សម្ភាស កេង វ៉ាន់សាក់ ស្ដីពី​ការឈ្លានពាន​របស់​ថៃ​ចូល​ទឹក​ដី​ខ្មែរ (ភាគ៣)

លោក​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ បាន​អធិប្បាយ​អំពី​មូលហេតុ​ដែល​ថៃ​ឬ​សៀម​មាន​ឥទ្ធិពល​ខាង​យោធា ហើយ​បន្ត​ឈ្លានពាន​មក​លើ​បូរណភាព​ដែន​ដី​ខ្មែរ​ឥត​ឈប់ឈរ​តាម​រយៈ​សំណួរ​របស់​លោក កឹម សុស។

0:00 / 0:00

កឹម សុស ៖ ប៉ុន្តែ​ឥឡូវ​នេះ​បើ​ថា​យើង​ប្រៀបធៀប តាម​ខ្ញុំ​ស្ដាប់​សម្ដី​របស់​លោកគ្រូ បើ​យើង​ប្រៀបធៀប​សម័យ​ឥឡូវ​នេះ ថៃ​និង​អាមេរិកាំង គឺ​ថា ថៃ​គេ​បាន​បច្ចេកវិទ្យា​ពី​អាមេរិកាំង...?

កេង វ៉ាន់សាក់ ៖ ...គេ​ថា​អាមេរិកាំង​ទាស់​នឹង​កុម្មុយនីស្ដ គេ​ប្រកាស​ខ្លួន​គេ​ទាស់​នឹង​កុម្មុយនីស្ដ​ដែរ គេ​យក​កម្លាំង​អាមេរិកាំង​ហ្នឹង​មក​រៀបចំ​ស្រុក ទ័ព​របស់​គេ ឲ្យ​បាន​ទាន់​សម័យ ឲ្យ​បាន​ខ្លាំង ឲ្យ​បាន​ជឿនលឿន ហើយ​គេ​លឿន​ជាង​យើង។

កឹម សុស ៖ ដូច្នេះ​គឺ​ថា​ថៃ​គេ​មាន​កម្លាំង​រាល់​ថ្ងៃ​នេះ...?

កេង វ៉ាន់សាក់ ៖ មិន​មែន​ជំនាន់​អាមេរិកាំង​ហ្នឹង​ទេ តាំង​ពី​ជំនាន់​មុន​ហ្នឹង​គឺ​ជាមួយ​ជប៉ុន ហ្នឹង​សៀវភៅ លោក នួន ធឿន ហ្នឹង គាត់​និយាយ ឲ្យ​ទាំង​ចំនួន​កប៉ាល់​ហោះ​ជប៉ុន​ហ្នឹង ផ្ដល់​មក​ឲ្យ​សៀម​ហ្នឹង​ប៉ុន្មាន​គ្រឿងៗ​ទៀត តាំង​ពី​ជំនាន់​មុន​ដែល​ថៃ​ហ្នឹង​ធ្វើ​នយោបាយ​ចូល​ជាមួយ​នឹង​អាមេរិកាំង​ទៅ​ហើយ។

កឹម សុស ៖ ដូច្នេះ​គេ​កសាង​ប្រទេស​គេ​ឲ្យ​មាន​កម្លាំង​ដោយ​ពឹង​ផ្អែក​ទៅ​លើ​បរទេស?

កេង វ៉ាន់សាក់ ៖ ប៉ុន្តែ​ខ្លួន​គេ​ហ្នឹង​ផង ពីព្រោះ​គេ​រៀបចំ​យុវជន អ្នក​ចេះ​ដឹង​គេ ទ័ព​គេ​ហ្នឹង គឺ​ក្នុង​ចំណេះ​វិជ្ជា​ប្រវត្តិសាស្រ្ដ​ហ្នឹង​ច្បាស់​ណាស់ រៀន​សៀវភៅ​ប្រវត្តិសាស្រ្ដ ប្រវត្តិ​វិទ្យា​ហ្នឹង តាំង​ពី​ថ្នាក់​តូច​ដល់​ថ្នាក់​ធំ​ហើយ​នៅតែ​រៀន​ទៀត ក្នុង​ទាហាន ទ័ព​អី នៅតែ​រៀន​អ៊ីចឹង។ រៀន​យ៉ាង​ម៉េច? រៀន​ថា ថៃ​នេះ​ជា​មហា​អំណាច ជា Great Thailand ដែល​ត្រូវតែ​ឈ្នះ​លើ​ជនជាតិ​ជិត​ខាង​ទាំងអស់ ហើយ​ត្រូវតែ​ច្បាំង​យក​ទឹក​ដី​អស់​ហ្នឹង​មក​វិញ ដែល​ជំនាន់​ហ្នុង​បារាំង​អាណានិគម​ហ្នឹង​បាន​ទៅ​ច្បាំង​យក​ពី​គេ​មក​វិញ។

កឹម សុស ៖ តើ​ចិត្ត​គំនិត​របស់​ថៃ​រាល់ថ្ងៃ​ហ្នឹង​នៅ​ដដែល​ទេ?

កេង វ៉ាន់សាក់ ៖ នៅ​ដដែល​អត់​មាន​កែប្រែ​អី​ទេ ពីព្រោះ​សៀវភៅ​អស់​ហ្នឹង ទស្សនៈ​អស់​ហ្នឹង វិធី​អស់​ហ្នឹង​វា​នៅ​ប្រើការ​ជា​ផ្លូវការ​រហូត​អ៊ីចឹង​មក។

កឹម សុស ៖ ដូច្នេះ​តើ​លោក​គ្រូ​ឃើញ​ថា ថៃ​ហ្នឹង​ដក​ទ័ព​ចេញ​ពី​កន្លែង​ដែល​យើង​ចោទ​ថា មក​កាន់កាប់​ប្រាសាទ​ព្រះវិហារ ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី​ហ្នឹង​ទេ ឬ​មួយ​ក៏​យ៉ាង​ម៉េច?

កេង វ៉ាន់សាក់ ៖ ហ្នឹង​យើង​មើល​ទៅ​ឃើញ​ថា​ជា​លទ្ធផល​ផលវិបាក​បន្ត​ពី​លទ្ធិ​ឈ្លានពាន​ទឹក​ដី​និយម​ដើម្បី​នឹង​មហារដ្ឋ​ថៃឡង់ Great Thailand ហ្នឹង គឺ​វា​ចេញ​មក​ពី​ហ្នឹង ជា​ផ្លែផ្កា​ផល​ដែល​សៀម​គេ​រៀបចំ​ប្រុង​ធ្វើ​មក​តាំង​ពី​មុន​សកលលោក​លើក​ទី​២​ហ្នឹង​ទៀត មក​ដល់​ឥឡូវ​ហ្នឹង​ហើយ។ ហើយ​វាត​មក​ដល់​ហ្នឹង អត់​ឃើញ​ផ្លាស់ប្ដូរ​អី​ទេ ទៅ​មុខ​ទៀត ដែល​វា​ផ្លាស់ប្ដូរ​យ៉ាង​ម៉េច​ទៀត ខ្ញុំ​មើល​ទៅ​មិន​ឃើញ​ថា ឈាម​ហ្នឹង​អាច​ផ្លាស់​អី​ទៅ​ណា​ទៀត​ទេ វា​ទទួល​មាន​រឿង​ខ្លួន​គេ​ថៃ​ជាមួយ​នឹង​ពួក​អ្នក​កាន់​អ៊ិស្លាម​ជ្រុល​និយម​ទៅ​ទៀត ដែល​គេ​ចង់​ផ្ដាច់​ទឹក​ដី​បង្កើត​នគរ​គេ​ភ្លាប់​ទៅ​នឹង​ម៉ាឡេស៊ី​នោះ។ ពីព្រោះ​កុំ​ភ្លេច​ថា សៀម​ហ្នឹង​វា​នៅតែ​ខាង​ជើង ត្បូង​ស្រុក​ចិន​ទេ វ៉ៃ​ចុះ​លុក​មក វា​ជំរុល​ចុះ វ៉ៃ​យក​អ្នក​ស្រុក​នៅ​តាម​ជ្រោយ... ម៉ាឡាកា​ហ្នឹង កន្លែង​ត្រង់​ហ្នឹង​វា​មា​នពួក​ជនជាតិ​ម៉ាឡេ ជាប់​ទៅ​នឹង​ចាម ជ្វា ហ្នឹង​មួយ​ផ្នែក​ធំ ហើយ​មាន​ភូមិ​ស្រុក​មួយ​ផ្នែក​ធំ​ទៀត​នៅ​ជា​ខ្មែរ​មន គឺ​ជា​ស្រុក​ខ្មែរ អ្នកស្រុក​ខ្មែរ ទំនៀម​ទម្លាប់​ខ្មែរ។ ហើយ​ទាំងអស់​ហ្នឹង​សៀម​វ៉ៃ​យក​មក​ធ្វើ​ជា​ស្រុក​របស់​ខ្លួន បញ្ចូល​ក្នុង​ផែនទី​របស់​ខ្លួន ដែល​ជា​ស្រុក​របស់​ខ្លួន​ទៅ ហើយ​គេ​រៀបចំ​មេ​ទ័ព គេ​ខ្លាំង​ពូកែ គេ​យក គេ​ព្រួត។

ហើយ​ដល់​ម៉ាឡេស៊ី ចាម គេ​ភ្ញាក់​រឭក​ឡើង​វិញ គេ​រៀបចំ​ប្រទេស​ជាតិ​គេ​ក្នុង​អន្តរជាតិ​គំនិត​អ៊ិស្លាម​អន្តរជាតិ​និយម​អី​អស់​ហ្នឹង​ទៅ គេ​ទាមទារ​យក​ទឹក​ដី​ហ្នឹង​វិញ។ ដល់​រឿង​ហ្នឹង​វា​ខ្លាំង​ជាង​សៀម​ជាមួយ​ខ្មែរ​យើង​ទៀត ហើយ​ដល់​អ៊ីចឹង​ទៅ​សៀម​ហ្នឹង​ត្រូវតែ​ធ្វើ​យ៉ាង​ម៉េច​ដោះស្រាយ​រឿង​ហ្នឹង វា​ទ័ល​ដែរ មិន​មែន​ថា​ខ្លាំង​ហួសហេតុ​ទេ។ ចំណុច​ខ្សោយ​វា​ហ្នឹង ត្រង់​ដែល​ចម្បាំង​ទាស់​មិន​អស់​ចប់​ជាមួយ​នឹង​ពួក​ម៉ាឡេ​ជាមួយ​នឹង​ពួក​អ៊ិស្លាម​និយម​ហ្នឹង ប៉ុន្តែ​បើសិន​ជា​ពួក​សៀម ថៃ​ហ្នឹង អ៊ិស្លាម​និយម​ហ្នឹង គេ​ចូល​មក​ក្នុង​ទ័ព​ក្នុង​ប្រព័ន្ធ​អំណាច​ទ័ព ទាហាន ក្នុង​ស្រុក​ថៃ​ហ្នឹង ហើយ​មាន​មហាក្សត្រ​ថៃ​ហ្នឹង​នៅ​ពី​ក្រោយ​ជួយ​គាំទ្រ​ទៀត។

អា​ហ្នឹង​នយោបាយ​សៀម​ហ្នឹង​គឺ​ច្បាស់​ណាស់ ថា​គេ​នឹង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ជម្លោះ ជំរុញ​ឲ្យ​មាន​ជម្លោះ​ថៃ​ហើយ​និង​កម្ពុជា​យើង​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ថៃ​ហ្នឹង​មិន​គិតគូរ​ប៉ុន្មាន មិន​ការពារ​ប៉ុន្មាន ពី​រឿង​ខាង​ត្បូង​ជាប់​ទៅ​នឹង​ម៉ាឡេស៊ី ហើយ​ទុក​បណ្ដោយ​ឲ្យ​ពួក​ម៉ាឡេ​ថៃ អ៊ិស្លាម​និយម​ជ្រុល​ហ្នឹង ធ្វើ​បាន​តាម​ចិត្ត។

កឹម សុស ៖ តាម​ទស្សនៈ​របស់​លោកគ្រូ តើ​ទំនាស់​ដោះស្រាយ​ដើម្បី​នឹង​ទប់ស្កាត់​កុំ​ឲ្យ​ថៃ​ឈ្លានពាន ឬ​មួយ​ក៏​ចូល​មក​ស្រុក​ខ្មែរ​ហ្នឹង តើ​ធ្វើ​ដូចម្ដេច?

កេង វ៉ាន់សាក់ ៖ អា​ហ្នឹង​ដដែល​ខ្ញុំ​គ្មាន​ប្លែក​ឬ​ក៏​អស្ចារ្យ​នោះ​ទេ គឺ​រៀបចំ​ស្រុក​យើង​ហ្នឹង​ឲ្យ​វា​ខ្លាំង​ពូកែ ឲ្យ​វា​មាន​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មនុស្ស​មាន​សុខភាព មាន​កម្លាំង មាន​ធនធាន ចំណេះ​វិជ្ជា​ពេញលេញ ជា​មនុស្ស​មែនទែន គ្នា​យើង​ប៉ុន្មាន​លាន​នាក់​ហ្នឹង​ក៏​ដោយ ដូច​ជា​ស្រុក​អ៊ីស្រាអែល មាន​ប៉ុន្មាន​មិន​ដល់​៣​លាន​នាក់​ផង ប៉ុន្តែ​គេ​ចេះ​រៀបចំ​គ្នា​គេ​៣​លាន​នាក់​ហ្នឹង គឺ​វា​ដូច​តែ​មួយ​ហ្នឹង គឺ​ពូកែ​គ្រប់​ផ្នែក​ទាំងអស់ អាច​ទប់ទល់​នឹង​ពួក​មហា​ប្រទេស​អារ៉ាប់​ហ្នឹង ប៉ុន្មាន​រយ​លាន​នាក់​ហ្នឹង អារ៉ាប់​មាន​ធ្វើ​អី​គេ​កើត ឃើញ​ទេ? គេ​ធ្វើ​ពី​ក្នុង ពី​ស្រុក​គេ​ហ្នឹង​ទៅ​វិញ ដែល​យើង​ថា​ដល់​ហ្នឹង​វា​យឺតយ៉ាវ​បន្តិច​ទៅ​ហើយ វា​មិន​ដែល​មាន​ឱកាស​បាន​សុខ​សន្តិភាព​អី នឹង​អាច​រៀបចំ​ធ្វើ​អ៊ីចឹង​បាន​ទេ វា​ទាន់ហន់​អ៊ីចឹង​មក អា​ហ្នឹង​ខ្ញុំ​ថា​គួរ​គប្បី​យើង​ភ្ញាក់​រឭក​ដឹង​អ៊ីចឹង យើង​កុំ​ទៅ​ផ្ដេកផ្ដួល​យក​ទ្រព្យ​សម្បត្តិ​យើង​ដាក់​ក្នុង​ស្រុក​ថៃ​ហ្នឹង​ឲ្យ​គេ​ត្រួត​យើង​បាន មិន​មែន​គ្រាន់តែ​ទ័ព​គេ​មក​នៅ​លើ​ទឹក​ដី​យើង​ទេ គេ​ត្រួត​លើ​ធនាគារ លើ​លុយ​កាក់ ធនធាន​យើង​ដែល​ដាក់​ផ្ញើ​នៅ​ស្រុក​គេ​ហ្នឹង ដូច​យើង​ជាប់​អន្ទាក់​គេ តែ​ផ្លូវ​ហ្នឹង​មួយ​ហ្នឹង យើង​ខ្សោយ​បាត់​ទៅ​ហើយ