World Vision ជំរុញឲ្យប្រទេសកំពុងអភិវឌ្ឍន៍យកចិត្តទុកដាក់សុខភាពកុមារ
2012.11.29
ការជំរុញនេះ ពីព្រោះតែគេបានសង្កេតឃើញថា ជារៀងរាល់ឆ្នាំ កុមារនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះប្រមាណ ៧លាននាក់ បានស្លាប់មុនអាយុ ៥ឆ្នាំ ដោយសារជំងឺផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ ជំងឺរាគរូស និងរលាកសួត ដែលជំងឺទាំងនោះសុទ្ធសឹងតែជាជំងឺដែលគេអាចបង្ការបាន។
អ្នកជំនាញផ្នែកសុខភាពនៃអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងធ្វើការងារទាក់ទងនឹងវិស័យសុខភាពកុមារ បានសម្ដែងក្ដីបារម្ភថា កុមារដែលមានអាយុក្រោម ៥ឆ្នាំនៅក្នុងបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា ជាដើមនោះ សព្វថ្ងៃនេះគឺងាយរងគ្រោះពីជំងឺផ្សេងៗ រហូតដល់ធ្វើឲ្យកុមាររាប់លាននាក់នៅក្នុងប្រទេសទាំងឡាយនោះ បានស្លាប់បាត់បង់ជីវិតក្នុងមួយឆ្នាំៗ។
កុមារក្រោមអាយុ ៥ឆ្នាំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រឈមមុខនឹងជំងឺខ្លាំងជាងគេគួរឲ្យកត់សម្គាល់នោះ គឺជំងឺរាគរូស ជំងឺគ្រុនចាញ់ ហើយនិងជំងឺរលាកសួត ដែលជំងឺទាំងអស់នោះ គឺជាប្រភេទជំងឺមួយដែលគេអាចទប់ស្កាត់បង្ការបាន។ ប៉ុន្តែមូលហេតុដែលនាំឲ្យកុមារក្រោមអាយុ ៥ឆ្នាំងាយរងគ្រោះដល់ស្លាប់ ដោយសារជំងឺដែលបង្ការបាននេះ ពីព្រោះតែនៅមានការខ្វះខាតពីការចូលរួមជួយជ្រោមជ្រែងឲ្យបានខ្លាំងក្លាពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយនោះ។
ដោយឃើញគ្រោះថ្នាក់ដល់អាយុជីវិតរបស់កុមារក្រោមអាយុ ៥ឆ្នាំច្រើនយ៉ាងដូច្នោះ ទើបគេឃើញមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានការងារក្នុងវិស័យសុខភាពកុមារ បានខ្នះខ្នែងជួយដោះស្រាយបញ្ហានេះ ដូចជាអង្គការទស្សនៈពិភពលោក ជាដើម កាលពីពេលថ្មីនេះ បានបើកយុទ្ធនាការមួយស្ដីពី "ការលើកកម្ពស់សុខភាពកុមារឥឡូវនេះ"។
យុទ្ធនាការនោះគេបានធ្វើជាលក្ខណៈសកលនៅតាមបណ្ដាប្រទេសផ្សេងៗខុសៗគ្នា នៅក្នុងតំបន់អាស៊ី និងនៅអាមេរិកឡាទីន មជ្ឈិមបូព៌ា ដែលមានដូចជាប្រទេសហ្វីលីពីន ឥណ្ឌា បង់ក្លាដេស អូស្ត្រាលី កម្ពុជា។ល។ ដើម្បីប្រមូលមតិពីប្រជាពលរដ្ឋក្នុងប្រទេសទាំងឡាយនោះ ឲ្យចូលរួមលើកដៃគាំទ្រសុខភាពកុមារអាយុក្រោម ៥ឆ្នាំ។
ម្យ៉ាងទៀត យុទ្ធនាការនេះក៏ដើម្បីផ្ដល់ជាសារដំណឹងពីបញ្ហានោះដល់រដ្ឋាភិបាលនៃប្រទេសនិមួយៗនោះ ឲ្យបង្កើនការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ទៅលើសុខភាពកុមារ ក្នុងប្រទេសរបស់ខ្លួន ដើម្បីឲ្យពួកគេបានចៀសផុតពីជំងឺដែលអាចបង្ការបាននោះ។
មន្ត្រីផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃអង្គការទស្សនៈពិភពលោក លោក ហុង ច័ន្ទភក្រ្តា បានមានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយនោះ គឺមានរយៈពេល ៥ឆ្នាំ ដែលគេបានចាប់ផ្ដើមតាំងពីឆ្នាំ២០១០ ហើយរហូតមកដល់ពេលនេះ គេឃើញមានការចាប់អារម្មណ៍គាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងបណ្ដាប្រទេសទាំងឡាយនោះ។
លោកបន្តថា ដូចកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋចំនួន ៥សែននាក់ មកពីប្រទេសផ្សេងៗចំនួន៧០ បានលើកដៃគាំទ្រកម្មវិធីនេះនៅក្នុងពេលដែលគេធ្វើយុទ្ធនាការតាមរយៈការប្រគំតន្ត្រីមួយនៅក្នុងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ត្រាលី៖ «បាទ! ហើយនៅពេលនោះ គឺអង្គការទស្សនៈពិភពលោកមានក្រុមមួយដែលគាត់ធ្វើទៅលើយុទ្ធនាការនោះ គឺគាត់នឹងយកចំនួនគាំទ្រទាំងនោះដើម្បីទៅបង្ហាញដល់ថ្នាក់ដឹកនាំនៅតាមប្រទេសទាំងនោះ ដើម្បីឲ្យពួកគាត់ចូលរួមជាសកម្មភាព ដើម្បីកាត់បន្ថយអត្រាស្លាប់របស់កុមារនៅក្នុងប្រទេសរបស់ពួកគាត់និមួយៗ ដោយសារតែជំងឺដែលអាចបង្ការបាននោះ»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោក កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ បានបញ្ជាក់ដែរថា យុទ្ធនាការលើកកម្ពស់សុខភាពកុមារឥឡូវនេះ គេបានធ្វើតាមរយៈប្រគំតូរ្យតន្ត្រីដែលជាសកម្មភាពបង្ហាញខាងក្រៅផង ហើយនិងធ្វើតាមរយៈប្រព័ន្ធអ៊ីនធឺណិត (Internet) ផង។ រហូតមកដល់ពេលនេះ តាមរយៈនៃការធ្វើយុទ្ធនាការទាំងពីរយ៉ាងនោះ គេឃើញមានមនុស្សចូលរួមគាំទ្រកម្មវិធីនេះពីប្រទេសផ្សេងៗទៀតកាន់តែច្រើនឡើងៗ ដែលមានចំនួន ១លាន ៥សែននាក់ និងមកពីបណ្ដាប្រទេសចំនួន ៨០ប្រទេស។
អ្នកគាំទ្រទាំងនោះ រួមមានជាកុមារ មាតាបិតា គ្រិស្ដបរិស័ទ និងអ្នកតស៊ូមតិអន្តរជាតិ ដោយទាមទារឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងឡាយនោះយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ទៅលើសុខភាពកុមាររបស់ខ្លួន ដោយបញ្ចេញការគាំទ្រជាសកម្មភាពជាក់ស្ដែង ជាជាងការគាំទ្រតែពាក្យសម្ដី។
លោក អេនឌ្រូ ហាសសេត (Andrew Hassett) នាយកយុទ្ធនាការនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានថ្លែងថា ប្រសិនបើប្រជាជនជាច្រើនរួមគ្នាជាក្រុមធំមួយ គាំទ្រយុទ្ធនាការលើកកម្ពស់សុខភាពកុមារឥឡូវនេះ ពេលនោះអ្នកដឹកនាំទាំងអស់នឹងស្ដាប់នូវគំនិតដែលប្រជាជនបានលើកឡើង។
មន្ត្រីផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា លោក ហុង ច័ន្ទភក្រ្តា បានមានប្រសាសន៍ប្រាប់ដែរថា ដោយមានការចូលរួមគាំទ្រកាន់តែច្រើននៅក្នុងយុទ្ធនាការលើកកម្ពស់សុខភាពកុមារនោះ គេឃើញមានថ្នាក់ដឹកនាំក្នុងប្រទេសមួយចំនួនបានចូលរួមនៅក្នុងកម្មវិធីនោះដែរ ដូចជាលោក បិននិងណូ អាគីណូ (Benigno Aquino) ប្រធានាធិបតីប្រទេសហ្វីលីពីន ជាដើម៖ «គាត់បានប្ដេជ្ញាថា គាត់សន្យាដើម្បីចូលរួមកាត់បន្ថយនូវអត្រាការស្លាប់របស់កុមារនោះបាទ។ នេះគឺជាឧទាហរណ៍មួយ»។
មន្ត្រីអង្គការទស្សនៈពិភពលោក បានឲ្យដឹងទៀតថា ដោយឡែកសម្រាប់ប្រទេសកម្ពុជា គេទើបតែបានធ្វើយុទ្ធនាការផ្សព្វផ្សាយពីការលើកកម្ពស់សុខភាពកុមារឥឡូវនេះ នៅក្នុងឆ្នាំនេះ។ ប៉ុន្តែយុទ្ធនាការនោះមិនទាន់មានទ្រង់ទ្រាយធំដូចការធ្វើនៅប្រទេសផ្សេងៗនោះទេ គឺគេផ្សព្វផ្សាយតាមរយៈបុគ្គលិកអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា ដើម្បីឲ្យបុគ្គលិកទាំងអស់នោះបានយល់ពីកិច្ចការនេះ ហើយគេនាំគ្នាអនុវត្តបន្តនៅក្នុងតំបន់អ្នកស្រុកខ្លះទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។
ទាក់ទងទៅនឹងការលើកកម្ពស់សុខភាពកុមារក្រោមអាយុ ៥ឆ្នាំ នៅកម្ពុជា នោះ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ដែរថា កន្លងមកគេក៏បានធ្វើយុទ្ធនាការលើកកម្ពស់សុខភាពកុមារជាបន្តបន្ទាប់ដែរ ដូចជាយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ ៦មុខ រួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺក្រិសក្រិន ស្លេកស្លាំងជាដើម។
មន្ត្រីរូបនោះបានបន្តថា រហូតមកដល់ពេលនេះ ក៏នៅតែធ្វើជាបន្តដែរ ដូចជានៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ នេះ គេបានធ្វើយុទ្ធនាការចែកថ្នាំវីតាមីនអា (Vitamin A) ឲ្យដល់កុមារដែលមានអាយុចាប់ពី ៦ខែ ដល់ក្រោម ៥ឆ្នាំនៅទូទាំងប្រទេស។
មន្ត្រីបច្ចេកទេសកម្មវិធីជាតិអាហារូបត្ថម្ភនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកវេជ្ជបណ្ឌិត ទូច តារា បានមានប្រសាសន៍ថា តាមពិតទៅការថែទាំសុខភាពកុមារនៅកម្ពុជា គឺក្រសួងសុខាភិបាលបានជួយថែទាំតាំងពីកុមារនៅក្នុងផ្ទៃ ដូចជាផ្ដល់ថ្នាំជាតិដែកការពារជំងឺស្លេកស្លាំងដល់ម្ដាយ ដើម្បីជួយឲ្យទារកនៅក្នុងផ្ទៃនោះមានសុខភាពល្អផងដែរ៖ «ដល់ពេលយើងធ្វើយុទ្ធនាការម្ដងៗ យើងសុទ្ធតែចុះទៅតាមផ្ទះ ដូចជាប៉ូលីយ៉ូស្វិតដៃស្វិតជើង យើងបំបាត់បាន។ ហើយឥឡូវ ជំងឺកញ្ជ្រឹល យើងជិតបំបាត់បានទៀតហើយ។ ហើយមួយទៀត យើងឃើញលទ្ធផលនៃអត្រាស្លាប់របស់យើងចុះច្រើនណាស់។ កាលមុន គឺ១០០ជាង តែឥឡូវក្មេងក្រោម ៥ឆ្នាំនៅតែប្រហែលជា ៥៤ភាគពាន់ ហើយក្មេងក្រោម ១ឆ្នាំ នៅសល់តែ ៤៥ភាគពាន់ទេ គឺវាចុះមកច្រើន។ អីចឹង នៅសល់តែពាក់កណ្ដាល»។
ទាក់ទងទៅនឹងសុខភាពកុមារ ពិសេសគឺកុមារដែលមានអាយុក្រោម ៥ឆ្នាំ ដែលគេបានឃើញថាជាវ័យមួយងាយរងគ្រោះនឹងជំងឺនោះ មន្ត្រីអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ដែរថា ទោះជាយ៉ាងណាក៏ដោយ គេនៅតែចង់ជំរុញឲ្យរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមមានទាំងរដ្ឋាភិបាលកម្ពុជា ផង ឲ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុខភាពកុមារ។
មន្ត្រីដដែលបានបន្ថែមទៀតថា មនុស្សជាង ១លាននាក់ ក្នុងប្រទេសចំនួន៨០ ក្នុងពិភពលោកដែលបានចូលរួមគាំទ្រក្នុងយុទ្ធនាការលើកកម្ពស់សុខភាពកុមារឥឡូវនេះ គឺចង់បានការចូលរួមពីរដ្ឋាភិបាលនៃប្រទេសនានា ហើយនិងអ្នកគាំទ្រផ្សេងៗទៀត ដើម្បីធានាឲ្យបានថា កុមារទាំងអស់ក្នុងពិភពលោកដែលរួមទាំងកុមារកម្ពុជា ផង អាចទទួលបានអាហារដែលសម្បូរជីវជាតិ ទឹកស្អាត ហើយនិងទទួលបានសេវាថែទាំសុខភាពដ៏ល្អមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។