បទសម្ភាសន៍​ជុំវិញ​គម្រោង​ជួប​ស្ដេច​ថៃ​របស់​ប្រតិភូ​ខ្មែរ

រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បន្ត​កិច្ចប្រជុំ​នៅ​ឯ​ទីក្រុង​ហួហ៊ីន​នៃ​ប្រទេស​ថៃ​បន្ត​ទៀត ជុំវិញ​បញ្ហា​ប្រឈម​ផ្នែក​យោធា​នៅ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

0:00 / 0:00

ជាមួយ​គ្នា​នេះ​មន្ត្រី​ថៃ​បាន​ឲ្យ​ដឹង​ថា គេ​គ្រោង​នាំ​គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ​ចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ​ដើម្បី​សុំ​ព្រះរាជ​ឱវាទ​ក្នុង​ករណី​ដែល​ក្រុម​ចរចា​មិន​អាច​ទម្លាយ​ភាព​ទ័លចក្រ​នោះ ។

លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​ផ្ដល់​កិច្ចសម្ភាសន៍​តាមរយៈ​សំណួរ​របស់​លោក ហ៊ុយ វណ្ណៈ ជុំវិញ​គម្រោង​ជួប​ស្តេច​ថៃ​នេះ មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

ហ៊ុយ វណ្ណៈ ៖ ដូច​លោក​បាន​ជ្រាប​ហើយ​ថា ថ្ងៃ​នេះ​គណៈប្រតិភូ​ខ្មែរ​យើង​ដែល​មាន​រដ្ឋមន្រ្តី​ការ​បរទេស ហោ ណាំហុង និង​មន្រ្តី​កិច្ចការ​ព្រំដែន ព្រមទាំង​យោធា​ខ្មែរ​ផង គឺ​ថា​បាន​ជួប​គ្នា​ជាមួយ​នឹង​សមភាគី​ថៃ នៅ​ឯ​ទីក្រុង​ហួហ៊ីន​នៃ​ប្រទេស​ថៃ ។

ហើយ​យើង​ដឹង​ថា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ថៃ គឺ​លោក ថារីទ ចារ៉ុងវ៉ាត់ គឺ​ថ្លែង​ថា​ប្រសិន​ជា​ការជួប​ប្រជុំ​ថ្ងៃ​នេះ​មិន​អាច​រក​ដំណោះស្រាយ​ឃើញ​ទេ គណៈប្រតិភូ​ថៃ​នឹង​នាំ​គណៈប្រតិភូ​ខ្មែរ​ដើម្បី​ចូល​គាល់​ស្ដេច រាជា​ថៃ ដើម្បី​ទទួល​ឱវាទ​ពី​ព្រះរាជា​ថៃ ។

តើ​លោក​យល់​ឃើញ​ថា​ថៃ​មាន​គំនិត​យ៉ាង​ដូចម្ដេច​ក្នុង​ការនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​គាល់​ទៅ​ជួប​សុំ​ឱវាទ​នៃ​ព្រះរាជា​ថៃ​ហ្នឹង ?

មឿង សុន ៖ ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ថា វា​អត់​ការ​ល្អ​ទេ​ចំពោះ​កិត្តិយស​ព្រះរាជាណាចក្រ​យើង ពិសេស​ចំពោះ​កិត្តិយស​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ព្រះ​មហាក្សត្រ​ខ្មែរ ។ ពីព្រោះ​រឿង​បញ្ហា​ព្រំដែន​ដែល​មាន​រវាង​កម្ពុជា​និង​ថៃ​នេះ គឺ​យើង​បាន​ឃើញ​ច្បាស់​ទាំងអស់​គ្នា រាជ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ជា​សាធារណៈ ហើយ​ដឹង​ថា​ជា​ការរំលោភ​ឈ្លានពាន​របស់​ថៃ ។ អ៊ីចឹង​បើសិន​ជា​ដំណោះស្រាយ​ហ្នឹង​មិន​ចេញ​ឬ​ក៏​ចេញ​ក៏​ដោយ គឺ​គណៈប្រតិភូ​ខ្មែរ​យើង​មិន​គប្បី​ទៅ​ថ្វាយបង្គំ​ស្ដេច​ថៃ ហើយ​យក​រឿង​ព្រំដែន​ហ្នឹង​ទៅ​ទូល​ស្ដេច​ថៃ​ទេ ។

បើ​យើង​ទៅ​ក្នុង​ឋានៈ​គ្រាន់តែ​ជា​ភ្ញៀវ​ទៅ​សម្ដែង​ការ​គួរសម​ជា​មិត្តភាព​ប្រទេស​ជិតខាង​បាន តែ​បើ​យើង​ទៅ​និយាយ​ពី​រឿង​ព្រំដែន​ឲ្យ​ស្ដេច​ថៃ​ធ្វើ​អន្តរាគមន៍ ហ្នឹង​គឺ​ខុស​ទាំងស្រុង​តែម្ដង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​រាជាណាចក្រ​យើង ពិសេស​គឺ​មហាក្សត្រ​យើង ហើយ​និង​រាជ​រដ្ឋាភិបាល​យើង​ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន ហ្នឹង ហាក់​ដូច​ជា​យើង​ហ្នឹង​ជា​ប្រទេស​មួយ​នៅ​ក្រោម​រណប​របស់​ថៃ ហើយ​យើង​ហ្នឹង​គឺ​ជា​អ្នក​ខុស ។ ជា​ធម្មតា​អ្នក​ដែល​រំលោភ​យើង ហើយ​ទៅ​សុំ​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​យើង អាហ្នឹង​វា​អត់​ត្រូវ​ទេ ។

ហ៊ុយ វណ្ណៈ ៖ លោក​មាន​ប្រសាសន៍​គឺ​ថា បើ​ចូល​គាល់​ជា​ភ្ញៀវ នោះ​មិន​បញ្ហា ប៉ុន្តែ​ការចូលគាល់​ជា​ការសុំ​យោបល់ គឺ​ថា​មិនគួរ​ប៉ុន្តែ​លោក​អាច​ពិនិត្យមើល​អំពី​ជំហរ​របស់​ថៃ​វិញ គឺ​ថា​គេ​រៀបចំ​ពិធី​នេះ​ក្នុង​ន័យ​យ៉ាងម៉េច ? មឿង សុន ៖ ក្នុង​ន័យ​មួយ​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ ។

ហ៊ុយ វណ្ណៈ ៖ ចំណុច​មួយ​ទៀត​គឺ​ថា បើ​តាម​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ថៃ គឺ​ថា​កិច្ចប្រជុំ​បាន​បន្ត​ចាប់ផ្ដើម​ពី​ម៉ោង​៩​ព្រឹក រហូត​ប្រហែល​ជា​ម៉ោង​៤​ល្ងាច យើង​អាច​ដឹង​លទ្ធផល ។ យើង​ឃើញ​ថា​នេះ​ជា​ការចរចា​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​លើក​ទី​២ បន្ទាប់ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា នៅ​ទីក្រុង​សៀមរាប ។

លោក​មើល​ឃើញ​ថា​ហេតុ​ដូចម្ដេច​បាន​ជា​កិច្ចប្រជុំ​លើក​មុន គឺ​ថា​ប្រទេស​យើង​មាន​ព្រះ​មហាក្សត្រ​ដល់​ទៅ​២​អង្គ គឺ​ថា​មាន​ស្ថាប័ន​នាយក​រដ្ឋមន្រ្តី ឬ​ក៏​ព្រឹទ្ធសភា ប៉ុន្តែ​កាលណោះ​ហេតុ​ដូចម្ដេច​បាន​ជា​គ្មាន​របៀបវារៈ​ដែល​នាំ​ឲ្យ​មាន​ការសុំ​យោបល់​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​យើង កាលណោះ​ដែរ ?

មឿង សុន ៖ ចំពោះ​ខ្ញុំ​មាន​ការសោកស្ដាយ​ដែល​យើង​ពុំ​បាន​គិត​សុំ​ព្រះរាជ​យោបល់ ព្រះរាជ​តម្រិះ ពី​សម្ដេចឪ​ជា​ព្រះ​មហាវីរក្សត្រ​មួយ​ដែរ ដែល​លោក​បាន​ទាមទារ​ប្រាសាទ​ព្រះវិហារ ហើយ​លោក​ជា​អ្នក​ធ្លាប់​ប្ដឹង​សៀម​បាន​ឈ្នះ​ក្ដី​ទៀត ហើយ​បែរ​ជា​យើង​នាំគ្នា​គិត​ថា​ទៅ​សុំ​គាល់​ស្ដេច​សៀម ដើម្បី​សុំ​ព្រះរាជ​តម្រិះ បើសិន​ជា​យើង​ដោះស្រាយ​មិន​បាន អា​ហ្នឹង​គឺ​ខ្ញុំ​មាន​ការសោកស្ដាយ​ដែរ ។ អ៊ីចឹង​ហើយ​ខ្ញុំ​សូម​ប្រកាស​ថា មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ យើង​ខ្ញុំ​មិន​គាំទ្រ​ក្នុង​ការចរចា​ដោយ​ទន់ភ្លន់​ដោយ​សន្តិវិធី ស្លូតបូត​ពេក គឺ​អត់​កើត​ទេ ។ ហេតុ​ដូច្នេះ​គួរ​រដ្ឋាភិបាល​កំណត់​ពេលវេលា​ព្រមាន​ទៅ​ខាង​ថៃ​វិញ​ថា បើ​ពេល​នេះ​ចរចា​មិន​ត្រូវ​គ្នា​ទេ​គឺ​យើង​ត្រូវតែ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ហើយ ។

ហ៊ុយ វណ្ណៈ ៖ ចំណុច​មួយ​ទៀត ។ ប្រសិនបើ​ការចរចា​នោះ​វា​ឈាន​ទៅ​ដល់​ភាព​វិជ្ជមាន តើ​លោក​មើល​ឃើញ​ថា​សមភាគី​ថៃ​នឹង​យក​ប្រៀប​ទៅ​លើ​ការចរចា​នោះ ហើយ​បង្ហាញ​ថា​ស្ដេច​ថៃ​គឺ​ជា​មគ្គុទ្ទេសក៍​នៅ​ក្នុង​ដំណោះស្រាយ​ហ្នឹង​ដែរ​ឬ​ទេ ?

មឿង សុន ៖ ខ្ញុំ​យល់​ថា​ចង់​មិន​ចង់​គេ​នឹង​បង្ហាញ​ដល់​ក្រុម​អ្នក​គណបក្ស​ប្រឆាំង​ផង ហើយ​គេ​នឹង​បង្ហាញ​អំពី​មោទនភាព​របស់​ស្ដេច​ថៃ​ផង ។ តែ​សំខាន់​ជាង​ហ្នឹង​ទៀត​យើង​មាន​ការបារម្ភ​មួយ ដោយសារ​តែ​យើង​អត់​បាន​ដឹង​ការជជែក​ចរចា​គ្នា​នោះ តើ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​បាន​ចេញ​ទៅ​ជា​មាន​ភាព​វិជ្ជមាន​នោះ ? នោះ​ដែល​សំខាន់​ជាង​គេ​បំផុត​ដែល​រាស្រ្ដ​ខ្មែរ​ចង់​ឲ្យ​បាន​រាជ​រដ្ឋាភិបាល​យើង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ដឹង​ថា​ការចរចា​ហ្នឹង​មាន​ហេតុផល​អ្វី​ខ្លះ​បាន​ចេញ​ទៅ​ជា​ភាព​វិជ្ជមាន​នោះ ?

ហ៊ុយ វណ្ណៈ ៖ ខ្ញុំ​ចង់​បញ្ជាក់​ចំណុច​ចុង​ក្រោយ​គឺ​ថា ការចរចា​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ប្រកាន់​ជំហរ​ទន់ភ្លន់ គឺ​ថា​គិត​ថា​ជា​ប្រទេស​ដែល​មាន​អរិយធម៌ ជា​ប្រទេស​ស៊ីវីល័យ​អី​អ៊ីចឹង ហើយ​ថៃ​ដែល​ឈ្លានពាន​ហ្នឹង គឺ​ថា​ដូច​លោក​មាន​ប្រសាសន៍​អ៊ីចឹង គឺ​ថា​ចង់​យក​ប្រៀប​ទៅ​លើ​បញ្ហា​នៃ​ការចរចា ។ ប៉ុន្តែ​លោក​អាច​បញ្ជាក់​បន្ថែម​ទៀត​ថា តើ​កម្ពុជា​យើង​មាន​វិធី​អី​ដើម្បី​ឲ្យ​ការចរចា​នោះ​គឺ​ជា​ការចរចា​ស្មើភាព​គ្នា ?

មឿង សុន ៖ យើង​មាន​វិធី ។ ទី​មួយ​គឺ​យើង​ត្រូវ​បង្ហាញ​នូវ​វិធានការ​របស់​យើង​ឲ្យ​ភាគី​ថៃ​ហ្នឹង​ឲ្យ​គាត់​ដឹង​ជា​មុន បាន​ន័យ​ថា​យើង​នឹង​មាន​គម្រោង ហើយ​យើង​មាន​ផែនការ​ច្បាស់លាស់​ដោះស្រាយ​បញ្ហា​ហ្នឹង បើសិន​ជា​ការចរចា​ដោយ​សន្តិវិធី​ហ្នឹង​អត់​មាន គឺ​ថា​បង្ហាញ​នូវ​ជំហរ​របស់​យើង​ទៅ​ដល់​កម្រិត​មួយ​ដែល​ថៃ​គាត់​មាន​ការបារម្ភ​ក្នុង​បញ្ហា​ដោះស្រាយ​ហ្នឹង ។

ទី​២​ទៀត គឺ​អ្វីៗ​រាជ​រដ្ឋាភិបាល​យើង​ត្រូវតែ​បង្ហាញ​ដល់​មហាជន​ខ្មែរ​យើង ប្រជារាស្រ្ដ​ខ្មែរ ឲ្យ​ដឹង​អំពី​អ្វី​ដែល​គាត់​បាន​ជជែក​ជាមួយ​នឹង​ភាគី​ថៃ​ហ្នឹង ឲ្យ​ដឹង​ជា​សាធារណៈ ពីព្រោះ​កាលណា​ប្រជារាស្រ្ដ​គេ​ដឹង​អំពី​ការពិត ឬ​ក៏​តំណាង​រាស្រ្ដ​សភា​របស់​ខ្មែរ​យើង​ដឹង​អំពី​ការពិត មហិច្ឆតា​របស់​ថៃ គាត់​ក៏​មាន​ការបារម្ភ​ដែរ ។ ហើយ​រាជ​រដ្ឋាភិបាល​ខ្មែរ​យើង​ក៏​គប្បី​មាន​សណ្ដាន​ចិត្ត​ទូលំ​ទូលាយ​ឲ្យ​ប្រជារាស្រ្ដ​ខ្មែរ ឲ្យ​អ្នក​តំណាង​រាស្រ្ដ​ខ្មែរ​យើង មាន​សិទ្ធិ​រួមចំណែក​បញ្ចេញ​មតិ​ផ្សេងៗ​ពី​គ្នា​ជូន​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​រាជ​រដ្ឋាភិបាល​ធ្វើការ​រិះគិត​ពិចារណា​ដើម្បី​យក​ទៅ​ធ្វើការ​អនុវត្ត​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ កុំ​ឲ្យ​គាត់​មាន​គិត​ថា កិច្ចការ​រឿង​ព្រំដែន រឿង​ទឹក​ដី មានតែ​រដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​មាន​តែ​ប៉ុន្មាន​នាក់ ។

អ៊ីចឹង​យើង​មាន​តែ​មួយ​ផ្លូវ​ទេ​ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី គឺ​ត្រូវ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ប្ដឹង​ទៅ​យូណេស្កូ ប្ដឹង​ទៅ​ប្រទេស​មហា​មិត្ត​ទាំងអស់ ដែល​គេ​ជួយ​ចុះហត្ថលេខី​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​ហ្នឹង ។ អ្នក​អស់​ហ្នឹង​ទេ​ដែល​យើង​ត្រូវ​ទៅ​និយាយ​ជាមួយ យើង​អត់​ត្រូវ​ទៅ​សុំ​អន្តរាគមន៍​ពី​ស្ដេច​ថៃ​ទេ