បទសម្ភាសន៍​ជាមួយ ព្រះភិក្ខុសង្ឃ ទូច សារិទ្ធ (ភាគ​២)

ក្នុង​គ្រា​ដែល​ប្រាសាទ​បូរាណ​ខ្មែរ​មួយចំនួន​ក្នុង​នោះ​មាន​ទាំង​ប្រាសាទ​ព្រះវិហារ​ផង រង​ការឈ្លានពាន​ពី​ប្រទេស​ថៃ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ​នោះ ពលរដ្ឋ​ខ្មែរ​មួយចំនួន​និង​ព្រះសង្ឃ​ផង​បាន​ចាត់ទុក​ថា ប្រាសាទ​ព្រះវិហារ​គឺ​ជា​ព្រលឹង​ខ្មែរ​ទី​ពីរ បន្ទាប់ពី​ប្រាសាទ​អង្គរវត្ត ។

0:00 / 0:00

នេះ​គឺ​ជា​បទសម្ភាសន៍​ភាគ​បន្ត​ដែល​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ព្រះនាម ទូច សារិទ្ធ ចិត្តការោ មាន​ថេរដីកា​បំភ្លឺ​អំពី​សារសំខាន់​នៃ​ប្រាសាទ​ព្រះវិហារ តប​ទៅ​នឹង​សំណួរ​របស់​លោក កឹម សុស ៖

កឹម សុស ៖ ចុះ​ចំពោះ​សម្បត្តិ​វប្បធម៌ តើ​សំខាន់​យ៉ាងម៉េច​ទៅ ប្រាសាទ​ព្រះវិហារ​នេះ ប្រៀបធៀប​នឹង​ប្រាសាទ​ឯ​ទៀតៗ ?

ភិក្ខុ ទូច សារិទ្ធ ៖ អាត្មា​បាន​ឃើញ​ប្រាសាទ​អង្គរវត្ត បាន​ទៅ​ឃើញ​បន្ទាយឆ្មារ ទៅ​ឃើញ​ប្រាសាទ​ដទៃៗ​ទៀត ឃើញ​បាន​ច្រើន​ដែរ ប៉ុន្តែ​អាត្មា​ឲ្យ​តម្លៃ​មួយ​គឺ​ថា យើង​មាន​ព្រលឹង​ទី​២ សម្រាប់​ប្រជាជាតិ​ខ្មែរ ។ ព្រលឹង​ខ្មែរ​ទី​១ គឺ​ប្រាសាទ​អង្គរវត្ត ព្រលឹង​ខ្មែរ​ទី​២ គឺ​ប្រាសាទ​ព្រះវិហារ ។ ប្រាសាទ​ព្រះវិហារ​មិន​ត្រឹមតែ​បាន​បង្ហាញ​នូវ​អរិយធម៌ វប្បធម៌ អ្វី​ដែល​ទាក់ទង​នឹង​ឧត្ដមភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ ប៉ុន្តែ​ប្រាសាទ​ព្រះវិហារ​អាច​ជា​ចំណូល​ខាង​វិស័យ​ទេសចរណ៍​សម្រាប់​ពេល​អនាគត​ធំធេង​ណាស់ សម្រាប់​ប្រទេស​កម្ពុជា​យើង ដូច្នេះ​ប្រាសាទ​ព្រះវិហារ​ជា​ព្រលឹង​ខ្មែរ​មួយ​ទៀត ។

កឹម សុស ៖ បើ​តាម​រូបភាព​មើល​ទៅ​ដែល​ករុណា​សាកសួរ​ទៅ គឺ​ខ្មែរ​មិន​សូវ​ទៅ​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ទេ ទោះ​ពេល​ឥឡូវ​ក៏​ដោយ ទេសចរ​ទូទៅ​ហ្នឹង គឺ​ថា​គេ​ច្រើនតែ​ចូល​ខាង​ប្រទេស​ថៃ ។ តើ​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​នឹង​ឲ្យ​ទេសចរ​ចូល ឬ​មួយ​ក៏​អ្នក​ស្រុក​ទៅ​នៅ​ជិត​ប្រាសាទ​ហ្នឹង​ដើម្បី​នឹង​ជួយ​កសាង ថែរក្សា​ប្រាសាទ​ហ្នឹង អា​ហ្នឹង​យ៉ាង​ម៉េច​ដែរ ?

ភិក្ខុ ទូច សារិទ្ធ ៖ សៀម​គេ​ព្យាយាម​យូរ​ហើយ អាត្មា​ភាព​ធ្វើ​ដំណើរ​ញឹកញាប់​ណាស់​ទៅ​កាន់​ប្រទេស​ថៃ នៅ​ទីក្រុង​បាងកក មាន​ស្ថានីយ​រថយន្ត​មួយ​ចេញ​ពី​ទីក្រុង​បាងកក ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស៊ីសាកេត គេ​ដាក់​ថា​ទីក្រុង​បាងកក​-​ភ្នំ​ព្រះវិហារ គេ​ហាក់​ដូច​ជា​ប្រទេស​ថៃ​ហ្នឹង គេ​ឆ្លៀត​ស្រេច​ហើយ គឺ​ប្រើ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ ហាក់​ដូច​ជា​ប្រាសាទ​នេះ​របស់​គេ ។ ហើយ​គេ​បាន​ឆ្លៀត​ខាង​វិស័យ​ទេសចរណ៍​ហ្នឹង គេ​រក​កម្រៃ​បាន​លុយ​ច្រើន​ណាស់ ហាក់​ដូច​ជា​ទេសចរ​ហ្នឹង បាន​ស្គាល់​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ ។ ដូច្នេះ​ខ្មែរ​យើង​ជា​ម្ចាស់​ស្រុក ខ្មែរ​យើង​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ គឺ​ថា​ធ្វើ​យ៉ាង​ម៉េច រៀបចំ​ផ្លូវ​គមនាគមន៍​ឲ្យ​ងាយស្រួល​ជាង​សព្វថ្ងៃ ហើយ​ព្យាយាម​ជម្រាប ប្រកាស​ឲ្យ​ជាតិ​យើង​នាំគ្នា​និយម​រាប់អាន​ទៅ​ប្រាសាទ​ព្រះវិហារ ដោយ​ចាត់​ជា​ក្រុម​ទស្សនកិច្ច​សិក្សា​សម្រាប់​យុវជន​សម្រាប់​ព្រះសង្ឃ សម្រាប់​ប្រជាជាតិ​ទាំងមូល ឲ្យ​ទៅ​ស្គាល់​ឲ្យ​នាំ​គ្នា​ស្រឡាញ់​ព្រះវិហារ ហើយ​បបួល​ទេសចរ​បរទេស​ហ្នឹង​ឲ្យ​ទៅ​មើល ទស្សនា​ប្រាសាទ​របស់​យើង​ហ្នឹង ។

កឹម សុស ៖ មាន​ថេរដីកា​អម្បាញ់មិញ​នេះ​គឺ​ពាក្យ​ស្រឡាញ់ តើ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ស្រឡាញ់​ពី​សំណាក់​ព្រះសង្ឃ​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រលាញ់​វប្បធម៌ ជា​ពិសេស​សម្បត្តិ​វប្បធម៌ ជា​ពិសេស​ព្រះវិហារ​នេះ ?

ភិក្ខុ ទូច សារិទ្ធ ៖ យើង​ត្រូវ​អប់រំ​យុវជន​យើង​នៅ​តាម​កម្រិត​សិក្សា តាំងពី​បឋម​រហូត​ដល់​ឧត្ដម​ដល់​សកល​ជាដើម គឺ​ថា​ត្រូវ​បំផុស​ការសិក្សា​ហ្នឹង​ឲ្យ​យល់​ដឹង​អំពី​ប្រាសាទ​ព្រះវិហារ ហើយ​ឲ្យ​យល់​ដឹង​អំពី​តម្លៃ​ដែល​ប្រាសាទ​ព្រះវិហារ នឹង​មាន​គឺ​ថា​ដូច​ជា​ប្រទេស​ថៃ​គេ​ព្យាយាម​ប្រើ​យានយន្ត​របស់​គេ​ដឹកនាំ​ឲ្យ​ទៅ​ស្គាល់ ឲ្យ​ទៅ​ស្រឡាញ់ ឲ្យ​ទៅ​ចង់​បាន​ប្រាសាទ​ព្រះវិហារ យើង​ក៏​ត្រូវ​អប់រំ​យុវជន​យើង ព្រះសង្ឃ​យើង ប្រជាជន​យើង ឲ្យ​បាន​ចេញ​ចូល​ទៅ​ញឹកញាប់ ហើយ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការងាយស្រួល​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ ហើយ​ជា​ពិសេស​អាត្មា​ជឿ​ថា ក្នុង​ពេល​អនាគត​ចាប់តាំង​ពី​ឥឡូវ​នេះ​ទៅ​ប្រជាជាតិ​ខ្មែរ​ចាប់​ស្រឡាញ់​ខ្លាំង​មែនទែន ប្រាសាទ​ព្រះវិហារ ។

ពេល​អាត្មា​និមន្ត​ទៅ​ដល់​ឃើញ​មាន​ព្រះសង្ឃ​ច្រើន​ណាស់ មាន​ដូនជី មាន​សិស្សានុសិស្ស ហើយ​មាន​ប្រជាជន​គ្រប់​ស្រទាប់​ថ្នាក់ គឺ​ថា​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ហាក់​ដូច​ជា​ព្រះវិហារ​កំពុងតែ​មាន​មន្តស្នេហ៍​យ៉ាង​សំខាន់​មក​លើ​ប្រជាជាតិ​ខ្មែរ​ហើយ​សព្វថ្ងៃ​នេះ ។

កឹម សុស ៖ ខ្ញុំ​ព្រះករុណា​ចង់​សង្កត់​អំពី​ថា តើ​ខាង​សាសនា​ហ្នឹង​អាច​ធ្វើ​យ៉ាង​ដូចម្ដេច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ កូន​ខ្មែរ​ហ្នឹង ស្រលាញ់​តាម​ផ្លូវ​សាសនា ?

ភិក្ខុ ទូច សារិទ្ធ ៖ មនុស្ស​ចង់​ដើរ​លេង ដើរ​កម្សាន្ត នៅ​ពី​ក្រោម​រហូត​ដល់​លើ​គឺ​ថា​ជា​កន្លែង​មួយ​អាច​ទាក់ទាញ​អារម្មណ៍​របស់​បងប្អូន​ខ្មែរ ទាំង​ពី​ដើម​ឈើ ទាំង​ពី​រុក្ខជាតិ ទាំង​ពី​សម្ផស្ស​ភ្នំ គឺ​ថា​អាច​ទាក់ទាញ​រួចស្រេច​ទៅ​ហើយ ជា​ពិសេស​ដោយ​ខ្មែរ​អ្នក​មាន​ជំនឿ ជឿ​កាន់​ព្រះពុទ្ធ​សាសនា យើង​ត្រូវ​រៀបចំ​នៅ​ខាង​លើ​ប្រាសាទ​ហ្នឹង​នូវ​វត្ត​មួយ​ដែល​ល្អ ប៉ុន្តែ​វត្ត​ហ្នឹង​ឲ្យ​មាន​លក្ខណៈ​ជា​ប្រពៃណី គឺ​ថា​យើង​សាង​ឲ្យ​មាន​ជា​សិល្បៈ ទាំង​ព្រះវិហារ ទាំង​សាលា ទាំង​កុដិ បង្គន់​អនាម័យ​អី រៀបរយ​ឲ្យ​មាន​លក្ខណៈ​ស្អាត​ហើយ​ងាយស្រួល សម្រាប់​ទទួល​ពុទ្ធបរិស័ទ និង​ញាតិញោម​គ្រប់​ទិសទី ក៏​ជា​ផ្នែក​មួយ​សម្រាប់​ទាក់ទាញ​ទេសចរ ។

ហើយ​សំខាន់​ជាង​គេ​គឺ​តំបន់​ហ្នឹង​ទៅ​ជា​តំបន់​សុវត្ថិភាព គឺ​ថា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ផ្ទុះ​សង្រ្គាម​នៅ​កន្លែង​ហ្នឹង ។ រៀបចំ​តំបន់​ហ្នឹង​ទៅ​ជា​មហា​ឧទ្យាន​មួយ​សម្រាប់​កម្សាន្ត​ផង សម្រាប់​ទស្សនកិច្ច​សិក្សា សម្រាប់​កន្លែង​ស្រាវជ្រាវ ហើយ​ក៏​ជា​តំបន់​ទេសចរណ៍ គឺ​ថា​យើង​ធ្វើ​អភិវឌ្ឍ​ភ្នំ​ព្រះវិហារ​ទាំង​មូល​ហ្នឹង ទាំង​ប្រាសាទ ទាំង​វត្ត ទាំង​ទឹក ទាំង​ដី ទាំង​ព្រៃព្រឹក្សា​ទាំងអស់ ទៅ​ជា​កន្លែង​ដែល​ប្រជាជាតិ​ខ្មែរ និយម​ចូលចិត្ត​គ្រប់​គ្នា ។ សម្រាប់​អាត្មា​ផ្ទាល់ អាត្មា​ហាក់​ដូច​ជា​អត់​ចង់​ត្រឡប់​ទៅ​ក្រុង​ភ្នំពេញ អត់​ចង់​ត្រឡប់​ទៅ​រស់​ស្រុក​បារាំង​វិញ​ទេ គឺ​ចង់​នៅ​ជិត​ព្រះវិហារ ពេល​ដែល​ឃើញ​ប្រាសាទ​ព្រះវិហារ ឃើញ​ទឹក​ដី​តំបន់​ហ្នឹង​ស្អាត​ណាស់ៗ សូម​ឲ្យ​ខ្មែរ​ស្រឡាញ់​ព្រះវិហារ​យើង កុំ​ឲ្យ​ធ្វេសប្រហែស កុំ​ឲ្យ​មើលស្រាល​ដល់​សត្រូវ គឺ​ថា​គេ​ចង់​បាន​មែនទែន​ហើយ​សព្វថ្ងៃ​នេះ