វេទិកានេះ មានគោលដៅចង់ឲ្យយុវជនមានការយល់ដឹងកាន់តែច្រើនថែមទៀត ចំពោះបញ្ហាដីធ្លីនៅកម្ពុជា និងចង់ឲ្យយុវជនមានសំឡេងក្នុងការជួយរកដំណោះស្រាយបញ្ហាក្នុងសហគមន៍របស់ពួកគេកំពុងរស់នៅ។
អង្គការធ្វើការក្នុងវិស័យលើកកម្ពស់យុវជនកម្ពុជា បានមើលឃើញថា យុវជនបច្ចុប្បន្នខ្វះការចូលរួមក្នុងការងារសង្គម និងជំរុញឲ្យយុវជនចូលរួមដោះស្រាយបញ្ហាដីធ្លី និងលំនៅឋាននៅកម្ពុជា ដែលកំពុងកើតមានឡើងយ៉ាងក្ដៅគគុក។
បណ្ដាញយុវជននៅតាមសហគមន៍មួយចំនួនក្នុងប្រទេសកម្ពុជា ប្រមាណ ២០០នាក់ បានចូលរួមនៅក្នុងវេទិកាយុវជន ស្ដីពីដីធ្លី និងលំនៅឋាន ដែលរៀបចំដោយអង្គការស្ម័គ្រចិត្តដើម្បីសង្គម ស៊ី.វ៉ី.អេស (CVS) នៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១២ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌កូរ៉េ រាជធានីភ្នំពេញ។
មន្ត្រីកម្មវិធីយុវជននៃអង្គការស្ម័គ្រចិត្តដើម្បីសង្គម កញ្ញា សេក ផារី មានប្រសាសន៍ថា ការរៀបចំឲ្យមានវេទិកាយុវជននេះ គឺដោយសារឃើញថាយុវជនបច្ចុប្បន្នមិនសូវបានចូលរួមក្នុងសកម្មភាពសង្គមនោះទេ។ រីឯគោលបំណងនៃការរៀបចំឲ្យមានវេទិកានេះ គឺចង់ឲ្យយុវជនមានការយល់ដឹងពីបញ្ហាដីធ្លី និងមានសំឡេងយុវជនក្នុងការជួយរកដំណោះស្រាយបញ្ហាជាមួយសហគមន៍របស់ពួកគេកំពុងរស់នៅ។
កញ្ញា សេក ផារី៖ «យុវជន គឺសំខាន់ណាស់ ពាក់ព័ន្ធនឹងតួនាទីរបស់គាត់ជាមួយសហគមន៍របស់គាត់ ពីព្រោះថា យុវជនគឺងាយនឹងរងគ្រោះ ទី១ ទៅលើស្មារតី ទី២ ទាក់ទងទៅលើការសិក្សារបស់គាត់ថានឹងអាចប៉ះពាល់ដែរនៅពេលដែលគាត់បណ្ដេញចេញ។ ប៉ុន្តែពួកគាត់អត់យល់ថានេះជាបញ្ហារបស់ពួកគាត់ទេ»។
និស្សិតផ្នែកច្បាប់ម្នាក់ ដែលចូលរួមក្នុងវេទិកាយុវជន មកពីសហគមន៍ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យុវតី ឡី ស្រីម៉ុច មានទស្សនៈថា បញ្ហាដីធ្លីពុំមែនជាបញ្ហាតែរបស់មនុស្សចាស់នោះទេ យុវជនក៏ត្រូវតែចូលរួមដោះស្រាយបញ្ហាដីធ្លីដែរ។
យុវតី ឡី ស្រីម៉ុច៖ «រួមគ្នាយល់ដឹងពីបញ្ហាដីធ្លីក្នុងសហគមន៍ និងរួមគ្នាត្រូវរកវិធីសាស្ត្រ យុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីរកដំណោះស្រាយជារួមនៅក្នុងសហគមន៍គាត់ទាក់ទងបញ្ហាដីធ្លី បើសិនជាគាត់រស់នៅដោយការអសុវត្ថិភាពដីធ្លី តើគាត់ត្រូវរកវិធីបែបណាដើម្បីធ្វើម៉េចឲ្យការរស់នៅហ្នឹង វាប្រកបដោយសុវត្ថិភាពឡើងវិញ»។
ចំណែកប្រធានកម្មវិធីដីធ្លីនៃអង្គការ ជី.អាយ.ហ្សិត (GIZ) លោក ហ្វ្រេន ហ្វូលគ័រ មូល័រ (Franz Volker Muller) បានថ្លែងថា វេទិកានេះនឹងផ្ដល់ឲ្យយុវជនមានការយល់ដឹងថែមទៀតពីបញ្ហាដីធ្លី អំពីបញ្ហាលំនៅឋាន ហើយក៏ជាប្រយោជន៍ឲ្យយុវជន និងសហគមន៍មានការសាមគ្គីគ្នាអាចពិភាក្សាគ្នាកំណត់ការចូលរួមក្នុងការអនុវត្ត និងអភិវឌ្ឍសហគមន៍របស់ពួកគេនៅពេលអនាគត។
លោក ហ្វ្រេន ហ្វូលគ័រ មូល័រ៖ «យុវជន គឺជាអនាគតនៃប្រទេសជាតិ។ កម្ពុជា គឺជាប្រទេសមួយមានប្រជាធិបតេយ្យ ហើយមានការចូលរួមពីសង្គមស៊ីវិល ធ្វើឡើងដើម្បីឲ្យប្រជាធិបតេយ្យនេះ មានស្ថិរភាពយូរអង្វែង។ ប្រជាធិបតេយ្យ គឺអាស្រ័យទៅលើមតិភាគច្រើន ហើយមតិភាគច្រើនបំផុតនៅប្រទេសកម្ពុជា យើង គឺមានចំនួនច្រើន។ ដូច្នេះ គឺថាជាយុវជនមានចំនួនដ៏ច្រើនលើសលុបនេះ សូមចាប់ផ្ដើមនូវការទទួលខុសត្រូវនឹងភារកិច្ចរបស់យើងចាប់ពីពេលនេះតទៅ»។
របាយការណ៍របស់សមាគមអាដហុក (Adhoc) ឆ្នាំ២០១១ បានឲ្យដឹងថា សហគមន៍ចំនួន ១២៧សហគមន៍នៅទូទាំងប្រទេស មានប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសារ ត្រូវបានបណ្ដេញចេញដោយបង្ខំ។ ដោយឡែក ពលរដ្ឋក្នុងសហគមន៍ដែលបានបណ្ដេញចេញជាង ១០០សហគមន៍ មាន ៨១សហគមន៍នៅក្នុងរាជធានីភ្នំពេញប្រមាណ ៣ម៉ឺនគ្រួសារទៀត កំពុងប្រឈមការបណ្ដេញចេញនៅពេលអនាគត។
ចំណែកអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អិន.ជី.អូ.ហ្វ័រ៉ម (NGO Forum) ឆ្នាំ២០១១ ឲ្យដឹងថា ទំនាស់ដីធ្លីមានចំនួន ២៨៤ករណី ប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៥ម៉ឺនគ្រួសារ ដែលក្នុងរឿងរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
ប្រទេសកម្ពុជា មានយុវជនចំនួន ៣៣% គឺស្មើនឹងជាង ៤លាននាក់នៃប្រជាជនសរុប ១៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។