សាក្សីឈ្មោះ ចាន់ វឿន អាយុ ៥៦ឆ្នាំ បានជម្រាបដល់អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមនាថ្ងៃទី២០ មេសានេះថា គាត់ធ្លាប់ជាបុគ្គលិកម្នាក់នៅគុក ម-១៣ ដែលស្ថិតនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ កាលពីក្នុងអំឡុងឆ្នាំ១៩៧៤ ដល់ ១៩៧៥ ក្នុងតួនាទីជាអ្នករកស្បៀងសម្រាប់ផ្គត់ផ្គង់អង្គភាព ហើយម្តងម្កាលគាត់ត្រូវ ឌុច ចាត់តាំងឱ្យធ្វើជាកងការពារអ្នកទោសផងដែរ។
នៅក្នុងអង្គជំនុំជម្រះ សាក្សីឈ្មោះ ចាន់ វឿន ដែលអះអាងថា បានបាត់បង់សាច់ញាតិរបស់គាត់ពីរនាក់ផង នៅគុក ម-១៣នោះ បាននិយាយថា គាត់ធ្លាប់ឃើញ ឌុច សម្លាប់អ្នកទោសដោយផ្ទាល់ដៃ ហើយសាក្សីរូបនេះបានរៀបរាប់អំពីវិធីដែល ឌុច សម្លាប់អ្នកទោសដូច្នេះ ៖ «ពូខ្ញុំបង្កើត ឈ្មោះ សយ គាត់[ឌុច]បានចងជាប់បង្គោល ហើយបាញ់កាំភ្លើងអាកាពីរគ្រាប់។ បាញ់មួយគ្រាប់មុនដំបូងចំដៃនេះមកធ្លាយត្រង់នេះ មួយគ្រាប់ទៀតចំដើមទ្រូង។ ... តាឌុចហ្នឹង បាញ់សម្លាប់ពូខ្ញុំនៅនឹងមុខខ្ញុំតែម្ដង។ ខ្ញុំខឹងណាស់»។
ការបំភ្លឺរបស់សាក្សីឈ្មោះ ចាន់ វឿន ខាងលើ បានផ្ទុយពីអ្វីដែលជនជាប់ចោទ ឌុច ធ្លាប់អះអាងនៅចំពោះមុខអង្គជំនុំជម្រះ កាលពីលើកមុន ហើយនៅពេលនេះដែរ ឌុច បានឆ្លើយដូច្នេះ ៖ «លោកចៅក្រមជាទីគោរព បុគ្គលនេះមិនមែនជាបុគ្គលិករបស់មន្ទីរម-១៣ទេ ដូច្នេះគ្មានភារកិច្ចដែលខ្ញុំត្រូវចាត់តាំងឲ្យទៅដូរស្រូវដូរអង្ករទេ គ្មានសិទ្ធិចូលមន្ទីរម-១៣ទេ គ្មានបានឃើញអ្វីច្បាស់នឹងភ្នែកនៅមន្ទីរម-១៣ទេ។ នេះបុគ្គល ចាន់ វឿន នេះ។ ដូច្នេះរឿងទាំងអស់ ដូចខ្ញុំបានជម្រាប់លោកចៅក្រមហើយ គឺជារឿងប្រឌិតទាំងស្រុង ឬក៏ជារឿងឮតាមគេ រួចហើយយកមកប្រឌិតថែម ឬក៏និយាយពិតខ្លះ ដូចជារណ្ដៅបី មួយរណ្ដៅមាន៣, ៤, ៥នាក់អី អាហ្នឹងពិតមែន។ សរុបមកវិញ ចាន់ វឿន មិនមែនជាបុគ្គលិករបស់មន្ទីរម-១៣ មិនមែនជាបុគ្គលិករបស់មន្ទីរម-១៣ គ្មានបានឃើញអ្វីផ្ទាល់ភ្នែកនៅមន្ទីរម-១៣ទេ»។
ទន្ទឹមគ្នានឹងការឆ្លើយបដិសេធការបង្ហាញសក្ខីកម្មខាងលើ ឌុច ក៏ទទួលស្គាល់ការបង្ហាញខ្លះថា ជាការត្រឹមត្រូវដែរ លើកលែងតែវិធីធ្វើទារុណកម្មអ្នកទោសខ្លះ ដូចជា ការជ្រមុជទឹកអ្នកទោសឱ្យថប់ដង្ហើមនិងការដុតដោះអ្នកទោសជាដើម។
នៅក្នុងអង្គជំនុំជម្រះកាលពីពីរសប្តាហ៍កន្លងមក ជាញឹកញយជនជាប់ចោទ ឌុច តែងទទួលសារភាពចំពោះឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តឡើងនៅគុកសម្ងាត់ ម-១៣ រួមមានការធ្វើទារុណកម្មអ្នកទោសនិងការសម្លាប់អ្នកទោសផង ថាពិតជាកើតមាននៅគុកនោះមែន ក៏ប៉ុន្តែ ឌុច តែងបដិសេធម្តងហើយម្តងទៀតចំពោះរាល់ការចោទដែលថាគាត់បានសម្លាប់អ្នកទោសដោយផ្ទាល់ដៃ៕
