​បរិបទ​នយោបាយ​ថ្មី និង​ក្របខ័ណ្ឌ​ច្បាប់​​រឹតត្បិត​

2017-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​បរិបទ​នយោបាយ​ថ្មី

ក្នុង​បរិបទ​នយោបាយ​ថ្មី សំឡេង​គាំទ្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​ស្ទើរ​ស្មាន​មិន​ត្រូវ។ កាល​ពី​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ ឆ្នាំ២០១៣ កន្លង​ទៅ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះជាតិ ស្ទើរ​តែ​អាច​ដណ្ដើម​យក​ជ័យ​ជម្នះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង ៣២​ឆ្នាំ​មក​ហើយ។

ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​មិន​ធ្លាប់​មាន​ពី​មុន​មក

ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រឹតត្បិត​សកម្មភាព និង​ហិរញ្ញវត្ថុ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស​ចំនួន​ពីរ​លើក​ផ្ទួនៗគ្នា ទៅ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​បើក​ផ្លូវ​ឲ្យ​គណបក្ស​កាន់​អំណាច អាច​មាន​លទ្ធភាព និង​វិសាលភាព​ផ្លូវ​ច្បាប់​ដ៏​ទូលំទូលាយ​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ការ​រំលាយ ឬ​ផ្អាក​សកម្មភាព​គណបក្ស​ដៃ​គូ​ប្រកួត​ប្រជែង​ដទៃ​ទៀត ក្រោម​លេស និង​ហេតុផល​នយោបាយ តាមរយៈ​បទ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​ស្រពេចស្រពិល និង​មិន​បាន​កំណត់​និយមន័យ​ច្បាស់​លាស់។

បទ​ចោទ​ទាំងនេះ​រួមមាន​ដូចជា ការ​ធ្វើ​ឲ្យ​មាន​អបគមន៍​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ និង​បូរណភាព​ដែនដី ការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ការ​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​ជាដើម។ ដូចគ្នា​នេះ​ដែរ ច្បាប់​នេះ ក៏​ហាម​ប្រាម​មិន​ឲ្យ​ទណ្ឌិត​ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម មាន​សិទ្ធិ​ធ្វើ​នយោបាយ ឬ​ដឹកនាំ​គណបក្ស​នយោបាយ ឬ​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន ឬ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត គាំទ្រ ឬ​រៀបចំ​ផែនការ​ជាមួយ​ទណ្ឌិត ឬ​ឃុបឃិត​ជាមួយ​រាល់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា។ សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ហៅ​ការ​អនុម័ត​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ ថា​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ «សម្លាប់​ប្រជាធិបតេយ្យ» នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល