សម្ភាស​សមរង្ស៊ី​ស្តីពី​គម្រោង​ព្យួរ​អភ័យ​ឯកសិទ្ធិ​

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​លោក ជុន ច័ន្ទបុត្រ ស្ដីពី​គម្រោង​ព្យួរ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​របស់​លោក។

0:00 / 0:00

រដ្ឋ​សភា​គ្រោង​បើក​សម័យ​ប្រជុំ​ពិភាក្សា​អំពី​ការ​លើក​អភ័យ​ឯកសិទ្ធិ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា​នេះ ក្រោយ​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ដោយសារ​តែ​លោក សម រង្ស៊ី បាន​ដក​បង្គោល​សម្រាប់​សម្គាល់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​នៅ​ឯ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី​បាន​ស្នើ​សុំ​ទៅ​ប្រធាន​រដ្ឋសភា​ឲ្យ​លើក​ពេល​នៃ​ការ​ជជែក​គ្នា​ដក​អភ័យ​ឯកសិទ្ធិ​នេះ។

សូម​អញ្ជើញ​អាន​និង​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង ជុំវិញ​បញ្ហា​នេះ ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

ជុន ច័ន្ទបុត្រ៖ ឯកឧត្តម​បាន​ជ្រាប​ហើយ​ថា តុលាការ​ខេត្ត​ស្វាយរៀង​បាន​ចោទ​ប្រកាន់​ឯកឧត្តម​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ គឺ​ការ​ដែល​ឯកឧត្តម​បាន​ដក​បង្គោល​ព្រំដែន​ខ្មែរ​-​វៀតណាម​នៅ​ស្រុក​ចន្រ្ទា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​ទៅ​នេះ ខ្ញុំ​មាន​សំណួរ​ពីរ​ទាក់ទង​ទៅ​នឹង​រឿង​នេះ។សំណួរ​ទី​១ គឺ​ថា តើ​ហេតុ​អ្វី​បាន​ជា​ឯកឧត្តម​ដក​បង្គោល​ព្រំដែន​នោះ?

សម រង្ស៊ី៖ ដោយសារ​ខ្ញុំ​មិន​ទទួល​ស្គាល់​អំពើ​អយុត្តិធម៌​អំពើ​ឈ្លានពាន​របស់​បរទេស​ដែល​រំលោភ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា។ ដូច្នេះ​ក្នុង​ឋានៈ​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ត តំណាង​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ទង្វើ​ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ទង្វើ​ដែល​ធ្វើ​បាប​ប្រជារាស្រ្ត​ខ្មែរ ដែល​មក​យក​ដី​ស្រែ​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ខ្ញុំ​ធ្វើ​ជា​តំណាង​នេះ។

ជុន ច័ន្ទបុត្រ៖ ហើយ​ចុះ​ដល់​ឥឡូវ​នេះ​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ អ៊ីចឹង​ហើយ​តើ​ឯកឧត្តម​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ?

សម រង្ស៊ី៖ ឲ្យ​គេ​ចោទ​អី​ចោទ​ទៅ ពីព្រោះ​រឿង​នេះ​មិន​មែន​រឿង សម រង្ស៊ី តែ​ម្នាក់​ឯង​ទេ ហើយ សម រង្ស៊ី អត់​សំខាន់​ទេ​ក្នុង​ការ​ចោទ​ប្រកាន់​ក្នុង​រឿងរ៉ាវ​ទាំង​អស់​នេះ អ្នក​ដែល​រង​គ្រោះ​គឺ​ជន​ជាតិ​ខ្មែរ គឺ​ប្រជារាស្រ្ត​ខ្មែរ គឺ​កសិករ​ខ្មែរ គឺ​ប្រទេស​កម្ពុជា​យើង​ដែល​បាត់បង់​ទឹក​ដី ប្រជារាស្រ្ត​ខ្មែរ​រាប់​រយ​រាប់​ពាន់​នាក់​ដែល​បាត់បង់​ដី​ស្រែ ដី​ចម្ការ។ ដូច្នេះ​សូម​កុំ​ផ្តោត​អារម្មណ៍​លើ សម រង្ស៊ី សូម​ផ្តោត​អារម្មណ៍​លើ​ប្រទេស​ជាតិ​យើង លើ​ប្រជារាស្រ្ត​ខ្មែរ​យើង​ទាំង​អស់​គ្នា ខ្ញុំ​គ្រាន់តែ​ជា​តំណាង ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​ប្រជារាស្រ្ត​ខ្មែរ​តែ​ប៉ុណ្ណោះ។

ជុន ច័ន្ទបុត្រ៖ ទាក់ទង​ក្នុង​រឿង​នេះ​ដែរ រដ្ឋសភា​កម្ពុជា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា​នេះ ដើម្បី​ពិភាក្សា​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត​របស់​ឯកឧត្តម តើ​ឯកឧត្តម​មាន​ពាក្យ​អី​ជម្រាប​ទៅ​សមាជិក​សភា​មុន​នឹង​ការ​បើក​សវនាការ​នោះ​ទេ?

សម រង្ស៊ី៖ ជា​ការ​សោកស្តាយ​និង​ជា​ការ​អៀនខ្មាស លើកលែង​តែ​ចំពោះ​តំណាង​រាស្រ្ត​២៦​នាក់​មក​ពី​គណបក្ស​សមរង្ស៊ី និង​បី​នាក់​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស អ្នក​តំណាង​រាស្រ្ត​ដទៃ​ទៀត​ដែល​ទៅ​ជួប​ជុំ​គ្នា​បោះឆ្នោត​លើក​អភ័យ​ឯកសិទ្ធិ​ខ្ញុំ ព្យួរ​ឬ​ដក​នេះ គឺ​មិន​មែន​ប៉ះ​តែ​រូប​ខ្ញុំ សម រង្ស៊ី ទេ សម រង្ស៊ី អត់​សំខាន់​ទេ គឺ​អ្វី​ដែល​គេ​ធ្វើ​នេះ​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ផល​ប្រយោជន៍​ជាតិ​យើង ដល់​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា ពីព្រោះ​អ្វី​ដែល​ខ្ញុំ សម រង្ស៊ី ធ្វើ គឺ​ដើម្បី​ការពារ​ទឹក​ដី​ខ្មែរ ជា​ការ​សោកស្តាយ ជា​ការ​អៀន​ខ្មាស ដែល​រដ្ឋ​សភា​យើង​មិន​ការពារ​ផល​ប្រយោជន៍​ជាតិ ទៅ​ការពារ​ផល​ប្រយោជន៍​បរទេស​ឈ្លានពាន​ឯ​ណោះ​ទៅ​វិញ។

ជុន ច័ន្ទបុត្រ៖ ប្រសិន​បើ​សភា​ជាតិ​សម្រេច ព្យួរ​ឬ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​ឯកឧត្តម​ចោល​ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​អាច​ស៊ើប​អង្កេត​រឿង​ក្តី​របស់​ឯកឧត្តម តើ​ឯកឧត្តម​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​តតាំង​ក្នុង​រឿង​ក្តី​នោះ​ដែរ​ឬ​ទេ? ហើយ​តើ​ឯកឧត្តម​មាន​អី​ជា​សំអាង​ដើម្បី​ថា​អាច​នឹង​ឈ្នះ​ក្តី​នោះ​បាន?

សម រង្ស៊ី៖ ខ្ញុំ​នឹង​បន្ត​ការ​តស៊ូ​របស់​ខ្ញុំ ការ​តស៊ូ​របស់​ប្រជារាស្រ្ត​ខ្មែរ តាម​គ្រប់​នីតិ​វិធី​ទាំង​អស់​ដែល​ស្រប​ច្បាប់ ដែល​ឆ្លុះ​បញ្ចាំង​ស្មារតី​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ ជា​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​អ្វីៗ​ដោយ​អហិង្សា​និង​សន្តិវិធី​។ ក្នុង​ក្របខ័ណ្ឌ​ហ្នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ដែល​បាន​ធ្វើ​មក​ទល់​នឹង​សព្វថ្ងៃ មិន​មែន​ចប់​តែ​ត្រឹម​ហ្នឹង​ទេ ត្រូវតែ​បន្តៗ​រហូត​ដល់​ទទួល​បាន​ជោគជ័យ មិន​មែន​ជោគជ័យ​សម្រាប់ សម រង្ស៊ី ទេ ជោគជ័យ​សម្រាប់​ជាតិ ជាតិ​ខ្មែរ ជោគជ័យ​សម្រាប់​ប្រជារាស្រ្ត​ខ្មែរ​ដែល​ឥឡូវ​នេះ កំពុង​តែ​រង​គ្រោះ​ហ្នឹង។

យើង​ទាំង​អស់​គ្នា​ត្រូវតែ​រួបរួម​គ្នា​ដើម្បី​ការពារ​ទឹក​ដី​មាតុភូមិ​កម្ពុជា​យើង ដើម្បី​ការពារ​កសិករ​ខ្មែរ អ្នក​ស្រែ អ្នក​ចម្ការ ដែល​ពួក​គាត់​បាត់​បង់​ដី​ធ្លី ដោយសារ​បរទេស​ឈ្លានពាន ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ​ជា​ការ​សោកស្តាយ​ណាស់ ដែល​អ្នក​តំណាង​រាស្រ្ត​យើង​មិន​ឃើញ មិន​នឹក​ឃើញ មិន​ឈឺ​ឆ្អាល ចំពោះ​ការ​បាត់បង់​ទឹក​ដី ហើយ​ការ​ដែល​ប្រជារាស្រ្ត​ខ្មែរ​បាត់​បង់​ដី​ស្រែ ដី​ចម្ការ ដី​ធ្លី ផ្ទះ​សម្បែង​នៅ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​តាម​គ្រប់​ខែត្រ​ក្រុង​ទាំង​អស់ គឺ​រដ្ឋ​អំណាច​យើង​សព្វថ្ងៃ គេ​ប្រើ​ពាក្យ គេ​យក​រដ្ឋ​ជា​ខែល យក​ដី​ប្រជារាស្រ្ត គេ​ថា​ដី​ហ្នឹង​ដី​រដ្ឋ តែ​ទី​បញ្ចប់​រដ្ឋ​អំណាច​សព្វថ្ងៃ​ហ្នឹង​គ្រាន់តែ​យក​ឈ្មោះ​រដ្ឋ​ជា​ខែល​ទេ យក​ដី​ប្រជារាស្រ្ត​ថា​ជា​ដី​រដ្ឋ តែ​ទី​បញ្ចប់​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន លក់​ឲ្យ​ថៅកែ លក់​ឲ្យ​ឧកញ៉ា​ឯណោះ​ទៅ​វិញ ធ្វើ​ឲ្យ​ប្រជា​កសិករ​ខ្មែរ​បាត់បង់​ដី​ស្រែ ដី​ចម្ការ​របស់​ជនជាតិ​ខ្មែរ​យើង។

បើ​នៅ​តាម​ជាយ​ដែន​វិញ​ដូច​គ្នា​អ៊ីចឹង រដ្ឋ​អំណាច​ប្រើ​ភាសា​ដដែល​ហ្នឹង យក​ពាក្យ​រដ្ឋ​ធ្វើ​ជា​ខែល​ទៅ​រឹប​អូស​យក​ដី​ធ្លី​បង​ប្អូន​ជន​រួម​ជាតិ​យើង​ដែល​រស់​នៅ​តាម​ដង​ព្រំ​ប្រទល់​ដែន​ជាមួយ​ប្រទេស​វៀតណាម គេ​ថា​ដី​ហ្នឹង​ដី​រដ្ឋ​ចង់​យក​ពេល​ណា​ក៏​បាន​ដែរ ហើយ​គេ​យក​មែន។ តែ​ទី​បញ្ចប់​មាន​យក​ទៅ​ឲ្យ​រដ្ឋ​ខ្មែរ​ឯ​ណា យក​ទៅ​ឲ្យ​រដ្ឋ​យួន យក​ទៅ​ឲ្យ​បរទេស​ឈ្លានពាន ដូច្នេះ​រឿង​អី​យើង​សុខ​ចិត្ត រឿង​អី​យើង​ឱប​ដៃ​ឈរ​មើល រឿង​អី​យើង​ឱន​ក្បាល​ឲ្យ​គេ​ជិះ​ជាន់ ឲ្យ​គេ​មើល​ងាយ​រាស្រ្ត​ខ្មែរ ជនជាតិ​ខ្មែរ មាតុភូមិ​ជាតិ​យើង​ដូច​សព្វ​ថ្ងៃ​នេះ។

ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ខ្មែរ​យើង​ទាំង​អស់​ភ្ញាក់​រឭក ឲ្យ​ខ្មែរ​យើង​ទាំង​អស់​រួបរួម​គ្នា​ដើម្បី​ការពារ​ជនជាតិ​ខ្មែរ​យើង​ដែល​ជា​អ្នក​រង​គ្រោះ កសិករ​ខ្មែរ អ្នក​ស្រែ អ្នក​ចម្ការ អ្នក​ក្រ អ្នក​ទន់​ខ្សោយ ដែល​បាត់​បង់​ដី​ធ្លី ដី​ធ្លី​នៅ​កណ្តាល​ប្រទេស​ក៏​បាត់បង់ ដី​ធ្លី​នៅ​ជាយដែន​ក៏​បាត់​បង់។ ដូច្នេះ​មាន​អំពើ​អយុត្តិធម៌​ធ្ងន់ធ្ងរ​ណាស់ រឿង​អី​មាន​តែ​គណបក្ស​សមរង្ស៊ី​មួយ​ចេញ​មុខ​ការពារ​ប្រជារាស្រ្ត​ខ្មែរ ក្រែង​យើង​ខ្មែរ​ទាំង​អស់​គ្នា​ដែរ? រឿង​អី​ទៅ​ការពារ​តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ អំពើ​ឃោរឃៅ​មក​លើ​អ្នក​ទន់​ខ្សោយ​មក​លើ​អ្នក​ក្រីក្រ។

ខ្ញុំ​ជឿ​ថា ខ្មែរ​យើង​មាន​អ្នក​ស្រឡាញ់​យុត្តិធម៌​ច្រើន​ណាស់ យុត្តិធម៌​សម្រាប់​ប្រជារាស្រ្ត​ខ្មែរ​ក្រី​ក្រ​ទន់​ខ្សោយ​ដែល​បាត់​បង់​ដី​ធ្លី​ផង យុត្តិធម៌​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​យើង​ដែល​បាត់បង់​ទឹក​ដី ដែល​ត្រូវ​គេ​រំលោភ​បូរណភាព​ទឹក​ដី​រៀងរាល់​ថ្ងៃ​នេះ ដូច្នេះ​ខ្ញុំ​អត់​មាន​អ្វី​តក់ស្លុត ខ្ញុំ​អត់​មាន​រារែក ខ្ញុំ​អត់​មាន​ចុះ​ចាញ់ ចុះ​ថយ​អី​បន្តិច​ទាល់​តែ​សោះ ផ្ទុយ​ទៅ​វិញ​ទង្វើៗ​ដ៏​អាក្រក់​របស់​អ្នក​កាន់​អំណាច​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ប្តេជ្ញា​ចិត្ត​កាន់តែ​ខ្ពស់ កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ដើម្បី​ការពារ​អ្នក​រងគ្រោះ ការពារ​ជន​ជាតិ​ខ្មែរ ការពារ​ផល​ប្រយោជន៍​មាតុភូមិ​កម្ពុជា​របស់​យើង