ស្រ្តីដែលមានក្រុមគ្រួសារបាត់ខ្លួនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ម៉ាយ៉ារិទ្ធិ ជុំវិញការដែលទាហានបានចាប់ម្តាយនិងប្អូនប្រុស២នាក់ក្រោយពីបានវាយតប់លើម្តាយគាត់ឲ្យមានរបួសនោះមក ។
ម៉ាយ៉ារិទ្ធិ ៖ លោកស្រីឈ្មោះអ្វីដែរ ហើយតើលោកស្រីអាចរៀបរាប់ពីអ្វីដែលបានកើតឡើងកាលពីម្សិលមិញនិងថ្ងៃនេះដែរឬទេ ?
ចាន់ ថុល ៖ ខ្ញុំឈ្មោះ ចាន់ ថុល ម្ដាយខ្ញុំឈ្មោះ ញ៉ឹប ចាន់ថា ។ ម្សិលមិញហ្នឹងពេលព្រឹក ប្រជាជនប្រហែលជា២០០នាក់តវ៉ាពីរឿងទាហានហ្នឹងយកដី ដឹកបង្គោលមកដាំលើដីប្រជាជន បង់ស្លាកលេខ ប្រជាជនតវ៉ាឲ្យដកចេញ អត់ដាក់ស្លាកទេ ។ ប្រជាជនតវ៉ាសុំដីក្បាល ៥០ បណ្ដោយ ៣០០ មកវិញ មិនអាចទទួលក្បាល ៣០ បណ្ដោយ ៥០ ទេ ពីមុនឈូសផ្លូវទី៥ ដល់ជិតទី៨ហ្នឹង ឲ្យក្បាល ៣០ បណ្ដោយ ១០០ ឥឡូវនេះគេបន្ថយនៅតែក្បាល ៣០ បណ្ដោយ ៥០ ទេ ។
ម៉ាយ៉ារិទ្ធិ ៖ មូលហេតុអ្វីទៅបានជាគេកាត់បន្ថយយ៉ាងនេះ ? ចាន់ ថុល ៖ គេថាគេយកផ្លូវហ្នឹងដើម្បីអភិវឌ្ឍ ។
ម៉ាយ៉ារិទ្ធិ ៖ តើការដែលគេស្នើនេះសមស្របដែរឬទេ ចំពោះប្រជាពលរដ្ឋលោកនៅទីនោះ ?
ចាន់ ថុល ៖ មិនអាចអត់សមស្របទេ ។ ពីព្រោះកាលពីខែ២ ជំទាវប៊ុនរ៉ានី បានចូលមកថាអភិវឌ្ឍឈូសឆាយដីធ្វើ ធ្វើចុះ ប៉ុន្តែដីប្រជាជនដែលដាច់ពីប៉ុន្មានឲ្យប្រជាជនវិញ មិនអាចយកបានទេ ។ ធ្វើផ្លូវធ្វើផ្លូវឲ្យគាត់ ប៉ុន្តែកាត់ដាច់កង់ៗហ្នឹង មិនអាចឲ្យយកទេ ប្រគល់ឲ្យប្រជាជនវិញ ដើម្បីគាត់ធ្វើដំណាំដាំដុះប្រកបមុខរបរ ។
ម៉ាយ៉ារិទ្ធិ ៖ ហើយចុះមានរឿងអ្វីកើតឡើងកាលពីម្សិលមិញ ក្រោយពីមានការវាស់វែងនោះ ?
ចាន់ ថុល ៖ ពីម្សិលមិញពេលព្រឹកម៉ោង ៩ ប្រជាជននាំគ្នាធ្វើការបះបោរដកបង្គោលដែលទាហានហ្នឹង ដាំនៅក្នុងដីរបស់ប្រជាជនហ្នឹង ។ ទាហានដើរដាំ ប្រជាជនយើងដើរដក មានទាំងម៉ាក់ខ្ញុំនៅក្នុងហ្នឹងដែរ ព្រោះម៉ាក់ខ្ញុំ គាត់ជនក្រីក្រកម្សត់កម្រជាមួយប្រជាជនហ្នឹង គាត់ជួយតវ៉ាគ្នាទាំងអស់គ្នា ។ ពេលព្រឹកមិញមានទាហានម្នាក់យកដុំដីគប់ចំ ស្រ្តីម្នាក់ចំកណ្ដាលមុខ ហើយនិងប្រុសម្នាក់ទៀតដាច់មុខដេរបីថ្នេរ ។ បន្ទាប់មកទៀតដូចថាយើងតវ៉ា ហើយមានគេទូរស័ព្ទមកសួរព័ត៌មានអីអ៊ីចឹងទៅ ខ្ញុំក៏ចេញពីហេតុការណ៍ហ្នឹងដែរ ព្រឹកដល់ពេលថ្ងៃរហូតដល់ថ្ងៃម៉ោង ១០-១១ហ្នឹង ក៏ទៅញ៉ាំបាយថ្ងៃត្រង់ តែម៉ាក់ខ្ញុំអត់ទាន់បានញ៉ាំទេ អត់ត្រឡប់មកផ្ទះដែរ ចំណែកខ្ញុំ ខ្ញុំមកផ្ទះហើយ នៅប្អូនប្រុសខ្ញុំនិងម៉ាក់ខ្ញុំហ្នឹងនៅកន្លែងដីហ្នឹង ។ ហើយពេលថ្ងៃឡើងមានបុរសម្នាក់ ឈ្មោះ ជុំ ហ្នឹង ជាមេ៥០ មេ១០០ខ្នងនៅហ្នឹង បញ្ជាឲ្យកូនទាហានមកប្រាប់ថា ថ្ងៃឡើងជួបជុំគ្នាម៉ោង២ ដើម្បីជួបចរចាគ្នាពីរឿងដីហ្នឹង កុំមានការបះបោរអ៊ីចឹង ។ ពេលថ្ងៃឡើងប្រជាជនទៅជុំគ្នាហ្នឹង បានប្រហែលជា៣០នាក់ទេ អត់ទាន់បានជុំគ្នា បាន១០០-២០០ ដូចពីព្រឹកទេ ។ ទៅដល់ផ្ទះលោក ជុំហ្នឹង គឺអត់ឃើញលោក ជុំ នៅផ្ទះទេ ហើយក៏បានកូនទាហានប្រាប់ថា ឲ្យទៅជួបនៅទីស្នាក់ការ ។
ម៉ាយ៉ារិទ្ធិ ៖ លោក ជុំហ្នឹងគាត់ជាមេក្រុមនៅទីនោះ ។ គាត់ធ្វើការបម្រើក្នុងកងទ័ពដែរឬក៏យ៉ាងម៉េច ?
ចាន់ ថុល ៖ គាត់មេក្រុមក្នុងកន្លែងប្រជាជនហ្នឹងតែម្ដង គាត់អត់មាននិយាយថាប្រធានអីទេ ។ គាត់បានណាត់ បានឆរប្រជាជនយើងថាឲ្យទៅជួបគាត់ ដើម្បីចរចាជជែកគ្នា កុំឲ្យមានរឿងវ៉ៃតប់ ឬក៏ប្រឆាំងគ្នាអ៊ីចឹង ដល់ពេលប្រជាជនទៅ គាត់អត់នៅផ្ទះទេពីថ្ងៃហ្នឹង ដល់ហើយកូនចៅទាហានហ្នឹងថា ឲ្យទៅជួបមេនៅកន្លែងទីស្នាក់ការវិញ ។ ដល់ពេលប្រជាជនទៅដល់កន្លែងទីស្នាក់ការហ្នឹង ពេលហ្នឹងប្រជាជនអត់ទាន់ជុំគ្នាទេ ប្រជាជនខ្លះមកបានតែជិត៣០នាក់ អ្នកផ្សេងគេអត់ទាន់បានមកទេ ដល់ពេលទៅដល់កន្លែងស្នាក់ការហ្នឹង យើងអត់ទាន់បាននិយាយអីផង មេគេឈ្មោះ ស៊ុន ពុទ្ធាហ្នឹង ចេញមុខមកថា "មើល៍! អ្នកណាចង់តវ៉ាខ្លះចេញមុខមក ?" គាត់និយាយតែប៉ុណ្ណឹង គាត់ហក់មកវ៉ៃនឹងដំបង ហើយនិងស្វ័យកាំភ្លើង វ៉ៃម៉ាក់ខ្ញុំហ្នឹង វ៉ៃយកៗទាំងមុខទាំងក្រោយ កូនទាហានជាង១០០នាក់ វ៉ៃប្រជាជនប្រមាណជា៣០នាក់ហ្នឹង ប៉ុន្តែប្រជាជនខ្លះរត់រួចតដៃ ។ រត់រួចអ៊ីចឹងទៅ ជាប់តែម៉ាក់ខ្ញុំទេដែលគាត់ជាស្រី ចាស់អាយុ៥០ជាង គាត់អត់មានកម្លាំងតដៃជាមួយកូនទាហាន ព្រោះទាហានគេវ៉ៃសុទ្ធតែកាំភ្លើងនិងដំបងជាមួយប្អូនប្រុសខ្ញុំ សន្លប់ទាំងបីនាក់ ប្អូនប្រុសខ្ញុំបែកក្បាល បែកមុខបែកមាត់ ហើយនិងគ្រេចឆ្អឹងខ្នង ។
ម៉ាយ៉ារិទ្ធិ ៖ ហើយមានអ្នកណាបានបញ្ជូនគាត់ទៅមន្ទីរពេទ្យដែរឬទេ ? ចាន់ ថុល ៖ អត់មានបញ្ជូនទេ វ៉ៃហើយដាក់ខ្នោះបញ្ជូនឡើងឡានទៅកន្លែងវា ។
ម៉ាយ៉ារិទ្ធិ ៖ ហើយចុះម្ដាយរបស់លោកស្រីឥឡូវគាត់នៅទីណា ?
ចាន់ ថុល ៖ ឥឡូវហ្នឹងខ្ញុំឲ្យពួកអង្គការជួយស៊ើបរកម្ដាយខ្ញុំ និងប្អូនប្រុសខ្ញុំ២នាក់ មិនដឹងវាបញ្ជូនទៅដល់ណាទេ ? យប់មិញវាបញ្ជូនទៅដល់កន្លែងទីស្នាក់ការ ៣១៧ ទាហាន ៣១ កងពល ៣១ ប៉ុន្តែដល់ពេលល្ងាចឡើង យប់ឡើងយើងទៅរកម្ដងទៀត វាបញ្ជូនទៅណាបាត់រកអត់ឃើញទេ ។ រហូតដល់ព្រឹកឡើង រហូតដល់ថ្ងៃ ខ្ញុំសូមសំណូមពរដល់អង្គការជួយដើររក ។ ឥឡូវគេឲ្យដំណឹងមកថា គេបានបញ្ជូនគាត់ទៅកន្លែងកងយោធានៅខេត្តកំពត និយាយទៅនៅខេត្តកំពតហ្នឹងតែម្ដង ។
ម៉ាយ៉ារិទ្ធិ ៖ លោកស្រីបានជួបទាក់ទងនឹងខាងយោធាដើម្បីសាកសួររកម្ដាយហើយឬនៅថ្ងៃនេះ ?
ចាន់ ថុល ៖ អត់ហ៊ានទេវាចេញមកឲ្យតែថា អ្នកណាហ៊ានតវ៉ាអត់បានអ៊ីចឹងតែម្ដង គឺតវ៉ាវាមកចាប់ ។ ថ្ងៃហ្នឹងវារកមកចាប់ទៀតអ្នកណាដែលហ៊ានតវ៉ា ហ៊ានលូកដៃ ហ៊ានលូកមាត់ គឺវាចាប់ដាក់ឡានទាំងអស់យកទៅ ពីព្រោះសកម្មភាពម្សិលមិញធ្វើសាហាវជាងអាពតទៅទៀត ។ វ៉ៃគាត់ពីមុខពីក្រោយដំបងប៉ុនៗណាណី កាំភ្លើងផងអីផង ដាក់គាត់ឡើងលេចនោម ត្រូវក្បាលផង និយាយទៅត្រូវសឹងថាដាច់ជីវិតឯណោះ គ្មាននរណាហ៊ានចូលជួយទេ គេអង្វរសំពះលន់តួយ៉ាងម៉េចក៏វានៅតែវ៉ៃដែរ ។
ម៉ាយ៉ារិទ្ធិ ៖ ពេលនោះលោកស្រីនៅទីណាដែរពេលគេកំពុងវ៉ៃម្ដាយនោះ ?
ចាន់ ថុល ៖ ខ្ញុំអត់ហ៊ាននៅកន្លែងហ្នឹងទេ ។ ខ្ញុំឃើញដែរតែខ្ញុំអត់ហ៊ានចេញទេ មានតែប្អូនប្រុសខ្ញុំហ៊ានចេញ ប្អូនប្រុសខ្ញុំពីរនាក់ហ៊ានតទល់ជាមួយប្រជាជនហ្នឹងជួយ ប៉ុន្តែត្រូវចាប់បានទាំងអស់ វាចាប់ដាក់ខ្នោះ ហើយវ៉ៃឡើងឡាន ដាក់ខ្នោះចងស្លាបសេកទៅក្រោយ ។
ម៉ាយ៉ារិទ្ធិ ៖ ដូច្នេះម្ដាយរបស់លោកស្រីមួយនិងបងប្អូនប្រុសពីរនាក់កំពុងតែបាត់ខ្លួនឥឡូវនេះ ? ចាន់ ថុល ៖ ចាស បាត់ខ្លួនរហូតដល់ថ្មើរណេះហើយអត់ទានមានបាយទឹកចូលពោះ ២ថ្ងៃហើយ ។
ម៉ាយ៉ារិទ្ធិ ៖ តើលោកស្រីមានបានប្ដឹងទៅអាជ្ញាធរជាខេត្ត ឬក៏ប្ដឹងទៅតុលាការហើយឬនៅ ?
ចាន់ ថុល ៖ ខ្ញុំគ្រាន់តែប្ដឹងដល់អង្គការលីកាដូ អង្គការសិទ្ធិមនុស្ស ហើយនិងអង្គការធាងត្នោតដែលនៅខេត្តកំពត គេចូលទៅជួយហើយ តែអង្គការខ្លះ គេថារកផ្លូវអត់ឃើញ ហើយអង្គការខ្លះទៀត ចូលទៅគេអត់ឲ្យយើងចូល ពួកទាហានវាព័ទ្ធផ្លូវទាំងអស់ ។ ទាហានគេយកមកច្រើនយ៉ាងណាស់ដើម្បីយកមកបង្ក្រាបប្រជាជននៅហ្នឹងតែម្ដង ។
ម៉ាយ៉ារិទ្ធិ ៖ មានសេចក្ដីរាយការណ៍អីអង្គការសិទ្ធិមនុស្សមកថា លោកស្រីឥឡូវហ្នឹងកំពុងតែលាក់ខ្លួន ដោយសារតែភិតភ័យនឹងរឿងគេតាមចាប់ដែរ តើមែនដែរឬទេ ?
ចាន់ ថុល ៖ ចាស គឺខ្ញុំអត់ហ៊ានចេញមុខទេ ពីព្រោះឥឡូវហ្នឹងសូម្បីតែមេភូមិនៅហ្នឹងក៏អត់ហ៊ានចេញដែរ គឺគេអត់ឲ្យសិទ្ធិនៅក្នុងភូមិ មានមេភូមិ មេក្រុមអីទាំងអស់ មានតែគេហ្នឹងតែម្ដងជាអ្នកធំ អ្នកខ្លាំង អ្នកណាចេញមុខគឺត្រូវតែចេញមុខវ៉ៃធ្វើបាបទាំងអស់ ។ និយាយទៅគេប្រើអំពើហិង្សា អំពើព្រៃផ្សៃ ទៅលើប្រជាជនធ្វើបាបគ្នាហួស វ៉ៃសុទ្ធតែកាំភ្លើងដាក់គ្នាអត់មានប្រណីដៃ សុទ្ធតែដំបងទាំងមេ ទាំងកូនចៅ ថ្នាក់ចងហើយ មេវ៉ៃហើយ គាត់បញ្ជាកូនចៅឲ្យវ៉ៃច្រើនទៀត ។ ឃើញទៅដូចអាណោចអាធ័មណាស់ ប្រជាជនគិតតែពីយំហើយមេភូមិនិយាយអត់ស្ដាប់ទេ ។
ម៉ាយ៉ារិទ្ធិ ៖ ព្រឹត្តិការណ៍ពីម្សិលមិញហ្នឹងតើមានមនុស្សរបួសប៉ុន្មាននាក់ ហើយបាត់ខ្លួនប៉ុន្មាននាក់ ?
ចាន់ ថុល ៖ ម្សិលមិញហ្នឹងរបួសច្រើននាក់ដែរ ប៉ុន្តែរបួសធ្ងន់ជាងគេគឺម្ដាយខ្ញុំ ហើយនិងប្អូនប្រុសខ្ញុំពីរនាក់ ហើយនិងលោកពូមួយទៀត ខ្ញុំមិនស្គាល់ឈ្មោះទេ គាត់សន្លប់រហូត បែកក្បាល គឺថាពូហ្នឹងមិនអាចរស់ផងមិនដឹង ឥឡូវហ្នឹងឮថាយកទៅចោលនៅមន្ទីរពេទ្យ ។ ប៉ុន្តែប្អូននិងកូនស្រីគាត់ថា ដើររកអត់ឃើញទេ មិនដឹងមន្ទីរពេទ្យមួយណាទេ ខេត្តស្រុកណាក៏រកអត់ឃើញដែរ មិនដឹងគេយកទៅដល់ណាទេ ។ ហើយប្រជាជនប្រាប់ថា មិនអាចរស់ផង ពីព្រោះបែកក្បាលធំណាស់ ឈាមរហូត ហើយសន្លប់រហូតតាំងពីព្រឹករហូតដល់យប់អត់ដឹងខ្លួន ។
ចុងក្រោយខ្ញុំសូមសំណូមពរឲ្យសម្ដេច ហ៊ុន សែន និងលោកជំទាវ ជួយដល់ប្រជាជនផង ។ ខ្ញុំសូមសំណូមពរឲ្យលោកជួយដោះស្រាយ ហើយជួយតាមរកម្ដាយខ្ញុំផង ព្រោះគាត់មានជំងឺជាប់ខ្លួនធ្ងន់ធ្ងរណាស់ ត្រឡប់ពីពេទ្យនៅភ្នំពេញទៅ គេឲ្យគាត់នៅតែស្ងៀម ឥឡូវគេធ្វើបាបគាត់យ៉ាងហ្នឹង គឺនិយាយទៅគាត់សឹងថា ដាច់ដង្ហើមចុងក្រោយ តែខ្ញុំមិនដឹងធ្វើម៉េចទេ មានតែការយំសោកអាណិតគាត់ ។ អត់ហ៊ានចូលទេព្រោះខ្ញុំកូនខ្ចីដែរ ទើបឆ្លងទន្លេបានមួយខែជាង ៕
