កម្មវិធីប្រលងនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា កន្លងទៅនេះ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយមានការចូលរួមបេក្ខជននិងបេក្ខនារី ចំនួនជាង ៨០០នាក់ មកពី ៥២ប្រទេស ជុំវិញពិភពលោក ។
ជាសិស្សនៃសាលា ZAMAN អន្តរជាតិ ក្នុងទីក្រុងភ្នំពេញ កញ្ញា ឡាវ៉ន ម៉ូនីកា បានរៀបរាប់ពីការខិតខំប្រឹងប្រែងនិងមធ្យោបាយ ដែលធ្វើឲ្យកញ្ញាសម្រេចដល់គោលដៅប្រកបដោយកិត្តិយសតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីដែលមានខ្លឹមសារដូចតទៅ ៖
ផាន សូផាត ៖ តើប្អូនមានអារម្មណ៍យ៉ាងម៉េចដែរក្រោយពេលបានទទួលរង្វាន់ជាអន្តរជាតិនៅសហរដ្ឋអាមេរិកនៅពេលថ្មីៗនេះ ?
ឡាវ៉ន ម៉ូនីកា ៖ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះជ័យលាភីនេះ ដែលប្រទេសកម្ពុជាយើងទទួលបានមេដាយប្រាក់នៅក្នុងការប្រណាំងប្រជែងស្ដីពីប្រធានបទខាងផ្នែកថាមពល ។
ផាន សូផាត ៖ តើរង្វាន់ហ្នឹង គេហៅរង្វាន់ផ្នែកអីដែរ ?
ឡាវ៉ន ម៉ូនីកា ៖ គឺជារង្វាន់ពីកម្មវិធីអូឡាំព្យាអន្តរជាតិ I-SWEEP ហើយដែលគេហៅថា International Sustainable World Energy, Engineering & Environment Project Olympiad គឺជាការប្រឡងអូឡាំព្យាអន្តរជាតិស្ដីអំពីពិភពលោក នៃការទ្រទ្រង់ខាងផ្នែកថាមពលវិស្វកម្មនិងបរិស្ថាន ។
ផាន សូផាត ៖ ចង់បញ្ជាក់បន្តិច ដើម្បីសិស្សនិស្សិតយើងផ្សេងៗទៀត អាចដឹងបាន អាចជ្រាបបាន អំពីបែបបទក្នុងការដែលអាចដាក់ចូលក្នុងការប្រកួតប្រជែងនេះ តើចាប់ផ្ដើមមុនដំបូងយ៉ាងម៉េចដែរ ?
ឡាវ៉ន ម៉ូនីកា ៖ កម្មវិធីនេះ គេបានផ្សព្វផ្សាយនៅតាម Internet ដែលសិស្សអាចស្រាវជ្រាវរកឃើញ អាចដាក់ ។ ដំបូង យើងត្រូវជ្រើសរើសប្រធានបទ ដែលយើងចង់សិក្សាស្រាវជ្រាវ យើងបង្កើតជាគម្រោងមួយ ហើយយើងសរសេរជានិក្ខេបបទទាក់ទងនឹងគម្រោងរបស់យើង ។ និយាយពីគោលបំណង និយាយពីការពិសោធ និយាយពីផលប្រយោជន៍ ដែលយើងអាចយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ទាក់ទងនឹងការជួយដល់មនុស្សជាតិយើង ហើយនិងធ្វើការសន្និដ្ឋានផ្សេងៗ ផ្ញើទៅឲ្យខាងគណៈកម្មការនៅសហរដ្ឋអាមេរិកនោះ ទើបគេជម្រើសជាជនផ្ដាច់ព្រ័ត្រ ហើយគេអញ្ជើញនៅតាមសាលា ពីសាលាទៅចូលរួមទាំងអស់គ្នានៅទីនោះ ។
ផាន សូផាត ៖ ចំពោះវិញ្ញាសា និងបែបបទរបស់ប្អូនផ្ទាល់ ប្អូនចាប់ផ្ដើមដំបូងយ៉ាងម៉េច ហើយរហូតពីដើមដល់ចុងបញ្ចប់នោះ ?
ឡាវ៉ន ម៉ូនីកា ៖ កម្មវិធីនេះ ដំបូងគេបិទប្រកាសនៅសាលា ដោយគេគ្រាន់តែប្រកាសថា មានកម្មវិធីហ្នឹងអ៊ីចឹង ហើយយើងជាអ្នកស្រាវជ្រាវខ្លួនឯង ។
ផាន សូផាត ៖ ដូច្នេះ ក្រោយពីយើងបានទទួលដំណឹងហើយនោះ ខ្លួនយើងផ្ទាល់ត្រូវធ្វើម៉េចខ្លះ រហូតដល់បានជាប់ដើម្បីចូលរួមប្រឡងហ្នឹង ?
ឡាវ៉ន ម៉ូនីកា ៖ គឺខ្ញុំបានសិក្សាស្រាវជ្រាវ តែក្នុងការសិក្សាស្រាវជ្រាវហ្នឹង ដំបូងជ្រើសរើសប្រធានបទហ្នឹង គឺចំណាយពេលមួយរយៈពេលវែងដែរ ដើម្បីឲ្យដឹងច្បាស់ពីគោលបំណងរបស់យើង ព្រោះធម្មតា យើងមិនអាចបង្កើតគម្រោងណាមួយ ដោយគ្មានគោលបំណងច្បាស់លាស់ទេ ។ បន្ទាប់ពីយល់ច្បាស់ពីគោលបំណងរបស់ខ្លួនឯងហើយ ខ្ញុំបានលើក និងបង្កើតគម្រោងផ្សេងៗ ដែលខ្ញុំត្រូវអនុវត្ត ហើយនិងសរសេរពីអ្វីដែលគណៈកម្មការគេចង់បាន ដែលមានដូចជា ការសន្និដ្ឋានទៅលើអ្វីដែលយើងធ្វើ បន្ទាប់ពីយើងទទួលបាននូវលទ្ធផលនៃការពិសោធ និងយើងបញ្ជាក់ឲ្យច្បាស់នូវគោលបំណងរបស់យើង ដែលគោលបំណងនៅក្នុងគម្រោងវិទ្យាសាស្រ្ដនីមួយៗ គឺដើម្បីទ្រទ្រង់ពិភពលោក ។
ផាន សូផាត ៖ ប៉ុន្តែខ្លួនប្អូនផ្ទាល់ ហេតុអីបានជាស្រលាញ់ផ្នែកហ្នឹង ?
ឡាវ៉ន ម៉ូនីកា ៖ ជាដំបូងខ្ញុំឃើញគេប្រកាសនៅក្នុង Internet ហ្នឹង គេហៅថា គេចង់ឲ្យកូនសិស្សដែលមានចំណូលចិត្ត ខាងផ្នែកវិស្វកម្ម ដែលទៅថ្ងៃមុខទៅ ចង់ក្លាយជាវិស្វករមកចូលរួមទាំងអស់គ្នា នៅរដ្ឋតិចសាស់នេះ ដែលជួបជុំជាមួយនឹងសិស្សដទៃទៀត មានចំណូលចិត្តដូចគ្នា ។ តែត្រង់ហ្នឹងខ្ញុំគិតថា ធម្មតាយើងចូលចិត្តខាងហ្នឹង យើងតែងតែចង់ជួបអ្នកដទៃមានចំណូលចិត្តដូចគ្នា ដើម្បីចែករំលែកចំណេះដឹងខាងផ្នែកវិទ្យាសាស្រ្ត ហើយក៏ជាការចូលរួមចំណែមួយនៃប្រទេសកម្ពុជាយើង ទៅដោះស្រាយខាងផ្នែកថាមពល វិស្វកម្ម និងបរិស្ថាន ជាមួយនឹងប្រទេសដទៃទៀត នៅលើពិភពលោក ។
ផាន សូផាត ៖ អ្វីដែលខ្ញុំចង់សួរបញ្ជាក់ហ្នឹង គឺថា ហេតុអ្វីបានជាប្អូនជ្រើសរើសយកផ្នែកថាមពលហ្នឹង ?
ឡាវ៉ន ម៉ូនីកា ៖ ព្រោះថាថាមពលយើងរាល់ថ្ងៃនេះ ពិភពលោកយើងកំពុងតែប្រើប្រាស់នូវថាមពលយ៉ាងច្រើន យើងប្រើប្រាស់ជាអគ្គិសនី យើងប្រើប្រាស់ជាយានជំនិះ ហើយថាមពលដែលយើងប្រើប្រាស់នោះផ្ទាល់ អស់រយៈពេលរាប់រយឆ្នាំមកនេះ យើងប្រើប្រាស់នូវ ហ្វូស៊ីល ។ ហើយហ្វូស៊ីលហ្នឹងឯង វាបង្កឲ្យមានគ្រោះថ្នាក់ដល់បរិស្ថាន យើងម្យ៉ាងទៀត វាជាថាមពលមិនកើតឡើងវិញ វានឹងត្រូវបាត់បង់នៅពេលណាមួយ អ៊ីចឹងហើយថាមពលដែលខ្ញុំជ្រើសរើសគម្រោងវិទ្យាសាស្រ្ដរបស់ខ្ញុំនេះ គឺអំពីជីវៈម៉ាហ្ស៊ូតនេះ គឺយើងទាញយកពីរុក្ខជាតិជាថាមពលកើតឡើងវិញ ដែលអាចជំនួសឲ្យថាមពលហ្វូស៊ីលបាននៅពេលអនាគត ។
ផាន សូផាត ៖ តាមឯកសារនិងសម្ដីរបស់ប្អូន បានន័យថា ការពិសោធផលិតជាជីវៈម៉ាហ្ស៊ូតហ្នឹង បានន័យថា យើងត្រូវតែធ្វើឲ្យបានសម្រេចជាលទ្ធផលហើយ បានយើងយកលទ្ធផលហ្នឹង ចូលរួមប្រឡង ឬមួយយ៉ាងម៉េច ?
ឡាវ៉ន ម៉ូនីកា ៖ ដំបូងគឺយើងត្រូវមានផ្នែកមួយ ដែលគេហៅថា យើងនិយាយពីគោលបំណង យើងនិយាយសង្ខេបទាក់ទងជាមួយនឹងប្រធានបទរបស់យើង បន្ទាប់មកទៀត ខ្ញុំបានចូលទៅដល់ជំហានមួយ ដែលជីវៈម៉ាស្ស៊ូតខ្ញុំនេះ ខ្ញុំបានចម្រាញ់ចេញពីប្រេងដូង ព្រោះថា នៅកម្ពុជាយើងសំបូរដូង ហើយដោយសារដូង វាងាយស្រួលចម្រាញ់ប្រេង ហើយដោយសារខ្ញុំជាសិស្ស ខ្ញុំត្រូវការសិក្សាស្រាវជ្រាវ អ៊ីចឹងយើងពិបាកចម្រាញ់ពីប្រេងផ្សេងៗទៀត ។ ធម្មតាជីវៈម៉ាស្ស៊ូត គេអាចផលិតពីប្រេងច្រើនប្រភេទ វាអាចផលិតពីប្រេងសណ្ដែក ប្រេងដូងប្រេង ប្រេងដូងយើងធម្មតា ឲ្យតែជាប្រេងរុក្ខជាតិ ហើយទោះបីជាប្រេងដែលយើងបំពងសោះ ក៏យើងអាចយកមកផលិតជាម៉ាស្ស៊ូតនេះដែរ ដោយសារប្រេងដូងវាមានភាពងាយស្រួលក្នុងការចម្រាញ់ ខ្ញុំក៏ចាប់ផ្ដើមចម្រាញ់ប្រេងដូងនេះ ។ ហើយបន្ទាប់មកទៀត ខ្ញុំបានប្រើវិធីគីមី ដើម្បីបម្លែងប្រេងដូងនេះ ឲ្យទៅជាប្រេងម៉ាស្ស៊ូត ។
ផាន សូផាត ៖ រយៈពេលការសិក្សា និងពិសោធហ្នឹង យើងប្រើរយៈពេលប៉ុន្មានដែរ ?
ឡាវ៉ន ម៉ូនីកា ៖ បើនិយាយពីការផលិតអ្វីដែលយើងត្រូវពិសោធ អ្វីដែលយើងផលិតឲ្យបានជាប្រេងដូង បន្ទាប់មកទៀត យើងត្រូវបម្លែងវាឲ្យទៅជាប្រេងម៉ាស្ស៊ូតហ្នឹង មុននឹងចូលទៅដល់ការពិសោធ ការផលិតពីប្រេងដូងឲ្យទៅជាប្រេងម៉ាស្ស៊ូតហ្នឹង ប្រើប្រាស់អស់រយៈពេលពី ២ ទៅ ៣ថ្ងៃ ។
ផាន សូផាត ៖ បច្ចេកទេសផលិតហ្នឹង តើមានការជួយជ្រោមជ្រែង ឬមួយក៏ណែនាំពីខាងណាទៀត ឬមួយក៏យើងធ្វើខ្លួនឯងតាមរូបមន្ត តាមសៀវភៅសិក្សានៅសាលាហ្នឹង ?
ឡាវ៉ន ម៉ូនីកា ៖ គឺសព្វថ្ងៃ ពិភពលោកយើងមានស្ថាប័នជាច្រើនដែលត្រូវសិក្សាស្រាវជ្រាវអំពីថាមពលកើតឡើងវិញ ដូចជាជីវៈម៉ាស្ស៊ូតនេះ អ៊ីចឹងខ្ញុំបានស្រាវជ្រាវចំណាយពេលយ៉ាងយូរសម្រាប់ស្រាវជ្រាវនៅតាមអ៊ិនថឹណិត រយៈពេល ៣ខែ ទម្រាំតែចប់គម្រោងមួយនេះ ហើយត្រូវស្រាវជ្រាវជាបន្តបន្ទាប់ ហើយនៅពេលដែលបង្កើតបាន វាមានវិធីច្រើនយ៉ាងនៅក្នុងអ៊ិនថឹណិតហ្នឹង ហើយខ្ញុំយកមកវិភាគ ហើយជ្រើសរើសវិធីមួយផ្ទាល់ខ្លួន កែច្នៃវិធីផ្សេងៗហ្នឹង ឲ្យទៅជាវិធីមួយ ហើយពេលដែលខ្ញុំផលិតបានសម្រេចហើយ ខ្ញុំក៏ចាប់ផ្ដើមធ្វើការពិសោធ ។
ផាន សូផាត ៖ សំណួរមួយដែលចង់សួរចុងក្រោយហ្នឹង ចង់សួរថា ដើម្បីបានក្លាយជាអ៊ីចឹង តើត្រូវខិតខំផ្នែកណាខ្លះ ផ្នែកជំនាញ ឬផ្នែកភាសា ?
ឡាវ៉ន ម៉ូនីកា ៖ គឺយើងត្រូវការទាំងពីរ ហើយធម្មតាដើម្បីយើងពូកែខាងផ្នែកជំនាញ ផ្នែកវិទ្យាសាស្រ្ដពិតហ្នឹង គឺថា យើងជាសិស្សទាំងអស់គ្នាហ្នឹង យើងត្រូវមានភាសាអង់គ្លេសជាទុនមួយ យ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងដើម្បីបង្ហាញពីគម្រោងរបស់យើង ហើយយើងក៏ត្រូវមានចំណេះដឹងទៅលើខាងផ្នែកវិទ្យាសាស្ដ្រ ។
ផាន សូផាត ៖ គំនិតប្អូនផ្ទាល់គឺថា នឹងបន្តការស្រាវជ្រាវផ្នែកហ្នឹង ទៅអនាគតទៀត ឬយ៉ាងម៉េច?
ឡាវ៉ន ម៉ូនីកា ៖ គំនិតរបស់ខ្ញុំគឺខ្ញុំចង់ស្វែងរកនូវឱកាស ដើម្បីស្រាវជ្រាវគម្រោងនេះតទៅទៀត នៅពេលអនាគត ព្រោះខ្ញុំជឿជាក់ថា គម្រោងនេះ នៅពេលអនាគត មានសង្ឃឹម អាចយកមកអនុវត្តបាន ។ ព្រោះថា ជាទូទៅ នៅតាមប្រទេសជឿនលឿនមួយចំនួន គេបានអភិវឌ្ឍគម្រោងនេះ តែគេយកពីប្រេងផ្សេងៗ ដែលគេសម្បូរធនធាននៅក្នុងស្រុកគេហ្នឹង រុក្ខជាតិណាដែលគេសំបូរ គេយកមកប្រើ ហើយខ្មែរយើងនេះ យើងមានរុក្ខជាតិច្រើន យើងមានធនធានខាងផ្នែកធម្មជាតិហ្នឹងក៏ច្រើនដែរ អ៊ីចឹងថ្ងៃមុខ យើងក៏អាចផលិតអាហ្នឹងបានដែរ ។ ហើយគឺថា ខ្ញុំចង់សិក្សាស្រាវជ្រាវបន្ថែមបន្តទៅទៀត ពង្រីកខាងចំណេះដឹង បន្តទៅផ្នែកមហាវិទ្យាល័យ ឬក៏ខ្ពស់ជាងនេះទៀតហ្នឹង ដើម្បីឲ្យក្លាយជានិស្សិតម្នាក់ដែលមានការចេះដឹងជ្រៅជ្រះ ដើម្បីថ្ងៃមុខទៅ ខ្ញុំអាចកាន់តែអភិវឌ្ឍនូវគម្រោងនេះតទៅទៀត ៕
