កម្មករ​រោងចក្រ​តៃណាន ប្រមាណ​៥០នាក់​ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់

ប្រធាន​ក្រុម​កម្មករ​នៅ​រោងចក្រ​តៃណាន (Tai Yang) បាន​អះអាង​ថា មាន​កម្មករ​ប្រមាណ​៥០​នាក់ ត្រូវ​បាន​ភាគី​រោងចក្រ​បញ្ឈប់​ដោយ​ពុំ​មាន​មូលហេតុ​ជា​បន្ត​បន្ទាប់។

0:00 / 0:00

ការ​បញ្ឈប់​នេះ ខណៈ​ដែល​ក្រុម​កម្មករ​ប្រហែល​ជាង ៣០០​នាក់​ទៀត បន្ត​ការ​តវ៉ា​នៅ​ឡើយ ដើម្បី​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​ទៅ​តាម​ការ​ទាម​ទារ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​ដល់​ពួក​គេ។

ប្រធាន​ក្រុម​ទី​៧ នៃ​រោងចក្រ​តៃណាន គឺ​អ្នកស្រី សៀង សំអាត អ្នកស្រី​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១២ ថា រដ្ឋបាល​រោងចក្រ​តៃណាន បាន​បញ្ឈប់​ក្រុម​កម្មករ និង​ប្រធាន​ក្រុម​កម្មករ​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ថ្ងៃ​នេះ​ប្រហែល​៥០​នាក់។

អ្នកស្រី​បន្ត​ថា ការ​បញ្ឈប់​កម្មករ​រោងចក្រ​នេះ ភាគី​សហគ្រាស​ពុំ​បាន​បញ្ជាក់​ពី​ហេតុផល​ពិត​ប្រាកដ​ទេ។ តែ​ទោះ​ជា​បែប​ណា អ្នកស្រី​គិត​ថា ការ​បញ្ឈប់​នេះ​ក្រោម​ហេតុផល​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ការ​ជំទាស់​ទៅ​នឹង​ការ​តវ៉ា​របស់​ក្រុម​កម្មករ ដែល​ទាម​ទារ​ប្រាក់​អតីតភាព​ការងារ​របស់​ពួក​គេ៖ «តើ​មូលហេតុ​អី បាន​អត់​ឲ្យ​កម្មករ​យើង​ហ្នឹង​ចូល​ទៅ​ក្នុង​រោងចក្រ? ហើយ​ឲ្យ​ចេញ​មក​ក្រៅ​វិញ វា​មូលហេតុ​អី? សួរ​មូលហេតុ គាត់​ថា​អត់​ដឹង។ អញ្ចឹង​បើ​គាត់​អត់​ដឹង​ផង​ម៉េច​ត្រូវ​ដេញ​កម្មករ​ចេញ​ពី​ក្នុង​រោងចក្រ»

ឆ្លើយ​តប​​ចំ​ពោះ​ការ​ចោទ​ប្រកាន់​នេះ អ្នក​ចាត់​ចែង​ទូទៅ​របស់​រោងចក្រ​តៃណាន គឺ​លោក ប៊ុត ធឿន លោក​អះ​អាង​ថា អ្វី​ដែល​សហគ្រាស​បញ្ឈប់​កម្មករ​ប្រមាណ​២០​នាក់​នៅ​ពេល​នេះ គឺ​ដោយ​រក​ឃើញ​ថា ជា​មេ​ខ្លោង​ក្នុង​ការ​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ប្រឆាំង​ភាគី​រោងចក្រ៖ «ហេតុផល ដោយ​សារ​គាត់​បាន​ធ្វើ​កូដកម្ម បាន​ន័យ​ថា វា​ខុស​ច្បាប់។ ដូច​ថា​អត់​បាន​ដាក់​ពាក្យ​អី​ត្រឹម​ត្រូវ​ផង ស្រាប់​តែ​គាត់​បញ្ជូន​ឯកសារ​មក​បាន​តែ​មួយ​ថ្ងៃ ស្រាប់​តែ​គាត់​ធ្វើ​កូដកម្ម​ហ្នឹង​បណ្ដោយ ហើយ​ក៏​មិន​មែន​បញ្ឈប់​ទូទៅ​ទេ គឺ​និយាយ​ទៅ​មាន​តែ​អ្នក​ដែល​ថា​គាត់​អ្នក​ខូច អ្នក​ញុះញង់​ហ្នឹង​មាន​ប្រហែល​២០​នាក់​ជាង»

ក៏​ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​លោក ជួប សោភា កម្មករ​ផ្នែក​បច្ចេកទេស​នៃ​រោងចក្រ​តៃណាន ច្រាន​ចោល។ លោក​អះ​អាង​ថា ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កម្មករ​រក​ឃើញ​ថា ភាគី​រោងចក្រ​មិន​គោរព​គោលការណ៍​ច្បាប់ ដោយ​លួច​ប្ដូរ​ឈ្មោះ​រោងចក្រ​មិន​ប្រកាស​ជា​សាធារណៈ ក្នុង​បំណង​លាក់លៀម​ដើម្បី​បំបាត់​ប្រាក់​អតីតភាព​ការងារ ចំពោះ​កម្មករ​ដែល​បម្រើ​ការ​យូរ​ឆ្នាំ។

ការ​ធ្វើ​កូដកម្ម​ដែល​ប្រើ​​ពេល​វេលា​ពេញ​មួយ​ខែ គិត​ត្រឹម​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១២ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​រោងចក្រ​រក​ឃើញ​ថា ថៅកែ​រោងចក្រ​លួច​ប្ដូរ​ឈ្មោះ​ស្ងាត់ៗ​ពី​តៃយៀន​ទី​១ តៃយៀន​ទី​២ និង​ខេមវែល ទៅ​ជា​រោងចក្រ​តៃណាន ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ពុំ​បាន​ជូន​ដំណឹង​ដល់​កម្មករ​ជា​មុន។

បើ​ទោះ​ជា​ការ​អូស​បន្លាយ​ពេល​វេលា​ធ្វើ​កូដកម្ម​រយៈពេល​១ខែ​ហើយ​ក្តី តែ​ក្រុម​កម្មករ​អះអាង​ថា ភាគី​រោងចក្រ​នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ​តាម​ការ​ទាម​ទារ​នោះ​ទេ។ ក្រុម​កម្មករ​អះអាង​ថា តែ​នៅ​ទី​បំផុត​ពួក​គេ​រង​ការ​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទៅ​វិញ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ដឹកនាំ​ការ​ធ្វើ​កូដកម្ម លោក​ចាត់​ទុក​ការ​បញ្ឈប់​កម្មករ​មិន​ឲ្យ​ធ្វើ​ការ​នេះ​ថា គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រើសអើង​យ៉ាង​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។