សម្ភាស​មន្រ្តី​អ.ស.ប​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​(ភាគ​​១)

លោក ស៊ូរិយ៉ា ស៊ូប៊េឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប) នៅ​កម្ពុជា បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​​លើក​ដំបូង​នៅ​​ប្រទេស​កម្ពុជា។

0:00 / 0:00

ទស្សនកិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ ចំ​ពេល​​ដែល​ប្រទេស​កម្ពុជា កំពុង​រង​ការ​រិះគន់​ថា​មេ​ដឹក​នាំ​មិន​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​មិថុនា នេះ លោក ស៊ូរិយ៉ា ស៊ូប៊េឌី បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​លោក ជីវិតា នៃ​វិទ្យុ​អាស៊ី​សេរី អំពី​ការ​ចាប់​អារម្មណ៍​និង​ជំហរ​របស់​លោក​ជុំវិញ​បញ្ហា​នេះ។

ជីវិតា ៖ លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា និង​ចាប់​ផ្តើម​ការងារ​របស់​លោក​ក្នុង​នាម​ជា​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា នៅ​ពេល​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​បញ្ចេញ​យោបល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ស្រុត​ចុះ។ ឧទាហរណ៍ោ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្រ្ត​ពីរ​រូប​ពី​គណបក្ស​ប្រឆាំង​ជាដើម។ តើ​លោក​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​វិវដ្ដ​ទាំង​នេះ?

ស៊ូរិយ៉ា ស៊ូប៊េឌី ៖ វា​ជា​ការ​អកុសល​ណាស់​ដែល​រឿង​ទាំង​អស់​នេះ​បាន​កើត​ឡើង​ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។ ប៉ុន្តែ​ការ​មក​ដល់​របស់​ខ្ញុំ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ជា​លើក​ទីមូយ។ បេសកកម្ម​របស់​ខ្ញុំ គឺ​ដើម្បី​ស្គាល់​និង​យល់​ដឹង​អំពី​ស្ថានភាព​នានា ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គឺ​ខ្ញុំ​ត្រូវ​ជួប​ជជែក​ជាមួយ​មនុស្ស​ម្នា និង​ស្តាប់​នូវ​ការ​ពន្យល់​ប្រាប់​របស់​ពូក​គេ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សិក្សា​អំពី​ស្ថានការណ៍​ទាំង​ឡាយ រួច​ហើយ​សរសេរ​ជា​អនុសាសន៍។ ដូច្នេះ​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នៅ​ទី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​អំពី​បញ្ហា​ទាំង​នោះ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

ខ្ញុំ​បាន​ជជែក​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​ជា​មួយ​មនុស្ស​មួយ​ចំនូន ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ ដែល​អាច​ជួយ​ដល់​ការងារ​របស់​ខ្ញុំ​នៅ​ក្នុង​ថ្ងៃ​អនាគត។

ជីវិតា ៖ តើ​ការិយាល័យ​របស់​លោក​នឹង​ចាត់​វិធានការ​អ្វី​មួយ​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ ឬ​ទេ ចំពោះ​បញ្ហា​ដក​អភ័យ​ឯក​សិទ្ធិ​របស់​អ្នក​តំណាង​រាស្រ្ត​ទាំង​ពីរ​រូប​នោះ?

ស៊ូរិយ៉ា ស៊ូប៊េឌី ៖ ចំពោះ​បញ្ហា​នេះ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​សហការី​របស់​ខ្ញុំ។ ម៉្យាង​វិញ​ទៀត ខ្ញុំ​កំពុង​រវល់​ខ្លាំង​ណាស់។ ជា​មធ្យម រៀង​រាល់​ថ្ងៃ​ខ្ញុំ​មាន​កិច្ច​ប្រជុំ​ចំនួន ៦ ទៅ ៧​កន្លែង។ ជួប​ជជែក​ជាមួយ​មនុស្ស​ជា​ច្រើន ដូច្នេះ​នៅ​ពេល​ណា​ខ្ញុំ​មាន​ការ​យល់​ច្បាស់​ល្មម​គ្រប់​គ្រាន់ ខ្ញុំ​នឹង​ចាប់​ផ្តើម​បញ្ចេញ​យោបល់​អំពី​រឿង​រ៉ាង​ទាំង​នេះ។ ដូច​ជា​ថ្ងៃ​នេះ (ថ្ងៃ​ទី​២៤ មិថុនា) ខ្ញុំ​ត្រូវ​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​មួយ​ចំនួន និងថ្ងៃ​ស្អែក (ថ្ងៃ​ទី ២៥ មិថុនា) ក៏​នឹង​ត្រូវ​ជួប​ជាមួយ​មនុស្ស​មួយ​ចំនួន​ទៀត។ ហើយ​បន្ទាប់​មក​នៅ​ក្នុង​ថ្ងៃ​ស្អែក (ថ្ងៃទី ២៥ មិថុនា) នេះ​ដែរ យើង​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ ដែល​នៅ​ពេល​នោះ​យើង​នឹង​អាច​បញ្ចេញ​នូវ​ការ​យល់​ឃើញ​របស់​យើង។

ជីវិតា ៖ តើ​លោក​បាន​ត្រៀម​លក្ខណៈ ឬ​យុទ្ធសាស្ត្រ​យ៉ាង​ណា​ដែរ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា?

ស៊ូរិយ៉ា ស៊ូប៊េឌី ៖ បាទ! ដោយសារ​តែ​ខ្ញុំ​ធ្លាប់​ដើរ​តួ​ជា​អ្នក​តស៊ូ​មតិ និង​ធ្លាប់​ជា​មន្ត្រី​ច្បាប់​មួយ​រូប បម្រើ​ការ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ណេប៉ាល់ និង​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ដូច្នេះ​ខ្ញុំ​យល់​ច្បាស់​អំពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ជួប​ប្រទះ។ ដូច្នេះ​ផ្អែក​តាម​បទពិសោធន៍​របស់​ខ្ញុំ​ដែល​មាន​ពី​មុន​មក និង​ព័ត៌មាន​ដែល​ខ្ញុំ​ប្រមូល​បាន​ពី​ទី​នេះ ខ្ញុំ​នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ខ្លះៗ ដើម្បី​ធ្វើ​ឲ្យ​ស្ថានកាណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ល្អ​ប្រសើរ​ឡើង។ ខ្ញុំ​នឹង​បង្ហាញ​ថា តើ​ពូក​គេ​នៅ​មាន​ចំណុច​អន់​ខ្សោយ​ត្រង់​ណា? ហើយ​ថា​តើ​គេ​អាច​ពង្រឹង​ចំណុយ​អន់​ខ្សោយ​ទាំង​នោះ​ដោយ​ដូច​ម្តេច​ខ្លះ? តាម​រយៈ​ការ​ផ្តល់​នូវ​អនុសាសន៍ ឬ​យោបល់​ជាក់​លាក់​ដល់​ពួក​គេ​ដើម្បី​ធ្វើ​ការ​កែ​លម្អ។

ជីវិតា ៖ តើ​លោក​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ណា​ដែរ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ប្រតិកម្ម​ដ៏​ខ្លាំងៗ​ណា​មួយ​របស់​រដ្ឋាភិបាល​ទៅ​នឹង​ការ​ចេញ​របាយការណ៍​ណា​មួយ​របស់​លោក ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត​នោះ?

ស៊ូរិយ៉ា ស៊ូប៊េឌី ៖ បញ្ហា​នេះ​ខ្ញុំ​នឹង​ជ្រើស​រើយ​យក​វិធី​ការ​ទូត​មក​ដោះ​ស្រាយ។ ប្រតិកម្ម​របស់​ខ្ញុំ​គឺ​ទន់ភ្លន់​ប៉ុន្តែ​ម៉ឺងម៉ាត់។ ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​ធ្វើ​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស។ នោះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា​មន្ត្រី​រដ្ឋាភិបាល​យល់​អំពី​អាណត្តិ​ការងារ​របស់​ខ្ញុំ។ អាណត្តិ​ការងារ​របស់​ខ្ញុំ​គឺ​ខុស​គ្នា​ពី​មុន។ តួ​នាទី​របស់​គឺ​ឃ្លាំ​មើល​ស្ថានភាព​នៅ​ទី​នេះ បង្កើន​ការ​យល់​ដឹង​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ការពារ​សិទ្ធិ​របស់​ខ្លួន​ឯង។ ហើយ​ចុង​ក្រោយ​នោះ គឺ​ការ​ផ្តល់​យោបល់​ច្បាស់​លាស់​ជូន​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ដោយ​របៀប​ណា? ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​ទទួល​យក​បាន​ដោយ​វិជ្ជមាន។

ជីវិតា ៖ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​អនុសាសន៍ ឬ​ការ​ជូន​យោបល់​របស់​លោក​ទេ​នោះ តើ​លោក​គិត​ធ្វើ​ដូច​ម្តេច? ដូច​លោក​បាន​ជ្រាប​ស្រាប់​ហើយ គឺ​ថា​លោក យ៉ាស ហ្កាយ (Yash Ghai) ដែល​ជា​អ្នក​កាន់​តំណែង​នេះ​ពី​មុន​មក​នោះ បាន​រិះគន់​រដ្ឋាភិបាល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ជាមួយ​គ្នា​នោះ​ដែរ លោក យ៉ាស ហ្កាយ ក៏​បាន​បង្ហាញ​នូវ​បញ្ហា​ទាំង​ឡាយ​យ៉ាង​ច្បាស់​លាស់ និង​ដាក់​ជូន​អនុសាសន៍​ដើម្បី​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​ទាំង​នោះ​ផង​ដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ព្រម​ទទួល​យក ហើយ​ថែម​ទាំង​និយាយ​ចំអក​ដាក់​គាត់​ទៀត​ផង ហើយ​លោក យ៉ាស ហ្កាយ ក៏​បាន​លា​លែង​ពី​ការងារ​នេះ។ តើ​លោក​មាន​យុទ្ធសាស្រ្ត​បែប​ណា​ដើម្បី​បំពេញ​ការងារ​នេះ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ពី​លោក យ៉ាស ហ្កាយ ប៉ុន្តែ​នាំ​មក​នូវ​ជោគជ័យ​នោះ?

ស៊ូរិយ៉ា ស៊ូប៊េឌី ៖ ខ្ញុំ​បាន​ដឹង​អំពី​ទំនាក់​ទំនង​គ្រោត​គ្រាត​រវាង​រដ្ឋាភិបាល​និង​អ្នក​កាន់​តំណែង​នេះ​ពី​មុន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ធ្ងន់។ ខ្ញុំ​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ក្នុង​ការ​រក្សា​ភាព​ស្ងប់​ស្ងៀម មិន​ឆេវ​ឆាវ ព្រម​ទាំង​រក្សា​ការ​ទូត​និង​ទន់ភ្លន់។ នេះ​ជា​វិធី​សាស្ត្រ​របស់​ខ្ញុំ៕