យុវសិស្ស​ខ្មែរ ឡាវ៉ន ម៉ូនីកា ទទួល​បាន​មេដាយ​ប្រាក់​ពី​ការប្រលង​នៅ​អាមេរិក

កញ្ញា ឡាវ៉ន ម៉ូនីកា អាយុ ១៧​ឆ្នាំ ជា​សិស្ស​ខ្មែរ​ដំបូង​បំផុត ដែល​បាន​ទទួល​មេដាយ​ប្រាក់ នៅក្នុង​ការប្រកួត​កម្មវិធី​មួយ​ដែល​ហៅថា I-SWEEP Olympiad (International Sustainable World Energy, Engineering & Environment Project Olympiad) ។

0:00 / 0:00

កម្មវិធី​ប្រលង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែឧសភា កន្លង​ទៅនេះ នៅ​រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក ដោយ​មាន​ការចូលរួម​បេក្ខជន​និង​បេក្ខនារី ចំនួន​ជាង ៨០០​នាក់ មកពី ៥២​ប្រទេស ជុំវិញ​ពិភពលោក ។

ជាសិស្ស​នៃ​សាលា ZAMAN អន្តរជាតិ ក្នុង​ទីក្រុង​ភ្នំពេញ កញ្ញា ឡាវ៉ន ម៉ូនីកា បាន​រៀបរាប់​ពី​ការខិតខំ​ប្រឹងប្រែង​និង​មធ្យោបាយ ដែល​ធ្វើ​ឲ្យ​កញ្ញា​សម្រេច​ដល់​គោលដៅ​ប្រកប​ដោយ​កិត្តិយស​តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

ផាន សូផាត ៖ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​ក្រោយ​ពេល​បាន​ទទួល​រង្វាន់​ជា​អន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្មីៗ​នេះ ?

ឡាវ៉ន ម៉ូនីកា ៖ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ជ័យលាភី​នេះ ដែល​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​មេដាយ​ប្រាក់​នៅ​ក្នុង​ការប្រណាំង​ប្រជែង​ស្ដីពី​ប្រធានបទ​ខាង​ផ្នែក​ថាមពល ។

ផាន សូផាត ៖ តើ​រង្វាន់​ហ្នឹង គេ​ហៅ​រង្វាន់​ផ្នែក​អី​ដែរ ?

ឡាវ៉ន ម៉ូនីកា ៖ គឺ​ជា​រង្វាន់​ពី​កម្មវិធី​អូឡាំព្យា​អន្តរជាតិ I-SWEEP ហើយ​ដែល​គេ​ហៅ​ថា International Sustainable World Energy, Engineering & Environment Project Olympiad គឺ​ជា​ការ​ប្រឡង​អូឡាំព្យា​អន្តរជាតិ​ស្ដីអំពី​ពិភពលោក នៃ​ការទ្រទ្រង់​ខាង​ផ្នែក​ថាមពល​វិស្វកម្ម​និង​បរិស្ថាន ។

ផាន សូផាត ៖ ចង់​បញ្ជាក់​បន្តិច ដើម្បី​សិស្ស​និស្សិត​យើង​ផ្សេងៗ​ទៀត អាច​ដឹង​បាន អាច​ជ្រាប​បាន អំពី​បែប​បទ​ក្នុង​ការដែល​អាច​ដាក់​ចូល​ក្នុង​ការប្រកួត​ប្រជែង​នេះ តើ​ចាប់​ផ្ដើម​មុន​ដំបូង​យ៉ាង​ម៉េច​ដែរ ?

ឡាវ៉ន ម៉ូនីកា ៖ កម្មវិធី​នេះ គេ​បាន​ផ្សព្វផ្សាយ​នៅ​តាម Internet ដែល​សិស្ស​អាច​ស្រាវជ្រាវ​រក​ឃើញ អាច​ដាក់ ។ ដំបូង យើង​ត្រូវ​ជ្រើសរើស​ប្រធានបទ ដែល​យើង​ចង់​សិក្សា​ស្រាវជ្រាវ យើង​បង្កើត​ជា​គម្រោង​មួយ ហើយ​យើង​សរសេរ​ជា​និក្ខេបបទ​ទាក់ទង​នឹង​គម្រោង​របស់​យើង ។ និយាយ​ពី​គោលបំណង និយាយ​ពី​ការពិសោធ និយាយ​ពី​ផលប្រយោជន៍ ដែល​យើង​អាច​យក​មក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ទាក់​ទង​នឹង​ការជួយ​ដល់​មនុស្ស​ជាតិ​យើង ហើយ​និង​ធ្វើ​ការសន្និដ្ឋាន​ផ្សេងៗ ផ្ញើ​ទៅ​ឲ្យ​ខាង​គណៈកម្មការ​នៅ​សហរដ្ឋ​អាមេរិក​នោះ ទើប​គេ​ជម្រើស​ជាជន​ផ្ដាច់​ព្រ័ត្រ ហើយ​គេ​អញ្ជើញ​នៅ​តាម​សាលា ពី​សាលា​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​នៅ​ទី​នោះ ។

ផាន សូផាត ៖ ចំពោះ​វិញ្ញាសា និង​បែបបទ​របស់​ប្អូន​ផ្ទាល់ ប្អូន​ចាប់​ផ្ដើម​ដំបូង​យ៉ាង​ម៉េច ហើយ​រហូត​ពី​ដើម​ដល់​ចុង​បញ្ចប់​នោះ ?

ឡាវ៉ន ម៉ូនីកា ៖ កម្មវិធី​នេះ ដំបូង​គេ​បិទ​ប្រកាស​នៅ​សាលា ដោយ​គេ​គ្រាន់តែ​ប្រកាស​ថា មាន​កម្មវិធី​ហ្នឹង​អ៊ីចឹង ហើយ​យើង​ជា​អ្នកស្រាវជ្រាវ​ខ្លួនឯង ។

ផាន សូផាត ៖ ដូច្នេះ ក្រោយ​ពី​យើង​បាន​ទទួល​ដំណឹង​ហើយ​នោះ ខ្លួន​យើង​ផ្ទាល់​ត្រូវ​ធ្វើ​ម៉េច​ខ្លះ រហូត​ដល់​បាន​ជាប់​ដើម្បី​ចូល​រួម​ប្រឡង​ហ្នឹង ?

ឡាវ៉ន ម៉ូនីកា ៖ គឺ​ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ តែ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ហ្នឹង ដំបូង​ជ្រើសរើស​ប្រធានបទ​ហ្នឹង គឺ​ចំណាយ​ពេល​មួយ​រយៈពេល​វែង​ដែរ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​គោលបំណង​របស់​យើង ព្រោះ​ធម្មតា យើង​មិន​អាច​បង្កើត​គម្រោង​ណា​មួយ ដោយ​គ្មាន​គោលបំណង​ច្បាស់​លាស់​ទេ ។ បន្ទាប់​ពី​យល់​ច្បាស់​ពី​គោលបំណង​របស់​ខ្លួនឯង​ហើយ ខ្ញុំ​បាន​លើក និង​បង្កើត​គម្រោង​ផ្សេងៗ ដែល​ខ្ញុំ​ត្រូវ​អនុវត្ត ហើយ​និង​សរសេរ​ពី​អ្វី​ដែល​គណៈកម្មការ​គេ​ចង់​បាន ដែល​មាន​ដូច​ជា ការសន្និដ្ឋាន​ទៅ​លើ​អ្វី​ដែល​យើង​ធ្វើ បន្ទាប់​ពី​យើង​ទទួល​បាន​នូវ​លទ្ធផល​​នៃ​ការពិសោធ និង​យើង​បញ្ជាក់​ឲ្យ​ច្បាស់​នូវ​គោលបំណង​របស់​យើង ដែល​គោលបំណង​នៅ​ក្នុង​គម្រោង​វិទ្យាសាស្រ្ដ​នីមួយៗ គឺ​ដើម្បី​ទ្រទ្រង់​ពិភពលោក ។

ផាន សូផាត ៖ ប៉ុន្តែ​ខ្លួន​ប្អូន​ផ្ទាល់ ហេតុ​អី​បាន​ជា​ស្រលាញ់​ផ្នែក​ហ្នឹង ?

ឡាវ៉ន ម៉ូនីកា ៖ ជា​ដំបូង​ខ្ញុំ​ឃើញ​គេ​ប្រកាស​នៅ​ក្នុង Internet ហ្នឹង គេហៅ​ថា គេ​ចង់​ឲ្យ​កូន​សិស្ស​ដែល​មាន​ចំណូល​ចិត្ត ខាង​ផ្នែក​វិស្វកម្ម ដែល​ទៅ​ថ្ងៃ​មុខ​ទៅ ចង់​ក្លាយ​ជា​វិស្វករ​មក​ចូល​រួម​ទាំង​អស់​គ្នា នៅ​រដ្ឋ​តិចសាស់​នេះ ដែល​ជួប​ជុំ​ជាមួយ​នឹង​សិស្ស​ដទៃ​ទៀត មាន​ចំណូល​ចិត្ត​ដូច​គ្នា ។ តែ​ត្រង់​ហ្នឹង​ខ្ញុំ​គិត​ថា ធម្មតា​យើង​ចូល​ចិត្ត​ខាង​ហ្នឹង យើង​តែងតែ​ចង់​ជួប​អ្នក​ដទៃ​មាន​ចំណូល​ចិត្ត​ដូច​គ្នា ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ខាង​ផ្នែក​វិទ្យា​សាស្រ្ត ហើយ​ក៏​ជា​ការចូលរួម​ចំណែ​មួយ​នៃ​ប្រទេស​កម្ពុជា​យើង ទៅ​ដោះស្រាយ​ខាង​ផ្នែក​ថាមពល វិស្វកម្ម និង​បរិស្ថាន ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត នៅ​លើ​ពិភពលោក ។

ផាន សូផាត ៖ អ្វី​ដែល​ខ្ញុំ​ចង់​សួរ​បញ្ជាក់​ហ្នឹង គឺ​ថា ហេតុ​អ្វី​បាន​ជា​ប្អូន​ជ្រើសរើស​យក​ផ្នែក​ថាមពល​ហ្នឹង ?

ឡាវ៉ន ម៉ូនីកា ៖ ព្រោះ​ថា​ថាមពល​យើង​រាល់​ថ្ងៃ​នេះ ពិភពលោក​យើង​កំពុង​តែ​ប្រើប្រាស់​នូវ​ថាមពល​យ៉ាង​ច្រើន យើង​ប្រើប្រាស់​ជា​អគ្គិសនី យើង​ប្រើប្រាស់​ជា​យាន​ជំនិះ ហើយ​ថាមពល​ដែល​យើង​ប្រើប្រាស់​នោះ​ផ្ទាល់ អស់​រយៈពេល​រាប់​រយ​ឆ្នាំ​មក​នេះ យើង​ប្រើប្រាស់​នូវ ហ្វូស៊ីល ។ ហើយ​ហ្វូស៊ីល​ហ្នឹងឯង វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បរិស្ថាន យើង​ម្យ៉ាង​ទៀត វា​ជា​ថាមពល​មិន​កើត​ឡើង​វិញ វា​នឹង​ត្រូវ​បាត់​បង់​នៅ​ពេល​ណា​មួយ អ៊ីចឹងហើយ​ថាមពល​ដែល​ខ្ញុំ​ជ្រើសរើស​គម្រោង​វិទ្យាសាស្រ្ដ​របស់​ខ្ញុំ​នេះ គឺ​អំពី​ជីវៈម៉ាហ្ស៊ូត​នេះ គឺ​យើង​ទាញ​យក​ពី​រុក្ខជាតិ​ជា​ថាមពល​កើត​ឡើង​វិញ ដែល​អាច​ជំនួស​ឲ្យ​ថាមពល​ហ្វូស៊ីល​បាន​នៅ​ពេល​អនាគត ។

ផាន សូផាត ៖ តាម​ឯកសារ​និង​សម្ដី​របស់​ប្អូន បាន​ន័យ​ថា ការ​ពិសោធ​ផលិត​ជា​ជីវៈ​ម៉ាហ្ស៊ូត​ហ្នឹង បាន​ន័យ​ថា យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​លទ្ធផល​ហើយ បាន​យើង​យក​លទ្ធផល​ហ្នឹង ចូល​រួម​ប្រឡង ឬ​មួយ​យ៉ាង​ម៉េច ?

ឡាវ៉ន ម៉ូនីកា ៖ ដំបូង​គឺ​យើង​ត្រូវ​មាន​ផ្នែក​មួយ ដែល​គេ​ហៅ​ថា យើង​និយាយ​ពី​គោល​បំណង យើង​និយាយ​សង្ខេប​ទាក់ទង​ជាមួយនឹង​​ប្រធាន​បទ​របស់​យើង បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ចូល​ទៅ​ដល់​ជំហាន​មួយ ដែល​ជីវៈម៉ាស្ស៊ូត​ខ្ញុំ​នេះ ខ្ញុំ​បាន​ចម្រាញ់​ចេញ​ពី​ប្រេង​ដូង ព្រោះ​ថា នៅ​កម្ពុជា​យើង​សំបូរ​ដូង ហើយ​ដោយសារ​ដូង វា​ងាយ​ស្រួល​ចម្រាញ់​ប្រេង ហើយ​ដោយសារ​ខ្ញុំ​ជា​សិស្ស ខ្ញុំ​ត្រូវ​ការសិក្សា​ស្រាវជ្រាវ អ៊ីចឹង​យើង​ពិបាក​ចម្រាញ់​ពី​ប្រេង​ផ្សេងៗ​ទៀត ។ ធម្មតា​ជីវៈម៉ាស្ស៊ូត គេ​អាច​ផលិត​ពី​ប្រេង​ច្រើន​ប្រភេទ វា​អាច​ផលិត​ពី​ប្រេង​សណ្ដែក ប្រេង​ដូង​ប្រេង ប្រេង​ដូង​យើង​ធម្មតា ឲ្យ​តែ​ជា​ប្រេង​រុក្ខជាតិ ហើយ​ទោះ​បី​ជា​ប្រេង​ដែល​យើង​បំពង​សោះ ក៏​យើង​អាច​យក​មក​ផលិត​ជា​ម៉ាស្ស៊ូត​នេះ​ដែរ ដោយសារ​ប្រេងដូង​វា​មាន​ភាពងាយ​ស្រួល​ក្នុង​ការចម្រាញ់ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចម្រាញ់​ប្រេង​ដូង​នេះ ។ ហើយ​បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ប្រើ​វិធី​គីមី ដើម្បី​បម្លែង​ប្រេងដូង​នេះ ឲ្យ​ទៅ​ជា​ប្រេង​ម៉ាស្ស៊ូត ។

ផាន សូផាត ៖ រយៈពេល​ការសិក្សា និង​ពិសោធ​ហ្នឹង យើង​ប្រើ​រយៈពេល​ប៉ុន្មាន​ដែរ ?

ឡាវ៉ន ម៉ូនីកា ៖ បើនិយាយ​ពី​ការផលិត​អ្វី​ដែល​យើង​ត្រូវ​ពិសោធ អ្វី​ដែល​យើង​ផលិត​ឲ្យ​បាន​ជា​ប្រេង​ដូង បន្ទាប់​មក​ទៀត យើង​ត្រូវ​បម្លែង​វា​ឲ្យ​ទៅ​ជា​ប្រេង​ម៉ាស្ស៊ូត​ហ្នឹង មុន​នឹង​ចូល​ទៅ​ដល់​ការពិសោធ ការផលិត​ពី​ប្រេង​ដូង​ឲ្យ​ទៅ​ជា​ប្រេង​ម៉ាស្ស៊ូត​ហ្នឹង ប្រើប្រាស់​អស់​រយៈពេល​ពី ២ ទៅ ៣​ថ្ងៃ ។

ផាន សូផាត ៖ បច្ចេកទេស​ផលិត​ហ្នឹង តើ​មាន​ការ​ជួយ​ជ្រោម​ជ្រែង ឬ​មួយ​ក៏​ណែ​នាំ​ពី​ខាង​ណា​ទៀត ឬមួយ​ក៏​យើង​ធ្វើ​ខ្លួនឯង​តាម​រូបមន្ត តាម​សៀវភៅ​សិក្សា​នៅ​សាលាហ្នឹង ?

ឡាវ៉ន ម៉ូនីកា ៖ គឺ​សព្វថ្ងៃ ពិភពលោក​យើង​មាន​ស្ថាប័ន​ជា​ច្រើន​ដែល​ត្រូវ​សិក្សា​ស្រាវជ្រាវ​អំពី​ថាមពល​កើត​ឡើង​វិញ ដូចជា​ជីវៈម៉ាស្ស៊ូត​នេះ អ៊ីចឹង​ខ្ញុំ​បាន​ស្រាវជ្រាវ​ចំណាយពេល​យ៉ាង​យូរ​សម្រាប់​ស្រាវជ្រាវ​នៅ​តាម​អ៊ិនថឹណិត រយៈពេល ៣​ខែ ទម្រាំ​តែ​ចប់​គម្រោង​មួយ​នេះ ហើយ​ត្រូវ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់ ហើយ​នៅ​ពេល​ដែល​បង្កើត​បាន វា​មាន​វិធី​ច្រើន​យ៉ាង​នៅ​ក្នុង​អ៊ិនថឹណិត​ហ្នឹង ហើយ​ខ្ញុំ​យក​មក​វិភាគ ហើយ​ជ្រើសរើស​វិធី​មួយ​ផ្ទាល់​ខ្លួន កែ​ច្នៃ​វិធី​ផ្សេងៗ​ហ្នឹង ឲ្យ​ទៅ​ជា​វិធី​មួយ ហើយ​ពេល​ដែល​ខ្ញុំ​ផលិត​បាន​សម្រេច​ហើយ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ពិសោធ ។

ផាន សូផាត ៖ សំណួរ​មួយ​ដែល​ចង់​សួរ​ចុង​ក្រោយ​ហ្នឹង ចង់​សួរ​ថា ដើម្បី​បាន​ក្លាយ​ជា​អ៊ីចឹង តើ​ត្រូវ​ខិត​ខំ​ផ្នែក​ណា​ខ្លះ ផ្នែក​ជំនាញ ឬ​ផ្នែក​ភាសា ?

ឡាវ៉ន ម៉ូនីកា ៖ គឺ​យើង​ត្រូវការ​ទាំង​ពីរ ហើយ​ធម្មតា​ដើម្បី​យើង​ពូកែ​ខាង​ផ្នែក​ជំនាញ ផ្នែក​វិទ្យាសាស្រ្ដ​ពិត​ហ្នឹង គឺ​ថា យើង​ជា​សិស្ស​ទាំង​អស់​គ្នា​ហ្នឹង យើង​ត្រូវ​មាន​ភាសា​អង់គ្លេស​ជាទុន​មួយ យ៉ាង​សំខាន់​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ និង​ដើម្បី​បង្ហាញ​ពី​គម្រោង​របស់​យើង ហើយ​យើង​ក៏​ត្រូវ​មាន​ចំណេះដឹង​ទៅ​លើ​ខាង​ផ្នែក​វិទ្យាសាស្ដ្រ ។

ផាន សូផាត ៖ គំនិត​ប្អូន​ផ្ទាល់​គឺ​ថា នឹង​បន្ត​ការស្រាវជ្រាវ​ផ្នែក​ហ្នឹង ទៅ​អនាគត​ទៀត ឬ​យ៉ាង​ម៉េច?

ឡាវ៉ន ម៉ូនីកា ៖ គំនិត​របស់​ខ្ញុំ​គឺ​ខ្ញុំ​ចង់​ស្វែង​រក​នូវ​ឱកាស ដើម្បី​ស្រាវជ្រាវ​គម្រោង​នេះ​ត​ទៅ​ទៀត នៅ​ពេល​អនាគត ព្រោះ​ខ្ញុំ​ជឿជាក់​ថា គម្រោង​នេះ នៅ​ពេល​អនាគត មាន​សង្ឃឹម អាច​យក​មក​អនុវត្ត​បាន ។ ព្រោះ​ថា ជា​ទូទៅ នៅ​តាម​ប្រទេស​ជឿន​លឿន​​មួយ​ចំនួន គេ​បាន​អភិវឌ្ឍ​គម្រោង​នេះ តែ​គេ​យក​ពី​ប្រេង​ផ្សេងៗ ដែល​គេ​សម្បូរ​ធនធាន​នៅ​ក្នុង​ស្រុក​គេ​ហ្នឹង រុក្ខជាតិ​ណា​ដែល​គេ​សំបូរ គេ​យក​មក​ប្រើ ហើយ​ខ្មែរ​យើង​នេះ យើង​មាន​រុក្ខជាតិ​ច្រើន យើង​មាន​ធនធាន​ខាង​ផ្នែក​ធម្មជាតិ​ហ្នឹង​ក៏​ច្រើន​ដែរ អ៊ីចឹង​ថ្ងៃ​មុខ យើង​ក៏​អាច​ផលិត​អាហ្នឹង​បាន​ដែរ ។ ហើយ​គឺ​ថា ខ្ញុំ​ចង់​សិក្សា​ស្រាវជ្រាវ​បន្ថែម​បន្ត​ទៅ​ទៀត ពង្រីក​ខាង​ចំណេះ​ដឹង បន្ត​ទៅ​ផ្នែក​មហា​វិទ្យាល័យ ឬ​ក៏​ខ្ពស់​ជាង​នេះ​ទៀត​ហ្នឹង ដើម្បី​ឲ្យ​ក្លាយ​ជា​និស្សិត​ម្នាក់​ដែល​មាន​ការចេះ​ដឹង​ជ្រៅ​ជ្រះ ដើម្បី​ថ្ងៃ​មុខ​ទៅ ខ្ញុំ​អាច​កាន់​តែ​អភិវឌ្ឍ​នូវ​គម្រោង​នេះ​តទៅ​ទៀត