World Vision ជំរុញ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​យក​ចិត្ត​ទុក​ដាក់​សុខភាព​កុមារ

អង្គការ​ទស្សនៈ​ពិភពលោក (វើលវីហ្សុន = World Vision) ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​កំពុង​អភិវឌ្ឍន៍ ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា ផង ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​គាំពារ​ដល់​សុខភាព​កុមារ ពិសេស​គឺ​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ។
ដោយ កែវពេជ្រ មេត្តា
2012-11-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អង្គការ​ទស្សនៈ​ពិភពលោក world vision ៣០៥
បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក ធ្វើ​យុទ្ធនាការ​លើក​កម្ពស់​សុខភាព​កុមារ​ឥឡូវ​នេះ នៅ​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
Provided by World Vision

ការ​ជំរុញ​នេះ ពីព្រោះ​តែ​គេ​បាន​សង្កេត​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ កុមារ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​នោះ​ប្រមាណ ៧​លាន​នាក់ បាន​ស្លាប់​មុន​អាយុ ៥​ឆ្នាំ ដោយ​សារ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុន​ចាញ់ ជំងឺ​រាគ​រូស និង​រលាក​សួត ដែល​ជំងឺ​ទាំង​នោះ​សុទ្ធ​សឹង​តែ​ជា​ជំងឺ​ដែល​គេ​អាច​បង្ការ​បាន។

អ្នក​ជំនាញ​ផ្នែក​សុខភាព​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ធ្វើ​ការងារ​ទាក់​ទង​នឹង​វិស័យ​សុខភាព​កុមារ បាន​សម្ដែង​ក្ដី​បារម្ភ​ថា កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ដូច​ជា​កម្ពុជា ជាដើម​នោះ សព្វថ្ងៃ​នេះ​គឺ​ងាយ​រង​គ្រោះ​ពី​ជំងឺ​ផ្សេងៗ រហូត​ដល់​ធ្វើ​ឲ្យ​កុមារ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​ឡាយ​នោះ បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​មួយ​ឆ្នាំៗ។

កុមារ​ក្រោម​អាយុ ៥​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ខ្លាំង​ជាង​គេ​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ជំងឺ​រាគ​រូស ជំងឺ​គ្រុន​ចាញ់ ហើយ​និង​ជំងឺ​រលាក​សួត ដែល​ជំងឺ​ទាំង​អស់​នោះ គឺ​ជា​ប្រភេទ​ជំងឺ​មួយ​ដែល​គេ​អាច​ទប់​ស្កាត់​បង្ការ​បាន។ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឲ្យ​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ​ងាយ​រង​គ្រោះ​ដល់​ស្លាប់ ដោយ​សារ​ជំងឺ​ដែល​បង្ការ​បាន​នេះ ពីព្រោះ​តែ​នៅ​មាន​ការ​ខ្វះ​ខាត​ពី​ការ​ចូល​រួម​ជួយ​ជ្រោមជ្រែង​ឲ្យ​បាន​ខ្លាំង​ក្លា​ពី​ថ្នាក់​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​ឡាយ​នោះ។

ដោយ​ឃើញ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ​ច្រើន​យ៉ាង​ដូច្នោះ ទើប​គេ​ឃើញ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​ការងារ​ក្នុង​វិស័យ​សុខភាព​កុមារ បាន​ខ្នះខ្នែង​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដូច​ជា​អង្គការ​ទស្សនៈ​ពិភពលោក ជាដើម កាល​ពី​ពេល​ថ្មី​នេះ បាន​បើក​យុទ្ធនាការ​មួយ​ស្ដីពី "ការ​លើក​កម្ពស់​សុខភាព​កុមារ​ឥឡូវ​នេះ"។

យុទ្ធនាការ​នោះ​គេ​បាន​ធ្វើ​ជា​លក្ខណៈ​សកល​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ខុសៗ​គ្នា នៅ​ក្នុង​តំបន់​អាស៊ី និង​នៅ​អាមេរិក​ឡាទីន មជ្ឈិមបូព៌ា ដែល​មាន​ដូច​ជា​ប្រទេស​ហ្វីលីពីន ឥណ្ឌា បង់ក្លាដេស អូស្ត្រាលី កម្ពុជា។ល។ ដើម្បី​ប្រមូល​មតិ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​ឡាយ​នោះ ឲ្យ​ចូល​រួម​លើក​ដៃ​គាំទ្រ​សុខភាព​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ។

ម្យ៉ាង​ទៀត យុទ្ធនាការ​នេះ​ក៏​ដើម្បី​ផ្ដល់​ជា​សារ​ដំណឹង​ពី​បញ្ហា​នោះ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​និមួយៗ​នោះ ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​សុខភាព​កុមារ ក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​បាន​ចៀស​ផុត​ពី​ជំងឺ​ដែល​អាច​បង្ការ​បាន​នោះ។

មន្ត្រី​ផ្នែក​ទំនាក់​ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក លោក ហុង ច័ន្ទភក្រ្តា បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​នោះ គឺ​មាន​រយៈពេល ៥​ឆ្នាំ ដែល​គេ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១០ ហើយ​រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​បណ្ដា​ប្រទេស​ទាំង​ឡាយ​នោះ។

លោក​បន្ត​ថា ដូច​កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៥​សែន​នាក់ មក​ពី​ប្រទេស​ផ្សេងៗ​ចំនួន​៧០ បាន​លើក​ដៃ​គាំទ្រ​កម្មវិធី​នេះ​នៅ​ក្នុង​ពេល​ដែល​គេ​ធ្វើ​យុទ្ធនាការ​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន នៃ​ប្រទេស​អូស្ត្រាលី៖ «បាទ! ហើយ​នៅ​ពេល​នោះ គឺ​អង្គការ​ទស្សនៈ​ពិភពលោក​មាន​ក្រុម​មួយ​ដែល​គាត់​ធ្វើ​ទៅ​លើ​យុទ្ធនាការ​នោះ គឺ​គាត់​នឹង​យក​ចំនួន​គាំទ្រ​ទាំង​នោះ​ដើម្បី​ទៅ​បង្ហាញ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ប្រទេស​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គាត់​ចូល​រួម​ជា​សកម្មភាព ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គាត់​និមួយៗ ដោយ​សារ​តែ​ជំងឺ​ដែល​អាច​បង្ការ​បាន​នោះ»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទស្សនៈ​ពិភពលោក កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​បញ្ជាក់​ដែរ​ថា យុទ្ធនាការ​លើក​កម្ពស់​សុខភាព​កុមារ​ឥឡូវ​នេះ គេ​បាន​ធ្វើ​តាម​រយៈ​ប្រគំ​តូរ្យតន្ត្រី​ដែល​ជា​សកម្មភាព​បង្ហាញ​ខាង​ក្រៅ​ផង ហើយ​និង​ធ្វើ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ផង។ រហូត​មក​ដល់​ពេល​នេះ តាម​រយៈ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ទាំង​ពីរ​យ៉ាង​នោះ គេ​ឃើញ​មាន​មនុស្ស​ចូល​រួម​គាំទ្រ​កម្មវិធី​នេះ​ពី​ប្រទេស​ផ្សេងៗ​ទៀត​កាន់​តែ​ច្រើន​ឡើងៗ ដែល​មាន​ចំនួន ១លាន ៥សែន​នាក់ និង​មក​ពី​បណ្ដា​ប្រទេស​ចំនួន ៨០​ប្រទេស។

អ្នក​គាំទ្រ​ទាំង​នោះ រួម​មាន​ជា​កុមារ មាតាបិតា គ្រិស្ដបរិស័ទ និង​អ្នក​តស៊ូ​មតិ​អន្តរជាតិ ដោយ​ទាម​ទារ​ឲ្យ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ឡាយ​នោះ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​ក្លា ទៅ​លើ​សុខភាព​កុមារ​របស់​ខ្លួន ដោយ​បញ្ចេញ​ការ​គាំទ្រ​ជា​សកម្មភាព​ជាក់ស្ដែង ជា​ជាង​ការ​គាំទ្រ​តែ​ពាក្យ​សម្ដី។

លោក អេនឌ្រូ ហាសសេត (Andrew Hassett) នាយក​យុទ្ធនាការ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ បាន​ថ្លែង​ថា ប្រសិន​បើ​ប្រជាជន​ជា​ច្រើន​រួម​គ្នា​ជា​ក្រុម​ធំ​មួយ គាំទ្រ​យុទ្ធនាការ​លើក​កម្ពស់​សុខភាព​កុមារ​ឥឡូវ​នេះ ពេល​នោះ​អ្នក​ដឹក​នាំ​ទាំង​អស់​នឹង​ស្ដាប់​នូវ​គំនិត​ដែល​ប្រជាជន​បាន​លើក​ឡើង។

មន្ត្រី​ផ្នែក​ទំនាក់​ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា លោក ហុង ច័ន្ទភក្រ្តា បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា ដោយ​មាន​ការ​ចូល​រួម​គាំទ្រ​កាន់​តែ​ច្រើន​នៅ​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​សុខភាព​កុមារ​នោះ គេ​ឃើញ​មាន​ថ្នាក់​ដឹកនាំ​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ ដូច​ជា​លោក បិននិងណូ អាគីណូ (Benigno Aquino) ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន ជាដើម៖ «គាត់​បាន​ប្ដេជ្ញា​ថា គាត់​សន្យា​ដើម្បី​ចូល​រួម​កាត់​បន្ថយ​នូវ​អត្រា​ការ​ស្លាប់​របស់​កុមារ​នោះ​បាទ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ»

មន្ត្រី​អង្គការ​ទស្សនៈ​ពិភពលោក បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា គេ​ទើប​តែ​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​លើក​កម្ពស់​សុខភាព​កុមារ​ឥឡូវ​នេះ នៅ​ក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ​យុទ្ធនាការ​នោះ​មិន​ទាន់​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ការ​ធ្វើ​នៅ​ប្រទេស​ផ្សេងៗ​នោះ​ទេ គឺ​គេ​ផ្សព្វផ្សាយ​តាម​រយៈ​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា ដើម្បី​ឲ្យ​បុគ្គលិក​ទាំង​អស់​នោះ​បាន​យល់​ពី​កិច្ចការ​នេះ ហើយ​គេ​នាំ​គ្នា​អនុវត្ត​បន្ត​នៅ​ក្នុង​តំបន់​អ្នក​ស្រុក​ខ្លះ​ទៅ​តាម​លទ្ធភាព​ដែល​គេ​អាច​ធ្វើ​បាន។

ទាក់​ទង​ទៅ​នឹង​ការ​លើក​កម្ពស់​សុខភាព​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ នៅ​កម្ពុជា នោះ មន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា កន្លង​មក​គេ​ក៏​បាន​ធ្វើ​យុទ្ធនាការ​លើក​កម្ពស់​សុខភាព​កុមារ​ជា​បន្ត​បន្ទាប់​ដែរ ដូច​ជា​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ ៦​មុខ រួម​មាន​ជំងឺ​ស្វិត​ដៃ​ជើង ជំងឺ​កញ្ជ្រិល ជំងឺ​ក្រិស​ក្រិន ស្លេក​ស្លាំង​ជាដើម។

មន្ត្រី​រូប​នោះ​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ក៏​នៅ​តែ​ធ្វើ​ជា​បន្ត​ដែរ ដូច​ជា​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ គេ​បាន​ធ្វើ​យុទ្ធនាការ​ចែក​ថ្នាំ​វីតាមីន​អា (Vitamin A) ឲ្យ​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ៦​ខែ ដល់​ក្រោម ៥​ឆ្នាំ​នៅ​ទូទាំង​ប្រទេស។

មន្ត្រី​បច្ចេកទេស​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោក​វេជ្ជបណ្ឌិត ទូច តារា បាន​មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ​ការ​ថែទាំ​សុខភាព​កុមារ​នៅ​កម្ពុជា គឺ​ក្រសួង​សុខាភិបាល​បាន​ជួយ​ថែទាំ​តាំង​ពី​កុមារ​នៅ​ក្នុង​ផ្ទៃ ដូច​ជា​ផ្ដល់​ថ្នាំ​ជាតិ​ដែក​ការពារ​ជំងឺ​ស្លេកស្លាំង​ដល់​ម្ដាយ ដើម្បី​ជួយ​ឲ្យ​ទារក​នៅ​ក្នុង​ផ្ទៃ​នោះ​មាន​សុខភាព​ល្អ​ផង​ដែរ៖ «ដល់​ពេល​យើង​ធ្វើ​យុទ្ធនាការ​ម្ដងៗ យើង​សុទ្ធ​តែ​ចុះ​ទៅ​តាម​ផ្ទះ ដូច​ជា​ប៉ូលីយ៉ូ​ស្វិត​ដៃ​ស្វិត​ជើង យើង​បំបាត់​បាន។ ហើយ​ឥឡូវ ជំងឺ​កញ្ជ្រឹល យើង​ជិត​បំបាត់​បាន​ទៀត​ហើយ។ ហើយ​មួយ​ទៀត យើង​ឃើញ​លទ្ធផល​នៃ​អត្រា​ស្លាប់​របស់​យើង​ចុះ​ច្រើន​ណាស់។ កាល​មុន គឺ​១០០​ជាង តែ​ឥឡូវ​ក្មេង​ក្រោម ៥​ឆ្នាំ​នៅ​តែ​ប្រហែល​ជា ៥៤​ភាគ​ពាន់ ហើយ​ក្មេង​ក្រោម ១​ឆ្នាំ នៅ​សល់​តែ ៤៥​ភាគ​ពាន់​ទេ គឺ​វា​ចុះ​មក​ច្រើន។ អីចឹង នៅ​សល់​តែ​ពាក់​កណ្ដាល»

ទាក់​ទង​ទៅ​នឹង​សុខភាព​កុមារ ពិសេស​គឺ​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ ដែល​គេ​បាន​ឃើញ​ថា​ជា​វ័យ​មួយ​ងាយ​រងគ្រោះ​នឹង​ជំងឺ​នោះ មន្ត្រី​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​តែ​ចង់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្នុង​នោះ​រួម​មាន​ទាំង​រដ្ឋាភិបាល​កម្ពុជា ផង ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​កុមារ។

មន្ត្រី​ដដែល​បាន​បន្ថែម​ទៀត​ថា មនុស្ស​ជាង ១​លាន​នាក់ ក្នុង​ប្រទេស​ចំនួន​៨០ ក្នុង​ពិភពលោក​ដែល​បាន​ចូល​រួម​គាំទ្រ​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​សុខភាព​កុមារ​ឥឡូវ​នេះ គឺ​ចង់​បាន​ការ​ចូល​រួម​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​នានា ហើយ​និង​អ្នក​គាំទ្រ​ផ្សេងៗ​ទៀត ដើម្បី​ធានា​ឲ្យ​បាន​ថា កុមារ​ទាំង​អស់​ក្នុង​ពិភពលោក​ដែល​រួម​ទាំង​កុមារ​កម្ពុជា ផង អាច​ទទួល​បាន​អាហារ​ដែល​សម្បូរ​ជីវជាតិ ទឹក​ស្អាត ហើយ​និង​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដ៏​ល្អ​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល