ពិសេសទៅទៀត ដើម្បីរកមធ្យោបាយក្នុងការអភិវឌ្ឍន៍ធនធានយុវជន ឲ្យដើរតាមសង្គមនៅពេលបច្ចុប្បន្ន។
ការជំរុញឲ្យក្មេងៗ ទៅសាលារៀន និងការរៀបចំផែនការសិក្សាប្រចាំថ្ងៃរបស់យុវជន ដែលកំពុងសិក្សានៅពេលបច្ចុប្បន្នឲ្យបានច្បាស់លាស់ ជាស្ពានមួយនាំឲ្យជីវិតទទួលបានជោគជ័យ។
ការថ្លែងដូច្នេះ នៅក្នុងកម្មវិធីជជែកវែកញែកមួយឈ្មោះថា អាយថក (Italk) ដែលគេរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅថ្ងៃទី១៥ កក្កដា រាជធានីភ្នំពេញ មាននិស្សិតចូលរួមជាង ២០០នាក់។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យមួយនៃប្រទេសម៉ាឡេស៊ី ដែលអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីនេះ លោក អាប់ឌុលរ៉ោះម៉ាន មានប្រសាសន៍ថា យុវជនទាំងអស់ ត្រូវរៀបចំផែនការរបស់ខ្លួនក្នុង ការរស់នៅប្រចាំថ្ងៃ ឬផែនការការសិក្សារាល់ថ្ងៃ ដើម្បីកំណត់ពេលវេលារបស់ខ្លួនឲ្យបានជាក់លាក់ក្នុងការសិក្សា ជាជាងចំណាយពេលវេលាច្រើនតែគ្មានគុណភាព។
នៅក្នុងកម្មវិធី អាយថក មានសិស្សនិស្សិត មន្ត្រីរដ្ឋាភិបាល តំណាងរាស្ត្រ សាស្ត្រាចារ្យមកពីបរទេស និងមន្ត្រីច្បាប់ចូលរួម នៅក្នុងកម្មវិធីនេះ។
អ្នករៀបចំកម្មវិធី អាយថក និងជាប្រធានកម្មវិធីវិទ្យុផ្សាយជាភាសាចាម លោក ស្លេះ ណាស៊ី បានពន្យល់ថា ការរៀបចំកម្មវិធីអាយថកនេះជាលើកដំបូងហើយ សម្រាប់យុវជនជនជាតិចាម។ ការរៀបចំកម្មវិធីនេះឡើង មានគោលបំណងសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ របស់ក្រុមនិស្សិតជនជាតិចាម និងលើកពីបញ្ហាកំពុងជួបប្រទះ នៅក្នុងសហគមន៍ទៅថ្នាក់ដឹកនាំរបស់ខ្លួន។
ប្រធានកម្មវិធីនៃអង្គការ ខេប (Kepe) នៅខែត្រកំពង់ចាម កញ្ញា ហឹម ម៉ារី បានលើកឡើងថា ទោះបីជាបច្ចុប្បន្ននេះ និស្សិតជនជាតិចាម មានចំនួនច្រើនកំពុងបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សាក្ដី ប៉ុន្តែ អត្រាសិស្សបោះបង់ការសិក្សា នៅមានចំនួនច្រើននៅពេលបច្ចុប្បន្ន។
កញ្ញា ហឹម ម៉ារី បានបង្ហាញរបាយការណ៍ថា ខែត្រកំពង់ចាមមានប្រជាពលរដ្ឋសរុបជាង ១ លាននាក់ ក្នុងនោះមានជនជាតិចាមប្រមាណ ៣%។ ម៉ារី បានបន្ថែមថា ក្មេងៗ ជនជាតិចាមបោះបង់ការសិក្សា អាយុពី ៦ ឆ្នាំទៅ ១១ឆ្នាំ មាន ៥៣% អាយុពី ១២ឆ្នាំ ទៅ ១៤ឆ្នាំ បោះបង់ការសិក្សាមាន ១២% និងក្មេងអាយុ ពី ១៥ឆ្នាំទៅ ១៧ឆ្នាំបោះបង់ការសិក្សាមានចំនួន ១៨%។
ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកច្បាប់ លោក នាគ សាគីរីន បានឲ្យដឹងថា នៅក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ យុវជនជនជាតិចាម បានមកបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា នៅក្នុងទីក្រុងភ្នំពេញបានកើនឡើងជាបន្តបន្ទាប់។ លោក នាគ សាគីរីន បានអះអាងថា ដើម្បីឲ្យមានការអភិវឌ្ឍន៍សហគមន៍ ឬអភិវឌ្ឍន៍ប្រទេសទៅបាន លុះត្រាតែមានការអភិវឌ្ឍន៍ធនធានយុវជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។