ទង្វើរបស់ថៃទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មិនថានៅក្នុងប្រទេសឬនៅក្រៅប្រទេសនឹកឃើញនូវអតីតកាលជូរចត់ដែលខ្មែរនិងថៃតែងតែច្បាំងគ្នាឥតឈប់ពីរឿងទឹកដីរហូតដល់ខ្មែរបានបាត់បង់ទឹកដីរបស់ខ្លួន។
លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានធ្វើការបកស្រាយបញ្ហាខាងលើនេះ តាមរយៈការសាកសួររបស់លោក កឹម សុស ដែលមានសេចក្តីដូចតទៅ៖
កឹម សុស ៖ វិទ្យុអាស៊ីសេរីបានទទួលសេចក្ដីថ្លែងការណ៍រួមមួយរបស់អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ និងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។
ខ្ញុំសុំអានសេចក្ដីផ្ដើមបន្តិច ៖ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨មក កងទ័ពថៃបានឈ្លានពាននៅគ្រប់តំបន់ដែលមានប្រាង្គប្រាសាទនៅក្នុងទឹកដីខ្មែរកាន់តែមានសកម្មភាពគ្រប់ទីកន្លែងនោះ គឺជាទង្វើប្រមាថមើលងាយអធិបតេយភាព បូរាណភាពទឹកដី និងនយោបាយ សន្តិភាពយោគយល់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ត្រង់នេះខ្ញុំសូមជម្រាបសួរលោកគ្រូពីសេចក្ដីនេះ តើសេចក្ដីដែលខ្ញុំអានមកនេះធ្វើឲ្យនឹកឃើញទៅដល់ប្រវត្តិសាស្រ្ដខ្មែរនិងថៃយ៉ាងដូចម្ដេចខ្លះ?
កេង វ៉ាន់សាក់ ៖ ខ្ញុំបានស្ដាប់លោកមានប្រសាសន៍ ហើយនិងអានសេចក្ដីរួចមកហើយហ្នឹង មានការចាប់ចិត្ត រំភើបញាប់ញ័រ ព្រោះថាជារឿងព្រះវិហារ។ រឿងទឹកដីអស់ហ្នឹងជារឿងជាតិរបស់យើងគ្រប់គ្នា យើងខ្មែរគ្រប់គ្នាហ្នឹង ហើយវាជាប់ទៅនឹងតំណតំណែលពីមុនមក ឃើញថាប្រវត្តិសាស្រ្ដយើងហ្នឹងមិននាំឲ្យយើងភ្លេចកើត។ ហើយរឿងចាស់ហ្នឹងវាលេចចេញមកឡើងជាថ្មី ហើយឲ្យកាន់តែនាំឲ្យភ័យបារម្ភខ្លាំងឡើងទៀត។ ហើយកិច្ចការដែលអង្គការផ្សេងៗបានខំធ្វើការពារទឹកដីប្រាសាទអីអស់ហ្នឹងសុទ្ធតែជាការល្អត្រឹមត្រូវណាស់ ទោះអាចវាមិនទាន់គ្រប់គ្រាន់នៅឡើយក៏ដោយពីព្រោះថាជារឿងជាតិទាំងមូល។ ហើយដែលឲ្យថា នឹកឃើញទៅរឿងដើមវិញ វាត្រង់ដែលថាហេតុដូចម្ដេចបានជាមហានគរយើងធំពីជំនាន់ហ្នុងមក ហើយស្រាប់តែវារលួស វារលាយ មិនថារលត់ទេ ប៉ុន្តែវាបន្តិចម្ដងៗទៅ ពីខាងទិសខាងលិចផង ពីខាងទិសខាងកើតផង ពីខាងជើងមកទៀត។ ពីព្រោះយើងកុំភ្លេចថា ជាមួយនឹងលាវហ្នឹងក៏មានបញ្ហាអ៊ីចឹងដែរ ហើយហ្នឹងវាចេះតែរួមទៅៗហ្នឹង មកដល់ឥឡូវហ្នឹងទៀត គឺមានមហាអំណាច មានសន្ធិសញ្ញាអន្តរជាតិអី គ្រប់ផ្លូវច្បាប់អីប៉ុណ្ណឹងហើយនៅតែយើងមិនទាន់បានការពារឲ្យរឹងប៉ឹងស្រុកទេសជាតិយើងហ្នឹង ហើយទើបនឹងរួចផុតពីការប្រហារគ្នាឯងហ្នឹងទៀតផងហ្នឹង។ យើងឃើញថាវាផ្ទួនៗគ្នាអ៊ីចឹង ដកដង្ហើមវាមិនទាន់ ប៉ុន្តែអាហ្នឹងជាកិច្ចការអស់លោកអ្នកធំៗ អ្នកទទួលខុសត្រូវប្រទេសជាតិទេ។
កឹម សុស ៖ នេះគឺធ្វើឲ្យខ្មែរខ្សោយ មិនអ៊ីចឹង? ហើយកាលជំនាន់ដើមដែលធ្វើឲ្យខ្មែរខ្សោយដែរ ហើយថៃចូលមកលុកលុយប្រទេសខ្មែរហ្នឹង តើវាមានលក្ខណៈដូចគ្នាយ៉ាងម៉េចខ្លះដែរ?
កេង វ៉ាន់សាក់ ៖ ច្រើនណាស់លក្ខណៈហ្នឹង ប៉ុន្តែវាជាប់ទៅនឹងរឿងប្រាសាទព្រះវិហារ ហើយនិងទឹកដីយើងសព្វថ្ងៃនេះ យើងអាចចែកជាលក្ខណៈពីរប្រភេទ។ មួយគឺអ្វីដែលសៀមឬក៏ថៃហ្នឹងបានមកលុកលុយទាមទារយកដោយកម្លាំងទ័ព ដោយច្បាំង ហើយយើងចាញ់គេ គេយកទឹកដីយើងទៅ អាហ្នឹងមួយផ្នែក។ មួយផ្នែកទៀតគួរឲ្យអាណោធអាធ័មអស្ចារ្យ គឺថា គឺស្ដេចយើងហ្នឹងឯង អ្នកស៊ីញ៉េប្រគល់ឲ្យទឹកដីអស់ហ្នឹងទៅគេស្រស់ៗតែម្ដង គេអត់មានមកច្បាំងឈ្នះយកអីទេ។ ហើយស្ដេចដែលទទួលខុសត្រូវធំក្នុងរឿងហ្នឹង គឺធម្មោរាជា។
កឹម សុស ៖ ប៉ុន្តែឥឡូវនេះឃើញថាថៃហ្នឹង ប្រើឥទ្ធិពលមកលើខ្មែរ ហើយតាមដឹងមកគឺថាខ្មែរចាំថៃហ្នឹងដើម្បីនឹងចរចាគ្នាទៀត?
កេង វ៉ានសាក់ ៖ យើងធ្វើហ្នឹងត្រឹមត្រូវហើយ ប៉ុន្តែថៃវាធ្វើហ្នឹងគឺដោយសារគេជាប្រទេសធំ គេដឹងថាគេខ្លាំងជាងយើង គេមានចំនួនប្រជាជនគេជិតដល់១០០លាននាក់ទៅហើយ ហើយការរៀបចំកម្លាំងទ័ពគេដើម្បីឈ្លានពានហ្នឹង គេមិនមែនធ្វើពីឥឡូវឯណា គេធ្វើតាំងពីមុនចម្បាំងសកលលោកលើកទី២មកហ្នឹង។ ត្រង់ហ្នឹងខ្ញុំចង់ជម្រាបជូន ប៉ុន្តែអស់លោកក៏ដឹងហើយដែរ មានសៀវភៅមួយបោះពុម្ពជំនាន់មុនរឿងរ៉ាវស្រុកយើងហ្នឹងរបស់លោក នួន ឃឿន អ្នកប្រវត្តិសាស្រ្ដដែរ ហើយដែលអ៊ិនថឹណិតខេមរជាតិនៅប្រទេសកាណាដាហ្នឹង គេបានយកមកបកស្រាយឡើងវិញហ្នឹង គាត់រៀបរាប់ពីរឿងសៀមរៀបចំទ័ពដើម្បីជាតិនិយមថៃជ្រុល ប្រយោជន៍នឹងច្បាំងយកទឹកដីទាំងអស់ កាលណាដែលមានថៃហើយ គេថាសុទ្ធតែជាថៃទេហ្នឹង យកមកធ្វើជាមហានគរធំគេ ហៅថា Great Thailand ហ្នឹង សៀវភៅហ្នឹងរបស់លោក នួន ឃឿន។ អាហ្នឹងគេនិយាយរៀបរាប់ត្រឹមត្រូវច្បាស់លាស់ណាស់។
អាហ្នឹងគ្រាន់តែជាវង់ក្រចកទេជូនខាងរឿងហ្នឹង។ គេគិតថាគេជាមហាអំណាច គេថាខ្លួនគេ ហើយគេរៀបចំធ្វើនយោបាយបែបហ្នឹង។ ហើយមកដល់ឥឡូវនេះ គេអនុវត្តទស្សនៈនយោបាយ ទ្រឹស្ដីនេះទៅជាទ្រឹស្ដីជាតិគេតែម្ដង មិនគិតថា គណបក្សណា ពួកណា ក្រុមណាទេ ទាំងស្ដេច ទាំងរាស្រ្ដ ទាំងទាហាន ទាំងស៊ីវិលគេហ្នឹង ពីព្រោះគេអប់រំ គេបង្ហាត់បង្រៀន គេពន្យល់ឲ្យជនជាតិថៃហ្នឹង យល់ជាក់ ជឿជាក់តាមប្រវត្តិសាស្រ្ដដែលកែកាឡៃ កែប្រែធ្វើម៉េចឲ្យឃើញថា គេហ្នឹងជាអ្នកឈ្នះ អ្នកខ្លាំងពូកែ គេមានសិទ្ធិលើជនជាតិទាំងអស់នៅជិតខាងយើងហ្នឹង៕
