទោះជាបែបណា អ្នកស្រីគិតថា ការបញ្ឈប់នេះក្រោមហេតុផលតែមួយប៉ុណ្ណោះ គឺជាការជំទាស់ទៅនឹងការតវ៉ារបស់ក្រុមកម្មករ ដែលទាមទារប្រាក់អតីតភាពការងាររបស់ពួកគេ៖ «តើមូលហេតុអី បានអត់ឲ្យកម្មករយើងហ្នឹងចូលទៅក្នុងរោងចក្រ? ហើយឲ្យចេញមកក្រៅវិញ វាមូលហេតុអី? សួរមូលហេតុ គាត់ថាអត់ដឹង។ អញ្ចឹងបើគាត់អត់ដឹងផងម៉េចត្រូវដេញកម្មករចេញពីក្នុងរោងចក្រ»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ អ្នកចាត់ចែងទូទៅរបស់រោងចក្រតៃណាន គឺលោក ប៊ុត ធឿន លោកអះអាងថា អ្វីដែលសហគ្រាសបញ្ឈប់កម្មករប្រមាណ២០នាក់នៅពេលនេះ គឺដោយរកឃើញថា ជាមេខ្លោងក្នុងការដឹកនាំក្រុមកម្មករធ្វើកូដកម្មប្រឆាំងភាគីរោងចក្រ៖ «ហេតុផល ដោយសារគាត់បានធ្វើកូដកម្ម បានន័យថា វាខុសច្បាប់។ ដូចថាអត់បានដាក់ពាក្យអីត្រឹមត្រូវផង ស្រាប់តែគាត់បញ្ជូនឯកសារមកបានតែមួយថ្ងៃ ស្រាប់តែគាត់ធ្វើកូដកម្មហ្នឹងបណ្ដោយ ហើយក៏មិនមែនបញ្ឈប់ទូទៅទេ គឺនិយាយទៅមានតែអ្នកដែលថាគាត់អ្នកខូច អ្នកញុះញង់ហ្នឹងមានប្រហែល២០នាក់ជាង»។
ក៏ប៉ុន្តែករណីនេះត្រូវបានលោក ជួប សោភា កម្មករផ្នែកបច្ចេកទេសនៃរោងចក្រតៃណាន ច្រានចោល។ លោកអះអាងថា ការធ្វើកូដកម្មរបស់ក្រុមកម្មករនេះ ធ្វើឡើងក្រោយពីកម្មកររកឃើញថា ភាគីរោងចក្រមិនគោរពគោលការណ៍ច្បាប់ ដោយលួចប្ដូរឈ្មោះរោងចក្រមិនប្រកាសជាសាធារណៈ ក្នុងបំណងលាក់លៀមដើម្បីបំបាត់ប្រាក់អតីតភាពការងារ ចំពោះកម្មករដែលបម្រើការយូរឆ្នាំ។
ការធ្វើកូដកម្មដែលប្រើពេលវេលាពេញមួយខែ គិតត្រឹមថ្ងៃទី២៥ កក្កដា ឆ្នាំ២០១២ ធ្វើឡើងបន្ទាប់ពីក្រុមកម្មកររោងចក្ររកឃើញថា ថៅកែរោងចក្រលួចប្ដូរឈ្មោះស្ងាត់ៗពីតៃយៀនទី១ តៃយៀនទី២ និងខេមវែល ទៅជារោងចក្រតៃណាន ចាប់តាំងពីឆ្នាំ២០១០ ដោយពុំបានជូនដំណឹងដល់កម្មករជាមុន។
បើទោះជាការអូសបន្លាយពេលវេលាធ្វើកូដកម្មរយៈពេល១ខែហើយក្តី តែក្រុមកម្មករអះអាងថា ភាគីរោងចក្រនៅតែមិនចេញមុខដោះស្រាយតាមការទាមទារនោះទេ។ ក្រុមកម្មករអះអាងថា តែនៅទីបំផុតពួកគេរងការបង្ក្រាបដោយកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលទៅវិញ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលដឹកនាំការធ្វើកូដកម្ម លោកចាត់ទុកការបញ្ឈប់កម្មករមិនឲ្យធ្វើការនេះថា គឺជាផ្នែកមួយនៃការរើសអើងយ៉ាងធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលគួរចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញឲ្យមានការគោរពច្បាប់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។