បទសម្ភាសន៍​ជាមួយ ព្រះភិក្ខុសង្ឃ ទូច សារិទ្ធ (ភាគ​១)

លោក កឹម សុស បាន​សម្ភាស​ព្រះ​ភិក្ខុសង្ឃ ទូច សារិទ្ធ ចិត្តការោ ជុំវិញ​ការរក្សា​វប្បធម៌​ខ្មែរ​របស់​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ ដែល​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ប្រាសាទ​នានា​និង​បរិស្ថាន​នៅ​តាម​តំបន់​ទាំង​នោះ ។

0:00 / 0:00

កឹម សុស ៖ សូម​ថ្វាយបង្គំ ករុណា​បាន​ឮ​ថា ព្រះតេជគុណ​មក​ពី​ប្រទេស​បារាំង ព្រះតេជគុណ​បាន​ទៅ​ប្រទេស​បារាំង​ហ្នឹង នៅ​ឆ្នាំ​១៩៧៨ ហើយ​ត្រឡប់​មក​ចូល​ស្រុក​ខ្មែរ​វិញ តាំងពី​ទស្សវត្សរ៍ ៨០ មក ហើយ​ពេល​ថ្មីៗ​នេះ​ព្រះអង្គ​និមន្ត​ទៅ​ព្រះវិហារ តើ​នេះ​ជា​លើក​ទី​មួយឬ ដែល​ព្រះអង្គ​និមន្ត​ទៅ​ព្រះវិហារ​នោះ ?

ភិក្ខុ ទូច សារិទ្ធ ៖ អាត្មា​អត់​ដែល​ស្គាល់​សោះ ប្រាសាទ​ព្រះវិហារ​នេះ​ពី​ដើម​មក ជា​លើក​ដំបូង​របស់​អា​ត្មា​ហើយ ។ ជា​ពិត​អាត្មា​ដែល​មាន​សារសំខាន់​បំផុត​និមន្ត​ទៅ​ឃើញ​ប្រាសាទ​ព្រះវិហារ​ជា​លើក​ដំបូង​នេះ ។

កឹម សុស ៖ តើ​ព្រះអង្គ​មាន​ទស្សនៈ​យល់​ឃើញ​យ៉ាង​ដូចម្ដេច​ទៅ​ចំពោះ​ព្រះវិហារ ? ករុណា​មិន​ដែល​ទៅ​ទេ ប៉ុន្តែ​ដែល​ឮ ស្ដាប់​គេ​និយាយ ហើយ​ដែល​ឃើញ​រូបថត ប៉ុន្តែ​ព្រះអង្គ​ផ្ទាល់​តើ​ព្រះអង្គ​យល់ឃើញ​យ៉ាង​ម៉េចខ្លះ ព្រះវិហារ ?

ភិក្ខុ ទូច សារិទ្ធ ៖ អាត្មា​គិត​ថា ប្រាសាទ​ព្រះវិហារ​ជា​ព្រលឹង​ខ្មែរ​មួយ​ដែល​ប្រជាជាតិ​ខ្មែរ​មិន​គួរ​ធ្វេសប្រហែស​ឲ្យ​ព្រលឹង​ជាតិ​យើង​បាត់បង់​សាបសូន្យ ។ ប្រាសាទ​ព្រះវិហារ​មាន​វិសាលភាព​ធំ​ណាស់​នៅ​លើ​កំពូល​ភ្នំ មាន​ពពក មាន​អ័ព្ស មើល​ទៅ​ហាក់​ដូច​ជា​វិមាន​មួយ​ដែល​ផុស​ឡើង​នៅ​ក្នុង​អាកាសនភាលៃ ។

ប្រាសាទ​នេះ​មាន​បណ្ដោយ​វែង​ពី​ខាង​ជើង​ទៅ​ខាង​ត្បូង ហើយ​មាន​ទទឹង​ប្រមាណ​ជា យើង​រាប់​តួ​ប្រាសាទ​ផង ហើយ​តំបន់​មាន​ដូចជា​ស្រះ​ទឹក មាន​ផ្ទាំង​ថ្ម អីៗ​ទាំងអស់​ហ្នឹង គឺ​ប្រមាណ​ជា​ជិត​៤០០​ម៉ែត្រ ធំ​ណាស់ ហើយ​មាន​ធម្មជាតិ​ស្អាត រុក្ខជាតិ​គ្រប់​ប្រភេទ ជា​ឈើ​ដែល​ជា​ឱសថ ឈើ​ដែល​យក​មក​ប្រើប្រាស់​មាន​តម្លៃ ជា​សង្ហារិម ឈើ​ដែល​ឲ្យ​ជា​អុស ជា​ពិសេស​ធម្មជាតិ​ល្អ​ណាស់ ។ ហើយ​ផ្ទាំង​ប្រាសាទ​ហ្នឹង​គឺ​យើង​មើល​ទៅ​ចាប់​ចិត្ត គួរ​ឲ្យ​ស្រឡាញ់ ។ អាត្មា​បាន​ប្រើ​ពាក្យ​ថា ជីវិត​នេះ​ដើម្បី​ព្រះវិហារ យើង​គួរ​នាំ​គ្នា​ធ្វើ​អ្វី​ដើម្បី​ព្រះវិហារ​របស់​យើង ។

កឹម សុស ៖ ចុះ​ផ្លូវ​ពី​ជើង​ភ្នំ​ទៅ​ព្រះវិហារ ផ្លូវ​ឡើង​ហ្នឹង​តើ​យ៉ាង​ម៉េច​ខ្លះ​ទៅ ?

ភិក្ខុ ទូច សារិទ្ធ ៖ ផ្លូវ​ដែល​ឡើង​ទៅ​គឺ​មាន​ជួប​ការលំបាក​ច្រើន​ដែរ បើ​យើង​ធ្វើ​ដំណើរ​តាម​ជើង​មិន​សូវ​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ​យើង​ឡើង​ដោយ​រថយន្ត ដោយ​ម៉ូតូ គឺ​មាន​ការលំបាក​ច្រើន ។ វា​មាន​ចោទ​ខ្លាំង​ប្រហែល​ជា​៣​កន្លែង ។ ហើយ​ក្រៅពី​នោះ​វា​មាន​សភាព​មិន​ល្អ គឺ​ថា​មាន​ទឹក​ហូរ​កាត់ បែក​ជា​ភក់​អី​អ៊ីចឹង​ទៅ ប៉ុន្តែ​ទោះបី​យ៉ាង​ណា គឺ​ថា​យើង​អាច​ប្រើ​មធ្យោបាយ​យានយន្ត​បាន​រហូត​ទៅ​ដល់​ព្រះវិហារ ។ អាត្មា​បាន​នាំ​ក្បួន​ដើរ​ផ្សាយ​មេត្តា ចេញ​ពី​សាលា​រៀន​ខាង​ក្រោម​ឡើង​ដើរ​ផ្សាយ​រហូត​ដល់​លើ​ព្រះវិហារ មាន​ប្រមាណ​ជា​៥​គីឡូម៉ែត្រ ។

កឹម សុស ៖ ប៉ុន្តែ​បើ​ធ្វើ​ដំណើរ​តាម​ថ្មើរ​ជើង តើ​អស់​ពេលវេលា​ប៉ុន្មាន​ទៅ ដើម្បី​នឹង​ទៅ​ដល់​នោះ ហើយ​ត្រូវការ​អ្វី​ខ្លះ​ផ្លូវ​ហ្នឹង ?

ភិក្ខុ ទូច សារិទ្ធ ៖ តាម​មនុស្ស តាម​សុខភាព តាម​វ័យ​ទៀត ។ បើ​ក្មេង​ហាក់​ដូច​ជា​មិន​យូរ​ណាស់​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​មនុស្ស​ចាស់​អាច​ជាង​១​ម៉ោង​បាន​ឡើង​ដល់ ។ មួយ​ម៉ោង​ទៅ​ពីរ​ម៉ោង ព្រោះ​មនុស្ស​ចាស់​ត្រូវការ​សម្រាក​តាម​ផ្លូវ​ខ្លះ ហើយ​យើង​ត្រូវការ​ទឹក ពេល​ណា​យើង​ឡើង​ទៅ​អាច​ហត់ អាច​ទទួល​ទាន​ទឹក​ទៅ យើង​ឡើង​ទៅ​ទៀត​បាន ។ ប៉ុន្តែ​សម្រាប់​អាត្មា​ផ្ទាល់ អាត្មា​គ្មាន​សេចក្ដី​នឿយ​ហត់​អី​ទាំងអស់ គឺ​ឡើង​ដោយ​សេចក្ដី​ក្លាហាន ឡើង​ដោយ​កម្លាំង​ពលំ គឺ​ថា​ទី​មួយ​ចិត្ត​ចង់​ឃើញ​ប្រាសាទ​ព្រះវិហារ ហើយ​មួយ​ទៀត​គឺ​បាន​ជួប​ទាហាន​យើង​យាមកាម​តាម​ផ្លូវ​ទាំងអស់ ដូច​ជា​កម្លាំង​អ្វី​មួយ​បង្កើត​ឡើង​សម្រាប់​អាត្មា គ្មាន​ការនឿយ​ហត់​អី​ទាំងអស់ ។

កឹម សុស ៖ ព្រះអង្គ​មាន​ថេរដីកា​ត្រួសៗ​អម្បាញ់​មិញ​នេះ គឺ​ថា​ធ្វើ​ឲ្យ​ករុណា​នឹកឃើញ​ថា វា​មាន​ការខ្វះខាត​ច្រើន​នៅ​ព្រះវិហារ​ហ្នឹង តើ​ព្រះអង្គ​ឃើញ​អ្វី​ខ្លះ​ដែល​អាច​នឹង​កែលម្អ​ឲ្យ​បាន​ល្អ​ឡើង ?

ភិក្ខុ ទូច សារិទ្ធ ៖ ការខ្វះខាត​មាន​ច្រើន ទី​មួយ​គឺ​ផ្លូវ ប្រហែល​ជា​រាជ​រដ្ឋាភិបាល​យើង​កំពុងតែ​ឈូស កំពុងតែ​សម្អាត​ផ្លូវ​ហ្នឹង ឲ្យ​ងាយស្រួល​ក្នុង​ការឡើង ហើយ​តាម​ផ្លូវ​គឺ​ថា​យើង​ត្រូវការ​សម្អាត កុំ​ឲ្យ​មាន​ជាតិ​ពុល​នៅ​តាម​ផ្លូវ បោះ​សំរាម​តាម​ផ្លូវ ជា​ពិសេស​គឺ​ថា​ត្រូវ​ធ្វើ​បង្គន់ ។ ហើយ​អាត្មា​បាន​ទាក់ទង​ខាង​អាជ្ញាធរ​យើង​នៅ​កន្លែង​នោះ​ហើយ គឺ​អាត្មា​សុខចិត្ត​ជួយ​កសាង​បង្គន់ ពី​ក្រោម​រហូត​ដល់​លើ សូម​ឲ្យ​គេ​រក​ជាង អស់​ប៉ុន្មាន​អាត្មា​នឹង​អំពាវនាវ​ញាតិញោម​នៅ​ប្រទេស​បារាំង​មេត្តា​ជួយ ។ ហើយ​នៅ​ខាង​លើ​ត្រូវ​រៀប​បង្គន់​អនាម័យ​នៅ​កន្លែង​វត្ត ហើយ​នៅ​តាម​ក្បែរៗ​ប្រាសាទ​ខ្លះ​ដើម្បី​បរិស្ថាន​ល្អ ដើម្បី​សុខភាព​អនាម័យ ហើយ​ជា​ពិសេស​គឺ​ថា​នៅ​តាម​ខាង​លើ​នោះ មាន​ទឹក​ធ្លាក់​មក ទឹក​ធ្លាក់​ហ្នឹង គឺ​ចូល​ទៅ​ក្នុង​ស្រះ​មួយ​យ៉ាង​ស្អាត​ណាស់ ដូច្នេះ​នាំ​គ្នា​កុំ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពុល ទឹក​ដែល​ហូរ​ហ្នឹង ចូល​ទៅ​ក្នុង​ស្រះ​សម្រាប់​យើង​ប្រើប្រាស់​នៅ​ក្នុង​រដូវ​ក្ដៅ មាន​សារសំខាន់​ណាស់ ។

កឹម សុស ៖ ចុះ​តួ​ប្រាសាទ​វិញ តើ​មាន​ខ្វះ​អី​សម្រាប់​ការពារ សម្រាប់​ថែរក្សា​ជា​វប្បធម៌​ទៅ​ដល់​អនាគត​ទៅ តើ​ព្រះអង្គ​មាន​គំនិត​យ៉ាង​ម៉េច គម្រោង​យ៉ាង​ម៉េច ?

ភិក្ខុ ទូច សារិទ្ធ ៖ សំខាន់​ជាង​គេ​ប្រហែល​ខាង​អង្គការ​យូណេស្កូ គេ​នឹង​រៀបចំ​ជួលជុល ថែទាំ រក្សា​ប្រាសាទ​នេះ គឺ​ថា​សម្រាប់​អាត្មា អាត្មា​មើល​ឃើញ​ថា ទី​មួយ​គឺ​យើង​ត្រូវ​រៀបចំ​វាស់វែង​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​តំបន់​នោះ ហើយ​កុំ​ឲ្យ​មាន​សេចក្ដី​ប្រមាថ​ជាមួយ​បច្ចាមិត្ត គឺ​ថា​យើង​ត្រូវ​ថែរក្សា​ប្រាសាទ​ហ្នឹង​ឲ្យ​បាន​គង់វង្ស ឲ្យ​យើង​ទៅ​ជា​ម្ចាស់​ពិត​ប្រាកដ​សម្រាប់​ប្រាសាទ ហើយនិង​តួ​ភ្នំ​ទាំង​មូល ។

កាលណា​យើង​ឡើង​ទៅ សព្វ​ថ្ងៃ​គឺ​ឡើង​ទៅ​ច្រក​ជាមួយ​គ្នា ដល់​ខាង​លើ ចំណោទ​ចុង​ក្រោយ​ហ្នឹង យើង​ជួប​ឃើញ​ទាហាន​សៀម ទាហាន​ឈុត​ខ្មៅ​ហ្នឹង គេ​នៅ​យាមកាម​កន្លែង​ហ្នឹង ហាក់​ដូច​ជា​ទាហាន​ហ្នឹង​គេ​កំពុងតែ​គ្រប់គ្រង​ទឹក​ដី​របស់​យើង​កន្លែង​ហ្នឹង ។ ដូច្នេះ​យើង​មិន​ទាន់​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ​សម្រាប់​តំបន់​ព្រះវិហារ​យើង​ទេ ដូច្នេះ​យើង​ត្រូវ​គ្រប់គ្រង​ភ្នំ​ទាំង​មូល ភ្នំ​ផង ហើយ​និង​វត្ត​ផង ហើយ​និង​ផ្លូវ​ផង ហ្នឹង​ទើប​យើង​ម្ចាស់ការ