បទ​សម្ភាសន៍៖ ស្ថានភាព​ហ៊្វុនស៊ិនប៉ិច នៅ​ក្រោយ​ការបោះឆ្នោត

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នា​ថ្ងៃ​ទី ៣១ កក្កដា នៅ​បន្ទាប់​ពី​មាន​ការ​និយាយ​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុងតែ​បែកបាក់​គ្នា​និង​នៅក្រោយ​ការ​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ។

0:00 / 0:00
ញឹក​​ប៊ុនឆៃ
លោក ញឹក ប៊ុនឆៃ។ រូបថត RFA

ម៉ាយ៉ារិទ្ធិ ៖ ជា​បឋម ខ្ញុំ​បាទ​សូម​ជម្រាប​សួរ​ឯកឧត្ដម ញឹក ប៊ុនឆៃ។ ឯកឧត្ដម តើ​ស្ថានភាព​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មក​ទល់​ឥឡូវ​ហ្នឹង យ៉ាង​ម៉េច​ទៅ​ហើយ?

ញឹក ប៊ុនឆៃ ៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច មក​ទល់​ពេល​ឥឡូវ​នេះ នៅ​ជា​ធម្មតា គឺ​ដំណើរការ​ដោយ​មិន​មាន​អ្វី​ជា​ការប្រែប្រួល​អ្វី​ទេ។

ម៉ាយ៉ារិទ្ធិ ៖ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ គេ​ឃើញ​មាន​ឯកឧត្ដម លឺ ឡាយស្រេង អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បាន​បង្ហាញ​ចំពោះ​មុខ​អ្នក​កាសែត​ទាក់ទង​នឹង​រឿង​លទ្ធផល​នៃ​ការ​បោះឆ្នោត។ តើ​រឿងរ៉ាវ​នេះ​មាន​ពាក់ព័ន្ធ​ទៅ​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ​ឬ​ទេ?

ញឹក ប៊ុនឆៃ ៖ សូម​ជម្រាប​ផង​ដែរ​ថា បញ្ហា​ដែល​ពាក់ព័ន្ធ​ដល់​ការបោះឆ្នោត​នេះ គឺ​យើង​ឃើញ​ហើយ​ថា ការបោះឆ្នោត​នេះ​យើង​ខ្ញុំ​អាច​លើក​គឺ​ថា ជា​ការបោះឆ្នោត​មួយ​ដោយ​សេរី ប៉ុន្តែ​មិន​មាន​ភាព​យុត្តិធម៌ ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ខ្លះៗ ដែល​មាន​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន ដែល​យើង​ខ្ញុំ​បាន​ធ្វើការ​បូក​សរុប​របាយការណ៍​កន្លង​មក។

ម៉ាយ៉ារិទ្ធិ ៖ ដូច្នេះ ជំហរ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពិត​ប្រាកដ​(យ៉ាង​ដូចម្ដេច​ដែរ)?

ញឹក ប៊ុនឆៃ ៖ សូម​ជម្រាប​ថា ជំហរ​របស់​យើង​ខ្ញុំ គឺ​ការបោះឆ្នោត​នេះ គឺ​សេរី ប៉ុន្តែ​មិន​យុត្តិធម៌ ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ខ្លះ។ ជា​ធម្មតា​ទេ យើង​ជា​អ្នក​ប្រជាធិបតេយ្យ តែង​តែ​មាន​មតិ​ផ្ទុយ​គ្នា​ខ្លះ ហើយ​ថ្ងៃ​នេះ (៣១ កក្កដា) មាន​ការជួបជុំ​គ្នា សំខាន់​ផ្ដោត​ទៅ​លើ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន គឺ​ថ្នាក់​ដឹកនាំ​ខេត្ត ហើយ​និង​ស្រុក​ដែល​បាន​អញ្ជើញ​មក​យ៉ាង​ច្រើន គឺ​យើង​បាន​ជម្រាប​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​យើង​បាន​ឯកភាព​គ្នា​ទុក​ថា យើង​នឹង​ធ្វើ​សិក្ខាសាលា​មួយ​ដើម្បី​ឲ្យ​បង​ប្អូន​នៅ​មូលដ្ឋាន​គឺ​ពី​ឃុំ ស្រុក ខេត្ត​ហ្នឹង ជជែក​គ្នា​អំពី​អ្វី​ខ្លះ ដែល​ជា​ភាព​មិន​ប្រក្រតី ឬ​អំពី​ចំណុច​ខ្វះ​ខាត​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​អ្វី​ខ្លះ ដើម្បី​យើង​បូក​សរុប​លទ្ធផល​ទាំង​អស់​នេះ សម្រាប់​ក្នុង​ការគិត​គូរ ក៏​ដូចជា​យុទ្ធសាស្ត្រ​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។

ម៉ាយ៉ារិទ្ធិ ៖ លទ្ធផល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​មើល​ឃើញ​តាមរយៈ​ការបោះឆ្នោត តើ​បាន​ប៉ុន្មាន​អាសនៈ​ដែរ នៅ​ក្នុង​រដ្ឋ​សភា?

ញឹក ប៊ុនឆៃ ៖ មក​ដល់​ពេល​នេះ គឺ​យើង​ទទួល​បាន​អាសនៈ​តែ ២​ទេ ដែល​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​រូប​ខ្ញុំ​ផ្ទាល់ ហើយ​ទី​ពីរ​នៅ​ខេត្ត​កំពង់ធំ មួយ​អាសនៈ​ដែរ។

ម៉ាយ៉ារិទ្ធិ ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា នឹង​ទទួល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើ​ជា​ដៃគូ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម។ តើ​ហេតុអ្វី​មិន​មាន​និយាយ​ចំ​ឈ្មោះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ?

ញឹក ប៊ុនឆៃ ៖ សូម​ជម្រាប​ផងដែរ​ថា មក​ដល់​ពេល​នេះ យើង​ខ្ញុំ​មាន​សំឡេង​ពីរ​កៅអី ហើយ​យើង​ខ្ញុំ​ក៏​មិន​មាន​អ្វី​ទៅ​ទាមទារ​ទេ គឺ​សម្រេច​ទៅ​លើ​គណបក្ស​ប្រជាជន​ដែល​លោក​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ច្រើន គឺ​ជា​សន្ដាន​ចិត្ត​របស់​លោក​ដែល​អាច​នឹង​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូលរួម​ក្នុង​រដ្ឋាភិបាល​ចម្រុះ គឺ​ថា លោក​អាច​មាន​សិទ្ធិ​ហើយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ហើយ​អ្នក​ដែល​អាច​ចូលរួម ក៏​លោក​មាន​សិទ្ធិ​អាច​ជ្រើសរើស​អ្នកនេះ​អ្នកនោះ​ដែរ ក្នុង​ការត្រូវ​ទៅ​ចូលរួម​ក្នុង​រដ្ឋាភិបាល​ថ្មី​ខាង​មុខ​នេះ។

ម៉ាយ៉ារិទ្ធិ ៖ តើ​ហេតុអ្វី​បាន​ជា​ជ្រើសរើស​ថា ទាល់តែ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​នោះ?

ញឹក ប៊ុនឆៃ ៖ ខ្ញុំ​យល់​ថា ប្រហែល​ជា​ពាក់ព័ន្ធ​ដល់​ការងារ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ផង​ដែរ ហើយ​នៅ​ក្នុង​បញ្ហា​នេះ​គឺ​ថា ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យើង​ក៏​មាន​ការជជែក​ អំពី​បញ្ហា​នេះ​ផង​ដែរ ប្រហែល​ជា​បន្តិច​ទៀត​នេះ​នឹង​មាន​ការជជែក​គ្នា​ពី​បញ្ហា​នេះ។

ម៉ាយ៉ារិទ្ធិ ៖ តើ​នេះ​មិន​មែន​ចង់​បង្ហាញ​ថា មាន​ការបែកបាក់​ក្នុង​រង្វង់​ផ្ទៃ​ក្នុង​ហ៊្វុនស៊ិនប៉ិច ហើយ​ទាល់តែ​អ្នកណា​ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម ទើប​អាច​ចូល​រដ្ឋាភិបាល​បាន​ឬ​យ៉ាង​ណា?

ញឹក ប៊ុនឆៃ ៖ មិន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​បែកបាក់​ទេ។ មក​ដល់​ពេល​នេះ ដូច​ជា​មិន​មាន​អ្វី​ដែល​ជា​ការបែកបាក់​ទេ។

ម៉ាយ៉ារិទ្ធិ ៖ ឯកឧត្ដម តើ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​សន្យា​ថា​ឲ្យ​ប៉ុន្មាន​កៅអី​ដែល​ប្រសិន​បើ​មាន​ការចូលរួម​នៅ​ក្នុង​រដ្ឋាភិបាល​នោះ?

ញឹក ប៊ុនឆៃ ៖ ខ្ញុំ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ដឹង​ថា ឲ្យ​តំណែង​អ្វី​ខ្លះ​នោះ​ទេ គ្រាន់តែ​មាន​ជា​គោលការណ៍​ថា គណបក្ស​ប្រជាជន​លោក​នឹង​ទទួល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូលរួម​ក្នុង​រដ្ឋាភិបាល ប៉ុន្តែ​ការដែល​ថា បែងចែក​ជា​កូតា ឬ​យ៉ាង​ណា​នោះ​គឺ​យើង​ខ្ញុំ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។

ម៉ាយ៉ារិទ្ធិ ៖ មាន​ការនិយាយ​នៅ​ខាង​ក្រៅ​ថា ទទួល​មែន ប៉ុន្តែ​ផ្នែក​ខាង​រាជវង្ស​មិន​ចូលរួម​ក្នុង​ឆាក​នយោបាយ​ទេ គឺ​មិន​ឲ្យ​កិច្ចការ​ធ្វើ​អ្វី​ទេ។ តើ​រឿង​នេះ​ពិត​ដែរ​ឬ​ទេ?

ញឹក ប៊ុនឆៃ ៖ មក​ដល់​ពេល​នេះ ខ្ញុំ​ដូច​ជា​មិន​បាន​ដឹង​ទេ នៅ​ក្នុង​ហ៊្វុនស៊ិនប៉ិច​ដូចជា​មិន​មាន​លើក​អំពី​ករណី​ហ្នឹង​ទេ។

ម៉ាយ៉ារិទ្ធិ ៖ ចំពោះ​ទស្សនៈ​ផ្ទាល់​ចុង​ក្រោយ​របស់​ឯកឧត្ដម តើ​ឯកឧត្ដម​យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូលរួម​ក្នុង​រដ្ឋាភិបាល​នេះ?

ញឹក ប៊ុនឆៃ ៖ សូមជម្រាប​ថា នេះ​ក៏​ដោយសារ​តែ​មនោសញ្ចេតនា។ គណបក្ស​ហ៊្វុនស៊ិនប៉ិច តាំង​ពី​អាណត្តិ​ទី​មួយ អាណត្តិ​ទី​ពីរ អាណត្តិ​ទី​បី ដែល​យើង​មាន​បញ្ហា​មក​រហូត​ក៏​យើង​មាន​មនោសញ្ចេតនា​ជាមួយ​គ្នា​ក្នុង​ការចង់​ឲ្យ​ប្រទេស​ជាតិ​របស់​យើង​មាន​ស្ថិរភាព មាន​សន្តិសុខ ដើម្បី​ការអភិវឌ្ឍ​ប្រទេស​ជាតិ អ៊ីចឹង​ហើយ លើក​នេះ​ក៏​ជា​ចេតនា​ល្អ​របស់​គណបក្ស​ប្រជាជន​ដែរ ព្រោះ​ពីមុន​ចេតនា​ល្អ​របស់​ហ៊្វុនស៊ិនប៉ិច​ក៏​ធ្លាប់​មាន​នៅ​ពេល​ដែល​បោះឆ្នោត​រួច​ទាំង​ពីរ​បី​លើក ក៏​យើង​ក្នុង​គោល​បំណង​តែ​មួយ​គឺ​ការបង្រួប​បង្រួម​និង​ផ្សះផ្សា​ជាតិ​ដើម្បី​ឲ្យ​មាន​សុខសន្តិភាព មាន​ស្ថិរភាព មាន​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ។

ម៉ាយ៉ារិទ្ធិ ៖ មាន​ការលេច​ឮ​ថា នឹង​មាន​ការបណ្ដេញ​ប្រធាន​គណបក្ស ឯកឧត្ដម កែវ ពុទ្ធរស្មី និង​មាន​ការ​គ្រោង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​រាជ​រដ្ឋាភិបាល​ផង តើ​រឿង​នេះ​ក្រោយ​ពី​ដោះស្រាយ​ទៅ ឯកឧត្ដម​អាច​មាន​ប្រសាសន៍​យ៉ាង​ដូចម្ដេច​ដែរ?

ញឹក ប៊ុនឆៃ ៖ សូមជម្រាប​ថា ការដែល​ថា​នឹង​មាន​ការបណ្ដេញ​ប្រធាន​គណបក្ស មក​ដល់​ពេល​នេះ មិន​មាន​ទេ​បញ្ហា​នេះ។ រីឯ​នៅ​ក្នុង​រដ្ឋាភិបាល​គឺ​បាន​ឃើញ​ស្រាប់​ហើយ​ថា ពេល​នេះ​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​អាសនៈ​តែ​ពីរ​ទេ អ៊ីចឹង​យើង​អាច​និយាយ​បាន​ថា អ្វី​ដែល​យើង​មាន​២៦​អាសនៈ​កាលពី​មុន ហើយ​ឥឡូវ​មាន​តែ​ពីរ​ហ្នឹង គឺ​ថា​វា​អាច​នឹង​បាត់បង់​ច្រើន​ហើយ អ៊ីចឹង​មិន​ដឹង​ថា ការបាត់​បង់​ហ្នឹង​ទៅ​លើ​អ្នកណា​ខ្លះ​ទេ គឺ​យើង​ត្រូវ​មាន​ការបាត់​បង់​ហើយ៕