ជប៉ុន គ្រោង​រៀបចំ​ពិព័រណ៍​ការងារ សម្រាប់​យុវជន​កម្ពុជា

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​បរទេស​មួយ​ចំនួន បាន​ចូល​មក​វិនិយោគ ឬ​បើក​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

0:00 / 0:00

ទាក់ទង​និង​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​១៨ កក្កដា​ខាង​មុខ​នេះ មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា ជប៉ុន គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ការងារ​ក្រុមហ៊ុន​ជប៉ុន សម្រាប់​ផ្ដល់​ឱកាស​ការងារ ដល់​ក្រុម​យុវជន​កម្ពុជា ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​នោះ។

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន សហការ​នឹង​ស្ថាប័ន​ចំនួន​ពីរ​ផ្សេង​ទៀត គ្រោង​នឹង​រៀបចំ​ពិពណ៌នា​ការងារ នៅ​សាល​អង្គរ គីហ្សូណា ស្ថិត​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ ក្រុមហ៊ុន​ជប៉ុន​ចំនួន ៣៣ ចូលរួម​ធ្វើ​ការ​តាំង​ពិព័រណ៍។

បុគ្គលិក​ផ្នែក​ផ្លាស់​ប្ដូរ​វប្បធម៌ និង​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន កញ្ញា គង់ សូលីណា មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​១២ កក្កដា​ថា ការ​រៀបចំ​តាំង​ពិព័រណ៍​ការងារ​នេះ ក្នុង​គោលបំណង​សំខាន់ គឺ​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ប្រមាណ ៧០០ នាក់ ទៅ​ចូលរួម​នោះ ដែល​មាន​បំណង​ចង់​ធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន ដែល​ក្រុមហ៊ុន​មួយ​ចំនួន​ទើប​បើក​ថ្មី និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត បាន​ដំណើរ​ការ​យូរ​មក​ហើយ។

កញ្ញា គង់ សូលីណា៖ «ដើម្បី​ឲ្យ​អ្នក​ចូលរួម​មាន​បំណង​ចង់​ដាក់​ពាក្យ​ធ្វើការ​ត្រូវ និង​ជំនាញ​ច្បាស់លាស់ ទៅ​តាម​ជំនាញ​សិក្សា មិន​មែន​ថា គាត់​ចេះ​តែ​ដាក់ៗ ទៅ​នោះ​ទេ។ មាន​ន័យ​ថា បើ​និស្សិត​ចូលរួម​នោះ គាត់​ចាប់​អារម្មណ៍​នឹង​ក្រុមហ៊ុន​ណា គាត់​អាច​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​តែ​ម្ដង»។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​តាំង​ពិព័រណ៍​នេះ ផ្ដល់​ឱកាស​ការងារ​ដល់​យុវជន​មែន​នោះ វា​ជា​ការ​ប្រសើរ សម្រាប់​យុវជន ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ។

លោក ជាង សុខា៖ «ការ​ចូលរួម​នោះ មាន​ឱកាស​ការងារ​ហ្នឹង​ទំហំ​ប៉ុន្មាន​ណា? ម្យ៉ាង​ទៀត ការ​ចូលរួម​ហ្នឹង គ្រាន់​តែ​ឲ្យ​យុវជន​ហ្នឹង ចាប់​អារម្មណ៍ និង​ក្រុមហ៊ុន​របស់​ខ្លួន ឬ​ការ​ផ្ដល់​ការងារ​ពិត​ប្រាកដ​ឲ្យ​យុវជន។ បញ្ហា​នេះ យុវជន​ខ្លួន​ឯង ត្រូវ​សិក្សា​ខ្លួន​ឯង»។

ការ​រៀបចំ​ពិព័រណ៍​នេះ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន សហការ​ជាមួយ​ស្ថាប័ន​ពីរ​ផ្សេង​ទៀត រួម​មាន សមាគម​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា និង​ដេប៉ាតឺម៉ង់​ភាសា​ជប៉ុន នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

កញ្ញា គង់ សូលីណា បាន​បន្ថែម​ថា ការ​តាំង​ពិព័រណ៍​ការងារ​នេះ ប្រជា​ពលរដ្ឋ ឬ​យុវជន​ទាំង​អស់ មាន​សិទ្ធិ​ចូលរួម​គ្រប់ៗ គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា។ កញ្ញា សូលីណា ពន្យល់​ថា ប្រសិន​បើ​យុវជន​ណា​ចង់​ស្វែងរក​ការងារ​ធ្វើ ត្រូវ​ភ្ជាប់​ប្រវត្តិរូប​សង្ខេប ឬ (CV) ទៅ​ជា​មួយ ដើម្បី​ដាក់​ពាក្យ​សុំ​ធ្វើ​ការ។ នៅ​ពេល​នោះ ប្រសិន​បើ​ក្រុមហ៊ុន​ចាប់​អារម្មណ៍​ទៅ​លើ​បុគ្គល​ណា​ម្នាក់ គេ​នឹង​ធ្វើ​សម្ភាសន៍ នៅ​ពេល​តាំង​ពិព័រណ៍​នោះ​តែ​ម្ដង។ ដោយ​ឡែក ប្រសិន​បើ​ខាង​ក្រុមហ៊ុន​សម្ភាសន៍​មិន​ទាន់ គេ​អាច​ទាក់​ទង ដើម្បី​ធ្វើ​សម្ភាសន៍​ផ្ដល់​ការងារ​នៅ​ពេល​ក្រោយ​ពិធី​តាំង​ពិព័រណ៍​នោះ។

លោក ជាង សុខា អះអាង​ថា យុវជន​កម្ពុជា​មាន​អាយុ​ចន្លោះ​ពី ១៥ ឆ្នាំ ទៅ ៣០​ឆ្នាំ មាន​ជាង ៤ លាន​នាក់។ ក្នុង​នោះ យុវជន​ភាគ​ច្រើន​មិន​មាន​ជំនាញ​ច្បាស់លាស់។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​នោះ មាន​យុវជន​ប្រមាណ ២៦% ទៅ ២៧% ទេ ដែល​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ធ្វើ​ការ​ត្រូវ​ជំនាញ​របស់​ខ្លួន និង​មាន​ប្រាក់​ខែ​នោះ។

លោក ជាង សុខា បាន​លើក​ឡើង​ទៀត​ថា បញ្ហា​យុវជន​កម្ពុជា គ្មាន​ជំនាញ​ពិត​ប្រាកដ​នេះ ជា​កត្តា​រាំង​ស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ពិសេស​ទៅ​ទៀត​នោះ យុវជន​កម្ពុជា​មិន​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ការងារ​ជា​មួយ​យុវជន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ទេ នៅ​ឆ្នាំ ២០១៥ ខាង​មុខ នៅ​ខណៈ​ដែល​គេ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។