ទិវា​ពលកម្ម​អន្តរជាតិ​នៅ​កម្ពុជា ថ្ងៃ​១ ឧសភា ២០០៩

កម្មករ​និយោជិត​រាប់​ពាន់​នាក់​បាន​ដើរ​ហែ​ក្បួន​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៣ ថ្ងៃ​១ ឧសភា ឆ្នាំ​២០០៩។

ការ​ដើរ​ហែ​ក្បួន​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សហភាព​សហជីព​កម្ពុជា​ជា​ស្ថាប័ន​មួយ​ដែល​កើត​ចេញ​ពី​ការ​ចង​សម្ព័ន្ធ​រវាង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​និង​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដើម្បី​សម្ដែង​នូវ​ការ​ទាមទារ​ជា​ប្រយោជន៍​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​និង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​គ្រូ​បង្រៀន កម្មករ និយោជិត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ។

ជំនួយការ​បច្ចេកទេស​ទូទៅ​នៃ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា កញ្ញា អ៊ូ ទេព​ផល្លីន បាន​ទាមទារ​នូវ​ភាព​ស្មើ​មុខ​ស្មើ​មាត់​ក្នុង​សង្គម​សម្រាប់​ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀរ និង​សូម​ឲ្យ​បញ្ចប់​នូវ​ការ​រើសអើង​ចំពោះ​ពួក​គេ ៖ «ទី​១ គឺ​ទាមទារ​ដល់​ស្រ្តី​ផ្សព្វផ្សាយ​ស្រា​បៀរ លើក​កម្ពស់​សិទ្ធិ និង​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ទី​២ គឺ​កែ​ប្រែ​លក្ខខណ្ឌ​ការងារ»

គ្រូ​បង្រៀន​មក​ពី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម តារានី បាន​សម្ដែង​អំពី​ការ​តស៊ូ​ក្នុង​អាជីព​ជា​គ្រូ​បង្រៀន ហើយ​អ្នកស្រី​បាន​ទាមទារ​នូវ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន ៖ «រាល់​ថ្ងៃ​នេះ ពួក​ខ្ញុំ​បង្រៀន​អស់​ពី​សមត្ថភាព ប្រឹង​ដើម្បី​ជួយ​កូន​ខ្មែរ​ដើម្បី​ឲ្យ​មាន​ចំណេះដឹង តែ​ផ្ទុយ​ទៅ​វិញ​ពួក​ខ្ញុំ​រស់​នៅ​យ៉ាង​លំបាក​វេទនា ព្រោះ​ប្រាក់​បៀវត្សរ៍​របស់​ពួក​ខ្ញុំ​ទាប មាន​កម្រិត​ទាប​បំផុត»

ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ បាន​លើក​ឡើង​នូវ​សំណូម​ពរ​សូម​ឲ្យ​​លុប​បំបាត់​ការិយាធិបតេយ្យ​ដើម្បី​ជា​ការ​លើក​ស្ទួយ​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ៖ «ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក គឺ​ត្រូវ​តែ​រៀបចំ​ធ្វើ​យ៉ាង​ណា​រក្សា​ការងារ ហើយ​រៀបចំ​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​នូវ​វិស័យ​កាត់​ដេរ»

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក ជា មុនី បាន​ថ្លែង​ថា គិត​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០០៨ មក​ទល់​នឹង​ខែ​មីនា ឆ្នាំ​២០០៩ មាន​កម្មករ កម្មការិនី​ចំនួន​ប្រាំ​ម៉ឺន​នាក់​ហើយ​បាន​បាត់បង់​ការងារ ដោយសារ​ការ​ព្យួរ​ការងារ ការ​បញ្ឈប់​ពី​ការងារ​និង​ដោយ​រោងចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ​តែ​ម្ដង។

លោក ជា មុនី ថ្លែង​ដូច្នេះ​ថា ៖ «យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​កម្មការិនី គឺ​កម្មករ​កម្មការិនី​នេះ​ឯង​ដែល​រក​ប្រាក់​ចំណូល​ឲ្យ​រដ្ឋាភិបាល​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ»

ការ​ហែ​ក្បួន​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៣ បាន​ចេញ​ដំណើរ​ពី​ចំណុច​សួន​មុខ​អគារ​រដ្ឋសភា​ចាស់​ឆ្ពោះ​ទៅ​កាន់​អគារ​រដ្ឋសភា​ថ្មី​ដើម្បី​យក​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​១០​ចំណុច​របស់​សហភាព​សហជីព​កម្ពុជា​ដាក់​ជូន​ចំពោះ​មេដឹកនាំ​នៃ​ស្ថាប័ន​រដ្ឋ។

សេចក្ដី​ថ្លែង​ការណ៍ ១០​ចំណុច​រួម​មាន​ការ​ស្នើ​សុំ​ឲ្យ​បង្កើត​តុលាការ​ការងារ​មួយ​ដែល​ឯករាជ និង​មាន​សមត្ថភាព​វិជ្ជាជីវៈ​ ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​និង​សំណើ​សុំ​ឲ្យ​បញ្ឈប់​ការ​ប៉ុន​ប៉ង​ធ្វើ​វិសោធនកម្ម​មាត្រា​៦៧ និង​មាត្រា​៦៨នៃ​ច្បាប់​ស្ដី​ពី​ការងារ​ដែល​ការ​ធ្វើ​វិសោធនកម្ម​នេះ​នាំ​ឲ្យ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​របស់​កម្មករ​និយោជិត។

នៅ​ឯ​អគារ​រដ្ឋសភា​ថ្មី អ្នក​តំណាង​បី​រូប គឺ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី លោកស្រី មូរ សុខហួរ សមាជិក​សភា​គណបក្ស​សម​រង្ស៊ី​ប្រចាំ​មណ្ឌល​កំពត និង​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចេញ​មក​ទទួល​យក​សេចក្ដី​ថ្លែងការណ៍​ពី​តំណាង​សហភាព​សហជីព​កម្ពុជា​និង​បាន​ថ្លែង​ទៅ​កាន់​កម្មករ​និយោជិត​ទាក់ទិន​នឹង​ស្ថានភាព​របស់​កម្មករ និយោជិត​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​គ្រា​ដែល​ពិភពលោក​ទាំង​មូល​កំពុង​តែ​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច។​ ដោយឡែក ពុំ​មាន​វត្តមាន​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ទទួល​សេចក្ដី​ថ្លែងការណ៍​នេះ​ទេ​។

ការ​ប្រារព្ធ​ពិធី​ការ​ហែ​ក្បួន​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា បាន​បញ្ចប់​ដោយ​ការ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ដែល​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ជា វិជ្ជា ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០០៤ ខណៈ​ដែល​លោក​កំពុង​តែ​អាន​កាសែត​ជិត​នៅ​វត្ត​លង្កា៕