មេដឹកនាំ​ប្រទេស​ធំៗ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ

ប្រមុខ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ចាប់​ពី​ពេល​ដែល​ព្រះ​បរម​សព​របស់​ព្រះអង្គ ត្រូវ​បាន​បញ្ជូន​មក​ដល់​ព្រះ​បរម​រាជវាំង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា។
ដោយ ទេព សុរ៉ាវី
2012-10-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សីហនុ ៣០៥
ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ត្រូវ​បាន​ដង្ហែ​មក​ដល់​វិមាន​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២។
RFA/Tep Soravy

ក្នុង​រយៈពេល​នៃ​ពិធី​បុណ្យ​កាន់​ទុក្ខ​ជា​ផ្លូវ​ការ ៧​ថ្ងៃ នៃ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​មេដឹកនាំ​បរទេស និង​ប្រទេស​អាស៊ាន​ជា​ច្រើន ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​អង្គ​នៅ​ព្រះ​បរម​រាជវាំង។

នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) បាន​ក្លាយ​ជា​មេដឹកនាំ​ដំបូង​បង្អស់​ដែល​បាន​ធ្វើ​ដំណើរ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មក​គោរព​ព្រះ​បរម​សព​របស់​ព្រះអង្គ​មុន​គេ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា។ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ឯកឧត្តម ថងស៊ីង ថាំម៉ាវង់ (Thongsing Thammavong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក៏​បាន​មក​គោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ក្នុង​ព្រះ​បរម​រាជវាំង​ដែរ។ វេន​ជា​បន្ត​ក្នុង​ថ្ងៃ​ដដែល អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​ថៃ បាន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដោយ​មាន​អម​នឹង​គណៈ​ប្រតិភូ​ចូល​រួម​ជាមួយ។

ក្នុង​ដំណើរ​ដដែល ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហបុរី លោក ហ្វេលីស៊ីអាណូ ប៊ែលម៉ុនតេ (Feliciano R. Belmonte JR) ប្រធាន​រដ្ឋ​សភា​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​បេសកជន​ពិសេស​របស់​លោក ប៊ែនីកណូ អាគីណូ ទី​៣ (Benigno S. Aquino III) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោក យ៉ាង ហៀងស៊ើប (Yang Hyong-Sop) អនុ​ប្រធាន​សភា​ប្រជាជន​ជាន់​ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ក៏​បាន​ចូល​រួម​គារវកិច្ច​គោរព​ព្រះ​បរម​សព​របស់​អង្គ មុន​នឹង​ប្រមុខ​ដឹកនាំ​ទាំង​នោះ​ចូល​ជួប​សំដែង​ការ​គួរ​សម​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅ​ថ្ងៃ​ទី​២២ ជា​ថ្ងៃ​ទី​៦ នៃ​ពិធី​កាន់​មរណទុក្ខ​ជា​ផ្លូវការ លោក សៃ ម៉ូកខាំ (Sai Mauk Kham) អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា និង​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Dr. R. M. Marty M.Natalegawa) រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ក៏​បាន​អញ្ជើញ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ដែរ។

តាម​កាលវិភាគ​របស់​ក្រសួង​ការបរទេស លោក ចាម៉ាល់ រ៉ាចាផាក់សា (Hon. Chamal Rajapaksa) ប្រធាន​សភា​នៃ​សាធារណៈ​ប្រជាធិបតេយ្យ​សង្គម​និយម​ស្រីលង្កា នឹង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា។

បណ្ដា​ប្រទេស​មហា​អំណាច​​សេដ្ឋកិច្ច​ធំៗ​នៅ​លើ​ពិភពលោក មាន​បារាំង អាមេរិក និង​សហគមន៍​អឺរ៉ុប មិន​បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដោយ​ផ្ទាល់​ទេ តែ​បាន​ផ្ញើ​សារ​រំលែក​មរណទុក្ខ ដោយ​បញ្ជាក់​ស្រដៀង​គ្នា​ពី​ភាព​ក្លៀវក្លា​នៃ​ព្រះ​រាជ​ដឹក​នាំ​​របស់​ព្រះអង្គ ដើម្បី​សេរីភាព និង​ការ​ប្រឆាំង​ដោយ​សន្តិភាព​ ទទួល​បាន​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា។

ក្រៅ​ពី​មេដឹកនាំ​បរទេស កាលវិភាគ​នៃ​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​ឪ ក៏​មាន​សភាព​មមាញឹក​ ខ្លាំង​ណាស់​ដែរ​សម្រាប់​ស្ថាប័នរដ្ឋ​នៅ​ក្នុង​ស្រុក។ មាន​មន្ត្រី​រដ្ឋាភិបាល​មក​ពី ២៦​ស្ថាប័ន បាន​ដាក់​វេន​គ្នា​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​សម្តេច​ឳ​ជា​បន្តបន្ទាប់។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះ​បរម​រាជវាំង​នោះ ក៏​នៅ​តែ​បន្ត​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ​នៅ​មុខ​ព្រះ​បរម​រាជវាំង និង​នៅ​គ្រប់​ទិសទី​ពេញ​ផ្ទៃ​ប្រទេស។

នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង នា​ល្ងាច​ថ្ងៃ​ទី​២០ តុលា កន្លង​ទៅ ព្រះសង្ឃ​ពី​គ្រប់​ឋានានុក្រម ៥.០០០​អង្គ និង​ពុទ្ធបរិស័ទ​រាប់​ម៉ឺន​នាក់ បាន​សូត្រ​ធម៌​តាម​បែប​ព្រះពុទ្ធ​សាសនា បួង​សួង​សុំ​ឲ្យ​ទេវតា​នាំ​យក​មហា​កុសល​ថ្វាយ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ។ នៅ​ក្នុង​ពិធី​នោះ ព្រះសង្ឃ​គង់​ជា​ជួរៗ តាំង​សមាធិ​រយៈពេល ៣០​នាទី បន្ទាប់​មក​សូត្រ​ធម៌​បង្សុកូល​ថ្វាយ​ទៅ​ព្រះ​បរម​សព។ គេ​ចាត់​ទុក​ការ​ជួបជុំ​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​នេះ ជា​ការ​ជួបជុំ​ធំ​ជាង​គេ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ព្រះញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ មាន​ថេរដីកា​ថា មូលហេតុ​ដែល​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រៀបចំ​ពិធី​ជួប​ជុំ​ធំ​នេះ ធ្វើ​ឡើង​ដើម្បី​សមាធិ​ចិត្ត និង​ប្រមូល​ព្រះ​រាជ​កុសល​ថ្វាយ​ដល់​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ៖ «គោលបំណង​សំខាន់​នោះ គឺ​ប្រមូល​នូវ​ព្រះ​រាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ប៉ុន្តែ​សម្រាប់​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​សម្រាប់​គោរព​ព្រះពុទ្ធ​សាសនា មាន​តែ​បុណ្យ​កុសល​ដ៏​ពិសេស​រួម​គ្នា​ធ្វើ​សមាធិ​ចិត្ត​ឲ្យ​ស្ងប់»

ក្នុង​ព្រះ​រាជ​ពិធី​កាន់​មរណទុក្ខ​ជា​ផ្លូវការ​រយៈពេល ៧​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ចាស់ៗ​មក​ពី​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន បាន​មក​អុជ​ធូប​ថ្វាយ​ព្រះអង្គ និង​មាន​ខ្លះ​តាំង​ទី​សម្រាក​នៅ​មុខ​ព្រះ​បរម​រាជវាំង​តែម្ដង។

យុវជន និង​ស្ត្រី​វ័យ​កណ្ដាល​មួយ​ចំនួន បាន​កោរសក់​បំបួស​មុខ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះអង្គ ដើម្បី​ជា​ការ​ដឹង​គុណ​ដែល​ព្រះ​ករុណា​បាន​ទាមទារ​ទឹក​ដី និង​ឯករាជ្យ​ជូន​ប្រទេស​កម្ពុជា។

មាន​រឿង​គួរ​ឲ្យ​កត់​សំគាល់​ផ្សេង​ទៀត​ក្នុង​ពិធី​កាន់​ទុក្ខ ដោយ​មាន​ប្រជាពលរដ្ឋ និង​ក្រុម​យុវ​សិស្ស​បាន​ចែក​ទឹក​សុទ្ធ និង​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ចូល​រួម​ដែល​ព្រឹត្តិការណ៍​មនុស្ស​ធម៌​បែប​នេះ គេ​កម្រ​នឹង​ឃើញ​កើត​ឡើង។

ក្រុម​យុវជន​ដែល​ចែក​ទឹក​សុទ្ធ​ឥត​គិត​ថ្លៃ​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា កាល​ពី​ថ្ងៃ​ដំបូង​ពួក​គេ​បាន​រៃអង្គាស​ប្រាក់​គ្នា ដើម្បី​ទិញ​បាយ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​មុខ​វាំង តែ​ក្រោយ​មក​ដោយ​បញ្ហា​កង្វះ​ថវិកា ពួកគេ​បាន​ប្ដូរ​មក​ចែក​ទឹក​សុទ្ធ​ជំនួស។

យុវជន​ទាំង​នោះ​បន្ត​ថា ក្នុង​រយៈពេល ៣​ថ្ងៃ ពួក​គេ​បាន​ចំណាយ​ប្រាក់​ជិត ១.៥០០​ដុល្លារ ជា​បច្ច័យ​មនុស្សធម៌​របស់​ក្រុម​និស្សិត ទុក​ទិញ​ទឹក​ចែក​ជូន​ចាស់ៗ​ដែល​មក​ពី​ចម្ងាយ និង​ដើម្បី​រួម​ចំណែក​បញ្ជូន​កុសល​ថ្វាយ​អតីត​ព្រះ​មហាក្សត្រ៖ «ពួក​ខ្ញុំ​ក៏​នាំ​គ្នា​រៃអង្គាស​ប្រាក់​គ្នា មាន​ជំនួយ​ពី​ក្រៅ​ខ្លះ​ពី​ពួក​ខ្ញុំ​ខ្លះ ដើម្បី​ចូល​រួម​ទិញ​ជា​របស់​ដើម្បី​ចែក​ជូន​ពួកគាត់​ដោយ​ឥត​គិត​ថ្លៃ។ មូលហេតុ​ដែល​សំខាន់​គឺ​យើង​ចង់​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឲ្យ​ព្រះ​ករុណា​ព្រះបាទ នរោត្តម សីហនុ»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ សំ រតនា អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​នៅ​ច្បារ​អំពៅ បាន​យក​បាយ​កញ្ចប់ មាន​ម្ហូប និង​ទឹក​ជាង ១០០​កញ្ចប់ មក​ចែក​ជូន​ចាស់ៗ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឲ្យ​ដឹង​ថា គាត់​ធ្វើ​បុណ្យ​ជាមួយ​ចាស់ៗ ក្នុង​គោលបំណង​បញ្ជូន​កុសល​ដែល​បាន​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ​មហាក្សត្រ​ទាំង​អស់៖ «ជា​កុសល​ផល​បុណ្យ​ទាំង​អស់​គ្នា រួម​គ្នា»

នៅ​មាន​ការ​ចែក​ជូន​បូ​ខ្មៅ​សម្រាប់​កាន់​ទុក្ខ​ដោយ​ឥត​គិត​ថ្លៃ ចែក​អាវ​យឺត​ដែល​មាន​រូប​ព្រះ​ឆាយាល័ក្ខណ៍។ ប៉ុន្តែ​នៅ​មាន​ជន​ឱកាស​និយម​មួយ​ចំនួន ឆ្លៀត​ធ្វើ​អាជីវកម្ម​ក្នុង​ពិធី​កាន់​ព្រះ​មរណទុក្ខ​ដោយ​មាន​ការ​ដំឡើង​ថ្លៃ​ធូប ទៀន និង​ផ្កា​ឈូក ជា​គ្រឿង​សក្ការ​បូជា​ចាំបាច់ ពី ២​ពាន់ ដល់ ៥​ពាន់​រៀល​ក្នុង​មួយ​បាច់។ ការ​ដំឡើង​ថ្លៃ​ផ្ញើ​ម៉ូតូ​ពី ១​ពាន់​រៀល ដល់ ៤​ពាន់​រៀល និង​ការ​ធ្វើ​អាជីវកម្ម​លក់​រូប​សម្ដេច​ឪ​ជា​ហូរហែ​តាម​ចិញ្ចើម​ផ្លូវ​ទៅ​កាន់​ព្រះ​បរម​រាជវាំង។

លោក វណ្ណ ជា​អ្នក​លក់​រូប​ព្រះអង្គ​នៅ​មុខ​វាំង ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​គាត់​អាច​លក់​រូប​អតីត​ព្រះ​មហាក្សត្រ​បាន​ជាង ១​ពាន់​សន្លឹក ដែល​រូប​ខ្លះ​តម្លៃ​ពី ១​ពាន់ ដល់ ១​ពាន់​៥​រយ​រៀល និង​រូប​មាន​ដាក់​ស៊ុម​រូបថត​ស្រាប់ តម្លៃ ១​ម៉ឺន​រៀល។

លោក​បន្ត​ថា ក្នុង​រយៈពេល​កាន់​ទុក្ខ ៧​ថ្ងៃ​នេះ គាត់​អាច​លក់​រូប​បាន​ជាង ៦​ពាន់​សន្លឹក​ហើយ៖ «មូលហេតុ​មក​ពី​ឃើញ​រូប​វា​ស្តែងៗ ហើយ​រូប​ពី​ដើមៗ​អ៊ីចឹង យើង​មិន​ដែល​បាន​ឃើញ។ ណា​មួយ​យើង​លក់​ទៅ​បាន​ចែក​ចាយ​ដល់​បង​ប្អូន​ដែល​ទិញ​មក ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​ក្រែង​លោ​អត់​បាន​ស្គាល់​រូប​គាត់។ ជួន​កាល​អ្នក​ទិញ ជា​ម្ដាយ ជា​យាយ​ទៅ គាត់​ប្រាប់​ចៅ​ប្រាប់​កូន​តៗ​គ្នា​ទៀត»

សម្រាប់​អ្នកស្រី អៀម ម៉ាលី មក​ពី​ខេត្ត​កណ្ដាល ដែល​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​ព្រះអង្គ​នៅ​មុខ​វាំង បាន​ទិញ​រូប​ព្រះអង្គ ដោយ​មាន​ជំនឿ​ថា ការ​តាំង​រូប​ព្រះអង្គ​ក្នុង​ផ្ទះ​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជួប​សុខ​សប្បាយ ថ្កុំថ្កើន និង​មាន​សេរី​សួស្ដី​ដល់​សង្គម​ជាតិ៖ «មាន​ដាក់​ផ្ទះ​ដែរ ប៉ុន្តែ​ដល់​ពេល​សុគត​អ៊ីចឹង​រឹតតែ​ចង់​បាន​ថែម​ទៀត យក​ទៅ​ដាក់​ឲ្យ​បាន​ច្រើន ឲ្យ​ត្រជាក់ត្រជំ​នៅ​ក្នុង​ផ្ទះ​យើង»

ឯក​សារ​​ពី​ព្រះ​បរម​រាជ​វាំង បាន​បង្ហាញ​ថា​ ព្រះរាជ​សមិទ្ធិផលសង្គម​ជា​ច្រើន​ដែល​​ត្រូវ​បាន​កសាង​​ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដូច​ជា​​វិមាន​ឯករាជ្យ​ ផ្លូវ​ជាតិ ផ្លូវ​ដែក កំពង់ផែ អាកាសយានដ្ឋាន រោងចក្រ ពហុកីឡាដ្ឋាន សាល​សន្និសីទ និង​មហាវិទ្យាល័យ​ជា​ដើម សរុប​មាន​ចំនួន​ជាង ៤០​សមិទ្ធផល​សំខាន់ ដែល​បាន​បន្សល់​ទុក។ ព្រះអង្គ​បាន​សោយទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំង​បេះដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។

រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ ដោយ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​កាន់​ទុក្ខ​ផ្លូវការ​ក្នុង​រយៈពេល ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា។ ព្រះ​បរម​សព​ព្រះបាទ នរោត្តម សីហនុ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​រយៈពេល​មិន​តិច​ជាង ៣​ខែ។ ក្នុង​អំឡុង​ពេល​នោះ ភ្ញៀវ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ មាន​សិទ្ធិ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​បាន។ រី​ឯ​កាលបរិច្ឆេទ​នៃ​ការ​បូជា​ព្រះ​បរម​សព ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះអង្គ នឹង​សម្រេច​តាម​ក្រោយ៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល