អ្នក​ភូមិ​និង​ប៉ូលិស​ប៉ះ​ទង្គិច​គ្នា​ក្នុង​រឿង​ជម្លោះ​ដី​នៅ​កំពង់ស្ពឺ

ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​បាន​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ ក្នុង​ការ​ចុះ​អនុវត្ត​សាលដីកា​ក្នុង​រឿង​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​ទំហំ ៦៥​ហិកតារ​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១០​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​៤០​នាក់ ដែល​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ក្នុង​ការ​រឹប​អូស​ដក​ហូត​ដី​នៅ​ភូមិ​ស្តុកស្លា ឃុំ​ភ្នំតូច ស្រុក​ឧតុង្គ ខេត្ត​កំពង់ស្ពឺ។

ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់​ដែល​ភាគ​ច្រើន​កាន់​ដំបង អ្នក​ខ្លះ​កាន់​ដុំ​ថ្ម​ ហើយ​អ្នក​ខ្លះ​ប្រើ​ចម្ពាម​កៅស៊ូ បាន​វាយ គប់​គ្រវែង និង​បាញ់​សម្រុក​ទៅ​លើ​កង​កម្លាំង​នគរបាល​ព្រមទាំង​កង​រាជ​អាវុធ​ហត្ថ ហើយ​មាន​អ្នក​ខ្លះ​បាន​កាន់​ដប​សាំង​ចាក់​ស្រោច​ទៅ​លើ​ថ្នល់​ដោយ​ពួក​គាត់​អះអាង​ថា កង​កម្លាំង​សមត្ថកិច្ច​បាន​បាញ់​គំរាម និង​ប្រើ​ដំបង​ឆក់​វាយ​មក​លើ​ពួក​គាត់​មុន។

ទស្សនា​​វីដេអូ​នៅ​វឹបសាយថ៍ YouTube

តំណាង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា លោក សុន ប៊ុនឈួន បាន​ថ្លែង​ថា ភាគី​ប្រជាពលរដ្ឋ​មាន​បំណង​សុំ​ចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី តែ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចាប់​ផ្ដើម​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​មុន។

លោក ស៊ុន ប៊ុនឈួន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​គេ​បាញ់ ស្លឹក​ត្រចៀក​ខ្ញុំ​ក្ដៅ ២​គ្រាប់ កាំ​ភ្លើង​ខ្លី ហ្នឹង​លោក​មេ​ប៉ូលិស​ពាក់​អាវ​ស៊ីវិល​មួយ​នោះ។ ខ្ញុំ​ហែក​អាវ​ឲ្យ​បាញ់ បាញ់​ទៅៗ ខ្ញុំ​អស់​ស្រែ​ខាន​ធ្វើ​ហើយ បាញ់​ខ្ញុំ​ឲ្យ​ងាប់​ទៅៗ ខ្ញុំ​អត់​ស្ដាយ​ជីវិត​ខ្ញុំ​ទេ ខ្ញុំ​អស់​ស្រែ ខ្ញុំ​អស់​ផ្ទះ ខ្ញុំ​នៅ​ឯ​ណាៗ អយុត្តិធម៌​ម្ល៉េះៗៗ»

មន្ត្រី​នគរបាល​មួយ​រូប​ដែល​របួស​ជើង​​ខាង​ឆ្វេង​ចំនួន​​ពីរ​កន្លែង លោក ឡុច ស៊ីវណ្ណ បាន​អះអាង​ផ្ទុយ​ពី​នេះ ៖ «ប្រជាពលរដ្ឋ​គាត់​បាន​ចាប់​ផ្ដើម​មុន​សមត្ថកិច្ច សមត្ថកិច្ច​យើង​ក៏​ទ្រាំ​អត់​បាន​ក៏​បាន​តប​ត​ដើម្បី​ដោះ​ខ្លួន»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោកស្រី អ៊ូច បូ បាន​ប្រសាសន៍​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ឯកសារ​ដីធ្លី​ដែល​កំពុង​តែ​មាន​ទំនាស់​នោះ។

លោកស្រី អ៊ូច បូ មាន​ប្រសាសន៍​ដូច្នេះ ៖ «សូម​ឲ្យ​តុលាការ​គាត់​គិត​ពី​ភាព​យុត្តិធម៌​សង្គម និង​ភាព​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ដែល​លោក​បាន​កាន់​កាប់​ជា​យូរ​មក​ហើយ ស្រប​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​ភូមិបាល​ហើយ។ ទី​២ សូម​ឲ្យ​គាត់​គិត​ពី​ភាព​ស្របច្បាប់​នៃ​ប័ណ្ណ​ផង កុំ​ឲ្យ​តែ​ឃើញ​ត្រា​គាត់​ចាត់​ថា​ប័ណ្ណ​ហ្នឹង​ត្រឹមត្រូវ»

តំណាង​ក្រុមហ៊ុន​ម៉េង កេត ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ជា​ក្រុមហ៊ុន​របស់​​ជនជាតិ​តៃវ៉ាន់​ឈ្មោះ ចាង កូសិន លោក គី ដារា បាន​អះអាង​ថា ដី​ដែល​កំពុង​តែ​មាន​ទំនាស់​នោះ​គឺ​ជា​របស់​ក្រុមហ៊ុន​ម៉េង កេត​ដោយ​ស្រប​ច្បាប់ ហើយ​ថា ប្រជាពលរដ្ឋ​ដែល​តវ៉ា​ពុំ​មាន​ដី​នៅ​ទី​នោះ​ទេ។

លោក គី ដារា អះអាង​ដូច្នេះ ៖ «គាត់​ចោទ​អត់​មាន​ចុង​សន្លឹក។ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ហ្នឹង​ថ្នាក់​ដែល​ដោះស្រាយ​ហ្នឹង​ដោះស្រាយ​មិន​យុត្តិធម៌​ឲ្យ​ខ្ញុំ»

ក្នុង​ការ​ប៉ះទង្គិច ខាង​ប្រជាពលរដ្ឋ​បាន​អះអាង​ថា បាន​រង​របួស​ជាង​១០​នាក់​ ហើយ​នៅ​កន្លែង​កើតហេតុ​ប្រជាពលរដ្ឋ​៤-​៥​នាក់​បាន​បង្ហាញ​របួស​របស់​ខ្លួន អ្នក​ខ្លះ​របួស​ក្បាល​ ភ្នែក​និង​ខ្លួន​ប្រាណ។ ដូច​គ្នា​នេះ​ដែរ​ ខាង​មន្ត្រី​សមត្ថកិច្ច​៤-​៥​នាក់​បាន​បង្ហាញ​មុខ​របួស​នៅ​កន្លែង​កើត​ហេតុ។

​​​​​​​ការ​អនុវត្ត​សាលដីកា​នៅ​ថ្ងៃ​ទី​១៨ មីនា មិនបាន​សម្រេច​ទេ ដោយ​ក្រុម​មន្ត្រី​បាន​ដក​ថយ។ ទោះ​យ៉ាង​ណា​ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល ក្រុម​អ្នក​តវ៉ា​​បន្ត​នៅ​ជួប​ជុំ​គ្នា​ ដោយ​ពួកគាត់​បាន​ដោត​បដា​តាម​វាល​ស្រែ អំពាវនាវ​សុំ​ជំនួយ​ពី​ប្រមុខ​រដ្ឋាភិបាល រិះគន់​ប្រព័ន្ធ​តុលាការ វាយ​និង​ចង​អូស​ទីងមោង​ចំនួន​ពីរ ដោយ​អ្នក​ស្រុក​ចាត់​ទុក​ជា​តំណាង​មន្ត្រី​តុលាការ​និង​មន្ត្រី​អាជ្ញាធរ​ដែល​ពុករលួយ យក​ទៅ​ចង​ភ្ជាប់​នឹង​ដើម​ឈើ ហើយ​ពួកគាត់​អះអាង​ថា នឹង​ដុត​កម្ទេច​ទីងមោង​នៅ​ម៉ោង​១២​យប់៕