អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា គឺលោក ស៊ូរិយ៉ា ស៊ូប៊េឌី បានគូសបញ្ជាក់ថា ការរំលោភសិទ្ធិមនុស្សមិនមែនជាបញ្ហាផ្ទៃក្នុងតែម៉្យាងគត់នៃប្រទេសណាមួយនោះទេ វាគឺជាបញ្ហាសកលដែលអ.ស.ប បានតម្កល់ក្នុងរបៀបវារៈមួយ ថាជាបញ្ហាអន្តរជាតិទាំងមូល។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបានឲ្យដឹងថា កម្ពុជាកំពុងមានបញ្ហាមួយចំនួន ក្នុងនោះរួមមានតុលាការមិនឯករាជ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបាតុកម្មមានបញ្ហាចោទខាងសេរីភាពជាដើម។
ខាងក្រោមគឺជាការបំភ្លឺភាគបញ្ចប់របស់លោក ស៊ូរិយ៉ា ស៊ូប៊េឌី តាមការចោទសួររបស់លោក ជីវិតា ៖
ជីវិតា ៖ ក្រោយពេលកើតមានបញ្ហាជាច្រើន ក្នុងនោះរួមទាំងការដកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ដពីររូបពីគណបក្សប្រឆាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានថា នឹងប្រើច្បាប់ប្រឆាំងនឹងជនបរទេសទាំងឡាយណាដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ តើលោកមានបទអត្ថាធិប្បាយអ្វីទេចំពោះការព្រមាននេះ?
ស៊ូរិយ៉ា ស៊ូប៊េឌី ៖ សម្រាប់ផ្ទាល់ខ្លួនខ្ញុំ ខ្ញុំមិនមានការព្រួយបារម្ភអ្វីទេ។ ខ្ញុំជាមេធាវី ខ្ញុំដឹងអំពីអាណត្តិរបស់ខ្ញុំ ហើយខ្ញុំនឹងមិនធ្វើហួសពីព្រំដែននៃអាណត្តិរបស់ខ្ញុំទេ។ អាណត្តិរបស់ខ្ញុំ គឺខ្ញុំជាអ្នកជំនាញផ្នែកច្បាប់និងសិទ្ធិមនុស្ស ដែលនេះគឺជាកាតព្វកិច្ចនិងការងារដែលខ្ញុំត្រូវធ្វើ។ រដ្ឋាភិបាលខ្មែរបានព្រមព្រៀងចំពោះការតែងតាំងរូបខ្ញុំ ហើយដោយសារការព្រមព្រៀងនេះ ទើបខ្ញុំបានមកទីនេះ។ ទោះបីជាក្រុមប្រឹក្សាសិទ្ធិមនុស្សជាអ្នកតែងតាំងរូបខ្ញុំក្ដី ប៉ុន្តែរដ្ឋាភិបាលខ្មែរបាននិយាយថា ពួកគេចង់ធ្វើការជាមួយរូបខ្ញុំ ហើយពួកគេបានផ្ដល់ជាសញ្ញាវិជ្ជមានប្រាប់ខ្ញុំថា ពួកគេចង់ស្ដាប់ខ្ញុំនិយាយ។ ដូច្នេះខ្ញុំសង្ឃឹមថានឹងអាចធ្វើការជាមួយពួកគេបាន។ ប៉ុន្តែខ្ញុំក៏ដឹងច្បាស់អំពីសិទ្ធិរបស់ខ្ញុំក្នុងនាមជាមេធាវីមួយរូប ជាបុគ្គលមួយរូប និងអ្នកអ្នកតំណាងមួយរូបរបស់អង្គការសហប្រជាជាតិ។
ជីវិតា ៖ ពេលនិយាយដល់បញ្ហាសិទ្ធិមនុស្ស ដូចលោកបានជ្រាបហើយ ប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញា កតិកាសញ្ញានិងអនុសញ្ញាស្ដីពីសិទ្ធិមនុស្សជាច្រើន ក្នុងនោះរួមទាំងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ តើលោកគិតថា អង្គការសហប្រជាជាតិ ឬការិយាល័យរបស់លោកអាចអន្តរាគមន៍បានដែរទេ ឬក៏បញ្ហាសិទ្ធិមនុស្សគឺជារឿងផ្ទៃក្នុងសុទ្ធសាធដែលអ្នកក្រៅមិនអាចអន្តរាគមន៍បាន?
ស៊ូរិយ៉ា ស៊ូប៊េឌី ៖ សិទ្ធិមនុស្សមិនមែនគ្រាន់តែជាបញ្ហាផ្ទៃក្នុងនោះទេ ពីព្រោះប្រទេសកម្ពុជា ដូចដែលលោកទើបនិយាយអម្បាញ់មិញអ៊ីចឹង គឺថា បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាមួយចំនួន ហើយម្យ៉ាងទៀត នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិគឺមានយន្តការមួយដែលធានាថា ប្រទេសទាំងឡាយដែលបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាទាំងនោះ អនុវត្តសន្ធិសញ្ញានោះឲ្យបានត្រឹមត្រូវតាមរយៈច្បាប់និងការអនុវត្ត។ ហើយបេសកកម្មរបស់ខ្ញុំគឺសង្កេតនិងតាមដានអ្វីដែលបាននិងកំពុងកើតឡើងនៅទីនេះ ប៉ុន្តែខ្ញុំក៏ត្រូវផ្ដល់ជាដំណោះស្រាយផងដែរ ខ្ញុំមកទីនេះមិនមែនដើម្បីតែរិះគន់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែមកដើម្បីផ្ដល់ដំណោះស្រាយ ថាតើធ្វើយ៉ាងម៉េចដើម្បីកែលម្អស្ថាណការណ៍ តើធ្វើដូចម្ដេចដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជាមានភាពប្រសើរឡើង។ ដូច្នេះហើយ បញ្ហាសិទ្ធិមនុស្សនេះគឺជាបញ្ហាអន្តរជាតិ គឺជាផ្នែកមួយនៃរបៀបវារៈរបស់អន្តរជាតិ អ៊ីចឹងហើយទើបអង្គការសហប្រជាជាតិ ដោយមានកិច្ចព្រមព្រៀងពីរាជរដ្ឋាភិបាលកម្ពុជា ព្រមព្រៀងអំពាវនាវរកជំនួយអន្តរជាតិដែលអាចផ្ដល់ឲ្យដើម្បីជួយកែលម្អស្ថានការណ៍។ ហើយនេះគឺជាអ្វីដែលខ្ញុំនឹងធ្វើ។
ជីវិតា ៖ ប្រហែលជាលោកបានជ្រាបហើយថា សិទ្ធិក្នុងការធ្វើបាតុកម្មនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានគេរាយការណ៍ថា កំពុងដើរថយក្រោយ ឬធ្លាក់ចុះ។ ហើយបច្ចុប្បន្ន សេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបាតុកម្មកំពុងស្ថិតក្នុងដៃរដ្ឋសភា ហើយសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបាតុកម្មនេះត្រូវបានក្រុមសង្គមស៊ីវិលរិះគន់យ៉ាងខ្លាំងថាមានការរឹតត្បិតសេរីភាពក្នុងការធ្វើបាតុកម្មនិងសេរីភាពក្នុងការប្រមូលផ្ដុំគ្នា។ ក្រុមសង្គមស៊ីវិលថែមទាំងបាននិយាយថា សេចក្ដីព្រាងច្បាប់ស្ដីពីបាតុកម្មនេះអាក្រក់ជាងច្បាប់ចាស់ទៅទៀត ហើយសេចក្ដីព្រាងច្បាប់នេះនឹងត្រូវអនុម័តដោយរដ្ឋសភាក្នុងពេលឆាប់ៗនេះ។ តើលោកមានគម្រោងនឹងជួយធ្វើឲ្យសេចក្ដីព្រាងច្បាប់នេះមានភាពប្រសើរឡើងដែរឬទេ?
ស៊ូរិយ៉ា ស៊ូប៊េឌី ៖ ពិតណាស់! ខ្ញុំដឹងអំពីបញ្ហានេះ ហើយខ្ញុំកំពុងគ្រោងនឹងពិនិត្យមើលសេចក្ដីស្នើច្បាប់ថ្មីនេះយ៉ាងដិតដល់ដើម្បីកំណត់ថាតើវាត្រូវនឹងបទដ្ឋានអន្តរជាតិ ឬស្ដង់ដារដែលមានចែងនៅក្នុងសន្ធិសញ្ញាដែលកម្ពុជាបានផ្ដល់សច្ចាប័នរួចហើយ ឬអត់ ហើយបន្ទាប់មក ខ្ញុំនឹងផ្ដល់ជាអនុសាសន៍សមស្រប ឬការជូនជាយោបល់ស្ថាបនា។ ដូច្នេះ នេះគឺជាអ្វីដែលខ្ញុំគ្រោងនឹងធ្វើ។ ប៉ុន្តែដោយសារទស្សនកិច្ចរបស់ខ្ញុំគឺជាទស្សនកិច្ចលើកទីមួយ ខ្ញុំបានចំណាយពេលយ៉ាងច្រើនស្ដាប់មនុស្សផ្សេងៗគ្នាជាច្រើននាក់ ខ្ញុំកំពុងសិក្សាស្វែងយល់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងប្រទេសនេះ យើងមានបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សជាច្រើន ដូចជាការបណ្ដេញពលរដ្ឋចេញពីដីធ្លីនិងផ្ទះសម្បែង សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការប្រមូលផ្ដុំគ្នា ឯករាជភាពនៃប្រព័ន្ធតុលាការ ការបែងចែកអំណាចដាច់ពីគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការនិងស្ថាប័ននីតិប្រតិបត្តិ។ ដូច្នេះគឺថាមានបញ្ហាជាច្រើនណាស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរកពេលវេលាសិក្សាទៅលើសេចក្ដីស្នើច្បាប់ថ្មីស្ដីពីការធ្វើបាតុកម្ម និងលើកជាអនុសាសន៍ជូនទៅរាជរដ្ឋាភិបាលកម្ពុជា។
ជីវិតា ៖ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមអង្គការសង្គមស៊ីវិលបានព្យាយាមធ្វើការលើកកម្ពស់វិស័យនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិផង ប៉ុន្តែនៅពេលថ្មីៗនេះ ពួកគេបានចេញសេចក្ដីថ្លែងការណ៍មួយចំនួនដែលបានឲ្យដឹងថា សិទ្ធិនិងសេរីភាពទាំងនេះត្រូវបានស្រុតចុះគួរឲ្យព្រួយបារម្ភ។ តើលោកគិតថា លោកនឹងមានសមត្ថភាពធ្វើឲ្យមានការផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងដែរ ឬទេ?
ស៊ូរិយ៉ា ស៊ូប៊េឌី ៖ ខ្ញុំពិតជាសង្ឃឹមថា ខ្ញុំនឹងអាចធ្វើឲ្យមានការផ្លាស់ប្ដូរ។ ខ្ញុំមានដើមកំណើតនៅប្រទេសណេប៉ាល់ ក៏ជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅក្នុងតំបន់អាស៊ីដែរ ហើយខ្ញុំធ្លាប់ធ្វើជាមេធាវី ធ្លាប់ជាមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់របស់រដ្ឋាភិបាលណេប៉ាល់ មុនពេលខ្ញុំទៅបន្តការសិក្សានៅប្រទេសអង់គ្លេស ដូច្នេះហើយខ្ញុំមានការយល់ដឹងច្រើនអំពីស្ថានភាពនៅទីនេះ។ ខ្ញុំបានដឹងថា មានសមិទ្ធផលជាច្រើនដែលសម្រេចបាននៅទីនេះ ហើយខ្ញុំសូមសម្ដែងការអបអរសាទរចំពោះប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលដែលខិតខំធ្វើការងារបានយ៉ាងល្អជាច្រើន។ មនុស្សម្នាក់ៗត្រូវការការកោតសរសើរនិងផ្ដល់តម្លៃចំពោះកិច្ចការងារដែលខ្លួនធ្វើបានល្អ ក៏ប៉ុន្តែក៏ត្រូវការការរិះគន់ចំពោះអ្វីដែលធ្វើមិនបានល្អផងដែរ។ ដូច្នេះយើងត្រូវតែថ្លឹងថ្លែងឲ្យមានតុល្យភាពរវាងការកោតសរសើរនិងការរិះគន់។ ឥឡូវនេះ គឺជាពេលវេលាដែលត្រូវពង្រឹងស្ថាប័នប្រជាធិបតេយ្យ៕
