មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយក្រុមនិស្សិតកម្ពុជា បានអះអាងថា យុវជនបច្ចុប្បន្នពុំទទួលបានចំណេះដឹងក្នុងវិស័យឧស្សាហកម្មធនធានរ៉ែធម្មជាតិ ឲ្យបានទូលំទូលាយនោះទេ ដែលបញ្ហានេះទាមទារឲ្យមានការចូលរួមក្នុងវិស័យនេះ ព្រោះយុវជនគឺជាកម្លាំងជំរុញក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិទាំងមូល។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន វាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា មានប្រសាសន៍ថា ចំណេះដឹងពីវិស័យធនធានធម្មជាតិរបស់សិស្សានុសិស្ស ជាពិសេសនិស្សិតនៅតាមសាកលវិទ្យាល័យ គឺនៅមានកម្រិតនៅឡើយ ព្រោះពួកគេគ្មានឱកាសចូលរួមទទួលបានព័ត៌មានស្ដីពីបញ្ហានេះទេ។
លោកថា សំខាន់ជាងនេះទៅទៀត គឺមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយ។ មានមូលហេតុមួយទៀតនោះគឺ ការទាញយកចំណូលពីវិស័យនេះ វាមានលក្ខណៈបច្ចេកទេស ហើយវិស័យនេះទៀតសោត វាហាក់ដូចជានៅឆ្ងាយពីតម្រូវការដោយផ្ទាល់របស់យុវជន ដូច្នេះហើយ នាំឲ្យយុវជនខ្លួនឯងពុំចាប់អារម្មណ៍។
លោក ជាង សុខា៖ «និយាយជារួមទៅ ធនធាននេះជាធនធានរួមសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា មិនថាតែយុវជនទេ។ អ៊ីចឹងហើយ ដាច់ខាតក្នុងនាមជាពលរដ្ឋ យើងត្រូវតែដឹងអំពីការវិវឌ្ឍនៃវិស័យឧស្សាហកម្មនិស្សារណកម្មហ្នឹង ថាតើវិស័យនេះវាកំពុងតែវិវឌ្ឍទៅដល់ណា ហើយធនធានដែលប្រមូលបាន ឬក៏ទាញបានពីវិស័យនេះ នឹងប្រើប្រាស់របៀបម៉េច សម្រាប់ប្រយោជន៍ជារួម ក្នុងប្រទេសកម្ពុជាយើង។ អ៊ីចឹង ការយល់ដឹងរបស់ប្រជាពលរដ្ឋ រួមទាំងយុវជនហ្នឹង ពិតជាមានសារសំខាន់ក្នុងការចូលរួមធានាបាននូវតម្លាភាព និងគណនេយ្យភាព និងការបែងចែកផលប្រយោជន៍រួមស្មើៗគ្នានៅក្នុងសង្គមជារឿងចាំបាច់»។
ថ្វីត្បិតតែធនធានធម្មជាតិមានសារសំខាន់យ៉ាងនេះក្ដី សូម្បីតែពាក្យពេចន៍ប្រើប្រាស់ក្នុងវិស័យនេះ ក៏ជាកត្តាឧបសគ្គដល់និស្សិតដែរ។ ដូចជាពាក្យថា ឧស្សាហកម្មនិស្សារណកម្ម និយាយទៅកាន់និស្សិតភាគច្រើន ពួកគាត់ហាក់ដូចជាពុំសូវជាយល់អំពីអត្ថន័យនេះទេ ប៉ុន្តែបើប្រើពាក្យថា រ៉ែ ប្រេង ឧស្ម័ន រ៉ែមាស និងពេជ្រ ជាដើមនោះ ពួកគេអាចយល់ច្បាស់ជាង។
និស្សិត ជៀវ សំណាង អាយុ២១ឆ្នាំ រៀនផ្នែកគ្រប់គ្រងឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងថា រូបគេពិតជាមិនបានយល់សូម្បីតែពាក្យដែលប្រើប្រាស់ក្នុងវិស័យនេះ។ យុវជនដដែលអះអាងថា កន្លងមករូបគេគ្រាន់តែបានដឹងថា កម្ពុជាមានគម្រោងទាញរ៉ែប្រេងកាតប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នរូបគេបានយល់ដឹងច្រើនពីវិស័យនេះ តាមរយៈការស្វែងយល់បន្ថែមពីអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងធ្វើការជាមួយយុវជន។
និស្សិត ជៀវ សំណាង៖ «ដឹងថាការទាញយករ៉ែនៅកម្ពុជា នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នេះ។ គ្រាន់តែដឹង ហើយក៏អត់មានតាមដានអីទេ ព្រោះអីយើងអត់ដឹងថា អាហ្នឹងវាជាស្អីៗឲ្យស៊ីជម្រៅ អត់ទាន់ដឹងវាច្បាស់អ៊ីចឹងណា។ ដល់ពេលចូលអ៊ីចឹងហើយ គាត់បានពន្យល់ គាត់បានជំរុញលើកទឹកចិត្តយើង ឲ្យស្វែងយល់ពីបញ្ហាហ្នឹងទៅ គឺយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ព្រោះអីមានផលប៉ះពាល់។ យើងដឹងពីផលប៉ះពាល់ ពីគុណសម្បត្តិ អ៊ីចឹងហើយ យើងគិតវិភាគទៅលើការប៉ះពាល់ហ្នឹង ការទាមទារឲ្យមានតម្លាភាព ឲ្យការគ្រប់គ្រងប្រាក់ចំណូល»។
ចំណែកនិស្សិតផ្នែកសង្គមវិទ្យា ឆ្នាំទី៣ នៃសាកលវិទ្យាល័យភ្នំពេញ កញ្ញា ប៉ូន កញ្ញា អាយុ ២៣ឆ្នាំ ដែលកំពុងធ្វើការស្ម័គ្រចិត្តក្នុងគម្រោងឧស្សាហកម្មនិស្សារណកម្ម រ៉ែប្រេងកាត ឧស្ម័ន និងបម្រែបម្រួលធម្មជាតិជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានថ្លែងថា នាងមានការយល់ដឹងច្រើនពីវិស័យនេះ។
កញ្ញាបន្តថា តារយៈគម្រោងនេះ នាងបានដឹងពីដំណើរការនៃការទាញយកប្រេង រ៉ែ នៅកម្ពុជា នាងបានដឹងពីគុណសម្បត្តិ និងគុណវិបត្តិ និងបានឃើញពីសកម្មភាពនៃការទាញយករ៉ែដែលធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន និងវិជ្ជមាន ហើយបានសិក្សាពីបទពិសោធន៍នៅប្រទេសដទៃទៀតផង។ ជាងនេះទៅទៀត នាងថាយុវជនអាចចូលរួមឃ្លាំមើលទាក់ទងទៅនឹងចំណូល ដែលរដ្ឋាភិបាលទទួលបានមកពីធនធានរ៉ែ ដែលជាធនធានកម្រ និងមិនអាចកើតឡើងវិញ។
កញ្ញា ប៉ូន កញ្ញា៖ «យុវជន គាត់គឺជាធនធានមួយដ៏ចាំបាច់ ហើយគាត់មានចំណេះដឹងក្នុងការសង្កេត និងតាមដាននៅរាល់សកម្មភាពរបស់រដ្ឋាភិបាល ថាតើគាត់ធ្វើហ្នឹងវាត្រឹមត្រូវទៅតាមច្បាប់ ហើយតាមគោលការណ៍ដែលគាត់បានចេញមក ឬអត់។ ហើយជាពិសេសទៅទៀត ដែលយុវជនគាត់ចាំឃ្លាំមើលនូវការគ្រប់គ្រងប្រព្រឹត្តទៅរបស់រដ្ឋាភិបាល វាអាចមានជាតម្លាភាព គណនេយ្យភាព នៅក្នុងសង្គមកម្ពុជាផងដែរ»។
យ៉ាងណាក៏ដោយ ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា នៅតែអះអាងថា ការពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងដល់យុវជនក្នុងវិស័យនេះ គឺជាគោលដៅសំខាន់ដែលទាមទារឲ្យក្រសួងពាក់ព័ន្ធ មានដូចជា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងបរិស្ថាន និងក្រសួងអប់រំ គួរយកចិត្តទុក។
លោក ជាង សុខា៖ «យើងមិនឃើញមានការជជែកឲ្យបានទូលំទូលាយ គ្រាន់តែមានព័ត៌មានជាគម្រោង ដែលស្ថាប័នពាក់ព័ន្ធមានគម្រោងធ្វើការផ្សព្វផ្សាយ ឬក៏បណ្ដុះបណ្ដាលកម្មករជំនាញ ឬក៏យុវជនឲ្យមានចំណេះដឹង នៅក្នុងវិស័យហ្នឹងណា។ ប៉ុន្តែហាក់បីដូចជាមិនទាន់ឃើញមានលេចឡើងនូវរូបភាពណា ដែលគួរឲ្យកត់សម្គាល់ទេ។ ហើយ ការវិវឌ្ឍរបស់វិស័យនេះ វាចេះតែទៅមុខទៅ។ អ៊ីចឹងហើយ យើងមិនសង្ឃឹមថា ធនធាននៅក្នុងស្រុករបស់យើងមិនត្រូវបានប្រើប្រាស់ ដើម្បីទាញយកចំណូលពីវិស័យនេះទេ ប្រហែលជាប្រើប្រាស់ធនធានដែលមកពីក្រៅច្រើនមែនទែន ព្រោះនៅក្នុងស្រុកយើងនេះ កម្រមែនទែន មានតិច។ រដ្ឋាភិបាលលោកក៏ទទួលស្គាល់ដែរថា យើងខ្សត់ធនធាននៅក្នុងវិស័យហ្នឹងផងដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីបំភ្លឺចំពោះការផ្ដល់វគ្គផ្សព្វផ្សាយព័ត៌មាន វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ឬសិក្ខាសាលាឲ្យយុវជនបានយល់ពីវិស័យឧស្សាហកម្ម ធនធានធម្មជាតិនេះបានទេ។
នៅក្នុងព្រឹត្តិបត្រសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន ធ្លាប់បានផ្សាយថា សម្រាប់ប្រទេសដែលគេស្គាល់ថា ជាប្រទេសដែលសម្បូរធនធានប្រេងកាត ដូចជា អាហ្សែរបៃហ្សាន (Azerbaijan) និងប្រទេសទីម័រ (Timor-Leste) បានចូលរួមគាំទ្រគំនិតផ្ដួចផ្ដើមតម្លាភាពវិស័យឧស្សាហកម្មនិស្សារណកម្ម ដើម្បីលាតត្រដាងនូវព័ត៌មានទាក់ទិនទៅនឹងវិស័យនេះ ទៅកាន់ប្រជាពលរដ្ឋទូទៅ។ មួយវិញទៀត ពួកគេបានបង្កើតមូលនិធិប្រេង ដើម្បីសន្សំចំណូលដែលទទួលបានពីការរុករកធនធានរ៉ែ សម្រាប់ប្រទេសនាពេលអនាគត។
ដោយឡែកប្រទេសកម្ពុជា នៅមិនទាន់មានសកម្មភាពទាំងនេះនៅឡើយ។ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីតារាងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ដែលដាក់បង្ហោះនៅក្នុងគេហទំព័ររបស់ខ្លួន។ កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន ឆេវវ័ររិន (Chevron) ធ្វើការសិក្សាស្រាវជ្រាវលើទីតាំង ក្នុងការទាញយករ៉ែប្រេងពីឈូងសមុទ្រកម្ពុជា នៅប្លុក អេ (A) ដែលនឹងត្រូវចាប់ដំណើរការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។