បទសម្ភាសន៍​ស្ដីពី​បញ្ហា​ដី​ធ្លី​នៅ​ប្រទេស​កម្ពុជា

បញ្ហា​ជម្លោះ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កាន់តែ​មាន​សភាព​រីករាលដាល​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស ដែល​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​ក្រីក្រ​និង​អ្នក​មាន​អំណាច អ្នក​មាន​ទ្រព្យធន​ជាដើម ។

0:00 / 0:00

ចំពោះ​បញ្ហា​នេះ ជា​រឿយ​ៗ ប្រជាពលរដ្ឋ​ដែល​មាន​ស្ថានភាព​ទន់ខ្សោយ​មិន​អាច​តទល់​នឹង​ជម្លោះ​នោះ ក៏​តែងតែ​រត់​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​សុំ​ដល់​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ ។

តើ​កត្តា​អ្វីខ្លះ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​យ៉ាង​ដូច្នេះ ?

សូម​អញ្ជើញ​ស្ដាប់​កិច្ចសម្ភាសន៍​អំពី​រឿង​នេះ ដែល​បកស្រាយ​ដោយ​លោក សម្ពោធ ប្រសើរសេរ៉ី អតីត​បុគ្គលិក​អង្គការ UNESCO បច្ចុប្បន្ន ជា​សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា តាមរយៈ​សំណួរ​របស់​លោក កឹម សុស ។

កឹម សុស ៖ សូម​ជម្រាប​សួរ លោក​សាស្រ្ដាចារ្យ សម្ពោធ ប្រសើរសេរ៉ី ។ ថ្ងៃ​បោះឆ្នោត​ជាតិ​កាន់តែ​ខិតជិត​មក​ដល់​បន្តិច​ម្ដងៗ​ហើយ ។ ធម្មតា​ពេល​បោះ​ឆ្នោត​អ៊ីចឹង គឺ​ថា​សាធារណជន​រំជើបរំជួល ខ្វល់​ខ្វាយ​ពី​រឿង​បោះ​ឆ្នោត​ហើយ ប៉ុន្តែ​តាម​ខ្ញុំ​សង្កេតមើល​ទៅ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ខ្វាយខ្វល់​អំពី​ទំនាស់​រឿង​ដី បបួល​គ្នា​ធ្វើ​បាតុកម្ម ធ្វើ​ដំណើរ​ពី​ខេត្ត​មក​ភ្នំពេញ​អ៊ីចឹង តើ​ការសង្កេត​ខ្ញុំ​ហ្នឹង វាត្រឹមត្រូវ​យ៉ាង​ម៉េច​ដែរ ?

សម្ពោធ ប្រសើរសេរ៉ី ៖ បាទ! ប្រជាជន​ខ្មែរ ៨០​% ​ជា​កសិករ​នៅ​ជនបទ​ហ្នឹង ត្រូវ​ពឹង​ដី និង​ទឹក ដើម្បី​ប្រកប​អាជីវកម្ម ព្រោះ​ស្រុក​យើង​ពាណិជ្ជកម្ម ឧស្សាហកម្ម​ហ្នឹង​តូច​ទេ អ៊ីចឹង​រាស្រ្ដ​ភាគ​ច្រើន​កសិករ ធ្វើ​ស្រែចម្ការ​ពឹង​ទឹក​ភ្លៀង​ទៀត ហើយ​ពឹង​ព្រៃ​ធម្មជាតិ ពឹង​បឹង​ធម្មជាតិ ពឹង​ទន្លេ ពឹង​ស្ទឹង​អីអ៊ីចឹង ទំនប់​ដើម្បី​រស់រាន​មាន​ជីវិត ប៉ុន្តែ​ដី​សំខាន់​ជាង​គេ ព្រោះ​មាន​ដី​មាន​ទឹក​នៅ​ខាង​ក្រោម ។

កឹម សុស ៖ ដូច្នេះ ហេតុអី​បាន​ជា​មាន​ការរំជើប​រំជួល​ខាង​ដីអី មូលហេតុអី​អាហ្នឹង ?

សម្ពោធ ប្រសើរសេរ៉ី ៖ មូលហេតុ​ខ្ញុំ​មើល​ទៅ​អ៊ីចេះ តាមពិត​ទៅ​ពី ២០០៤ រដ្ឋ​បាន​ចេញ​គោលនយោបាយ​មួយ គេ​ហៅ​ចតុកោណ គឺ​គោលការណ៍​អភិវឌ្ឍន៍ ហើយ​រំដោះ​ភាពក្រីក្រ ហើយ​អភិបាលកិច្ច​ល្អ គោលការណ៍​ល្អ​ណាស់ ។ គោលការណ៍​ទី​១ នៅ​ជ្រុង​លើ​គេ​នោះ គឺ​ពង្រឹង​វិស័យ​កសិកម្ម និង​កែទម្រង់​រឿង​ដីធ្លី ដាក់​ច្បាស់​តែម្ដង ខ្ញុំ​អ្នក​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​មក​ច្រើន​ឆ្នាំ​ហើយ គឺ​ថា ខ្ញុំ​ត្រេកអរ​ណាស់​ឃើញ​មាន​គោលនយោបាយ​ហ្នឹង គឺ​ពង្រឹង​កសិផល​ឲ្យ​បាន​ច្រើន ។

កឹម សុស ៖ ប៉ុន្តែ​វា​យ៉ាង​ម៉េច​ទៅ ? វា​បង្កើត​នូវ​បញ្ហា ?

សម្ពោធ ប្រសើរសេរ៉ី ៖ បញ្ហា​គឺ​ថា ពង្រឹង​បាន​ខ្លះ​ដែរ​នៅ​ខេត្ត​មួយ​ចំនួន បាន​ធ្វើ​ស្រែ​ពីរ​ដង​អ៊ីចឹង ប៉ុន្តែ​ដល់​រឿង​កែទម្រង់​ដីធ្លី អត់​បាន​ធ្វើ ។ ការកែទម្រង់​គឺ​ខ្ញុំ​បាន​ឃើញ​នៅ​ប្រទេស​ផ្សេង​ៗ ដែល​គេ​ធ្វើ គឺ​ថា​មួយ ជួយ​រក​ដី​ឲ្យ​កសិករ​ដែល​អត់​ដី​ធ្វើ​ស្រែ នោះ​ទី​មួយ បង​ប្អូន​ណា​អត់​ត្រូវ​រក​ដី​ជូន​គាត់ ។ ឲ្យ​ទទេ ឬ​ជួយ​ក៏​បាន​ដែរ ។ ប្រទេស​ខ្លះ​រដ្ឋ​ជួល ឬ​លក់​ក្នុង​រយៈពេល​វែង​ឲ្យ​រាស្រ្ដ ។

កឹម សុស ៖ សុំ​កាត់​ប្រសាសន៍​បន្តិច ថយ​ក្រោយ​បន្តិច​វិញ គឺ​ថា ខ្ញុំ​ចង់​បញ្ជាក់ ចង់​និយាយ​អំពី​រឿង​រំជើបរំជួល​មក​ពី​ដី​ហ្នឹង តើ​វា​បាន​ជា​មាន​ទំនាស់​អីអ៊ីចឹង វា​មាន​រំជើប​រំជួល​អ៊ីចឹង តើ​រំជើប​រំជួល​ហ្នឹង​វា​ទៅ​ដល់​ណា​ទៅ ? វា​អាច​ទៅ​ជា​យ៉ាង​ម៉េច​ទៅ​អាហ្នឹង ?

សម្ពោធ ប្រសើរសេរ៉ី ៖ ខ្ញុំ​ឃើញ​ថា ច្រើន​តែ​បញ្ហា​ធំ ដែល​កន្លង​មក​គឺ បើ​ក្នុង​ក្រុង​ដី​តូច​ៗ​ទេ ប៉ុន្តែ​បើ​ជន​បទ​គឺ​ដី​ធំ ពាក់ព័ន្ធ​ដី​ធំៗ​រាប់ម៉ឺន​ហិកតា ដែល​រដ្ឋ​មាន​គោលការណ៍ គេ​ហៅ​ថា (សម្បទាន) ។ ខ្ញុំ​ថា គោលការណ៍​នេះ​ខុស​តែម្ដង គឺ​ថា មាន​ប្រទេស​មួយ​ចំនួន​ដែល​ធ្វើ​មក​ហើយ គឺ​អត់​បាន​ជោគជ័យ​ទេ គឺ​ខ្ញុំ​ឃើញ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ធ្វើ​មក ២០-៣០ឆ្នាំ​ហើយ ធ្វើ​យូរ​ទៅ រាស្រ្ដ​កាន់តែ​ក្រ​ទៅ ពួក​មូលធន​មាន​ឡើង រាស្រ្ដ​កាន់តែ​ក្រ ហើយ​រាស្រ្ដ​បាត់បង់​ដី រាស្រ្ដ​ក្លាយ​ទៅ​ជា​កម្មករ ។

កឹម សុស ៖ គេ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​អាហ្នឹង បាន​ទៅ​ជា​អ៊ីចឹង ដូច​ខ្មែរ​អ៊ីចឹង​ដែរ ឬ​យ៉ាងម៉េច ?

សម្ពោធ ប្រសើរសេរ៉ី ៖ បាទ ដូច​គ្នា ប៉ុន្តែ​គ្រាន់តែ​ប្រទេស​ហ្វីលីពីន មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ប៉ុន្តែ​ធ្វើ​ទៅ​បាន ព្រោះពួក​ហ្នឹង​នៅ​តែ​ដំណើរការ​ទៅ​បាន ។ ឥណ្ឌូនេស៊ី គេ​ក៏​នៅ​ក្រោម​របប​ផ្ដាច់ការ ៣២​ឆ្នាំ អ៊ីចឹង​ទោះបី​មាន​ច្បាប់ មិន​មាន​ច្បាប់ អត់​ប្រយោជន៍​ទេ ។ ហើយ​ដល់​ស្រុក​ខ្មែរ អត់​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​តែម្ដង គឺ​ខ្មែរ​អត់​មាន​ច្បាប់ អ៊ីចឹង​ហើយ​ការដែល​អ្នកមាន​មក​យក​ដី​ពី​អ្នក​ក្រ មួយ​គឺ​យក​ដី​ក្នុង​នាម​សម្បទាន ដែល​ដី​សម្បទាន​មាន​ដី​រាស្រ្ដ​នៅ​ក្នុង​ហ្នឹង​ដែរ គេ​អត់​ទិញ​តាម​តម្លៃ​ទីផ្សារ ។

កឹម សុស ៖ ដូច្នេះ​គឺ​ថា ដី​សម្រាប់​ធ្វើ​កសិកម្ម​អី​ហ្នឹង សម្រាប់​ប្រជាពលរដ្ឋ កាន់​តែ​រួញ​ទៅ​ៗ អ៊ីចឹង​ទេ ?

សម្ពោធ ប្រសើរសេរ៉ី ៖ បាទ! ព្រោះ​ប្រជាជន​គ្រាន់តែ​ស្រុក​ខ្មែរ មួយ​ឆ្នាំ ២.៤​% គឺ​កើត​មួយ​ឆ្នាំ ប្រហែលជា ៣​សែន​នាក់ ។ អ៊ីចឹង ៣​សែន​នេះ​កើន​ឡើង បើ​យើង​រក​ការងារ​ក្នុង​ឧស្សាហកម្ម ក្នុង​ទី​ក្រុង​មិន​បាន​ទេ គឺ​ថា​ត្រូវ​នៅ​កសិកម្ម នៅ​កសិកម្ម​គឺ​បាន​ន័យថា ត្រូវ​ពង្រីក​ដី ប៉ុន្តែ​បើ​ធ្វើ​ស្រែ​ពីរ​ដង មិន​បាច់​ពង្រីក​ក៏បាន ដូច​ខេត្ត​តាកែវ និង​ព្រៃវែង ហ្នឹង​មាន​គំរូ​ល្អ ប៉ុន្តែ​ខេត្ត​ផ្សេងៗ​ខ្លះ គាត់​ធ្វើ​បាន​តែ​មួយ​ដង ដូច្នេះ​ត្រូវតែ​ពង្រីក​ដី ឆ្ការ​បន្ថែម​ដើម្បី​ឲ្យ​កូន​ចៅ​មាន​ការងារ​ធ្វើ ។

ប៉ុន្តែ​រាស្រ្ដ​ដែល​ប្រើ​កម្លាំង​ពង្រីក​ដី​ដូច​នៅ​ខេត្ត​ឧត្តរមានជ័យ​ហ្នឹង មួយ​ឆ្នាំ​គាត់​ពង្រីក​បាន​ច្រើន​បំផុត មួយ​ហិកតា​ទេ​មួយ​គ្រួសារ ប្រើ​កម្លាំង​ពង្រីក ទៅ​ឆ្ការ អត់​មាន​ត្រាក់ទ័រ កាប់​ឈើ​គាត់​យក​ដី​ហ្នឹង​ទេ ។ អ៊ីចឹង​ហើយ​ប្រើ​កម្លាំង​មនុស្ស​ពង្រីក​បាន​បន្តិចបន្តួច អត់​សូវ​ខូច​បរិស្ថាន​ប៉ុន្មាន​ទេ ។ ហើយ​ខេត្ត​ខាង​ជើង​ឯណោះ ពេល​គេ​ពង្រីក​ដី​ធ្វើ​ស្រែ​ចូល​ព្រៃ គេ​អត់​កាប់​ឈើ​ធំ​ទេ គេ​ធ្វើ​ស្រែ​ក្រោម​ដើមឈើ ខុស​ពី​ខេត្ត​ខាង​ត្បូង អ៊ីចឹង​គេ​ហៅ​ថា មាន​លក្ខណៈ​អត់​ខូច​បរិស្ថាន ព្រោះ​ដើមឈើ​ធំ​នៅ​ទាំង​អស់ ព្រោះ​គេ​ត្រូវ​ពឹង​ម្លប់​ឈើ ពឹង​ស្លឹក​ឈើ​ធ្វើ​ជី ។

កឹម សុស ៖ អាហ្នឹង​ជា​ហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រំជើប​រំជួល ក្ដៅ​ក្រហាយ ជាពិសេស ប៉ុន្តែ​មាន​ហេតុ​អី​ទៀត ?

សម្ពោធ ប្រសើរសេរ៉ី ៖ មួយ​ទៀត ឥឡូវ​នេះ​គឺ​ថា ដល់​អង្ករ​ឡើង​ថ្លៃ ស្ករ​ឡើង​ថ្លៃ កៅស៊ូ​ឡើង​ថ្លៃ ។ កៅស៊ូ ២​ឆ្នាំ​មុន មួយ​តោន ៨០០​ដុល្លារ ឥឡូវ​មួយ​គីឡូ ៣០០០​ដុល្លារ ឡើង​ជិត​៤​ដង ដូច្នេះ ពួក​មូលធន​ទេ ដែល​មាន​ទុន​ចុះ​រយៈពេល​វែង គឺ​កៅស៊ូ ៥​ឆ្នាំ អ្នក​ក្រ​ធ្វើ​អត់​បាន​ទេ ។ បើ​អំពៅ​តែ​មួយ​ឆ្នាំ​បាន អ៊ីចឹង​ហើយ​ពួក​មូលធន​នាយ​ទុន​នេះ គាត់​ឃើញ​ថា ទី​ផ្សារ​អង្ករ ស្ករ កៅស៊ូ ៣​មុខ​នេះ វា​ឡើង​ថ្លៃ ២-៣​ដង​អ៊ីចឹង គាត់​ចង់​យក​ដី​ឲ្យ​ច្រើន​ដាំ​ខ្លួន​គាត់ ។គោលនយោបាយ​ដាំ​ខ្លួន​ឯង​នេះ ខ្ញុំ​ថា​ខុស គឺ មិន​ត្រូវ​ឲ្យ​សម្បទាន​ទេ ។

កឹម សុស ៖ មិន​ត្រូវសម្បទាន​ទេ ពីព្រោះ​សម្បទាន​ហ្នឹង​មិន​ឲ្យ​កិច្ចការ​ទៅ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ទេ ។

សម្ពោធ ប្រសើរសេរ៉ី ៖ ត្រូវ​ហើយ អត់​បង្កើត​ការងារ អត់​បាន​រំដោះ​ភាពក្រីក្រ តាម​គោលការណ៍​ចតុកោណ ។ ចតុកោណ​ថា នឹង​ពង្រីក​ការងារ​រាស្រ្ដ​មួយ​ឆ្នាំ ២​សែន​នាក់ ប៉ុន្តែ​ដល់​យើង​ជួយ​តែមូលធន ២០​នាក់ រាស្រ្ដ​២សែន​គ្នា​អត់​មាន​ការងារ​ធ្វើ ។

កឹម សុស ៖ ហើយ​មូល​ធន​ហ្នឹង​គេប្រើ​ស្អី​ទៅ គេ​ប្រើ​រោងចក្រ ឬ​មួយ​ប្រើ​ពលករ​ពី​ក្រៅ​មក​ដែរ ?

សម្ពោធ ប្រសើរសេរ៉ី ៖ តាមពិត​មិន​ទាន់​បាន​ប្រើ​ស្អី​ទេ ប្រើមួយ​ចំនួន ។ ឥឡូវ​នេះ​គឺ​ថា បើ​គេ​បាន​សម្បទានដី គេ​កាប់ព្រៃ​លក់​សិន ហើយ​នៅ​ឧត្តរមានជ័យ​គឺ​អ៊ីចឹង កាប់​ព្រៃ​លក់ ។

កឹម សុស ៖ ដូច្នេះ​អត់​បាន​ផលិត​ស្អី​ទេ ?

សម្ពោធ ប្រសើរសេរ៉ី ៖ អត់​បាន​ផលិត​ស្អី​ទេ ។ ឆ្នាំ​ទី​១ ចំណេញ​ពី​ព្រៃ មួយ​យក​ដី​ព្រៃ ដែល​រដ្ឋ​ឲ្យ​ហ្នឹង ទីពីរ​គេ​ពង្រីក​មក​ជាន់​លើ​ដី​រាស្រ្ដ ដែល​រាស្រ្ដ​ធ្វើ​ស្រែ ៣-៤​ឆ្នាំ​មក​ហើយ គេ​មាន​សន្តិភាព​គ្រប់គ្រាន់​ហើយ គ្នា​ក៏​ពង្រីក​ស្រែ​គ្នា​ទៅ​ជើង​ព្រៃ គេ​មក​យក​អាហ្នឹង​ដែរ អត់​ឲ្យ​លុយ​គ្នា ឬ​មួយ​ចំនួន​គេ​ថា សុំ​ដោះស្រាយ​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេង ។ ដល់​រាស្រ្ដ​គេ​ថា ដី​នេះ​ជា​របស់​គេ​ហើយ គេ​អត់​ទៅ​ទេ ហើយ​អត់​មាន​គោលការណ៍​ទិញ​តាម​តម្លៃ​ទីផ្សារ ដូច​នៅ​ភ្នំពេញ​បើ​គេ​បើក​រោងចក្រ គេ​ទិញ​តាម​តម្លៃ​ទីផ្សារ ប៉ុន្តែ​ពួក​ធ្វើ​សម្បទាន​ហ្នឹង​អត់​ទិញ​វា​តាម​តម្លៃ​ទី​ផ្សារ​ទេ ។

កឹម សុស ៖ ដូច្នេះ​គឺ​ឲ្យ​តម្លៃ​ថោក​ៗ ?

សម្ពោធ ប្រសើរសេរ៉ី ៖ សុំ​ទទេ មិន​មែន​សុំ​ផង បង្ខំ​យក​ទទេ ថា​នឹង​ដោះស្រាយ​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេង តែ​ដោះ​បាន​តិចតួច ។ ដូច​ឧត្ដរមានជ័យ​អ៊ីចឹង​គឺ​ថា ពី​ស្រុក​សំរោង មក​ដល់​ស្រុក​ចុងកាល់ វា​៣០​គីឡូ មួយម៉ឺនហិកតា គឺ​អស់​ព្រៃ ច្រើន​ជិត​មួយ​ពាន់​គីឡូម៉ែត្រ​ការ៉េ ព្រោះ​ខេត្ត​ឧត្ដរមានជ័យ ទាំង​ដី​ព្រៃ​ទាំង​អស់​មាន​តែ ៦​ពាន់​គីឡូម៉ែត្រការ៉េ​ទេ ។

កឹម សុស ៖ ដូច្នេះ មួយ​ភាគ​៦ ។ សម្ពោធ ប្រសើរសេរ៉ី ៖ បាទ! ១ ភាគ ៦ តែ​មនុស្ស​ម្នាក់​យក ។

កឹម សុស ៖ មនុស្ស​ម្នាក់​យក ហើយ​មិន​ប្រើ​ពលករ ពលកម្ម​នៅ​ក្នុង​ស្រុក​ទៀត ។

សម្ពោធ ប្រសើរសេរ៉ី ៖ មួយ​ចំនួន​គេ​យក​ពី​ក្រៅ​មក​ឈូស ប្រើ​ត្រាក់ទ័រ​កាប់ឈើ ពីព្រោះ​គេ​យក​ពី​ក្រៅ​មក ក្រោយ​មក​រាស្រ្ដ​ប្រឆាំង​កម្មករ​ក្រៅ​ប្រទេស ឥឡូវ​គេ​យក​ខាង​ក្នុង ៕