ថ្លែងទៅកាន់មន្ត្រីច្បាប់ មានព្រឹទ្ធសភា ចៅក្រមជាតិ អន្តរជាតិ មេធាវី អង្គទូត ជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី និងមន្ត្រីសង្គមស៊ីវិលប្រមាណ១៧០នាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ព្រហ្ម សិទ្ធិត្រា ថ្លែងថា ថ្នាក់ដឹកនាំប្រទេសកម្ពុជា បានយល់ពីលក្ខន្តិកៈក្រុងរ៉ូម ថាមានប្រយោជន៍ដើម្បីប្រឆាំងភាពឃោរឃៅ ដែលប្រឆាំងនឹងមនុស្សជាតិលើពិភពលោក កម្ពុជាបានចុះហត្ថលេខាចូលជាសមាជិកថ្ងៃ២៣ តុលា ឆ្នាំ២០០០ ទៀតផង។
លោក ព្រហ្ម សិទ្ធិត្រា បានថ្លែងដូច្នេះ ៖ «លក្ខន្តិកៈទីក្រុងរ៉ូម គឺជាបទដ្ឋានអន្តរជាតិមួយមានសារសំខាន់ណាស់ក្នុងបទឧក្រិដ្ឋ ហើយដើម្បីបញ្ចៀសជនជំនាន់ក្រោយកុំឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»។
ចំណែកអនុប្រធានគណៈកម្មាការនីតិកម្មនិងយុត្តិធម៌នៃព្រឹទ្ធសភា លោក យ៉ង់ សែម ថ្លែងថា ប្រទេសកម្ពុជាជាប្រទេសទី១ក្នុងតំបន់អាស៊ី ដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈក្រុងរ៉ូម ឲ្យបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ហើយមានឆន្ទៈគោរពតាមគោលបំណងនៃតុលាការនេះ។ លោកថា សេចក្តីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ កំពុងដាក់ពិភាក្សានៅក្នុងសភាជាតិ ជាប្រយោជន៍ក្នុងការធ្វើឲ្យសុក្រឹតនៃច្បាប់ក្នុងប្រទេសកម្ពុជា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ ថ្លែងថា វត្ថុបំណងនៃអង្គសន្និសីទថ្ងៃនេះ ចង់ឲ្យមានការជជែកពិភាក្សាផងដែរ អំពីថាតើកម្ពុជាគួរតែធ្វើវិសោធនកម្មច្បាប់មួយដោយឡែក ដើម្បីអនុវត្តលក្ខន្តិកៈក្រុងរ៉ូម ព្រោះប្រទេសមួយចំនួនគេបានធ្វើច្បាប់ដោយឡែកមួយ ស្តីពីសហប្រតិបត្តិការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោកបន្តថា ៖ «នៅក្នុងសេចក្ដីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ មានបញ្ចូលហើយនូវបទឧក្រិដ្ឋទាំង៣ ក៏ប៉ុន្តែវាអត់គ្រប់ទេ វានៅការសហការរវាងកម្ពុជា ដែលជារដ្ឋហត្ថលេខីជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីព្រោះប្រទេសយើងជាប្រទេសដំបូងគេនៅអាស៊ាន អ៊ីចឹងយើងចង់ឲ្យមានគំរូល្អ ដើម្បីឲ្យអាស៊ានដទៃទៀតគេយកតម្រាប់តាមយើង»។
ជនរងគ្រោះក្រោមរបបខ្មែរក្រហម លោក ជុំ មី បានទាមទារឲ្យតុលាការខ្មែរក្រហមផ្តល់សិទ្ធិចោទសួរជនជាប់ចោទជាមេដឹកនាំខ្មែរក្រហម ឈ្មោះ ឌុច មេគុកទួលស្លែង ឬមន្ទីរស.២១ ពីបុគ្គលិកលក្ខណៈនិងអត្តចរិត។
ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម លោក រាជ សម្បត្តិ អះអាងថា ច្បាប់យកមកប្រើកាត់ទោសមេដឹកនាំខ្មែរក្រហម បានអនុវត្តរួចទៅហើយ តាមលក្ខន្តិកៈក្រុងរ៉ូម មាន៣យ៉ាងគឺ បទល្មើសព្រហ្មទណ្ឌប្រល័យពូជសាសន៍ បទល្មើសព្រហ្មទណ្ឌប្រឆាំងមនុស្សជាតិ និងបទល្មើសព្រហ្មទណ្ឌសង្គ្រាម។
លោក រាជ សម្បត្តិ អះអាងដូច្នេះថា ៖ «ប្រទេសកម្ពុជាយើង តាំងពីតុលាការបង្កើត ICC តាំងពី២០០២ យើងដើរតាមហ្នឹងរហូត ដោយយើងបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហ្នឹង គឺបទឧក្រិដ្ឋកម្មត្រូវយកមកប្រើទាំងស្រុងតែម្ដង»។
ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត ហេឡេន ចាវីស (Helen Jarvis) ប្រធានអង្គភាពជនរងគ្រោះ សន្យានឹងលើកមកពិភាក្សា ដើម្បីឲ្យជនរងគ្រោះបានចូលរួមក្នុងសាលាក្តីខ្មែរក្រហម ក្នុងសំណុំរឿង០០២ បន្ទាប់ពីសាលាក្តីមិនបានផ្តល់សិទ្ធិចោទសួរជនជាប់ចោទជាមេដឹកនាំខ្មែរក្រហម ឈ្មោះ ឌុច ពីបុគ្គលិកលក្ខណៈនិងអត្តចរិត៕
