កាលដើមឡើយ គណបក្សដឹកនាំដោយលោក សម រង្ស៊ី គឺគណបក្ស ជាតិខ្មែរ មុននឹងដូរមកជាគណបក្សសមរង្ស៊ី ។
ក្នុងការត្រៀមខ្លួនចូលប្រឡូកក្នុងសម័យបោះឆ្នោតជាតិអាណត្តិទី៤នេះ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ទោះជាគណបក្សលោកមានអាយុប្រមាណ ១២ឆ្នាំហើយក៏ដោយ លោកដូចជានៅតែមិនអាចដឹងបានអស់នូវយុទ្ធសាស្រ្តយកឈ្នះឆ្នោតពីសំណាក់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ។
ក្នុងកិច្ចសម្ភាសន៍កាលពីរាត្រីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន លោក សម រង្ស៊ី បានប្រាប់លោក ហាស់ សាន អំពីវិធីមួយចំនួន ដែលធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសហ៊ានភ្នាល់ថា លោកនឹងមិនចាញ់ឆ្នោតនោះ ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកអាចនឹងធ្វើឲ្យតម្លៃទំនិញចុះបាន ដោយសារលោកមានបទពិសោធន៍ ក្នុងឋានៈជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរដ្ឋាភិបាលអាណត្តិទី១ ពីឆ្នាំ១៩៩៣ ។
ក្នុងកិច្ចសម្ភាសន៍ភាគ២ នេះ លោក សម រង្ស៊ី បានឆ្លើយនឹងសំណួរ លោក ហាស់ សាន ថា បញ្ហាធំៗប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ គឺមានឫសគល់ តែពីអំពើពុករលួយ ដែលបើកឱកាសឲ្យបុគ្គលនិងក្រុមហ៊ុន ទាញផលចំណេញ ដោយមិនគិតពីប្រយោជន៍សាធារណជនខ្មែរ ។
គណបក្សនយោបាយ ដែលមានឈ្មោះប្រកួតប្រជែងក្នុងសម័យបោះឆ្នោតខាងមុខនេះ សុទ្ធតែថាមានផែនការបង្កើតការងារពលរដ្ឋខ្មែរ ជាពិសេសយុវជនចេញពីមហាវិទ្យាល័យ ឬ សកលវិទ្យាល័យ ។
តើក្រុមហ៊ុនបរទេសប្រភេទណា ដែលនឹងមករកស៊ីក្នុងស្រុកខ្មែរ បើសិនជារដ្ឋាភិបាលបង្កបរិយាកាសស្អាតស្អំ ហើយនឹងផ្តល់ផលដល់ពលរដ្ឋទូទៅដូចម្តេចខ្លះ ?
ម្យ៉ាងទៀត បើគណបក្សគ្មានអំណាចបង្ហាញអំពីគោលនយោបាយប្រហាក់ប្រហែលគ្នា ហេតុដូចម្តេច ក៏មិនអាចចូលគ្នាតែមួយបាន ? លោក សម រង្ស៊ី បានបំភ្លឺប្រាប់វិទ្យុអាស៊ីសេរី តាមរយៈសំណួរលោក ហាស់ សាន ថា ការរួបរួមគ្នា អាស្រ័យលើភាពស្មោះត្រង់នឹងគ្នារវាងមេដឹកនាំគណបក្ស ៖
- ស្ដាប់សំឡេងភាគ ៣ ជាភាគបញ្ចប់។
