តើការបង្កើតនោះមានលក្ខណៈយ៉ាងណា ? លោក កឹម សុស បានសម្ភាសអ្នកតំណាងរាស្ត្រមួយរូបរបស់គណបក្សសមរង្សី គឺលោក សុន ឆ័យ ដែលមានខ្លឹមសារដូចតទៅ ៖
កឹម សុស ៖ ខ្ញុំសូមសួរថាបើសិនណាជាមានគណបក្សណាមួយមិនចូលរួមក្នុងសភា តើរដ្ឋសភាអាចចេញរួចទេ ?
សុន ឆ័យ ៖ សូមជម្រាបថា យើងមានរដ្ឋធម្មនុញ្ញរបស់យើងមាត្រា៧៦ បានចែងថានៅក្នុងរដ្ឋធម្មនុញ្ញចែងថា នៅក្នុងរដ្ឋសភាមានសមាជិកតំណាងរាស្រ្ដយ៉ាងតិច១២០រូប ។ ហើយក្នុងន័យនេះ គឺថាក្នុងការចាប់ផ្ដើមការងាររបស់សភាហ្នឹង គឺថាមានសារសំខាន់ណាស់ គឺត្រូវតែមានតំណាងរាស្រ្ដយ៉ាងតិច១២០រូប ដើម្បីឲ្យមានដំណើរការផ្សេងៗនៅក្នុងជំហានដំបូងនៃការបង្កើតរដ្ឋសភាថ្មីនោះ ។ នេះជាបញ្ហាមួយដែលត្រូវការចាំបាច់ ឲ្យមានការមូលមិត្តគ្នារវាងគណបក្សទាំងអស់ ដើម្បីធ្វើយ៉ាងដូចម្ដេចឲ្យដំណើរការដំបូងនេះឲ្យអាចដំណើរការទៅនេះត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ ។
ដូចការដែលមានបញ្ជាក់ពីអ្នកឯកទេសខាងធម្មនុញ្ញខ្លះហើយ បានបញ្ជាក់ហើយថាការដែលមិនមានការចាប់ផ្ដើមដោយមានតំណាងរាស្រ្ដលើសពី១២០នាក់នេះ គឺថាអាចនឹងធ្វើឲ្យមានការរាំងស្ទះដល់ការរៀបចំសភាថ្មី ហើយថាមិនមានការបង្កើតបាននូវសភាថ្មីនេះក៏វានឹងនាំឲ្យមានការលំបាកក្នុងការបង្កើតរដ្ឋាភិបាលថ្មីនោះដែរ ។
កឹម សុស ៖ ប៉ុន្តែរដ្ឋធម្មនុញ្ញមិនបានបញ្ជាក់ថាត្រូវគ្រប់តែម្ដង ។ ឧបមាថាឥឡូវរដ្ឋសភាមានសមាជិក១២៣ មិនបាច់ចាំគ្រប់ទេមិនអ៊ីចឹង ? ឬមួយក៏យ៉ាងម៉េច ?
សុន ឆ័យ ៖ រឿងនោះជាគោលការណ៍វាទាល់តែមានការបង្កើតឲ្យមានជាអ្នកតំណាងរាស្រ្ដផ្លូវការចំនួន១២០នាក់យ៉ាងតិចសិន ហើយនីតិវិធីនៃការបង្កើតដំណើរការការឲ្យអ្នកតំណាងរាស្រ្ដដែលត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយលោកមិនទាន់ក្លាយទៅជាផ្លូវការនៅឡើយទេ ។ វាត្រូវមាននីតិវិធីមួយចំនួន ដូចជាមានការរៀបចំឲ្យមានការប្រជុំក្រោមការដឹកនាំរបស់ព្រឹទ្ធសមាជិកសភា ហើយដែលមានលេខាក្មេងៗ៥រូបចូលរួមហ្នឹង ហើយក្នុងនោះមានការរៀបចំធ្វើជាការប្រកាសឲ្យបានសុពលភាពនៃអ្នកតំណាងរាស្រ្ដនីមួយៗ ហើយក្រោយមកត្រូវធ្វើសច្ចាប្រណិធាន ។ ក្រោយពីមានការរៀបចំបែបហ្នឹងហើយបានសភាហ្នឹងបង្ហាញអំពីការបញ្ជាក់អំពីចំនួនគ្រប់គ្រាន់លើសពី១២០ហើយ ទើបបានគេចាប់ធ្វើដំណើរការក្នុងការអនុម័តជ្រើសតាំងថ្នាក់ដឹកនាំ មានប្រធាន អនុប្រធានរបស់សភាជាដើមនោះ ។
កឹម សុស ៖ ប៉ុន្ដែដល់ពេលដែលធ្វើសច្ចាប្រណិធានហ្នឹង គឺថាត្រូវតែគ្រប់គ្នាធ្វើសច្ចាប្រណិធាន ឬមួយអាចអ្នកណាមួយមិនចូលរួម ។ តើអាហ្នឹងនឹងទៅយ៉ាងម៉េចទៅ ?
សុន ឆ័យ ៖ ការដែលមានអ្នកណាមួយដែលមិនបានបំពេញលក្ខខណ្ឌឲ្យក្លាយទៅជាសមាជិកសភា ដែលមានសុពលភាពត្រឹមត្រូវនោះ គឺនៅមិនទាន់អាចនឹងបង្កលក្ខណៈឲ្យសភាអាចដំណើរការបានទេ ។ សូមជម្រាបថានៅក្នុងចំនួនអាសនៈរបស់សភាបច្ចុប្បន្ននេះមាន ១២៣ ។ យើងអាចសន្និដ្ឋានទៅតាមគោលការណ៍ច្បាប់ ទាំងរដ្ឋធម្មនុញ្ញ ទាំងបទបញ្ជាផ្ទៃក្នុង ថាឲ្យតែបាន១២០រូប វាអាចមានដំណើរការទៅមុខបាន ។ ប៉ុន្តែករណីនេះយើងបានចែងនៅក្នុងប្រការ២ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺថាមានការត្រូវបំពេញលក្ខខណ្ឌមួយចំនួនសិន ដើម្បីឲ្យតំណាងរាស្រ្ដនោះក្លាយទៅជាអ្នកតំណាងរាស្រ្ដផ្លូវការ ។
កឹម សុស ៖ ឧបមាថា ឥឡូវគណបក្សសមរង្ស៊ី បាន២៦ ឧបមាទេ ហើយគណបក្សសមរង្ស៊ីមិនចូលរួមដើម្បីនឹងបង្កើតសភា ។ តើវាទៅជាយ៉ាងម៉េចទៅ ?
សុន ឆ័យ ៖ វានឹងធ្វើឲ្យការចាប់ផ្ដើមហ្នឹងមានការរអាក់រអួល ។ យើងឃើញហើយថា នៅក្នុងការអនុវត្តជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើង យោងទៅតាមរដ្ឋធម្មនុញ្ញពីមុន ហើយនិងការកែឬក៏ការធ្វើវិសោធនកម្មឥឡូវនេះ មានការបន្ថយការអនុម័តទទួលស្គាល់សមាសភាពរដ្ឋាភិបាលពីរភាគបី មក៥០% បូក ១ នេះ គឺការធានានូវការចាប់ផ្ដើមការងាររបស់សភាហ្នឹង មិនមានការធ្វើវិសោធនកម្មទេ គឺនៅតែបញ្ជាក់អំពីចំនួនចាំបាច់របស់សមាជិកសភា ឬក៏អ្នកតំណាងរាស្រ្ដ ១២០រូបនោះជាមូលដ្ឋាន មុននឹងការងារដទៃអាចចាប់ផ្ដើម ។ ហើយបើមានការអនុវត្តផ្ទុយពីហ្នឹងដោយមិនព្រមមានការចរចា មានការពិគ្រោះ សម្រុះសម្រួលគ្នាជាមុន ខ្ញុំថានឹងធ្វើឲ្យសភាដែលបង្កើតឡើងខ្វះចំនួនតំណាងរាស្រ្ដនោះ គឺមិនមានលក្ខណៈស្របច្បាប់ទេ ៕
