មន្រ្តី​សិទ្ធិ​មនុស្ស​និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ជួប​ពិភាក្សា​អំពី​សាលា​ក្ដី​ខ្មែរ​ក្រហម

តំណាង​សមាគម​សិទ្ធិ​មនុស្ស និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប បាន​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​០២ តុលា ដើម្បី​ពិភាក្សា​អំពី​សាលាក្តី​ខ្មែរ​ក្រហម និង​ការ​អនុវត្ត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ចំនួន ទាក់​ទង​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

0:00 / 0:00

ថ្លែង​ទៅ​កាន់​មន្ត្រី​ច្បាប់ មាន​ព្រឹទ្ធ​សភា ចៅក្រម​ជាតិ អន្តរជាតិ មេធាវី អង្គទូត ជន​រង​គ្រោះ ដើម​បណ្តឹង​រដ្ឋប្បវេណី និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​១៧០​នាក់ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ព្រហ្ម សិទ្ធិត្រា ថ្លែង​ថា ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា បាន​យល់​ពី​លក្ខន្តិកៈ​ក្រុង​រ៉ូម ថា​មាន​ប្រយោជន៍​ដើម្បី​ប្រឆាំង​ភាព​ឃោរឃៅ ដែល​ប្រឆាំង​នឹង​មនុស្ស​ជាតិ​លើ​ពិភព​លោក កម្ពុជា​បាន​ចុះ​ហត្ថលេខា​ចូល​ជា​សមាជិក​ថ្ងៃ​២៣ តុលា ឆ្នាំ​២០០០ ទៀត​ផង។

លោក ព្រហ្ម សិទ្ធិត្រា បាន​ថ្លែង​ដូច្នេះ ៖ «លក្ខន្តិកៈ​ទីក្រុង​រ៉ូម គឺ​ជា​បទដ្ឋាន​អន្តរជាតិ​មួយ​មាន​សារសំខាន់​ណាស់​ក្នុង​បទឧក្រិដ្ឋ ហើយ​ដើម្បី​បញ្ចៀស​ជន​ជំនាន់​ក្រោយ​កុំ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ»

ចំណែក​អនុ​ប្រធាន​គណៈកម្មាការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​ព្រឹទ្ធ​សភា លោក យ៉ង់ សែម ថ្លែង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​១​ក្នុង​តំបន់​អាស៊ី ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​ក្រុង​រ៉ូម ឲ្យ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ហើយ​មាន​ឆន្ទៈ​គោរព​តាម​គោល​បំណង​នៃ​តុលាការ​នេះ។ លោក​ថា សេចក្តី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ កំពុង​ដាក់​ពិភាក្សា​នៅ​ក្នុង​សភា​ជាតិ ជា​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ឲ្យ​សុក្រឹត​នៃ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារាយ ថ្លែង​ថា វត្ថុ​បំណង​នៃ​អង្គ​សន្និសីទ​ថ្ងៃ​នេះ ចង់​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ផង​ដែរ អំពី​ថា​តើ​កម្ពុជា​គួរ​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ដោយ​ឡែក ដើម្បី​អនុវត្ត​លក្ខន្តិកៈ​ក្រុង​រ៉ូម ព្រោះ​ប្រទេស​មួយ​ចំនួន​គេ​បាន​ធ្វើ​ច្បាប់​ដោយ​ឡែក​មួយ ស្តីពី​សហ​ប្រតិបត្តិការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក​បន្ត​ថា ៖ «នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ មាន​បញ្ចូល​ហើយ​នូវ​បទ​ឧក្រិដ្ឋ​ទាំង​៣ ក៏​ប៉ុន្តែ​វា​អត់​គ្រប់​ទេ វា​នៅ​ការ​សហការរ​វាង​កម្ពុជា ដែល​ជា​រដ្ឋ​ហត្ថលេខី​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពីព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ាន អ៊ីចឹង​យើង​ចង់​ឲ្យ​មាន​គំរូ​ល្អ ដើម្បី​ឲ្យ​អាស៊ាន​ដទៃ​ទៀត​គេ​យក​តម្រាប់​តាម​យើង»

ជន​រង​គ្រោះ​ក្រោម​របប​ខ្មែរ​ក្រហម លោក ជុំ មី បាន​ទាមទារ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ផ្តល់​សិទ្ធិ​ចោទ​សួរ​ជន​ជាប់​ចោទ​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ឈ្មោះ ឌុច មេ​គុក​ទួល​ស្លែង ឬ​មន្ទីរ​ស.២១ ពី​បុគ្គលិក​លក្ខណៈ​និង​អត្តចរិត។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម លោក រាជ សម្បត្តិ អះអាង​ថា ច្បាប់​យក​មក​ប្រើ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម បាន​អនុវត្ត​រួច​ទៅ​ហើយ តាម​លក្ខន្តិកៈ​ក្រុង​រ៉ូម មាន​៣​យ៉ាង​គឺ បទល្មើស​ព្រហ្មទណ្ឌ​ប្រល័យ​ពូជ​សាសន៍ បទ​ល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ល្មើស​ព្រហ្មទណ្ឌ​សង្គ្រាម។

លោក រាជ សម្បត្តិ អះអាង​ដូច្នេះ​ថា ៖ «ប្រទេស​កម្ពុជា​យើង តាំង​ពី​តុលាការ​បង្កើត ICC តាំង​ពី​២០០២ យើង​ដើរ​តាម​ហ្នឹង​រហូត ដោយ​យើង​បង្កើត​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហ្នឹង គឺ​បទ​ឧក្រិដ្ឋកម្ម​ត្រូវ​យក​មក​ប្រើ​ទាំងស្រុង​តែម្ដង»

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​បណ្ឌិត ហេឡេន ចាវីស (Helen Jarvis) ប្រធាន​អង្គភាព​ជន​រង​គ្រោះ សន្យា​នឹង​លើក​មក​ពិភាក្សា ដើម្បី​ឲ្យ​ជន​រង​គ្រោះ​បាន​ចូល​រួម​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង​០០២ បន្ទាប់​ពី​សាលា​ក្តី​មិន​បាន​ផ្តល់​សិទ្ធិ​ចោទ​សួរ​ជន​ជាប់​ចោទ​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ឈ្មោះ ឌុច ពី​បុគ្គលិក​លក្ខណៈ​និង​អត្តចរិត៕