រហូតមកដល់ពេលនេះមានសមត្ថកិច្ចនគរបាលចំនួនពីរនាក់ហើយបានស្លាប់បាត់បង់ជីវិត ក្រោមបេសកកម្មបង្រ្កាបអំពើជួញដូរគ្រឿងញៀននៅក្នុងទីក្រុងភ្នំពេញ ។
លោក មឹក ដារ៉ា ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផៃ្ទ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងព្រហស្បតិ៍នេះថា អ្នកដែលស្លាប់នោះមានឈ្មោះ ស្រេង ប៊ុនណារ៉េត អាយុ៣៩ឆ្នាំ ដោយសារបានរងរបួសធ្ងន់ ដែលជនសង្ស័យជួយដូរគ្រឿងញៀនបានបាញ់ធ្លាយចង្កេះនិងពោះ ។
លោក មឹក ដារ៉ា បានទទូចសុំឲ្យតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសជនសង្ស័យទាំងនោះ ពីព្រោះជនសង្ស័យបានប្រព្រឹត្តបទល្មើសធំៗចំនួនពីរ គឺអំពើរជួញដូរគ្រឿងញៀន និងអំពើមនុស្សឃាត ។
សូមរំឭកថាការស្លាប់របស់លោក ស្រេង ប៊ុនណារ៉េត ដែលជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននោះ គឺបន្ទាប់ពីលោក ឆឹង វីរៈ ដែលជាសមត្ថកិច្ចនគរបាលម្នាក់ទៀ ត ត្រូវបានជនសង្ស័យជួញដូរគ្រឿងញៀន បានបាញ់សម្លាប់នៅនឹងកន្លែងដំបូងគេ នៅគ្រាដែលសមត្ថកិច្ចបានបើកការវាយឆ្មក់បង្រ្កាបកន្លែងជួញដូរគ្រឿងញៀនមួយកន្លែង នៅផ្ទះសំណាក់ឈ្មោះ លីម៉េងថ្មី នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ កាលពីថៃ្ងអង្គារកន្លងទៅថ្មីៗនេះ ។
នៅពេលនោះជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន គឺមានឈ្មោះ កែប សាម៉ុន អាយុ ២៧ឆ្នាំ ។
លោក ស្រេង ទ្បុងឌី បងប្រុសរបស់សព ស្រេង ប៊ុនណារ៉េត បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅកនែ្លងបូជាសពនៅវត្តលង្កាក្នុងទីក្រុងភ្នំពេញ នៅថៃ្ងព្រហស្បតិ៍នេះថា ៖ «ខ្ញុំទាមទារឲ្យតុលាការ រកយុត្តិធម៌ឲ្យបានត្រឹមត្រូវ មិនឲ្យឃ្លាតពីច្បាប់ឡើយ ។ ខ្ញុំឈ្មោះ ស្រេង ទ្បុងឌី ជាបងប្រុសបង្កើត ។ ពលីនេះមិនមែនធម្មតាឡើយ» ។
លោក ជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ មិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ នៅថៃ្ងព្រហស្ប តិ៍នេះ ប៉ុនែ្តប្រភពជិតស្និទ្ធនឹងមន្រ្តីតុលាការបានឲ្យដឹងថា តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជនសង្ស័យនោះ ក្រោមបទល្មើសចំនួនបី គឺអំពើជួញដូរគ្រឿងញៀន អំពើមនុស្សឃាត និងការប្រើប្រាស់អាវុធខុសច្បាប់ ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងជាប្រធានគណៈកម្មាការមហាផ្ទៃ ការពារជាតិ អង្កេតបោសសម្អាត និងមុខងារសាធារណៈរបស់សភាជាតិ បានមានប្រសាសន៍ថា ៖ «ដោយសារតែអំពើពុករលួយដោយសារតែការអនុវត្តច្បាប់មានការទន់ខ្សោយបែបនេះហើយ បានជានៅប្រទេសកម្ពុជាកើតមានបទឧក្រិដ្ឋហើយនិងឃាតកម្មគួរឲ្យសោកស្ដាយ ។ បញ្ហានេះយើងត្រូវតាមដានស៊ើបអង្កេតឲ្យបានដិតដល់ជាទីបំផុត ។ តាមធម្មតាអ្នកជួញគ្រឿងញៀននៅស្រុកខ្មែរមិនមែនធម្មតាទេ ។ ចរាចរណ៍គ្រឿងញៀនឬផលិតគ្រឿងញៀនហ្នឹង មានអ្នកដែលមានអំណាចក្នុងរដ្ឋាភិបាលនៅពីក្រោយខ្នង ។ អ៊ីចឹងបានជាចេះតែធ្វើអ្វីៗ ដោយគ្មានការខ្លាចរអែង ។ នេះគឺបណ្ដាលមកអំពីទន់ភាពដែរ អ៊ីចឹងបានថា រដ្ឋាភិបាលត្រូវប្រយ័ត្នរឿងហ្នឹងឲ្យមែនទែន» ។
លោកអំពាវនាវសុំឲ្យតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសជនសង្ស័យជួញដូរគ្រឿងញៀននោះ ឲ្យបានធ្ងន់ធ្ងរដើម្បីព្រមានទៅជនឧក្រិដ្ឋជួញដូរគ្រឿងញៀនដទៃទៀតឲ្យមានការរាងចាល ៕
