កម្មករនិយោជិតរាប់ពាន់នាក់បានដើរហែក្បួនក្នុងទីក្រុងភ្នំពេញដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១២៣ ថ្ងៃ១ ឧសភា ឆ្នាំ២០០៩។
ការដើរហែក្បួននេះត្រូវបានផ្ដួចផ្ដើមឡើងដោយសហភាពសហជីពកម្ពុជាជាស្ថាប័នមួយដែលកើតចេញពីការចងសម្ព័ន្ធរវាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជនិងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសម្ដែងនូវការទាមទារជាប្រយោជន៍ធ្វើឲ្យល្អប្រសើរឡើងនូវលក្ខខណ្ឌការងារនិងលើកកម្ពស់កម្រិតជីវភាពរបស់គ្រូបង្រៀន កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
ជំនួយការបច្ចេកទេសទូទៅនៃសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា កញ្ញា អ៊ូ ទេពផល្លីន បានទាមទារនូវភាពស្មើមុខស្មើមាត់ក្នុងសង្គមសម្រាប់ស្ត្រីផ្សព្វផ្សាយស្រាបៀរ និងសូមឲ្យបញ្ចប់នូវការរើសអើងចំពោះពួកគេ ៖ «ទី១ គឺទាមទារដល់ស្រ្តីផ្សព្វផ្សាយស្រាបៀរ លើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់ពួកគាត់ ទី២ គឺកែប្រែលក្ខខណ្ឌការងារ»។
គ្រូបង្រៀនមកពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជប្រចាំខេត្តពោធិ៍សាត់ អ្នកស្រី គឹម តារានី បានសម្ដែងអំពីការតស៊ូក្នុងអាជីពជាគ្រូបង្រៀន ហើយអ្នកស្រីបានទាមទារនូវសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលព័ត៌មាន ៖ «រាល់ថ្ងៃនេះ ពួកខ្ញុំបង្រៀនអស់ពីសមត្ថភាព ប្រឹងដើម្បីជួយកូនខ្មែរដើម្បីឲ្យមានចំណេះដឹង តែផ្ទុយទៅវិញពួកខ្ញុំរស់នៅយ៉ាងលំបាកវេទនា ព្រោះប្រាក់បៀវត្សរ៍របស់ពួកខ្ញុំទាប មានកម្រិតទាបបំផុត»។
ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជានិងជាប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងនូវសំណូមពរសូមឲ្យលុបបំបាត់ការិយាធិបតេយ្យដើម្បីជាការលើកស្ទួយដល់វិស័យកាត់ដេរនៅកម្ពុជា ៖ «ស្នើឲ្យរដ្ឋាភិបាលធ្វើយ៉ាងណានៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក គឺត្រូវតែរៀបចំធ្វើយ៉ាងណារក្សាការងារ ហើយរៀបចំកុំឲ្យមានអំពើពុករលួយនូវវិស័យកាត់ដេរ»។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានថ្លែងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០០៨ មកទល់នឹងខែមីនា ឆ្នាំ២០០៩ មានកម្មករ កម្មការិនីចំនួនប្រាំម៉ឺននាក់ហើយបានបាត់បង់ការងារ ដោយសារការព្យួរការងារ ការបញ្ឈប់ពីការងារនិងដោយរោងចក្រមួយចំនួនបានបិទទ្វារតែម្ដង។
លោក ជា មុនី ថ្លែងដូច្នេះថា ៖ «យើងអំពាវនាវដល់រដ្ឋាភិបាលថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនី គឺកម្មករកម្មការិនីនេះឯងដែលរកប្រាក់ចំណូលឲ្យរដ្ឋាភិបាលរាប់លានដុល្លារក្នុងមួយឆ្នាំៗ»។
ការហែក្បួនអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១២៣ បានចេញដំណើរពីចំណុចសួនមុខអគាររដ្ឋសភាចាស់ឆ្ពោះទៅកាន់អគាររដ្ឋសភាថ្មីដើម្បីយកសេចក្ដីថ្លែងការណ៍ដែលមាន១០ចំណុចរបស់សហភាពសហជីពកម្ពុជាដាក់ជូនចំពោះមេដឹកនាំនៃស្ថាប័នរដ្ឋ។
សេចក្ដីថ្លែងការណ៍ ១០ចំណុចរួមមានការស្នើសុំឲ្យបង្កើតតុលាការការងារមួយដែលឯករាជ និងមានសមត្ថភាពវិជ្ជាជីវៈ ឲ្យបានឆាប់រហ័សដើម្បីដោះស្រាយវិវាទការងារនិងសំណើសុំឲ្យបញ្ឈប់ការប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា៦៧ និងមាត្រា៦៨នៃច្បាប់ស្ដីពីការងារដែលការធ្វើវិសោធនកម្មនេះនាំឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់កម្មករនិយោជិត។
នៅឯអគាររដ្ឋសភាថ្មី អ្នកតំណាងបីរូប គឺលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ សមាជិកសភាគណបក្សសមរង្ស៊ីប្រចាំមណ្ឌលកំពត និង លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានចេញមកទទួលយកសេចក្ដីថ្លែងការណ៍ពីតំណាងសហភាពសហជីពកម្ពុជានិងបានថ្លែងទៅកាន់កម្មករនិយោជិតទាក់ទិននឹងស្ថានភាពរបស់កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងគ្រាដែលពិភពលោកទាំងមូលកំពុងតែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច។ ដោយឡែក ពុំមានវត្តមានរបស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅក្នុងការទទួលសេចក្ដីថ្លែងការណ៍នេះទេ។
ការប្រារព្ធពិធីការហែក្បួនអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា បានបញ្ចប់ដោយការដាក់កម្រងផ្កានៅកន្លែងដែលអតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ត្រូវបានគេធ្វើឃាតកាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ខណៈដែលលោកកំពុងតែអានកាសែតជិតនៅវត្តលង្កា៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.