សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត ក្រោយពីបានរងរបួសធ្ងន់ នៅក្នុងការបង្រ្កាបអំពើជួញដូរគ្រឿងញៀនមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងអង្គារកន្លងទៅថ្មីៗនេះ ។
រហូតមកដល់ពេលនេះមានសមត្ថកិច្ចនគរបាលចំនួនពីរនាក់ហើយបានស្លាប់បាត់បង់ជីវិត ក្រោមបេសកកម្មបង្រ្កាបអំពើជួញដូរគ្រឿងញៀននៅក្នុងទីក្រុងភ្នំពេញ ។
លោក មឹក ដារ៉ា ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផៃ្ទ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងព្រហស្បតិ៍នេះថា អ្នកដែលស្លាប់នោះមានឈ្មោះ ស្រេង ប៊ុនណារ៉េត អាយុ៣៩ឆ្នាំ ដោយសារបានរងរបួសធ្ងន់ ដែលជនសង្ស័យជួយដូរគ្រឿងញៀនបានបាញ់ធ្លាយចង្កេះនិងពោះ ។
លោក មឹក ដារ៉ា បានទទូចសុំឲ្យតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសជនសង្ស័យទាំងនោះ ពីព្រោះជនសង្ស័យបានប្រព្រឹត្តបទល្មើសធំៗចំនួនពីរ គឺអំពើរជួញដូរគ្រឿងញៀន និងអំពើមនុស្សឃាត ។
សូមរំឭកថាការស្លាប់របស់លោក ស្រេង ប៊ុនណារ៉េត ដែលជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននោះ គឺបន្ទាប់ពីលោក ឆឹង វីរៈ ដែលជាសមត្ថកិច្ចនគរបាលម្នាក់ទៀ ត ត្រូវបានជនសង្ស័យជួញដូរគ្រឿងញៀន បានបាញ់សម្លាប់នៅនឹងកន្លែងដំបូងគេ នៅគ្រាដែលសមត្ថកិច្ចបានបើកការវាយឆ្មក់បង្រ្កាបកន្លែងជួញដូរគ្រឿងញៀនមួយកន្លែង នៅផ្ទះសំណាក់ឈ្មោះ លីម៉េងថ្មី នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ កាលពីថៃ្ងអង្គារកន្លងទៅថ្មីៗនេះ ។
នៅពេលនោះជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន គឺមានឈ្មោះ កែប សាម៉ុន អាយុ ២៧ឆ្នាំ ។
លោក ស្រេង ទ្បុងឌី បងប្រុសរបស់សព ស្រេង ប៊ុនណារ៉េត បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅកនែ្លងបូជាសពនៅវត្តលង្កាក្នុងទីក្រុងភ្នំពេញ នៅថៃ្ងព្រហស្បតិ៍នេះថា ៖ «ខ្ញុំទាមទារឲ្យតុលាការ រកយុត្តិធម៌ឲ្យបានត្រឹមត្រូវ មិនឲ្យឃ្លាតពីច្បាប់ឡើយ ។ ខ្ញុំឈ្មោះ ស្រេង ទ្បុងឌី ជាបងប្រុសបង្កើត ។ ពលីនេះមិនមែនធម្មតាឡើយ» ។
លោក ជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ មិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ នៅថៃ្ងព្រហស្ប តិ៍នេះ ប៉ុនែ្តប្រភពជិតស្និទ្ធនឹងមន្រ្តីតុលាការបានឲ្យដឹងថា តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជនសង្ស័យនោះ ក្រោមបទល្មើសចំនួនបី គឺអំពើជួញដូរគ្រឿងញៀន អំពើមនុស្សឃាត និងការប្រើប្រាស់អាវុធខុសច្បាប់ ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងជាប្រធានគណៈកម្មាការមហាផ្ទៃ ការពារជាតិ អង្កេតបោសសម្អាត និងមុខងារសាធារណៈរបស់សភាជាតិ បានមានប្រសាសន៍ថា ៖ «ដោយសារតែអំពើពុករលួយដោយសារតែការអនុវត្តច្បាប់មានការទន់ខ្សោយបែបនេះហើយ បានជានៅប្រទេសកម្ពុជាកើតមានបទឧក្រិដ្ឋហើយនិងឃាតកម្មគួរឲ្យសោកស្ដាយ ។ បញ្ហានេះយើងត្រូវតាមដានស៊ើបអង្កេតឲ្យបានដិតដល់ជាទីបំផុត ។ តាមធម្មតាអ្នកជួញគ្រឿងញៀននៅស្រុកខ្មែរមិនមែនធម្មតាទេ ។ ចរាចរណ៍គ្រឿងញៀនឬផលិតគ្រឿងញៀនហ្នឹង មានអ្នកដែលមានអំណាចក្នុងរដ្ឋាភិបាលនៅពីក្រោយខ្នង ។ អ៊ីចឹងបានជាចេះតែធ្វើអ្វីៗ ដោយគ្មានការខ្លាចរអែង ។ នេះគឺបណ្ដាលមកអំពីទន់ភាពដែរ អ៊ីចឹងបានថា រដ្ឋាភិបាលត្រូវប្រយ័ត្នរឿងហ្នឹងឲ្យមែនទែន» ។
លោកអំពាវនាវសុំឲ្យតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសជនសង្ស័យជួញដូរគ្រឿងញៀននោះ ឲ្យបានធ្ងន់ធ្ងរដើម្បីព្រមានទៅជនឧក្រិដ្ឋជួញដូរគ្រឿងញៀនដទៃទៀតឲ្យមានការរាងចាល ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
កម្ពុជាចាត់វិធានការការពារសាក្សីក្នុងរឿងបាញ់សម្លាប់ខ្មែរ២នាក់ក្នុងដីថៃ
ទាហានខែត្រកំពង់ឆ្នាំងរងការចោទថាជំរិតទារប្រាក់ពីអ្នកស្រុក
មនុស្ស៣នាក់ស្លាប់ក្នុងករណីឃាតកម្ម២ផ្សេងគ្នានៅខែត្រកំពង់ចាម
ចោរចូលប្លន់អ្នកលក់មាសដល់ផ្ទះនៅខែត្រសៀមរាប
អ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍ CTN ត្រូវជនមិនស្គាល់មុខបាញ់ស្លាប់
ប៉ូលិសខ្មែរចាប់ខ្លួនបរទេស៣នាក់ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀន
ជ័រកៅស៊ូប្រមាណ២០០តោនត្រូវគេលួចរត់ពន្ធចេញទៅលក់នៅទីផ្សារ
តុលាការខេត្តបាត់ដំបងឃុំខ្លួនបុរស២នាក់ពីបទប្រើអំពើហិង្សា
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ